ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាស​ផ្ទេរ​និង​ចូល​កាន់​តំណែង​ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះ​សីហ​នុ

6 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមេ​សា នៅ​សាល​ប្រជុំ​សាលាខេត្ត មាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​និង​ចូល​កាន់​តំណែង​ប្រធាន​សាខា​ពន្ធដារ​ខេត្ត

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមេ​សា នៅ​សាល​ប្រជុំ​សាលាខេត្ត មាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​និង​ចូល​កាន់​តំណែង​ប្រធាន​សាខា​ពន្ធដារ​ខេត្ត ក្រោម​អធិបតីភាព​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គ​នាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ។ ចូលរួម​នា​ឱកាស​នោះ​មាន លោក ឈិ​ន សេង​ងួ​នអភិបាលរង​ខេត្ត អភិបាលក្រុង​-​ស្រុក ប្រធាន​មន្ទីរ​ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រីរាជការ​ជា​ច្រើន​រូប​ទៀត ។

តាម​ប្រកាស​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ បាន​សម្រេច​ផ្ទេរ​ភារកិច្ច​លោក នុ​ត វុ​ត្ថា អត្តលេខ​១៦៧០៨០០១២២ បច្ចុប្បន្ន​ជា​ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះ​សីហ​នុ ទៅ​បម្រើ​ការងារ​ជា​ប្រធាន​សាខា​ពន្ធដារ​ខេត្តកណ្តាល ជំនួស​លោក ទាវ សា​វឿ​ន ដែល​ចូល​និវត្តន៍ ។ លោក សន សុផល អត្តលេខ​១៦៧០៤០០០០៤ បច្ចុប្បន្ន​ជា​អនុប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះសីហ​នុ ជា​ប្រធាន​សាខា​ពន្ធដារ​ខេត្ត​ព្រះ​សីហ​នុ ជំនួស​លោក នុ​ត វុ​ត្ថា ដែល​ត្រូវ​ទទួល​ភារកិច្ច​ថ្មី ។

លោក សន សុផល ប្រធាន​សាខា​ពន្ធដារ​សាខា ដែល​ទើប​តែងតាំង​ថ្មី បាន​ប្តេជ្ញា​ចិត្តខិតខំ​យកចិត្តទុកដាក់​ប្រតិបត្តិ​រាល់​អនុសាសន៍ ណែនាំ​របស់​លោក​ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដោយ​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​គ្រប់គ្រង​និង​កៀរគរ​ប្រមូល​ចំណូល​ពន្ធ​ក្នុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​ខាង​មុខ​ឱ្យ​បាន​សម្រេច​តាម​គោលដៅ និង​លើស​ផែនការ ។ ខិតខំ​យកចិត្តទុកដាក់​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ឱ្យ​កាន់តែ​ប្រសើរ ដើម្បី​រួម​គ្នា​ក្នុង​ការ​ប្រមូល​ចំណូល​ពន្ធ​ជូន​រដ្ឋ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ។

លោក គង់ វិបុល បាន​មាន​ប្រសាសន៍​សំណេះសំណាល​ដោយ​គូសបញ្ជាក់​ថា ដោយ​មានការ​សហការ​ពី​អាជ្ញាធរ​ខេត្ត ការ​ប្រមូល​ចំណូល​ពន្ធ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ទទួល​បានលទ្ធផល​ល្អ ស្រប​តាម​គោលនយោបាយ​កំណែទម្រង់​២០១៤-២០១៨ របស់​រាជរដ្ឋាភិបាល​។ ក្នុង​ឆ្នាំ​២០១៥​កន្លង​ទៅ ចំណូល​ពន្ធ​មានការ​កើនឡើង​២​ខ្ទង់​ស្មើ​១១​ភាគរយ​។ ឆ្នាំ​២០១៦ ចំណូល​ពន្ធ​មានការ​កើនឡើង ៥,៧​ភាគរយ​លើស​ផែនការ ។ ម្យ៉ាងទៀត នៅ​ត្រីមាស​ទី​១​ឆ្នាំ​២០១៧នេះ ការ​ប្រមូល​ពន្ធ​បាន ៤៥​ភាគរយ​នៃ​ផែនការ​ឆ្នាំ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦ មានការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​។

លោក​អគ្គនាយក​បន្ត​ថា ការ​បង់ពន្ធ​នៅ​ថ្នាក់​ក្រោម​ជាតិ គឺ​បង់​លើ​ពន្ធ​តូច​និង​មធ្យម​តែ​ប៉ុណ្ណោះ ចំណែក​ពន្ធ​ចំណូល​ធំ​ត្រូវ​បង់​នៅ​ពន្ធដារ​រាជធានី មាន​ដូច​ជា ក្រុមហ៊ុនស្រា​បៀរ​អង្គរ​បង់ពន្ធ​នៅ​ពន្ធដារ​ដែល​ក្នុង​មួយ​ឆ្នាំ​មិន​តិច​ជាង​១២០​លាន​ដុល្លារ​អា​មេ​រិ​ក​នោះ​ទេ ។ ម្យ៉ាងទៀត ការ​កើនឡើង​នូវ​ចំណូល​ពន្ធ​នាំ​មក​នូវ​ការ​ដំឡើង​ប្រាក់ខែ​ជូន​ដល់​មន្ត្រី​រាជ
ការ និង​កងកម្លាំងប្រដាប់អាវុធ​ថែម​ទៀតផង ។

លោក​ក៏​បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ខេត្ត បន្ត​សហការ​ផ្តល់​ព័ត៌មាន និង​ការ​ប្រមូល​ទិន្នន័យ​ឲ្យ​បាន​ទាន់​ពេលវេលា ដើម្បី​ធ្វើការ​ចុះបញ្ជី​អចលនទ្រព្យ ហើយ​យើង​មាន​ប្រព័ន្ធ IT ដើម្បី​ប្រមូល​ទិន្នន័យ​គ្រប់​ខេត្ត​-​ក្រុង ។ ម្យ៉ាងទៀត ប្រព័ន្ធ IT មាន​ភាព​ងាយស្រួល​ដល់​អតិថិជន​អាច​ទៅ​បង់ពន្ធ​នៅ​តាម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​បាន​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ ៕