ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​កម្ពុជា និង​សម​ភាគី​ឡាវ​ចុះហត្ថលេខា​សហប្រតិបត្តិការ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក​ឧត្តមសេនីយ៍ទោ ស៊ុម​កែវ ស៊ី​ឡា​វង្ស

រាជធានី​ភ្នំពេញ ៖ សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​លោក​ឧត្តមសេនីយ៍ទោ ស៊ុម​កែវ ស៊ី​ឡា​វង្ស រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​សាធារណៈ​ឡាវ បាន​ជួប​ប្រជុំ​និង​ចុះហត្ថលេខា​លើ​កិច្ច​សហប្រតិបត្តិការ​ឆ្នាំ​២០១៧ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែមេសា ។ កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​អភិបាលខេត្ត និង​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​ជាប់​ព្រំដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ។

លោកនាយ​ឧត្តម​សេន៍​យ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាល បាន​ថ្លែង​ថា នៅ​ក្នុង​កិច្ចប្រជុំ​នេះ ភាគី​ទាំង​ពីរ​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​កិច្ច​សហ
ប្រតិបត្តិការ​និង​យល់​ឃើញ​ថា កិច្ច​សហប្រតិបត្តិការ​ទាំងនេះ ត្រូវ​បាន​ចាត់តាំង​អនុវត្ត​ឲ្យចេញ​ជា​រូបរាង​ឡើង អាច​ក្តាប់​បាន​សភាពការណ៍ ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍ បង្កើន​ការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក​បន្ថែម​ទៀត ដើម្បី​ដោះស្រាយ​បញ្ហា​រួម​គ្នា​ឲ្យ​បាន​ល្អ​ប្រសើរ​នៅ​កម្រិត​មូលដ្ឋាន រួមចំណែក​ក្នុង​ការ​បង្កើន​ទំនាក់​ទំនងជា​មិត្តភាព​ភូមិ​ផង​របង​ជាមួយ ថ្នាក់​រដ្ឋាភិបាល និង​ប្រជាជន​នៃ​ប្រទេស​ទាំង​២​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ។

ទន្ទឹម​នឹង​ជោគជ័យ​នេះ កិច្ចប្រជុំ​ក៏​បាន​ឯកភាព​វាយតម្លៃ​ចំណុច​មួយ​ចំនួន​ដែល​មិន​ទាន់​បាន​អនុវត្ត​ល្អ​នៅឡើយ ហើយ​យល់​ឃើញ​ថា ភាគី​ទាំង​ពីរ​ត្រូវ​តែ​បង្កើន​ការ​ចាត់តាំង​អនុវត្ត​ឲ្យ​ចេញ​ជា​រូប​រាងដូចជា ការ​ផ្លាស់​ប្តូរ​គណៈប្រតិភូ​ទស្សនកិច្ច​ដកស្រង់​បទ​ពិសោធន៍​របស់​បណ្តា​អង្គភាព​ជំនាញ ការ​ចាត់​បញ្ជូន​និស្សិត​អាហារូបករណ៍ កិច្ចប្រជុំ​រវាង​អាជ្ញាធរ​ខេត្ត​ជាប់​ព្រំដែន និង​កិច្ចប្រជុំ​ថ្នាក់​មូលដ្ឋាន ដើម្បី​ធ្វើការ​ណែនាំ​ប្រជាជន​ដែល​រស់នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ក្នុង​ន័យ​រួម​ច​ណែ​ក​អនុវត្ត​កំណត់ហេតុ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ឲ្យ​មាន​ប្រសិទ្ធភាព​។

ភាគី​ទាំង​ពីរ ក៏​បាន​ឯកភាព​បន្ត​ចាត់តាំងអនុវត្ត​កំណត់ហេតុ​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ដូច​ជា កិច្ច​សហប្រតិបត្តិការ​ការពារ​សន្តិសុខ និង​រក្សា​សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម​តាម​តំបន់​ជាប់​ព្រំដែន ។ ក្នុង​នោះ​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​បន្ត​ជូនដំណឹង​ឲ្យ​គ្នា​ជា​ប្រចាំ​និង​ទាន់​ពេលវេលា អំពី​សភាពការណ៍​ព័ត៌មាន ល្បិច​កល និង​រាល់​សក​កម្ម​ភាព​ដែល​បង្ក​គ្រោះថ្នាក់​ដល់​ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព​សង្គម និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ ។

បន្ថែម​លើ​នោះ ភាគី​ទាំង​ពីរ​ក៏​បាន​ឯកភាព​គ្នា​បន្ត​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​បង្ការ ទប់ស្កាត់ និង​បង្ក្រាប​រាល់់​សកម្មភាព​បង្ក​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន ជា​ពិសេស​ការ​ដាំ​ដុះ ការ​ផលិត ការ​ដឹក​ជញ្ជូន ការ​រក្សា​ទុក និង​ការ​ប្រើប្រាស់​ចែកចាយ​ជួញដូរ​គ្រឿង​ង​ញៀន ។ ជា​ពិសេស ការ​ជួញដូរ​អាវុធ​ជាតិ​ផ្ទុះ ការ​សម្អាត​ប្រាក់ ការ​រត់ពន្ធ និង​ចរាចរណ៍​ទំនិញ​ខុសច្បាប់​ក្លែងក្លាយ ការ​កាប់​ឈើ ការ​ទិញ​លក់ ការ​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ ការ​បំផ្លាញ​សត្វ​ទឹក សត្វព្រៃ អនុ​ផល​ព្រៃឈើ និង​បទល្មើស​ផ្សេង​ៗទៀត ។ នៅ​ក្នុង​ករណី​កើតឡើង​ខាងលើ​នេះ ភាគី​ទាំង​ពីរ​ត្រូវ​ជូនដំណឹង​ឲ្យ​គ្នា​ជា​បន្ទាន់​សំដៅ​ទប់ស្កាត់ បង្ក្រាប និង​ដោះស្រាយ​ឲ្យ​ទាន់​ពេលវេលា ។

ចំពោះ​វិធានការ​ក្នុង​ករណី​ប្រជាពលរដ្ឋ​របស់​ភាគី​ណាមួយ​ប្រព្រឹត្ត​បទល្មើស ហើយ​រត់គេច​ខ្លួន​ពី​ប្រទេស​ម្ខាង​ទៅ​ម្ខាង​ទៀត ភាគី​ទាំង​ពីរ​ត្រូវ​តែ​ជូនដំណឹង​ជា​លាយ​ល័ក្ខណ៍​អក្សរ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​មាន​វិធានការ​រ​រួម ដើម្បី​ឲ្យ​អង្គភាព​ពាក់ព័ន្ធ​តាម​ចាប់ខ្លួន និង​បំពេញ​សំណុំ​បែបបទ​បញ្ជូន និង​ប្រគល់​ស្រប​តាម​ច្បាប់​របស់​ភាគី​រដ្ឋ​នីមួយ​ៗ ។

លោកនាយ​ឧត្តម​ស​នី​យ៍ គៀត ច័ន្ទ​ថា​រិ​ទ្ធ បាន​ថ្លែង​ទៀត​ថា ដោយឡែក​ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ត្រួតពិនិត្យ​គ្រឿងញៀន​តាម​ព្រំដែន​វិញ ភាគី​ទាំង​ពីរ​ធានា​អះអាង​បន្ត​អនុវត្ត​យ៉ាង​មុ​ឺ​ង​ម៉ាត់​នូវ​កំណត់ហេតុ​កិច្ចប្រជុំ​ទ្វេភាគី ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ត្រួតពិនិត្យ​ថ្នាំ​ញៀន​រវាង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន​របស់​កម្ពុជា និង​គណៈកម្មាធិការ​ជាតិ​ត្រួតពិនិត្យ​និង​គ្រប់គ្រង​គ្រឿងញៀន​របស់​ប្រទេស​ឡាវ ដែល​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៤ កន្លង​ទៅ ។

ភាគី​ទាំង​ពីរ​ក៏​បាន​ឯកភាព​គ្នា ឲ្យ​អាជ្ញាធរ​ថ្នាក់​កណ្តាល និង​អាជ្ញាធរ​មូលដ្ឋាន ដែល​មាន​ព្រំដែន​ជាប់​គ្នា បន្ត​សហការ​ផ្លាស់​ប្តូរ​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​នឹង​ការ​ដាំ​ដុះ ការ​ជួញដូរ ការ​ផលិត និង​ការ​រក្សា​ទុក ។

ភាគី​ទាំង​ពីរ ក៏​បាន​លើក​ឡើង​ពី​កិច្ច​សហប្រតិបត្តិការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​តាម​ព្រំដែន​ផង​ដែរ ។ ចំពោះ​កិច្ច​សហប្រតិបត្តិការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​តាម​ព្រំដែន និង​ការ​ចេញចូល​ឆ្លងកាត់​ព្រំដែន ភាគី​ទាំង​ពីរ​ឯកភាព​បន្ត​រក្សា​និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ល្អជា​មិត្តភាព​ភូមិ​ផង​របង​ជាមួយ ។ សរុប​រួម​មក ធ្វើ​ម្តេច​ឲ្យ​តំបន់​ព្រំដែន​ជា​តំបន់​មិត្តភាព សហប្រតិបត្តិការ​និង​ការ​អភិវឌ្ឍ ផ្អែក​លើ​កិច្ចព្រមព្រៀង​ដែល​រដ្ឋាភិបាល​បាន​ចុះហត្ថលេខា​នា​ពេល​កន្លង​មក ៕