ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡដ្ឋាន​ចំនួន​១០ អាច​ជា​ជំរំ​ហ្វឹកហាត់​របស់​ប្រតិភូ​កីឡាបាល់ទាត់​អាស៊ាន សម្រាប់​ស៊ី​ហ្គេ​ម​លើក​ទី​៣២

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កីឡាបាល់ទាត់ គឺជា​កីឡា​មួយ​ក្នុង​ចំណោម​៣៩​ប្រភេទ​កីឡា ដែល​បាន​ដាក់​បញ្ចូល​

រាជធានី​ភ្នំពេញ ៖ កីឡាបាល់ទាត់ គឺជា​កីឡា​មួយ​ក្នុង​ចំណោម​៣៩​ប្រភេទ​កីឡា ដែល​បាន​ដាក់​បញ្ចូល​ក្នុង​ការ​ប្រកួត​ស៊ី​ហ្គេ​ម លើក​ទី​៣២​។ ការ​ប្រកួត​លើ​វិញ្ញាសា​នេះ មាន​១១​ប្រទេស​ចូលរួម ដោយ​រាប់​ទាំង​កម្ពុជា ជា​ម្ចាស់ផ្ទះ ។ ដូច្នេះ ទីលាន​សម្រាប់​ទទួល​ក្រុម​ភ្ញៀវ​ដើម្បី​ហ្វឹកហាត់​អំឡុង​ពេល​ប្រកួត​នៅ​កម្ពុជា អាច​ត្រូវ​បាន​ប្រើប្រាស់​ចំនួន​១០ កីឡដ្ឋាន​ផង​ដែរ​។

១-​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ៖ ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក គឺជា​ទីលាន​សម្រាប់​ប្រកួត​កីឡា​ជា​ច្រើន​ប្រភេទ នៅ​ក្នុង​នោះ​ក៏​មាន​ទីលាន​បាល់ទាត់ ដ៏​ល្អ​មួយ ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​កម្ពុជា ស្គាល់​ច្បាស់​។ ពហុ​កីឡដ្ឋាន​នេះ អាច​ផ្ទុក​អ្នកគាំទ្រ​បាន​ចំនួន​រហូត​៧​ម៉ឺន​នាក់ ។ ជាមួយ​ស្មៅ​ធម្មជាតិ និង​បរិយាកាស​ចំ​កណ្ដាល​ទីប្រជុំជន ដោយ​ព័ទ្ធ​ជុំវិញ​ដោយ​អគារ​ទំនើប​ៗ ។ កីឡដ្ឋាន​នេះ អាច​ឲ្យ​ក្រុម​ភ្ញៀវ​ដឹង​ថា​ទីក្រុង​ភ្នំពេញ គឺជា​តំបន់​ពាណិជ្ជកម្ម ដ៏​សំខាន់​មួយ​របស់​ប្រទេស​កម្ពុជា​។

២-​កីឡដ្ឋាន​ស្មា​ត អ អេស អិន ៖ កីឡដ្ឋាន​ស្មា​ត អ អេស អិន (​កីឡដ្ឋាន​ក្លិប​ភ្នំពេញ​ក្រោ​ន​) ដែល​ស្ថិត​នៅ​ជិត​កាំ​កូ​ស៊ី​ធី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មាន​ទីលាន​ស្អាត ជាមួយនឹង​ស្មៅ​ធម្មជាតិ និង​ខ្យល់អាកាស​ត្រជាក់ នា​ពេល​រសៀល ។ បើ​ទោះជា​កីឡដ្ឋាន​នេះ ស្ថិត​ក្នុង​ទីក្រុង​ភ្នំពេញ ក៏​ប្រតិភូ​កីឡា​មាន​អារម្មណ៍​ស្រស់ស្រាយ​ជាមួយ​ធម្មជាតិ ដូច​ជាដើម​ឈើ​តាម​ដង​មហាវិថី​អង្គរ និង​ទេសភាព​បឹង​ជាមួយ​វាលស្មៅ​ខ្លះ​ៗ ។ ផ្នែក​ខាងក្នុង នៃ​កី​ឡដ្ឋា​ន​មាន​កន្លែង​សម្រាប់​កីឡាករ​ផ្លាស់​ប្ដូរ​សម្លៀក​បំពាក់ បន្ទប់ទឹក និង​បន្ទប់ទទួលភ្ញៀវ​ដ៏​ល្អ បន្ទប់​ពេទ្យ និង​បន្ទប់​អាជ្ញាកណ្ដាល ។ កីឡដ្ឋាន​នេះ អាច​ផ្ទុក​អ្នកគាំទ្រ​រហូត​បាន​ជាង​៥​ពាន់​នាក់​។

៣-​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែ​រវេ ៖ កីឡដ្ឋាន​ខេ​មបូ​ឌា​អ៊ែ​រវេ (​កីឡដ្ឋាន​បឹង​កេ​ត​) មា​នទី​តាំងនៅ​ទល់
មុខ​បុរី​ពិភព​ថ្មី​បឹង​ស្នោរ ខណ្ឌ​ច្បារ​អំពៅ​។ កីឡដ្ឋាន​នេះ មាន​ទីលាន​ជា​ស្មៅ​ធម្មជាតិ ដែល​អាច​ផ្ទុក​អ្នក​ទស្សនា​ផ្ទាល់​បាន​ដល់​២៥០០​នាក់ ។ បរិយាកាស​នៅ​កីឡដ្ឋាន​មាន​ខ្យល់អាកាស​ត្រជាក់​នា​ពេល​រសៀល ដែល​បក់​មក​ពី​ទន្លេចតុមុខ ។ ផ្នែក​ខាងត្បូង គឺជា​អគារ​ទីតាំង​កីឡដ្ឋាន ដោយ​ខាងក្នុង​អគារ មាន​បន្ទប់ទទួលភ្ញៀវ បន្ទប់​កីឡាករ បន្ទប់​ពេទ្យ និង​បន្ទប់​អាជ្ញាកណ្ដាល​។ ផ្នែក​ខាងលិច និង​ខាងកើត ជាទី​ដី​វាល​បាន​ចាក់​ខ្សាច់​។

៤-​កីឡដ្ឋាន​ព្រី​ន​ស៍ ៖ កីឡដ្ឋាន​ព្រី​ន​ស៍ (​កី​ឡដ្ឋា​ន​ក្លិប​វិសាខា​) ស្ថិត​នៅ​ភូមិ​ឃ្មួ​ញ សង្កាត់​ឃ្មួ​ញ
ខណ្ឌ​សែន​សុខ រាជធាន​នី​ភ្នំពេញ ។ កីឡដ្ឋាន​នេះ អាច​ផ្ទុក​អ្នកគាំទ្រ​បាន​ជាង​១៥០០០​នាក់ ។ ទីតាំង​នេះ ធ្លាប់​ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា យក​មក​រៀប​ចំការ​ប្រកួត​ព្រឹត្តិការណ៍ AFF Under-23 Championship កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០២២ ។ រចនាសម្ព័ន្ធ​កីឡដ្ឋាន មាន​ច្រក​ទ្វារ​បន្ទាន់ពេល​មាន​អាសន្ន​, មាន​បន្ទប់​ពេទ្យ បន្ទប់​កីឡាករ បន្ទប់​អាជ្ញាកណ្ដាល និង​បន្ទប់ទឹក​។

៥-​កីឡដ្ឋាន​ស្ដា​ត​ចាស់ ៖ កីឡដ្ឋាន​ស្ដា​ត​ចាស់ (​កីឡដ្ឋាន​កង​យោធពល​ខេ​ម​ភូមិន្ទ​) មាន​ទីតាំង​ស្ថិត​នៅ​ខណ្ឌ​ជ្រោយចង្វារ នៅ​ជាប់​នឹង​ផ្សារទួល​សង្កែ និង​ជិត​ទីតាំង​អគ្គិសនី​កម្ពុជា ។ កី​ឡដ្ឋា​ន​នេះ អាច​ផ្ទុក​អ្នកគាំទ្រ​ចន្លោះ​ពី​៨០០០​នាក់ ទៅ​១០០០០​នាក់ ។ ស្មៅ​ក្នុង​ទីលាន​ជា​ស្មៅ​ធម្មជាតិ ។ រចនាសម្ព័ន្ធ​កីឡដ្ឋាន មាន​បន្ទប់ទឹក បន្ទប់ទទួលភ្ញៀវ បន្ទប់​អាជ្ញាកណ្ដាល បន្ទប់​កីឡាករ និង​បន្ទប់​ពេទ្យ​។

៦-​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ ៖ កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ (​កីឡដ្ឋាន​ក្លិប​ណា​ហ្គា​វើ​ល​ដ៍​) មា​នទី​តាំងនៅ​ភូមិ​តា​ម៉ុ​ល សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។ កីឡដ្ឋាន​នេះ បាន​សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២២​។

ស្មៅ​ក្នុង​ទីលាន​ជា​ស្មៅ​សិប្ប​និ​មិ្ម​ត ។ ទីតាំង​នេះ អាច​ទទួល​អ្នក​ចូល​ទស្សនា​បាន​រហូត​ជាង​៣០០០​នាក់ ។ បរិយាកាស​ជុំវិញ និង​នៅ​ក្នុង​ទីលាន មាន​ភាព​ស្រស់ស្រាយ​ដោយ​អាច​ឲ្យ​ប្រតិភូ​កីឡា ឃើញ​ពី​ទេសភាព​វាលស្រែ​ជាមួយនឹង​ខ្យល់​ត្រជាក់​នៅ​តំបន់​នោះ ។ រចនាសម្ព័ន្ធ​កីឡដ្ឋាន ត្រូវ​បាន​ទទួលស្គាល់​ថា​ត្រូវ​តាម​ស្ដង់ដា មាន​ច្រក​ទ្វារ​បន្ទាន់ ពេល​មាន​អាសន្ន បន្ទប់ទឹក បន្ទប់​ពេទ្យ បន្ទប់​កីឡាករ និង​បន្ទប់​អាជ្ញាកណ្ដាល​។

៧-​កីឡដ្ឋាន AIA, KMH Park ៖ កីឡដ្ឋាន​អាយ អេស អាយ ដង្កោ​សែន​ជ័យ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ត្រពាំង​ថ្លឹង ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ អាច​ផ្ទុក​អ្នកគាំទ្រ​រហូត​បាន​ជាង​៣០០០​នាក់​។ កីឡដ្ឋាន​នេះ ត្រូវ​បាន​សម្ពោធ​នៅ​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២២ ។ ទីតាំង​នេះ អាច​រៀបចំ​ទទួល​ប្រតិភូ​ក្នុង​ការ​ហ្វឹកហាត់​អំឡុង​ពេល​ប្រកួត​ស៊ី​ហ្គេ​ម នៅ​កម្ពុជា​បាន ដោយ​រចនាសម្ព័ន្ធ​កីឡដ្ឋាន​មាន​គ្រប់ និង​តាម​ស្ដង់ដារ ដែល​ត្រូវការ​មាន​ដូច​ជា បន្ទប់ទឹក បន្ទប់​ពេទ្យ បន្ទប់​កីឡាករ និង​បន្ទប់​អាជ្ញាកណ្ដាល ។ បរិយាកាស​ជុំវិញ មិន​ហប់ និង​មិន​មាន​អគារ​ខ្ពស់​ព័ទ្ធ​ជុំវិញ​ទេ​។

៨-​ទីលាន​បាល់ទាត់​អគ្គិសនី​កម្ពុជា ៖ ទីលាន​បាល់ទាត់​អគ្គិសនី​កម្ពុជា ស្ថិត​នៅ​ជាប់​ផ្សារ​ទួល​សង្កែ ខណ្ឌ​ជ្រោយចង្វារ ។ ទីលាន​នេះ មាន​ជា​ស្មៅ​ធម្មជាតិ អាច​ធ្វើ​ជា​កន្លែង​ហ្វឹកហាត់​អំឡុង​ពេល​ប្រកួត​នៅ​កម្ពុជា ដោយ​បរិយាកាស មាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់​។

៩-​កីឡដ្ឋាន​អេ អ៊ី យូ ស្ព​ត​ផាក់ ៖ កីឡដ្ឋាន អេ អ៊ី យូ ស្ព​ត​ផាក់ (​កីឡដ្ឋាន​អាស៊ី​អឺរ៉ុប​យូ​ណាយ​ធី​ត​) មា​នទី​តាំងនៅ​ឃុំ​ស្វាយ​ជ្រុំ ស្រុក​ល្វាអែម ខេត្តកណ្ដាល ។ កីឡដ្ឋាន​នេះ មាន​គ្រប់​រចនាសម្ព័ន្ធ​កីឡា​ដើម្បី​អាច​ឲ្យ​ក្រុម​ភ្ញៀវ​យក​ធ្វើ​ជា​កន្លែង​ហ្វឹកហាត់ ។ ស្មៅ​ក្នុង​ទីលាន​បាល់ទាត់​ជា​ស្មៅ​ធម្មជាតិ ។ កីឡដ្ឋាន​អាច​ផ្ទុក​អ្នក​ទស្សនា​បាន​ជាង​១០០០​នាក់ ។ ជាមួយ​បរិយាកាស​បែប​ធម្មជាតិ នៅ​ព័ទ្ធ​ជុំវិញ​ទីលាន មាន​បឹង និង​វាល​ដែល​កំពុង​ចាក់​ដី​សាងសង់​បុរី​ជាមួយនឹង​ខ្យល់​ដែល​បក់​មក​ពី​ទន្លេមេគង្គ​។

១០-​ទីលាន​ហ្វឹកហាត់​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ៖ មា​នទី​តាំងនៅ​សង្កាត់​ព្រែក​តា​សេក
ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ជិត​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ ។ ទីតាំង​នេះ ធ្លាប់​ត្រូវ​បាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា យក​ធ្វើ​ជា​កន្លែង​ហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ ព្រុយ​ណេ ក្នុង​ការ​មក​ប្រកួត​នៅ​កម្ពុជា ក្នុង​ព្រឹត្តិការណ៍ AFF Under-23 Championship​។

ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម លើក​ទី​៣២ នា​ឆ្នាំ​២០២៣ នៅ​កម្ពុជា នឹង​ធ្វើ​ចាប់ពី​ថ្ងៃ​ទី​៥-១៧ ខែឧសភា​។ នៅ​ក្នុង​ការ​ប្រកួត​ប្រភេទ​កីឡាបាល់ទាត់ នឹង​មាន​១១​ប្រទេស​ចូលរួម មាន​ម្ចាស់ផ្ទះ​កម្ពុជា​, ព្រុយ​ណេ​, ហ្វី​លី​ពី​ន​, ឥណ្ឌូ​ណេ​ស៊ី​, ម៉ា​ឡេ​ស៊ី​, សិង្ហ​បុរី​,ថៃ​, វៀតណាម​, ឡាវ​, មី​យ៉ា​ន់​ម៉ា និង​ទី​ម័​រ​ខាងកើត​។ ចំពោះ​ព័ត៌មាន​ជា​ផ្លូវការ ក្នុង​ការ​រើស​យក​ទីតាំង​ណាមួយ​នោះ គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍ មិន​ទាន់​បាន​បញ្ជាក់​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ