ខេត្តសៀមរាប ៖ ក្រុមក្មេងស្ទាវ២ក្រុម បានជិះម៉ូតូដេញកាប់គ្នាផ្អើលសមត្ថកិច្ច និងប្រជាពលរដ្ឋស្រុកបន្ទាយស្រីទាំងយប់ ក្រុមម្ខាងមានគ្នា១៥នាក់ និងម្ខាងទៀតមានគ្នា៦នាក់ អ្នកឈ្នះរត់បាត់ អ្នកចាញ់ត្រូវរបួសធ្ងន់ម្នាក់ រួចបញ្ជូនទៅដល់ពាក់កណ្តាលផ្លូវ ក៏ស្លាប់បាត់ទៅ។
ហេតុការណ៍ដេញកាប់គ្នាផ្អើលពេញស្រុកបន្ទាយស្រីនោះ បានកើតឡើងកាលពីវេលាម៉ោង២៣និង៤០នាទីយប់ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវលេខ៦៧ ក្នុងភូមិបន្ទាយស្រី ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
តាមប្រភពពីកម្លាំងកងរាជអាវុធហត្ថខេត្ត បានប្រាប់កោះសន្តិភាពនៅព្រឹកថ្ងៃទី២៦ មេសា នេះថា មានករណីឃាតកម្មបង្កឡើងដោយជនល្មើសមិនស្គាល់អត្តសញ្ញាណ ដោយមានគ្នាប្រហែល១៥នាក់ បានជិះម៉ូតូយកដាវសាំម៉ូរៃ ដេញកាប់ទៅលើជនរងគ្រោះមានគ្នា៦នាក់ជិះម៉ូតូ៣គ្រឿងយ៉ាងអនាធិបតេយ្យពេញបណ្តោយផ្លូវលេខ៦៧ ស្ថិតនៅក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប បណ្តាលឱ្យត្រូវរបួសធ្ងន់ រួចបញ្ជូនទៅមន្ទីរពេទ្យ ប៉ុន្តែបានស្លាប់បាត់បង់ជីវិតនៅពាក់កណ្តាលផ្លូវ។ ប្រភពបានបន្តថា ជនរងគ្រោះដែលស្លាប់នោះឈ្មោះ ហៃ ស៊ីណេត ភេទប្រុស អាយុ១៨ឆ្នាំ ជាទាហានកងពលធំលេខ២ ស្នាក់នៅក្នុងបន្ទាយ ត្រូវរបួសជាច្រើនកន្លែង ពេលបញ្ជូនទៅមន្ទីរពេទ្យជនរងគ្រោះក៏បានស្លាប់តាមផ្លូវបាត់។
បច្ចុប្បន្នសពជនរងគ្រោះត្រូវសមត្ថកិច្ចជំនាញប្រគល់ឱ្យក្រុមគ្រួសារទទួលយកទៅធ្វើបុណ្យតាមប្រពៃណីរួចរាល់ហើយ។ ចំណែកឯជនដៃដល់ទាំង១៥នាក់នោះត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី ចុះស្រាវជ្រាវ ដើម្បីស្វែងរកជនសង្ស័យចាប់យកមកធ្វើការផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ