ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួប​សម្ភាសន៍​មន្ត្រី​ក្រសួងការបរទេស​អា​មេ​រិ​ក​នៃ​រដ្ឋាភិបាល​លោក​ដូ​ណា​ល់​ត្រាំ​លើក​ដំបូង​មក​កាន់​កម្ពុជា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក Patrick Murphy (​ប៉ា​ទ្រិ​ច​ម៉ត់​ហក​វី​) ឧបការី​រង​ក្រសួងការបរទេស​អា​មេ​រិ​ក នៃ​រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី​ដូ​ណា​ល់ត្រាំ

រាជធានី​ភ្នំពេញ ៖ លោក Patrick Murphy (​ប៉ា​ទ្រិ​ច​ម៉ត់​ហក​វី​) ឧបការី​រង​ក្រសួងការបរទេស​អា​មេ​រិ​ក នៃ​រដ្ឋាភិបាល​ថ្មី​ដឹកនាំ​ដោយ​លោក​ប្រធានាធិបតី​ដូ​ណា​ល់ត្រាំ បាន​ចំណាយពេល​មួយ​ថ្ងៃ​នៅ​កម្ពុជា​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ និង​បាន​ជួប​ប្រជុំ​ជាមួយ​មន្ត្រី​រាជរដ្ឋាភិបាល គណបក្ស​នយោបាយ និង​សង្គម​ស៊ី​ល​នៅ​កម្ពុជា​។ មុន​ពេល​ចាក​ចេញពី​រាជធានី​ភ្នំពេញ និង​បន្ទាប់​ពី​បញ្ចប់​ទស្សនកិច្ច​នេះ លោក Patrick Murphy​ឧបការី​រង​ក្រសួងការបរទេស​អា​មេ​រិ​កបាន​ផ្តល់​បទ​សម្ភាសន៍​ផ្ទាល់​ជាមួយ ភ្នាក់ងារ សារព័ត៌មាន កោះសន្តិភាព នៅ​គេហដ្ឋាន​របស់​ឯកអគ្គរដ្ឋទូត​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា បាន​លើក​ឡើង​ថា ៖ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នៅ​កម្ពុជា​អ្វី​ដែល​លោក​បាន​លើក​ឡើង​គឺ​តំណាង​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​។ លោក​បាន​ជួប​ជាមួយ​លោក​ទេស​រដ្ឋ​ម​ន្រី្ត ប្រាក់ សុ​ខុន ជា​រដ្ឋមន្ត្រី​ក្រសួងការបរទេស គណបក្ស​នយោបាយ សង្គម​ស៊ី​វិល​និង​យុវជន​ជាដើម​។

លោក​បាន​បញ្ជាក់​ថា ការងារ​របស់​លោក​ទទួល​បន្ទុក​កិច្ច​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក និង​អាស៊ី​ខាងកើត​។ លោក Patrick Murphy ឧបការី​រង​ក្រសួងការបរទេស​អា​មេ​រិ​កបាន​លើក​ឡើង​ថា លោក​បាន​មក​កម្ពុជា​លើក​ដំបូង​ក្នុង​នាម​ជា​ឧបការី​រង​នៃ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អា​មេ​រិ​ក​នា​ពេល​នេះ​សម្រាប់​រដ្ឋាភិបាល​ថ្មី​របស់​សហរដ្ឋអាមេរិក​។ ក្នុង​ជំនួប​ជាមួយ​លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​លោក​បាន​អញ្ជើញលោក ប្រាក់ សុ​ខុន ដើម្បី​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​-​អា​មេ​រិ​ក នៅ​ពេល​ខាង​មុខ​នេះ​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​។ នៅ​ពេល​សួរ​ថា តើ​លោក​យល់​យ៉ាងណា​ដែរ ចំពោះ​បញ្ហា​ទូទៅ និង​ស្ថានភាព​នយោបាយ ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា បន្ទាប់​ពី​លោក​បាន​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា គណបក្ស​នយោបាយ និង​សង្គម​ស៊ី​វិល? លោក Patrick Murphy​បាន​លើក​ថ្លែង​ថា សហរដ្ឋអាមេរិក​យល់​ថា​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ ត្រូវ​បាន​យកចិត្តទុកដាក់​ចំពោះ​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​នៅ​ក្នុង​ពិ​ភាព​លោក​មិនមែន​តែ​កម្ពុជា​ទេ​។

លោក​បន្ត​ថា ”​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មាន​ភាព​ក្មេងខ្ចី​នៅឡើយ​”​។ លោក​បាន​បន្ថែម​ថា សហរដ្ឋអាមេរិក​ជា​ប្រទេស​គំរូ​ផ្នែក​ប្រជាធិបតេយ្យ​នៅ​តែ​មានការ​ខុសឆ្គង មិន​ថា​ប្រទេស​ដទៃ​ទេ​អ្វី​ដែល​សំខាន់​ត្រូវ​ខិតខំ​ពង្រឹង​ទាំងអស់​គ្នា​បន្ថែម​ទៀត​។ លោក Patrick Murphy បាន​ថ្លែង លោក​បាន​ទំនាក់​ទង​ជាមួយ​ប្រទេស​កម្ពុជា និង​ប្រទេស​ក្នុង​តំបន់​ជា​យូរ​មក​ហើយ តែ​ពេល​នេះ​ជា​លើក​ដំបូង ដែល​ពេល​នេះ​លោក​បាន​មក​កម្ពុជា​ក្នុង​នាម​តំណាង​ឲ្យ​លោក​រដ្ឋមន្ត្រី​ក្រសួងការបរទេស​នៃ​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​។ លោក​លើក​ឡើង​ថា ចំពោះ​ទាក់ទង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​ជា​ពិសេស​អាស៊ាន​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​អញ្ជើញ​ចូល​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន និង​អា​មេ​រិ​ក​នៅ​ថ្ងៃ​ទី​៤ ខែឧសភា ឆ្នាំ​២០១៧ ស​ប្តា​ហ៍​ក្រោយ​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​។ លោក Patrick Murphy បាន​ថ្លែង​ថា កន្លង​មក​សហរដ្ឋអាមេរិក​មាន​ទំនាក់ទំនង​ល្អជា​មួយ​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ​ក៏​ដូច​ជា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ដែរ​។

ចំពោះ​បញ្ហា​ស្ថានភាព​ទូទៅ​ទាក់ទង​នឹង​នយោបាយ​នៅ​កម្ពុជា​វិញ​លោក​បាន​បញ្ជាក់​ថា ក្នុង​ពេល​បំពេញ​ទស្សនកិច្ច​នេះ លោក​បាន​ពិភាក្សា​លើ​កិច្ច​ការងារ​រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​(​កម្ពុជា​.​អា​មេ​រិ​ក​)​។ លោក Patrick Murphy បាន​បញ្ជាក់​ទៀត​ថា ក្នុង​នាម​លោក​តំណាង​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក​បាន​ជួប​ពិភាក្សា​រយៈពេល​វែង​ជាមួយ​លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​។ ក្នុង​ជំនួប​នោះ​លោក​បាន​លើក​ឡើង​ពី​ភាព​វិជ្ជមាន និង​អវិជ្ជមាន​ក្នុង​តំបន់​ដោយ​ទ្វេភាគី​ត្រង់​ទៅ​ត្រង់​មក​។ កម្ពុជា និង​អា​មេ​រិ​ក​មាន​ទំនាក់ទំនង​ជាមួយ​គ្នា​យូរ​មក​ហើយ​សហរដ្ឋអាមេរិក​គោរព​បូរណភាព អធិបតេយ្យភាព និង​ឯករាជ្យ​នៃ​ប្រទេស​កម្ពុជា​។

លោក Patrick Murphy ក៏​បាន​លើក​ឡើង​ដែរ​ថា សហរដ្ឋអាមេរិក​ក៏​បាន​ទទួលស្គាល់​នូវ​សមិទ្ធិ​ផល​នានា​របស់​ប្រទេស​កម្ពុជា​ដែល​ទទួល​បាន និង​បន្ត​រីក​ចំរើន​ទៅ​មុខ​ទៀត​ក្នុង​ចំណោម​ប្រទេស​នៅ​ក្នុង​តំបន់​។ ទោះបី​ថា​លទ្ធិប្រជាធិបតេយ្យ​នៅ​មាន​ភាព​ក្មេងខ្ចី​តែ​វា​នឹង​រីក​លូតលាស់​ទៅ​ជា​លទ្ធិប្រជាធិបតេយ្យ​ពេញលេញ​នៅ​ពេល​អនាគត​។ ចំពោះ​សហរដ្ឋអាមេរិក​វិញ មានបទពិសោធន៍​ជាង​៤០០​ឆ្នាំ ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​ក៏​នៅ​តែ​មាន​កំហុសឆ្គង​ដែរ​។ លោក Patrick Murphy លើក​ឡើង​ថា នៅ​ពេល​ដែល​លោក​ជួប​ជាមួយ​លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​លោក​បាន​ចែករំលែក​នូវ​បទ​ពិសោធន៍​ទាំងនេះ​ផង​ដែរ​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៧ និង​២០១៨​។

លោក​បាន​ជួប​សង្គម​ស៊ី​វិល អង្គការក្រៅរដ្ឋាភិបាល និង​គណបក្ស​នយោបាយ​ពិភាក្សា​ការងារ​ចែករំលែក​បទ​ពិសោធន៍​ដូច​គ្នា​ដែរ​សម្រាប់​អនាគត​។ សំណួរ​បន្ត​ទៅ​កាន់​លោក Patrick Murphy​ទៀត​ថា​ចំពោះ​ករណី​រឿង​បន្លំ​ចូល​ព្រៃ​ស​ដែល​អ្នក​សារព័ត៌មាន​របស់​វិទ្យុ​អាស៊ី​សេរី​ម្នាក់​លោក ជុន ច័ន្ទ​បុត្រ​កាលពី​ថ្ងៃ​ទី​១៩ មេ​សា កន្លង​ទៅ​នេះ ត្រូវ​បាន​តុលាការ​កោះហៅ​ចូល​បំភ្លឺ​។ តើ​លោក​បាន​លើក​ឡើង​ពី​បញ្ហា​នេះ​ជាមួយ​ភាគី​ដែល​លោក​បាន​ជួប​ពិភាក្សា​ដែរ​ឬទេ? លោក Patrick Murphy ថា វិទ្យុ​អាស៊ី​សេរី​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​តែ​លោក​មិន​អាច​អត្ថាធិប្បាយ​ចំពោះ​បញ្ហា​នេះ​ច្បាស់​ទេ​។ តែ​លោក​បាន​បែរ​សំណួរ​ទៅ​លោក វី​ល្លៀម ហី​ត ឯកអគ្គ​រដ្ឋ​ទូ​អា​មេ​រិ​ក​ប្រចាំ​នៅ​កម្ពុជា​វិញ​។

ចំពោះ​លោក​ឯកអគ្គរដ្ឋទូត​ថ្លែង​ថា ”​ខ្ញុំ​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​បាន​ទេ​។ ចំពោះ​ថា​បុរស​នោះ​យ៉ាងម៉េច​នោះ​សួរ​ទៅ​អ្នកគ្រប់គ្រង​របស់​គាត់​ទៅ​”​។ លោក Patrick Murphy​ថ្លែង​ថា​៖”​ក្នុង​នាម​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ដោយ​ផ្នែក​លើ​ការ​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​យើង​ចែករំលែក​នូវ​លទ្ធិប្រជាធិបតេយ្យ​ជា​ពិសេស​ចំពោះ​ប្រទេស​កម្ពុជា​ចំពោះ​ទស្សនៈ​សហរដ្ឋអាមេរិក​មិន​លូកដៃ​ចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ទេ​។ យើង​មានការ​ពិភាក្សា​ស្មើគ្នា​ជាមួយ​គណបក្ស​នយោបាយ  ហើយ​យើង​សង្ឃឹមថា​ដោះស្រាយ​ដែល​យើង​បាន​លើក​ឡើង​នឹង​ទៅ​ដល់​ប្រជាពលរដ្ឋ​។ លោក Patrick Murphy ថា​៖”​សហរដ្ឋអាមេរិក​មិន​លូកដៃ​ចូល​ការងារ​កម្ពុជា​ទេ​។ តែ​ជា​ទូទៅ​យើង​នូវ​នីតិរដ្ឋ​”​។

ចំពោះ​សំណួរ​ដែល​ទាក់ទង​នឹង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នៅ​ពេល​ខាង​មុន​នៅ​កម្ពុជា​វិញ​សហរដ្ឋអាមេរិក​យល់​យ៉ា​ណា​ដែរ? លោក Patrick Murphy​ថ្លែង​ថា លោក​គោរព​លើ​អាជ្ញាធរ​កម្ពុជា និង​ប្រជាជន​កម្ពុជា​មិន​ផ្តោត​លើក​ថា តើ​អ្នក​ណា​ជាប់​ឆ្នោត ឬ​អ្នក​ណា​ឈរ​ឈ្នោះ​បោះ​ឆ្នោត​នោះ​ទេ​។ សំខាន់​អ្វី​ដែល​យើង​លើក​ឡើង​ដដែល​ថា សហរដ្ឋអាមេរិក​បាន​ចែករំលែក​លទ្ធិប្រជាធិបតេយ្យ​ដល់​កម្ពុជា និង​មិន​លូកដៃ​ចូល​កិច្ច​ការងារ​កម្ពុជា​ទេ​។ ចំណែក​បញ្ហា​ទំនាក់ទំនង​ពាណិជ្ជកម្ម​កម្ពុជា​អា​មេ​រិ​ក​វិញ​លោក Patrick Murphy​បាន​លើក​ឡើង​ថា​ពាណិជ្ជកម្ម​មាន​សារៈសំខាន់​ណាស់​សម្រាប់​សហរដ្ឋអាមេរិក​ជា​យូរយា​ណាស់​មក​ហើយ​។ នៅ​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​ត្រូវ​បាន​ជ្រើសរើស​ថា ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​មាន​សារៈសំខាន់​របស់​អា​មេ​រិ​ក​។

ជា​ការ​ពិត​ណាស់​នៅ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក​នេះ​បាន​បង្កើត​ឱកាស​ការងារ និង​មានការ​ងារ​ប្រមាណ​ជាង​១,៥​លាន​នៅ​អា​មេ​រិ​ក​។ លោក Patrick Murphy ថ្លែង​ថា ចំពោះ​ប្រទេស​កម្ពុជា​វិញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ត្រូវ​បាន​អនុគ្រោះ​ពន្ធ​នាំ​ចូល​អា​មេ​រិ​ក និង​បង្កើន​ផលិតផល​ទៅ​កាន់​អា​មេ​រិ​ក​។ លោក​បន្ត​ថា​”​យើង​រីករាយ​នឹង​ឃើញ​ទំនិញ​បន្ថែម​ទៀត​ទៅ​កាន់​អា​មេ​រិ​ក​”​។ លោក​ថា រដ្ឋាភិបាល​ថ្មី​អា​មេ​រិ​ក​នៅ​តែ​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​នៅ​ក្នុង​តំបន់​។ លោក Patrick Murphy លើក​ឡើង​ថា​៖”​យើង​លើកទឹកចិត្ត​ចំពោះ​នីតិវិធី​នៃ​ការ​បោះ​ឆ្នោត​ដោយ​សេរី​ត្រឹមត្រូវ និង​យុត្តិធម៌ ដោយ​សន្តិភាព ដែល​កម្ពុជា​គ្រប់គ្រង​រៀបចំ​ដោយ​ខ្លួនឯង និង​អ្នក​ដែល​ចូលរួម​។ ជា​ញឹកញាប់​យើង​បាន​ចែករំលែក​ជាមួយ​រដ្ឋាភិបាល និង​រាល់​គណបក្ស​នយោបាយ​ដែល​យើង​បាន​ជួប​ពិភាក្សា​គ្នា​”​។ លោក​ថា​មាន​រយៈពេល​វែង​ឆ្ងាយ​ដែល​ប្រទេស​កម្ពុជា​ត្រូវ​បន្ត​ការ​អភិវឌ្ឍន៍​។ ចំពោះ​បំណុល​ដែល​កម្ពុជា​ជំពាក់​អា​មេ​រិ​ក​នោះ​តើ​រដ្ឋាភិបាល​លោក​ត្រាំ​នឹង​គិត​យ៉ាងណា​នៅ​ពេល​ដែល​កម្ពុជា​សុំ​លុប​បំណុល​ចាស់​ទាំងនោះ​។

លោក Patrick Murphy ថ្លែង​ថា ចំពោះ​បំណុល​នោះ​វា​មាន​ភាព​ស្មុគស្មាញ​ណាស់​។ លោក​ថា បញ្ហា​ដំបូង​រវាង​កម្ពុជា និង​អា​មេ​រិ​ក​កាលពី​ពេល​កន្លង​ទៅ​យូរ​មក​ហើយ​មិន​ដែល​មាន​បញ្ហា​ស្មុគស្មាញ​ទេ​។ លោក​ថា​៖”​ខ្ញុំ​យល់​ថា​បញ្ហា​នេះ​ផ្នែក​ទៅ​លើ​ការ​ពិភាក្សា​គ្នា​។​សហរដ្ឋអាមេរិក​បើកចំហ​ការ​ពិភាក្សា​ជាមួយ​ប្រទេស​កម្ពុជា​ចំពោះ​បញ្ហា​បំណុល​នេះ​”​។ លោក Patrick Murphy ថ្លែង​ថា គេ​មានការ​ចាប់អារម្មណ៍​បញ្ហា​បំណុល​នេះ ចំពោះ​ការ​លើក​ឡើង​បញ្ហា​នេះ ទោះបី​លោក​មិន​មានបទពិសោធន៍​ផ្នែក​ហិរញ្ញវត្ថុ​នេះ​ក្តី គ្មាន​ប្រទេស​ណា​ដែល​មិន​ជាប់បំណុលគេ​នោះ​ទេ​។ ការ​ពិភាក្សា​លម្អិត​នឹង​ត្រូវធ្វើ​ឡើង​ចំពោះ​បញ្ហា​នេះ ហើយ​ជា​ទូទៅ​លោក​យល់​ថា រដ្ឋាភិបាល​អា​មេ​រិ​ក​មិន​អាច​លុប​ចោល​បំណុល​ម្តងណា​ទេ​។

គួរ​បញ្ជាក់​ថា​៖ លោក Patrick Murphy ឧបការី​រង​ក្រសួងការបរទេស​អា​មេ​រិ​ក​ក្នុង​រដ្ឋបាល​លោក​ប្រធានាធិបតី​ត្រាំ មក​ទស្សនកិច្ច​កម្ពុជា​នៅ​ថ្ងៃនេះ​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួងការបរទេស​អា​មេ​រិ​កបាន​ឲ្យ​ដឹង​នៅ​ថ្ងៃនេះ​។ លោក Patrick Murphy ជាម​ន្ដ្រី​ខាង​កិច្ចការ អាស៊ី​បា​ស៊ី​ហ្វិ​ក​ដំបូង​មក​កម្ពុជា​ក្រោយ​លោក​ត្រាំ​ឡើង​កាន់​អំណាច កាលពី​ខែមករា​កន្លង​មក​បាន​មក​ទស្សនកិច្ច​នៅ​កម្ពុជា​។ លោក PatrickMurphy គ្រោង​ជួប​មេដឹកនាំ​កម្ពុជា​បក្ស​ប្រឆាំង ថ្នាក់ដឹកនាំ​វិស័យ​ឯកជន និង​សង្គម​ស៊ី​វិល​មួយ​ចំនួន​។ លោក Patrick Murphy ធ្លាប់​បម្រើ​ការងារ​ជា​អនុប្រធាន​បេសកកម្ម​នៅ​ប្រទេស​ថៃ (2013-2016) និង​ឡេ​សូ​តូ (​ឆ្នាំ 2006-2008)​។ កន្លង​មក​កម្ពុជា​បាន​ពន្យា​ពេល​ការ​ធ្វើ​សមយុទ្ធ​រួម​គ្នា​រវាង​កងទ័ព​កម្ពុជា និង​អា​មេ​រិ​ក​៕