ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​ផ្តល់​ឧប​ករណ៍​ដោះ​មីន​ធុន​ធ្ងន់​ដល់​អង្គ​​ការ​ CMAC

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​មជ្ឈ​មណ្ឌល​សកម្ម​ភាព កំចាត់​មីន​កម្ពុជា​ (CMAC) ថ្ងៃ​ទី​១៤ កញ្ញា ឱ្យ​ដឹង​ថា​ កាល​ពី​ដើម​ខែ​កញ្ញា​នេះ​ មជ្ឈ​មណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ ទទួល​បាន​ឧប​ករណ៍​ដោះ​មីន​ធុន​ធ្ងន់​សំរាប់​ការ​អនុវត្ត​របស់​ខ្លួន​លើ​ គំរោង​​បោស​សំអាត​មីន​សមា​ហរណ​កម្ម​ និង​ជួយ​​សង្គ្រោះ​ជន​រង​គ្រោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ក្នុង​គំរោង​បង្កើត​សន្តិ​ភាព​ដែល​គាំទ្រ​​ដោយ​រដ្ឋា​ភិ​បាល​​ជប៉ុន ​។ សេចក្តី​ប្រកាស​ព័ត៌​មាន

រាជ​ធានី​ភ្នំពេញ​ ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​មជ្ឈ​មណ្ឌល​សកម្ម​ភាព កំចាត់​មីន​កម្ពុជា​ (CMAC) ថ្ងៃ​ទី​១៤ កញ្ញា ឱ្យ​ដឹង​ថា​ កាល​ពី​ដើម​ខែ​កញ្ញា​នេះ​ មជ្ឈ​មណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ ទទួល​បាន​ឧប​ករណ៍​ដោះ​មីន​ធុន​ធ្ងន់​សំរាប់​ការ​អនុវត្ត​របស់​ខ្លួន​លើ​គំរោង​​បោស​សំអាត​មីន​សមា​ហរណ​កម្ម​ និង​ជួយ​​សង្គ្រោះ​ជន​រង​គ្រោះ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​ក្នុង​គំរោង​បង្កើត​សន្តិ​ភាព​ដែល​គាំទ្រ​​ដោយ​រដ្ឋា​ភិ​បាល​​ជប៉ុន ​។ សេចក្តី​ប្រកាស​ព័ត៌​មាន​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា ​ក្រៅ​ពី​ទទួល​បាន​ឧប​ករណ៍​ដោះ​មីន​នោះ​ បុគ្គ​លិក​របស់​ CMAC នឹង​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​​ផ្នែក​ប្រតិ​បត្តិ​ការ​ និង​ថែ​រក្សា​​ឧប​ករណ៍​ដោះ​មីន​ដោយ​យោង​តាម​ស្តង់​ដា និង​នីតិវិធី​សុវត្ថិ​ភាព ​។
ឧប​ករណ៍​ដោះ​មីន​នេះត្រូវ​បានផ្តល់​ឱ្យ​ដោយ​រដ្ឋា​ភិបាល​​ជប៉ុន​កាល​ពី​ដើម​ខែ​កញ្ញា​កន្លង​មក ​ក្រោម​គំរោង​ផ្តល់​ជំនួយ​ដើម្បី​ទប់​ស្កាត់​ជំលោះ និង​​ការ​​បង្កើត​សន្តិ​ភាព​ ហើយ​ក្រុម​រៀបចំ​ និង​គ្រប់​គ្រង​ជាន់​ខ្ពស់​​របស់​ CMAC និង​បុគ្គ​លិក​សំខាន់ៗ ​មក​ពីក្រុម​ហ៊ុន​ផលិត​ឧប​ករណ៍​ដោះ​មីន​នេះបាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​ឧប​ករណ៍ ​។ ក្នុងឱកាស​នោះ​ដែរ​ បុគ្គ​លិក​របស់​ CMAC ត្រូវ​បាន​ជូន​ដំណឹង​អំពី​ការ​បណ្តុះ​បណ្តាល​​ស្តី​អំពី​ការ​ប្រើ​ប្រាស់ និង​របៀប​ថែរក្សា​ឧប​ករណ៍​ដោះ​មីន​នេះ ។

គំរោង​បង្កើត​សន្តិ​ភាព​ជា​កម្ម​វិធី​បោស​សំអាត​មីន​សមា​ហរណ​កម្ម​ និង​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​​ដែល​គាំទ្រ​ដោយ​រដ្ឋា​ភិ​បាល​​​ជប៉ុន​ ហើយ​ជា​គំរោង​សកម្ម​ភាព​កំចាត់​មីន​សមា​ហរណ​កម្ម​ដំបូង​គេ​របស់ CMAC ដែល​ត្រូវ​បាន​អនុវត្ត​ដោយ​ការ​បញ្ចូល​គ្នា​រវាង​ការ​ដោះ​មីន​ និង​សកម្ម​ភាព​អភិ​វឌ្ឍ​ន៍នៅ​តាម​សហ​គមន៍​ក្នុង​ខេត្ត​បាត់​ដំបង ។ គំរោងមាន​រយៈ​ពេល​៣​ឆ្នាំ​នេះ​ដែល​ចាប់​ផ្តើម​កាល​ពី​ខែ​មករា​ ឆ្នាំ​២០១០​បាន​រៀប​ចំ​ផែន​ការ​ថវិកា​ចំនួន​១១លាន​ដុល្លារ​ សំរាប់​ចំណាយ​លើ​ឧប​ករណ៍​ និង​ផ្តល់​មូល​និធិ​ដល់​ប្រតិ​បត្តិ​ការ​បោស​សំអាត​មីន​ និង​ការ​ជួយ​តា​ម​សហ​គមន៍ ។ CMAC​ បាន​ធ្វើ​ជា​ដៃ​គូ​​ជាមួយ​ប្រព័ន្ធ​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ជប៉ុន​ (JICS) ដើម្បី​បោស​សំអាត​ដី​ដែល​មាន​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​នៅខេត្ត​បាត់​ដំបង​ និង​ដើម្បី​​ផ្តល់​ដី​​ប្រកប​ដោយ​សុវត្ថិ​ភាព​​ដល់​សហ​គមន៍ ​។ លើស​ពី​នេះ​ទៀត ​គំរោង​នេះ​នឹង​ជួយ​ធ្វើ​ឱ្យ​មាន​លក្ខណៈ​កាន់​តែ​ប្រសើរ​ឡើង​នូវ​បែប​បទ​រស់​នៅ​ក្នុង​តំបន់​តាម​រយៈ​ការ​អភិ​វឌ្ឍជា​និរន្តរ៍​​មាន​ដូច​ជា​ការក​សាងផ្លូវ​ប្រឡាយ​ទឹក​ និង​ផ្តល់​ការ​បណ្តុះ​បណ្តាល​ផ្នែក​​កសិកម្ម ​។

លោក​ហេង រតនា អគ្គ​នាយក​ CMAC និង​ជាទី​ប្រឹក្សា​​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន នាយក​​រដ្ឋ​មន្ត្រី​​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​ «ឧប​ករណ៍​ដោះ​មីន​ដែល​ផ្តល់​ឱ្យ​ដោយ​​រដ្ឋា​ភិ​បាល​ជប៉ុន​នេះ នឹង​ផ្តល់​ឱ្យ CMAC នូវ​សមត្ថ​ភាព​ដើម្បី​អនុវត្ត​ការ​ងារ​ក្នុង​សកម្ម​ភាព​កំចាត់​មីន ​។ ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​គឺ​ការ​ដោះ​មីន​ផ្នែក​មនុស្ស​ធម៌»​​ ។ លោក ហេង រតនា​ បាន​ថ្លែង​ទៀត​ថា​ «គ្រាន់​តែ​ដោះ​មីន​នៅ​លើ​ដី​ដែល​ជឿ​ថា​ មាន​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​នោះ​គឺ​មិន​​ទាន់​គ្រប់​ទេ ដូច្នេះ​យើង​បាន​អនុវត្ត​គំរោង​សកម្ម​ភាព​កំចាត់​មីន​លក្ខណៈ​សមា​ហរណ​កម្ម​ដើម្បី​អនុវត្ត​សកម្ម​ភាព២​ គឺ​បោស​សំអាត​មីន និង​ការ​អភិវឌ្ឍនៅ​តាម​សហគមន៍​ ដើម្បី​ធានា​ឱ្យ​ប្រាកដ​ថា​ សហ​គមន៍​ទាំង​នោះ​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ពី​ដី​ដែល​បាន​បោស​សំអាត​តាម​រយៈ​ការ​អភិ​វឌ្ឍ​ជា​និរន្ត​រ៍» ។

តាម​សេចក្តី​ប្រកាស​ព័ត៌​មាន​ដដែល​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា ឧប​ករណ៍​ដោះ​មីន​ដែល​ទទួល​បាន​កាល​ពីដើម​ខែ​កញ្ញា​នោះ ​ជា​ផ្នែក​មួយ​នៃ​ការ​ផ្តល់​ជំនួយ​ផ្នែក​ឧប​ករណ៍​របស់​ជប៉ុន​ដែល​សរុប​ជា​​ទឹក​ប្រាក់​មាន​ចំនួន​ប្រហែល​៦លាន​​ដុល្លារ​អាមេរិក​សំរាប់ CMAC ដើម្បី​អនុ​វត្ត​គំរោង​បង្កើត​សន្តិ​ភាព​ ។ រដ្ឋា​ភិ​បាល​ជប៉ុន​នឹង​ផ្តល់​ឧប​ករណ៍​ដោះ​មីន​ជា​ម៉ា​ស៊ីន​ធុន​ស្រាល​ និង​ធុន​ធ្ងន់​ ព្រម​ទាំង​ឧប​ករណ៍​ដ​ទៃ​ទៀត​ មាន​ដូច​ជា​រថ​យន្ត​ភីក​អាប់​ ម៉ូតូ​ ម៉ាស៊ីន​ស្រាវ​ជ្រាវ​ជំរៅ​ជ្រៅ​ ឧប​ករណ៍​បូម​ប្រេង ម៉ាស៊ីន​កាត់​ស្មៅ តង់​ និង​ត្រាក់​ទ័រ​ ហើយ​ឧប​ករណ៍​ទាំង​នេះ​នឹង​មក​ដល់​ក្នុង​ចន្លោះ​ពេលពី​ខែ​កញ្ញា​នេះ​ទៅ​ដល់​​ខែ​ធ្នូ​ ឆ្នាំ​២០១០ ​។ ឧប​ករណ៍​ទាំង​នេះ​នឹង​ផ្តល់​ការ​គាំទ្រ​សំរាប់ CMAC ក្នុង​ការ​អនុវត្ត​ប្រតិ​បត្តិ​ការ​ដោះ​មីន​ ព្រម​ទាំង​​ការ​កសាង​ហេដ្ឋា​រចនា​សម័្ពន្ធ​សំរាប់​ការ​អភិ​វឌ្ឍ​សហ​គមន៍ ។ ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ​នេះ ​អ្នក​​​ប្រើ​ប្រាស់​ឧបករណ៍​ដោះ​មីន​របស់​ CMAC និង​បុគ្គ​លិក​នៅ​កន្លែង​ដោះ​មីន ​នឹង​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ស្តី​អំពី​ការ​ថែ​រក្សា​ឧប​​ករណ៍​ដោះ​មីន​ និង​អំពី​សុវត្ថិ​ភាពក្នុង​ការ​ប្រើ​ប្រាស់​ឧបករណ៍ ៕