ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការខេត្ត​ប៉ៃលិន​ដោះ​លែង​ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​២​នាក់ ដែល​ចាប់ជំរិត​ជនជាតិ​ថៃ

6 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​២​នាក់ ដែល​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន និង​ខេត្តបាត់ដំបង សហការ​គ្នា​ប្រតិបត្តិការ ចុះ​ចាប់​ឃាត់ខ្លួន​បន្ទាប់​ពី​ពួក​គេ​បាន​ចាប់​បង្ខាំង​

ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ម្នាក់ ក្នុង​ចំណោម​២​នាក់ ដែល​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន និង​ខេត្តបាត់ដំបង សហការ​គ្នា​ប្រតិបត្តិការ ចុះ​ចាប់​ឃាត់ខ្លួន​បន្ទាប់​ពី​ពួក​គេ​បាន​ចាប់​បង្ខាំង​(​ជនជាតិ​ថៃ​) ខុសច្បាប់ កាលពី​ឆ្នាំ​២០១៦ កន្លង​ទៅ​។ រហូត​មក​ដល់​ថ្ងៃ​ទី​១២ ខែមេសា ឆ្នាំ​២០១៧ ថ្មី​ៗ​នេះ មុន​ពេល​បុណ្យចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ ត្រូវ​បាន​តុលាការខេត្ត​ប៉ៃលិន ធ្វើការ​ដោះ​លែង​បាត់​ទៅ​ហើយ​។ សូម​បញ្ជាក់​ថា ក្រោយ​ទទួល​បាន​ដីកា​លេខ​២៦៣.២៦៤.២៦៥.២៦៦.​ព​.​ស ចុះ​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០១៦ ដែល​បញ្ជា​ឱ្យ​ចូលខ្លួន ដោយ​លោក សេង គឹ​ម​ឡាក់ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ក៏​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​តែ​ម្តង​។

ប៉ុន្តែ​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០១៦ ជនសង្ស័យ​ទាំង​២​នាក់ ទី​១- ឈ្មោះ កា ប៊ុ​ន​ស ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​អភិវឌ្ឍន៍ ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ  ទី​២- ឈ្មោះ ហ៊ា​ង សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ត្រូវ​បាន​គេ​រត់ការ ដើម្បី​ដោះ​លែងឱ្យ​នៅ​ក្រៅ​ឃុំ​ម្តង​រួច​ទៅ​ហើយ ខណៈ​តុលាការ​មិន​ទាន់​កាត់ក្តី​នៅឡើយ។ ចំណែក​ការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់​ខាងលើ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១២ និង​៣០​នាទី ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០១៦ ស្ថិត​នៅ​ភូមិ​ដំណាក់​លួង សង្កាត់​វត្ត​គ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង​។

បន្ទាប់​ពី​ទទួល​បាន​ដីកា កម្លាំង​អាវុធហត្ថ​ក្នុង​មន្ទីរ​យុត្តិធម៌​ខេត្ត​ប៉ៃលិន ចំនួន​៤​នាក់ ដឹកនាំ​ដោយ​លោក វរសេនីយត្រី ន​ង វណ្ណ​នី ប្រធាន​មន្ទីរ​យុត្តិធម៌ សហការ ជាមួយ​កងរាជអាវុធហត្ថ​ខេត្តបាត់ដំបង ចុះ​អនុវត្តន៍​ដីកា​បញ្ជា​ឱ្យ​ចូលខ្លួន​ចំនួន​៤​ដីកា ដោយ​ក្នុង​នោះ​មាន​លេខ ២៦៣, ២៦៤,២៦៥, និង​លេខ​២៦៦ ព​.​ស ចុះ​ថ្ងៃ​ទី​៤ ខែសីហា ឆ្នាំ​២០១៦ ករណី​ការ​ចាប់​បង្ខាំង​មនុស្ស​ខុសច្បាប់ ចេញ​ដោយ​លោក សេង គឹ​ម​ឡាក់ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ចាប់​ឃាត់ខ្លួន​ទាំង​៤​នាក់ ទី​១- ឈ្មោះ កា ប៊ុ​ន​ស ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ទី​២- ឈ្មោះ ហ៊ា​ង សុ​ភ័ក្ត្រ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ទី​៣- ឈ្មោះ ជាម យុ​ទ្ធិ​ដា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ និង​ទី​៤- ឈ្មោះ ហាស់ ញាណ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ  ក្រោយមក​ស្រាប់តែ​គេ​ត្រូវរ៉ូវ​គ្នា ដោះ​លែង​អស់​ចំនួន​២​នាក់ ដោយ​ប្រាប់​ថា ជាប់​ពាក់ព័ន្ធ​តែ​ពីរ​នាក់​ទេ ។ ក្រោយ​ធ្វើការ​ឃាត់ខ្លួន​រួច វត្ថុ​តាង​ដែល​រឹបអូស​បាន មាន​ប្រាក់​បាត​ចំនួន​១​ម៉ឺន​បាត (​ប្រាក់​ថៃ​) ប្រាក់​ខ្មែរ​ចំនួន​៤៤០០០០​រៀល ខ្សែ​ក​លោហ​ពណ៌​លឿង​មាន​ចំនួន​២​ខ្សែ​។

ខ្សែដៃ​មាស​ចំនួន​២​ខ្សែ ចិញ្ចៀនមាស​ចំនួន​២​វង់ នាឡិកា​ចំនួន​២​ខ្សែ ដោយ​១​ខ្សែ​ធ្វើ​អំពី​មាស និង​១​ខ្សែ​ទៀត ធ្វើ​អំពី​ស្បែក​។ ទូរស័ព្ទ​ដៃ​ចំនួន​៦​គ្រឿង និង​រថយន្ត​១​គ្រឿង​ម៉ាក​RANGE ROVER ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2U-22 67​។ ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ ឈ្មោះ ណាត់ ថា​ក់​ផុង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ថៃ ជា​អាជីវករ រស់នៅ​ខេត្ត​ចាន់​បូ​រី ប្រទេស​ថៃ បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៤​នាក់​ខាងលើ បាន​ចាប់ជំរិត​ពួក​គេ​ចំនួន​បី​នាក់ ទី​១. រូបគេ​ផ្ទាល់ ទី​២.​ប្រពន្ធ​គេ និង​ទី​៣. មិត្តភក្តិ​របស់​គេ​ម្នាក់​ទៀត ដោយ​រឹបអូស​យក​មាស និង​ខ្សែដៃ ខ្សែ​ក​. សរុប​១៧​តម្លឹង ហើយ​ទូរស័ព្ទ​ដៃ​ចំនួន​៨​គ្រឿង​។

រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​ត្រូវ​បាន​សមត្ថកិច្ច ឬ​តុលាការ​ប្រគល់​ជូន​ពួក​គេ​វិញ​នៅឡើយ​ទេ ហើយ​ប្រហែលជា​មាន​សង្ឃឹម​តិចតួច ខណៈ​មាន​គេ​រត់ការ​ដោះ​លែង​ជនសង្ស័យ​ម្នាក់​បាត់​ទៅ​ហើយ​។ ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក តូច សុភ​ក្តី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​ប៉ៃលិន ដែល​ទើបនឹង​ឡើង​កាន់​តំណែង​ថ្មី​ៗ កន្លង​ទៅ​នេះ បានឱ្យ​ដឹង​ថា គឺ​ខាង​លោក​ជា​អ្នក​ដោះ​លែង ហើយ​សំណុំរឿង​យ៉ាងណា​នោះ ចាំ​ខាង​លោក​ពិនិត្យ​មើល​សិន ហើយ​ក៏​បិទ​ទូរស័ព្ទ​ភ្លាម​ៗ។ ចំណែក​លោក លាង សួគ៌ ប្រធាន​សាលាដំបូង​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៧ នេះ​ថា ខាង​លោក​បាន​ជម្រះ​សេចក្តី​រួច​ហើយ ដោយ​បុរស​ម្នាក់ ឈ្មោះ ហ៊ា​ង សុ​ភ័ក្ត្រ មិន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ចាប់ជំរិត ត្រូវ​បាន​តុលាការ ដោះ​លែងឱ្យ​មាន​សេរីភាព​ឡើង​វិញ ។ ចំណែកឯ​បុរស​ម្នាក់​ទៀត​ឈ្មោះ កា ប៊ុ​ន​ស ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ កំពុង​ជាប់​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ប៉ៃលិន​នៅឡើយ​ទេ​៕