ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​មាន​ទឹកមាត់​លេប​បន្តិច​ក្រោយ​ពីសា​ឡា​ត់​ឡើងថ្លៃ

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ បន្ទាប់​ពី​តម្លៃ​បន្លែ​ក៏​ដូច​ជា​កសិផល​នៅ​ក្នុងស្រុក​ដាំ​ក្បាល​ចុះ​យ៉ាង​គំហុកមួយ​រយៈ​ចុង​ក្រោយ​នេះ ធ្វើ​ឱ្យ​ប្រជា​កសិករ​មួយ​ចំនួន​ធំ​ជំពាក់​បំណុល​គេ​ស្ទើរ​វ័ណ្ឌក ។ ប៉ុន្តែ​ពេល​នេះ កសិករ​ដែល​មានមុខ​របរ​

ខេត្តបាត់ដំបង ៖ បន្ទាប់​ពី​តម្លៃ​បន្លែ​ក៏​ដូច​ជា​កសិផល​នៅ​ក្នុងស្រុក​ដាំ​ក្បាល​ចុះ​យ៉ាង​គំហុកមួយ​រយៈ​ចុង​ក្រោយ​នេះ ធ្វើ​ឱ្យ​ប្រជា​កសិករ​មួយ​ចំនួន​ធំ​ជំពាក់​បំណុល​គេ​ស្ទើរ​វ័ណ្ឌក ។ ប៉ុន្តែ​ពេល​នេះ កសិករ​ដែល​មានមុខ​របរ​ដាំ​បន្លែ​មួយ​ចំនួន​នៅ​ជាយក្រុង​បាត់ដំបង បាន​បង្ហាញ​ទឹកមុខ​រីករាយ​វិញ​ហើយ ដោយសារ​តម្លៃ​បន្លែ​សាឡា​ត់​បានហក់​ឡើង​ខ្ពស់​លើស​ពី​ការ​ស្មាន ក្នុង​តម្លៃ​ពី​៥០០​រៀល ដល់​៤.០០០​រៀល​ក្នុង​១​គីឡូក្រាម ។

លោក ឃឹម ពៅ អាយុ​៥៥​ឆ្នាំ កសិករ​នៅ​ភូមិ​ចំការ​សំរោង​២ សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង បានឱ្យ​ដឹង​ថា គាត់​ត្រេកអរ​យ៉ាង​ខ្លាំង​ដែល​បន្លែ​សាឡា​ត់​បាន​ថ្លៃ​ខ្ពស់ ស្រប​ពេល​ដំណាំ​សាឡា​ត់របស់​គាត់​កំពុង​ប្រមូល​ផល ។

តម្លៃ​បន្លែ​សាឡា​ត់ បាន​ហក់​ឡើង​ខ្ពស់​ពី​៥០០​រៀល​ដល់​៤.០០០​រៀល​ក្នុង​១​គីឡូក្រាម ចាប់តាំងពី​មុន​បុណ្យចូលឆ្នាំ​ថ្មី​កន្លង​ទៅ​ថ្មី​ៗ​នេះ ។

គាត់​បញ្ជាក់​ថា កន្លង​ទៅ​តម្លៃ​សាឡា​ត់​ត្រឹម​៤០០​រៀល​ទៅ​៥០០​រៀល​ក្នុង​១​គីឡូក្រាម ជា​ហេតុ​ធ្វើ​ឱ្យ​កសិករ​មួយ​ចំនួន​ធំ​បោះបង់​ចោលការ​ដាំ​ដំណាំ​នេះ ព្រមទាំង​ជំពាក់​បំណុល​គេ រួច​ធ្វើ​ចំណាក​ស្រុក ។ ម្យ៉ាងទៀត មុន​បុណ្យចូលឆ្នាំ​ថ្មី ឈ្មួញ​ហាក់​ផ្អាក​ការ​នាំ​ចូល​បន្លែ​ពី​ប្រទេស​ជិតខាង​ផង ដូច្នេះ​ហើយ​ទើប​បន្លែ​សាឡា​ត់​ឡើងថ្លៃ ។

អ្នកស្រី និល ប៊ុ​ន​ម៉ា ជា​កសិករ​ដាំ​បន្លែ​សាឡា​ត់​មួយ​រូប​ដែរ បាន​និយាយ​ទាំង​ទឹកមុខ​រីករាយ​ថា គាត់​ត្រេកអរ​ណាស់​ដែល​ដាំ​សាឡា​ត់លក់​បាន​ថ្លៃ ។ កសិករ​អាយុ​៥៨​ឆ្នាំ​រូប​នេះ និយាយ​ទៀត​ថា កាលពី​ខែ​មុន​តម្លៃ​សាឡា​ត់​ត្រឹមតែ​៤០០​រៀល​ទៅ​៥០០​រៀល​ប៉ុណ្ណោះ​ក្នុង​១គីឡូក្រាម តែ​មុន​បុណ្យចូលឆ្នាំ​ថ្មី​ប៉ុន្មាន​ថ្ងៃ តម្លៃ​បន្លែ​សាឡា​ត់​បាន​ស្ទុះ​ឡើង​ខ្លាំង​ដល់​៤.០០០​រៀល​រហូត​មក​ដល់​ពេល​នេះ ។ គាត់​សំណូមពរ​សូម​ឱ្យ​អាជ្ញាធរ ក៏​ដូច​រាជរដ្ឋាភិបាល​ជួយ​ទប់ស្កាត់​ការ​នាំ​ចូល​បន្លែ​ពី​ប្រទេស​ជិតខាង ដើម្បី​ជួយ​រក្សា​តម្លៃ​បន្លែ​របស់​កសិករ​នៅ​ក្នុងស្រុក​ឱ្យ​នៅ​ថេរ ។

សូម​បញ្ជាក់​ថា តម្លៃ​បន្លែ​ក៏​ដូច​ជា​កសិផល​ក្នុងស្រុក​គ្រប់​ប្រភេទ ហាក់​បាន​ដាំ​ក្បាល​ចុះ​យ៉ាង​ខ្លាំង​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​ធ្វើ​ឱ្យ​កសិករ​មួយ​ចំនួន​ធំ​ជំពាក់​បំណុល​ធនាគារ​ស្ទើរ​វ័ណ្ឌក រហូត​កសិករ​ខ្លះ​បង្ខំចិត្ត​ធ្វើ​ចំណាកស្រុក​ចោល​ក្រុម​គ្រួសារ​និង​ផ្ទះសម្បែង​ទៀតផង ។

ពួក​គាត់​ស្ដីបន្ទោស​ថា កត្តា​នេះ​ដោយសារ​តែ​ការ​អនុញ្ញាត​ឱ្យ​ឈ្មួញ​នាំ​ចូល​បន្លែ​ពី​ប្រទេស​ជិតខាង​ច្រើន​លើសលប់​ពេក ។ ប៉ុន្តែ​មួយ​រយៈ​ចុង​ក្រោយ​នេះ ទីផ្សារ​បន្លែ​មួយ​ចំនួន​ហាក់​ឡើងថ្លៃ​បន្តិច ដោយសារ​ឈ្មួញ​ផ្អាក​នាំ​ចូល​បន្លែ​មួយរយៈ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី និង​ការ​បោះបង់​ការ​ដាំ​ដុះ​របស់​កសិករ​មួយ​ចំនួន​នា​ពេល​កន្លងមក ។ នេះ​បើ​តាម​ការ​អះអាង​របស់​កសិករ​។

កសិករ​ដាំ​បន្លែ​គ្រប់មុខ​នៅ​ភូមិ​ចំការ​រោង​២ សង្កាត់​ចំការ​សំរោង អ្នកស្រី ឆ​ន សារី​ន និយាយ​ថា គាត់​បាន​ជួល​ដី​គេ​ទំហំ​២​រ៉ៃ​(១​រ៉ៃ​=៤០​ម៉ែត្រ​x៤០​ម៉ែត្រ​) ដាំ​បន្លែ​គ្រប់មុខ ហើយ
ខាតបង់​ស្ទើរ​រាល់​រដូវ​ប្រមូល​ផល តែ​ពេលនេះ​បន្លែ​សាឡា​ត់​ហាក់​បាន​ថ្លៃ​ខ្ពស់​គួរសម ។

គាត់​បន្ត​ថា គាត់​តស៊ូ​ខ្ចី​បំណុល​អង្គការដើម្បី​ធ្វើ​ជា​ទុន​ក្នុង​ការ​ដាំ​ដំណាំ​វិល​ជុំ​នេះ​ដោយសារ​តែ​គាត់​គ្មាន​មុខរបរ​ផ្សេង និង​មិន​ចង់​ធ្វើ​ចំណា​ក​ស្រុក ។ កសិករ​រូប​នេះ​បន្ត​ថា តម្លៃ​សាឡា​ត់​បាន​ឡើងថ្លៃ​ពី​៥០០​រៀល​ដល់​៤.០០០​រៀល​ក្នុង​១​គីឡូក្រាម ចាប់តាំងពី​ថ្ងៃមុន​បុណ្យចូលឆ្នាំ​ថ្មី​រហូត​មក​ដល់​ពេល​នេះ ។ បើ​តម្លៃ​បន្លែ​សាឡា​ត់​រក្សា​បាន​ថេរ​ត្រឹម​៤.០០០​រៀល​ក្នុង​១​គីឡូក្រាម​ឬ​ក្រោម​នេះ​បន្តិច កសិករ​អាចរ​ស់បាន​យ៉ាង​ស្រួល ហើយ​ថែម​ទាំង​អាច​សល់​លុយ​រំដោះបំណុល​អង្គការ​បាន មិន​ចាំបាច់​ធ្វើ​ចំណាកស្រុក​ទេ ៕