ខេត្តបាត់ដំបង ៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ដោយសាររន្ទះបាញ់ និងលំនៅឋានជិត៥០ខ្នង បានរងការខូចខាត ដោយសារឥទ្ធិពលខ្យល់កន្ត្រាក់វាយប្រហារកាលពីរសៀលថ្ងៃទី២៥ មេសា ដែលប៉ះទង្កិចទៅលើស្រុកចំនួន៣នៅក្នុងខេត្តបាត់ដំបង។
យោងតាមសេចក្ដីរាយការណ៍របស់អាជ្ញាធរបានឲ្យដឹងថា ស្រុកភ្នំព្រឹកដែលរងនូវគ្រោះធម្មជាតិនេះជាបន្តបន្ទាប់ ត្រូវខ្យល់កន្ត្រាក់វាយប្រហារជាថ្មីទៀត កាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី២៥ មេសា ប៉ះទៅលើឃុំបួរ បណ្ដាលឲ្យខូចខាតលំនៅឋានចំនួន១៨ខ្នង។ បន្ទាប់ពីស្រុកភ្នំព្រឹក បានស្ងប់ស្ងាត់ នៅម៉ោង២និង៣០នាទីថ្ងៃដដែល មានសេចក្ដីរាយការណ៍ថា ខ្យល់កន្ត្រាក់ ដែលលាយឡំនឹងភ្លៀងបង្អោរខ្លះៗផង បានវាយប្រហារទៅលើឃុំចំនួន២ នៅក្នុងស្រុកកំរៀង។ មន្ត្រីស្រុកកំរៀងបានឲ្យដឹងថា ខ្យល់បានវាយប្រហារទៅលើឃុំបឹងរាំង និងឃុំត្រាង បានបណ្ដាលឲ្យលំនៅឋានចំនួន៣១ខ្នងរងការខូចខាត។
ដោយឡែកនៅឯស្រុកមោងឬស្សីឯណោះវិញ សមត្ថកិច្ចបានរាយការណ៍ថា កសិករម្នាក់ឈ្មោះគឿន កាន់ ភេទប្រុស អាយុ៥៧ឆ្នាំ ត្រូវរន្ទះបាញ់ស្លាប់នៅវេលាម៉ោង២និង៥០នាទីរសៀលថ្ងៃដដែល ខណ:ដែលកសិកររូបនេះកំពុងរកត្រីនៅចំនុចស្ទឹងចក ស្ថិតក្នុងភូមិស្ទឹងចក ឃុំកកោះ ពេលមានភ្លៀងធ្លាក់ និងផ្គររន្ទះយ៉ាងខ្លាំងក្លាផង។
សូមបញ្ជាក់ថា រយ:ពេលជិត១សប្ដាហ៍កន្លងទៅនេះ ភ្លៀងលាយឡំផ្គររន្ទះ និងខ្យល់កន្ត្រាក់យ៉ាងខ្លាំងក្លា បានប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរ តាមបណ្ដាស្រុកមួយចំនួន នៅក្នុងខេត្តបាត់ដំបង ដែលបណ្ដាលឲ្យខូចខាតលំនៅឋានប្រជាពលរដ្ឋអស់រាប់រយខ្នង ហើយក៏មានមនុស្សស្លាប់ដោយសាររន្ទះបាញ់ទៀតផង។ ទោះជាយ៉ាងណាសាខាកាកកាទក្រហម និងអាជ្ញាធរខេត្តបានចុះផ្ដល់អំណោយបឋម ដើម្បីសង្គ្រោះបន្ទាន់ដល់គ្រួសាររងគ្រោះភ្លាមៗដែរ ក្រោយពេលមានគ្រោះមហន្តរាយ៕
ចែករំលែកព័តមាននេះ