រាជធានីភ្នំពេញ ៖ ឪពុកម្តាយរវល់ទៅលក់សាច់គោអស់ទុកឲ្យកូនស្រីនៅចាំផ្ទះតែម្នាក់ឯងត្រូវជនសង្ស័យ វាយរួចយកក្រមាចងបិទមាត់សម្លាប់ប្លន់យកកងដៃ និងទូរស័ព្ទដៃ បង្កឲ្យមានការភ្ញាក់ផ្អើលឆោឡោនៅវេលាម៉ោង៧យប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ តាមបណ្តោយផ្លូវបេតុងជាប់នឹងមាត់ទន្លេ នៅក្នុងរោងគោ ក្នុងក្រុមទី៦ ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះ ម៉ាន ហៅស្រីមុំ ភេទស្រី អាយុ១៧ឆ្នាំ ជាខ្មែរអ៊ីស្លាម មុខរបរជាសិស្សថ្នាក់ទី៩ ស្នាក់នៅក្រុមទី៦ ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ មានឪពុកឈ្មោះ ទូល័ស ម៉ាន ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរជាអ្នកលក់សាច់គោ និងមានម្តាយឈ្មោះ ធីត ម៉ាន់ អាយុ៤៥ឆ្នាំ ទាំង២នាក់ប្តីប្រពន្ធជាខ្មែរអ៊ីស្លាម ស្នាក់នៅកន្លែងកើតហេតុ ។
តាមប្រភពព័ត៌មានពីឪពុកម្តាយជនរងគ្រោះបានរៀបរាប់ប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគាត់ទាំង២នាក់ប្តីប្រពន្ធបានចេញទៅស្ពានទី៦ តាមផ្លូវជាតិលេខ៦ ក្នុងខណ្ឌជ្រោយចង្វារ ដើម្បីទៅលក់សាច់គោ ដោយបានទុកឱ្យជនរងគ្រោះត្រូវជាកូនស្រីបង្កើតនៅដេកចាំក្នុងរោងដាក់គោមិនបានទៅជាមួយនោះទេ ព្រោះជាប់រវល់រៀនសូត្រ លុះពេលដល់ម៉ោង១២ថ្ងៃត្រង់ថ្ងៃដដែលរូបគាត់ជាឪពុកបានទូរស័ព្ទទៅប្រាប់កូនស្រីរងគ្រោះបានប្រាប់ថា ទុកលុយចំនួន១លាន៩០ម៉ឺនរៀលឱ្យថ្លៃគោម្ចាស់ឈ្មោះ យឿន ជាអ្នកមកយក រហូតដល់ម៉ោង៣រសៀលម្តាយបានទូរស័ព្ទសួរកូនស្រីប្រាប់ថា គេមកយកលុយរួចហើយលុះដល់ម៉ោង៥ល្ងាចម្តាយបានទូរស័ព្ទមកកូនស្រីជាច្រើនដងអត់មានអ្នកលើក ពេលនោះម្តាយសង្ស័យកូនស្រីកើតខ្យល់ក៏បានបបួលប្តីឱ្យត្រឡប់ទៅរោងសំរាកវិញ ។
លុះពេលធ្វើដំណើរមកដល់ផ្ទះវិញនៅវេលាម៉ោង៦និង២០នាទីព្រលប់ ឪពុកម្តាយរបស់ជនរងគ្រោះឃើញក្នុងរោងស្នាក់នៅងងឹតអត់បើកភ្លើង មិនបានចាក់សោរមុខនោះទេធ្វើឲ្យឪពុកសង្ស័យក៏បានឡើងទៅលើរោងសម្រាកឃើញកូនស្រីដេកផ្កាប់មុខនៅលើពូកក្នុងសំលៀកបំពាក់ធម្មតា តែមានក្រមាពណ៌ខ្មៅចងរុំបិតមាត់ ឪពុកជនរងគ្រោះបានបានដាស់កូនតែអត់ភ្ញាក់ក៏បានលើកជនរងគ្រោះផ្ងារហើយស្រាយក្រមាចងបិទមាត់ចេញក៏មានឈាមហូរចេញពីមាត់នឹងមានស្នាមរយះលើផ្ទៃមុខភ្លាមៗនោះដែលឪពុកជនរងគ្រោះបានដឹងថា កូនស្រីរបស់គាត់បានស្លាប់បាត់ទៅហើយ ។
ប្រភពដដែលបន្តទៀតថា ពេលកើតហេតុអាចចំពេលដែលមេឃកំពុងតែភ្លៀងធ្លាក់យ៉ាងខ្លាំងរហូតដល់ម៉ោងជិត៥ទើបរាំងភ្លៀងវិញ ទើបពេលកើតហេតុអត់មានអ្នកដឹងទេ ហើយមុនពេលកើតហេតុអ្នកជិតខាងឃើញជនរងគ្រោះដើរទៅដូរកំប៉ុងហ្គាសដូចធម្មតាមិនមានអ្នកណាចាប់អារម្មណ៍ទេ រហូតដល់ពេលឪពុកម្តាយត្រឡប់មកពីលក់ដូរវិញ ឃើញកូនស្រីដេកផ្កាប់មុខលើពូកបាត់កងដៃ និងទូរស័ព្ទដៃមួយគ្រឿង ព្រមទាំងនៅក្នុងផ្ទះមានរើកកាយរបស់របររាយប៉ាយពេញផ្ទះ ។
ក្រោយពេលកើតហេតុផ្អើលប្រជាពលរដ្ឋក្នុងភូមិមកចោមរោមមើលរាប់រយនាក់ និងសមត្ថកិច្ចចុះពិនិត្យនៅកន្លែងកើតហេតុឃើញរបងជិតផ្ទះមានប្រហោងសង្ស័យជនដៃដល់ចេញតាមប្រហោងនោះរត់គេចខ្លួនបាត់ស្រមោល។ ជុំវិញករណីខាងលើនេះសមត្ថកិច្ចសន្និដ្ឋានថា ជាករណីប្លន់យកកងដៃ និងទូរស័ព្ទរួចវាយ សម្លាប់ ៕
ចែករំលែកព័តមាននេះ