ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ទៅ​លេង​បុណ្យចូលឆ្នាំ​ឯ​ស្រុក​កំណើត​យូរ​ពេក ធ្វើ​ឱ្យ​បុរស​ចំណាស់​ម្នាក់​ប៊ិះ​ដាច់​បាយ

6 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ បុរស​ចំណាស់​ក្រីក្រ​ម្នាក់ កំពុង​ដេក​ទន្ទឹងរង់ចាំ​មើលផ្លូវ​ប្រពន្ធ អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ បន្ទាប់​ពី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​រួចរាល់

ខេត្ត​ប៉ៃលិន ៖ បុរស​ចំណាស់​ក្រីក្រ​ម្នាក់ កំពុង​ដេក​ទន្ទឹងរង់ចាំ​មើលផ្លូវ​ប្រពន្ធ អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ បន្ទាប់​ពី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​រួចរាល់ មិនឃើញ​នាង​ត្រឡប់​មក​វិញ ធ្វើ​ឱ្យ​គាត់​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​ការ​អត់​មាន​ម្ហូបអាហារ​ទទួលទាន ខណៈ​ប្រពន្ធ​ទៅ​លេង​ស្រុក​កំណើត​រយៈពេល​យូរ តាំងពី​មុន​ចូល​ឆ្នាំ​រហូត​មក​ដល់​ពេល​នេះ នៅ​តែ​មិន​ទាន់​ឃើញ​ត្រឡប់​មក​វិញ ដោយ​ទុក​ប្រាក់​ឱ្យ​គាត់​សម្រាប់​ចាយវាយ​ប្រចាំ​ថ្ងៃ ត្រឹមតែ​១​ម៉ឺន​រៀល​ប៉ុណ្ណោះ​។ បុរស​ចំណាស់​ដែល​កំពុង​រង់ចាំ​ប្រពន្ធ មានឈ្មោះ ស្រួច សៀវ អាយុ​៦៨​ឆ្នាំ ប្រពន្ធ​ឈ្មោះ យ៉ា​ន ឌៀ​ន អាយុ​៥៦​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​រមាស ឃុំ​រមាស ស្រុក​រមាស ខេត្តកំពង់ឆ្នាំង​។ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​ខ្ទម​ចាំចម្ការ​មួយ​កន្លែង នៅ​ភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​។

ប្រភព​ព័ត៌មាន​ពី​បុរស​ចំណាស់​ខាងលើ បាន​រៀបរាប់​យ៉ាង​កម្សត់​ឱ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៧ នេះ​ថា គាត់​ជា​បុរស​ពោះម៉ាយ មានកូន​៧​នាក់ ប្រុស​៥​នាក់ ស្រី​២​នាក់ ហើយ​បាន​ស្រឡាញ់​គ្នា​ជាមួយនឹង​ស្ត្រី​មេម៉ាយ​ម្នាក់ មានកូន​៧​នាក់​ដែរ ប្រុស​៦​នាក់ ស្រី​ម្នាក់ ហើយ​ពួក​គេ​មួយ​ចំនួន​មាន​ប្តី​ប្រពន្ធ​កូន​រស់នៅ​បែក​ឯ​ខេត្ត​ផ្សេង​ៗ ខ្លះ​ទៀត ទៅ​រកស៊ី​នៅ​ឯ​ស្រុក​ថៃ សល់​តែ​កូន​តូច​ៗ នៅ​ក្នុង​បន្ទុក​ប៉ុណ្ណោះ​។ គាត់​បន្ត​ទៀត​ថា បន្ទាប់​មក​ក៏​នាំ​គ្នា​មក​សុំ​ម្ចាស់​ដីចម្ការ​ស្នាក់​នៅ​ក្នុង​ខ្ទម ដោយ​រស់នៅ​ទីនោះ​អស់​រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ ប្រកប​របរ​ស៊ីឈ្នួល​កាច់​ពោត និង​ដក​ដំឡូង​មី​តាម​ចម្ការ បាន​ប្រាក់​តិចតួច​សម្រាប់​ចិញ្ចើម​ជីវិត ទាំង​ត្រដាបត្រដួស​។

នៅ​ឆ្នាំ​២០១៧​នេះ ប្រពន្ធ​តែងតែ​ពោល​ប្រាប់​ថា នឹក​ស្រុក​កំណើត ហើយ​គាត់​ក៏​អនុញ្ញាត​ឱ្យទៅ​លេង​ផ្ទះ​នៅ​ឯ​ស្រុក​កំណើត​ខេត្តកំពង់ឆ្នាំង តាំងពី​មុន​ចូល​ឆ្នាំ​មក​ម្លេះ ដោយ​ទុក​ប្រាក់​១​ម៉ឺន​រៀល​ឱ្យ​ទិញ​ម្ហូបអាហារ និង​ចាយវាយ​ប្រចាំ​ថ្ងៃ​ទម្រាំ​តែ​ប្រពន្ធ​ត្រឡប់​មក​វិញ​។ គាត់​បញ្ជាក់​ទៀត​ថា លុះ​ប្រពន្ធ​ទៅ​យូរ​ពេក មិនឃើញ​ត្រឡប់​មក​វិញ ស្រប​ពេល​ដែល​គាត់​អស់​លុយ​ចាយ​សល់​តែ​អង្ករ​តិចតួច​។

លុះ​ប​បន្ទាប់​ពី​ចូល​ឆ្នាំ​រួចរាល់ មិនឃើញ​ត្រឡប់​មក​វិញ គាត់​តែងតែ​ដាំ​បបរ​ហូប​ជាមួយនឹង​អំបិល ដើម្បី​រស់នៅ​បន្ត​ទៀត ខណៈ​កំពុង​រង់ចាំ​ប្រពន្ធ​កូន​របស់​ខ្លួន​ត្រឡប់​មក​ពី​លេង​ស្រុក​កំណើត​វិញ​។ រហូត​មក​ដល់​ថ្ងៃ​ទី​២៦ ខែមេសា​នេះ ប្រពន្ធ​កូន​របស់​គាត់​បាន​ត្រឡប់​មក​វិញ​ហើយ ធ្វើ​ឱ្យ​គាត់​មានការ​សប្បាយ​រីករាយ​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ខណៈ​ប៊ិះ​ដាច់​បាយ​៕