ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ ភូ​ថង ប្ដូរ​ពី​កីឡាករ​ល្បី​មក​ជា​គ្រូបង្វឹក​ល្បី​លំដាប់​ប្រទេស

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​គ្រូបង្វឹក​កីឡាប្រដាល់​លំដាប់​ប្រទេស​នា​ពេល​ចុង​ក្រោយ អតីត​កីឡាករ​ល្បីឈ្មោះ អេ ភូ​ថង ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​គ្រូបង្វឹក​មួយ​រូប​ដែល​មានឈ្មោះ​បោះ​សំឡេង​មិនធម្មតា ។ ក្រៅពី​មាន​ប្រវត្តិ​បង្វឹក​

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​គ្រូបង្វឹក​កីឡាប្រដាល់​លំដាប់​ប្រទេស​នា​ពេល​ចុង​ក្រោយ អតីត​កីឡាករ​ល្បីឈ្មោះ អេ ភូ​ថង ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​គ្រូបង្វឹក​មួយ​រូប​ដែល​មានឈ្មោះ​បោះ​សំឡេង​មិនធម្មតា ។ ក្រៅពី​មាន​ប្រវត្តិ​បង្វឹក​សិស្ស​បាន​ខ្លាំង​ៗ​ល្បី​ៗ​រាប់​មិន​អស់  លោក​ក៏​ត្រូវ​សហព័ន្ធ​ចាត់ជា​គ្រូបង្វឹក​របស់​កីឡាករ​ជម្រើសជាតិ​ទាំង​ផ្នែក​ប្រដាល់សេរី និង​សាកល​ផង​ដែរ ។ ជាមួយនឹង​ភាព​ល្បីល្បាញ​នេះ សារព័ត៌មាន​កោះសន្ដិភាព​បាន​ជជីក​ដេញដោល​ពី​ជីវប្រវត្តិ​របស់​លោក​យក​មក​ចុះ​ផ្សាយ​ដើម្បី​ឱ្យ​មហាជន​បាន​ជ្រាប ។

ប្រវត្តិរូប​សង្ខេប ៖ លោក​មានឈ្មោះ​ពិត​ថា អេ ភូ​ថង មាន​កម្ពស់​១,៨០​ម៉ែត្រ កើត​នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​១៩៧៣ ។ លោក​មានស្រុក​កំណើត​នៅ​ភូមិ​នាង​កុក ឃុំ​បាក់​ខ្ល​ង  ស្រុក​មណ្ឌល​សីមា ខេត្តកោះកុង ។ លោក​ប្រឡូក​ការ​ប្រដាល់​បាន​១៩០​ដង ឈ្នះ​១៨៥​ដង ចាញ់​៥​ដង និង​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៤០​ដង ។ កីឡាករ​ដែល​មាន​រហស្សនាម​ថា អធិរាជ​ជង្គង់​ទិព្វ កែង​ឆេះ ជង្គង់​ហោះ និង​ធ្លាប់​គ្រង​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​មុន​ពេល​លាឈប់​រូប​នេះ មាន​ឈាមជ័រ​ជា​អ្នក​ប្រដាល់​តាំងពី​ដូនតា ទើប​ពេល​ចម្រើន​វ័យ​អាច​ហ្វឹកហាត់​ការ​ប្រដាល់​បាន ក៏​ប្រឡូក​ក្នុង​អាជីព​នេះ​តែ​ម្ដង​ដើម្បី​រក​ប្រាក់ ។ លោក​ទទួល​បាន​មេដាយ​សំរឹទ្ធិ​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​ឡាវ​ក្នុង​ឆ្នាំ​២០០៩ និង​ក្រោយមក​ក៏​បាន​ក្លាយជា​សមាជិក​គណៈកម្មការ ចៅក្រម និង​អាជ្ញាកណ្តាល​របស់​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​ក្រោយ​ពេល​លោក​ប្រដាល់​លែង​កើត ។ លោក អេ ភូ​ថង មាន​ឪពុក​ឈ្មោះ យិ​ន រិ​ន និង​ម្ដាយ​ឈ្មោះ អាត អុ​ន ហើយ​លោក​គឺជា​កូនច្បង​នៅ​ក្នុង​គ្រួសារ​ក្នុង​ចំណោម​បងប្អូន​ចំនួន​៣​នាក់ រួម​មាន អូត ភូ​ថង វ័យ​ជាង​៣០​ឆ្នាំ ជា​អតីត​អ្នក​ប្រដាល់ និង​ប្អូនស្រី​ពៅ​ឈ្មោះ អោម ភូ​ថង អាយុ​ជាង​២០​ឆ្នាំ គឺជា​ស្ត្រី​មេផ្ទះ ។

ជីវិត​អាពាហ៍ពិពាហ៍ ៖ លោក​រៀប​ការ​នៅ​ថ្ងៃ​ទី​២៥ ខែតុលា ឆ្នាំ​១៩៩៧​ជាមួយនឹង​កូនក្រមុំ​ឈ្មោះ សឹង សុ​ម៉ា​លី ដោយ​បង្កើត​បាន​បុត្រ​៤​នាក់​នា​ពេល​បច្ចុប្បន្ន ។ កូន​ទី​១​របស់​លោក​មានឈ្មោះ​ថា ព្រី យ៉ា​នុ​ត​ភូ​ថង ភេទ​ស្រី ជា​អ្នក​ប្រដាល់ កូន​ទី​២​ឈ្មោះ វិ​រៈ ខាំ​ឈឺ​ត​ភូ​ថង ភេទ​ប្រុស ជា​អ្នក​ប្រដាល់​ម្ដងម្កាល​ដែរ កូន​ទី​៣​ឈ្មោះ អាំ ម៉ា​រី​ន​ភូ​ថង ភេទ​ប្រុស និង​កូន​ទី​៤ ឈ្មោះ​អេ​ឡិ​ក ភូ​ថង ភេទ​ប្រុស ។ ភរិយា​របស់​លោក​ក៏​មាន​អាជីព​នៅ​ក្នុង​វិស័យ​ប្រដាល់​ដែរ ដោយ​បាន​ធ្វើ​អាជ្ញាកណ្ដាល​នារី និង​ជា​គ្រូ​ជំនួយ​របស់​លោក​នៅ​ក្នុង​ក្លិប​ប្រដាល់ ។

ជីវិត​តស៊ូ ៖ លោក អេ ភូ​ថង ក៏​មិន​ខុស​ពី​កីឡាករ​ល្បីឈ្មោះ​ភាគច្រើន​នោះ​ដែរ ដែល​មានជីវិត​តស៊ូ ដោយសារ​តែ​លោក​ធំធាត់​នៅ​ក្នុង​គ្រួសារ​ក្រីក្រ ។ លោក​រៀន​មិន​បាន​ជ្រៅជ្រះ​ទេ ដោយ​ឈប់​ត្រឹម​ថ្នាក់បឋមសិក្សា​ប៉ុណ្ណោះ​ដើម្បី​ជួយ​សម្រួល​បន្ទុកគ្រួសារ​ដោយ​ការ​ដើរ​ស៊ីឈ្នួល​គេ​ដូច​ជា​លើកដាក់​លី​សែង ឬ​ជួយ​ធ្វើការ​គេ​យក​លុយ​មក​ជួយ​គ្រួសារ ។ លោក​បាន​ទៅ​ស៊ី​ឈ្មួ​ល​ចុះទូក​នេសាទ​នៅ​តាម​សមុទ្រ​តាំងពី​អាយុ​១០​ឆ្នាំ ដោយ​លោក​ត្រូវ​ធ្វើការ​ទាំង​យប់​ទាំង​ថ្ងៃ ទាំងឈឺទាំងជា តែ​ប្រាក់​កម្រៃ​ទទួល​បាន​មិន​ច្រើន​នោះ​ទេ ។ លោក​ថា ជីវិត​វេទនា​គឺ​និយាយ​មួយ​អាទិត្យ​ក៏​មិន​អស់នោះ​ដែរ ខណៈ​ដែល​រូបភាព​នោះ​គឺ​លោក​នៅ​តែ​ចង​ចាំ​ច្បាស់ ។ លោក​ក៏​ធ្លាប់​ចេញចូល​ទៅ​ស៊ីឈ្នួល​នៅ​ថៃ​ក្នុង​ពេល​រស់នៅ​កោះកុង​ផង​ដែរ ទើប​លោក​អាច​ប្រើ​ភាសា​ថៃ​បាន​ច្បាស់​ជា​ពិសេស​គឺ​ការ​និយាយ​រហូត​និយាយ​ភាសា​កំណើត​របស់​ខ្លួន​មិន​ច្បាស់​។

អ្វី​ដែល​លោក​ចង​ចាំ​គឺ​ឱ្យ​តែ​ចូល​ទៅ​ធ្វើការ​នៅ​ថៃ​ម្ដង​ៗ​ត្រូវ​តម្រួត​ថៃ​ដេញចាប់​ព្រោះតែ​គ្មាន​លិខិតឆ្លងដែន បើ​គេ​ចាប់​បាន​គេ​ដក​លុយ​អស់ ជួនកាល​ត្រូវ​គេ​ចាប់​ដាក់គុក​មុន​ពេល​បញ្ជូន​មក​ស្រុក​ខ្មែរ​វិញ​ក៏​មាន ។ លោក​ថា ទៅ​ថៃ​វេទនា ប៉ុន្តែ​បើ​មិន​ធ្វើ​ដូច្នោះ​លោក​មិន​មានការ​ងារ និង​មិន​មាន​ប្រាក់​ចំណូល​នោះ​ទេ ខណៈ​ដែល​លោក​ប្រាប់​ថាបើ​អាច​ទៅ​បន្លំ​ស៊ីឈ្នួល​គេ​បាន ក៏​ទទួល​បាន​ប្រាក់​ចំណូល​គួរសម​ដែរ ។

ការ​បោះ​ជំហាន​ក្លាយជា​អ្នក​ប្រដាល់ ៖ លោក អេ ភូ​ថង ប្រាប់​ថា ឪពុក​របស់​លោក​ក៏​ជា​អ្នក​ប្រដាល់​ម្នាក់​ដែរ​នៅ​អំឡុង​ទសវត្សរ៍​ទី​៧០ ដោយ​គ្រាន់តែ​ឪពុក​លោក​មិនមែន​ជា​អ្នក​ល្បី​ខ្លាំងក្លា​នៅ​ក្នុង​ពេល​នោះ ។  បើ​ទោះជា​លោក​ត្រូវ​ចេញ​ទៅ​ស៊ីឈ្នួល​គេ​ឆ្ងាយ​ពី​ផ្ទះ ប៉ុន្តែ​លោក​តែង​ហ្វឹកហាត់​ក្បាច់​ប្រដាល់​ពី​ឪពុក និង​តែង​ចិញ្ចឹមចិត្ត​ចង់​បន្ត​តំណែង​របស់​ឪពុក​ជា​ប្រចាំ ទើប​លោក យិ​ន រិ​ន ជា​ឪពុក​មើលឃើញ​ពី​ការ​តាំងចិត្ត​នោះ ហើយ​បាន​បង្វឹក​រូប​លោក​កាន់តែ​ខ្លាំង​ឱ្យ​ក្លាយជា​កីឡាករ​ម្នាក់ ។ លោក​បាន​សុំ​ឪពុក​ទៅ​ហ្វឹកហាត់​ប្រដាល់​នៅ​ខេត្តព្រៃវែង​ជាមួយ​លោក យុទ្ធ ផូ​ថង ដែល​ជា​គ្រូបង្វឹក​នា​ពេល​នោះ និង​បច្ចុប្បន្ន​ជា​អ​អភិបាលខេត្ត​កោះកុង ហើយ​ក៏​មានឱកាស​បាន​ចូល​ប្រកួត ។

ក្នុង​ឆ្នាំ​១៩៩៦ លោក​ផ្លាស់​មក​ក្លិប​ប្រដាល់​កង​យោធពលខេមរៈភូមិន្ទ​នៅ​រាជធានី​ភ្នំពេញ ហើយ​ក៏​កាន់តែ​មានឈ្មោះ​បោះ​សំឡេង​ខ្លាំងឡើង ។ អ៊ីចឹង​ហើយ​ទើប​ក្រោយ​ពេល​ឈប់​ប្រដាល់ លោក​ក៏​ត្រូវ​បាន​តែងតាំង​ជា​គ្រូបង្វឹក​នៅ​ក្នុង​ក្លិប​នេះ​រហូត​ដល់​បច្ចុប្បន្ន ។ លោក​ទទួល​បាន​ងារ​ជា «​អធិរាជ​ជង្គង់​ទិព្វ កែង​ឆេះ ជង្គង់​ហោះ​» បន្ទាប់​ពី​វាយ​ឈ្នះ​កីឡាករ​ជើង​ខ្លាំង​ក្នុងស្រុក​ជា​បន្តបន្ទាប់ និង​បាន​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក​នៅ​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០០៣​ក្នុង​ប្រភេទ​ទម្ងន់​៧៥​គីឡូក្រាម បន្ទាប់​ពី​វាយ​ឈ្នះ​កីឡាករ​ជនជាតិ​ស៊ូ​ដង់ ឈ្មោះ Faisal Zakaaria ជា​ម្ចាស់​ខ្សែក្រវាត់ ។
ជីវិត​ជា​គ្រូបង្វឹក ៖ លោក អេ ភូ​ថង និយាយ​ថា មក​ទល់​ពេល​នេះ លោក​កាន់តែ​សកម្ម​ខ្លាំង​ឡើង​ជាមួយនឹង​ការងារ​ជា​គ្រូបង្វឹក ដោយ​ក្នុង​មួយ​ថ្ងៃ គឺ​លោក​មិនសូវ​បាន​សម្រាក​នោះ​ទេ ដោយសារ​តែ​ត្រូវ​ចំណាយពេល​បង្វឹក​សិស្ស​បណ្ដាក់​វេន​គ្នា ។ លោក​ថា ខ្លួន​បង្វឹក​បានកូន​សិស្ស​ល្អ​មួយ​ចំនួន​ធំ ដោយ​កូនសិស្ស​របស់​លោក​ក៏​ត្រូវ​បាន​បញ្ជូន​ឱ្យ​ប្រកួត​គ្រប់​ប៉ុស្ដិ៍ និង​បាន​ប្រកួត​ថ្នាក់​ជាតិ​ទទួល​បាន​មេដាយ​ច្រើន​នាក់​ផង​ដែរ ។ លោក​ថា ខ្លួន​ស្រឡាញ់​អាជីព​ជា​គ្រូបង្វឹក ទើប​ក្នុង​ពេល​ខ្លះ​សូ​ម្បី​តែ​សិស្ស​អត់​លុយ​ក៏​លោក​បង្វឹក ហើយ​បើ​សិស្ស​នោះ​មាន​ឆន្ទៈ​ថែម​ទៀត គឺ​លោក​ធានា​រ៉ាប់រង​លើ​បាយ​ទឹក និង​ការ​បង្វឹក​ឱ្យ​ក្លាយជា​កីឡាករ​តែ​ម្ដង ទើប​លោក​ក្នុង​ពេល​ខ្លះ​ត្រូវ​រ៉ាប់រង​ចិញ្ចឹម​កីឡាករ​ច្រើន​នាក់​ក្នុង​ក្លិប​ឡើង​ក្រ​ខ្លួន ។ ទោះបី​យ៉ាងណា លោ​កថា​សប្បាយចិត្ត​ដោយសារ​តែ​លោក​ក៏​បាន​ចេញ​បង្ហាត់​នៅ​តាម​ក្លិប​ផ្សេង​ទទួល​បាន​កម្រៃ​ទាំង​ប្ដី​ទាំង​ប្រពន្ធ យក​មក​ទប់​ការ​ចំណាយ​ក្នុង​ក្លិប​របស់​ខ្លួន​ផង​ដែរ ៕