ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​ផ្ទុះ​ការ​តវ៉ា​ចំពោះ​ការ​ដោះស្រាយ​តូប ខណៈ​អាជ្ញាធរ​ប្រុង​លេងបិទពួន

7 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ អាជីវករ​ផ្សារ​សាមគ្គី​ស្ទឹង​ត្រែង បាន​ត្រេកអរ​ក្រោយ​ជម្រក​សេដ្ឋកិច្ច​បាន​ដំណើរការ​ក្រោម​ដំបូល និង​តូប​ថ្មី​បន្ទាប់​សាងសង់​រួច

ខេត្តស្ទឹងត្រែង ៖ អាជីវករ​ផ្សារ​សាមគ្គី​ស្ទឹង​ត្រែង បាន​ត្រេកអរ​ក្រោយ​ជម្រក​សេដ្ឋកិច្ច​បាន​ដំណើរការ​ក្រោម​ដំបូល និង​តូប​ថ្មី​បន្ទាប់​សាងសង់​រួច ក្នុង​នោះ​អាជីវករ​ដែល​មាន​តូប​ស្រាប់​បាន​ចូល​លក់ដូរ​សមប្រកប​អាជីវករ​ធ្លាប់​អត់​តូប​ក៏​ត្រូវ​បាន​តូប​លក់​ដូច​គេឯង និង​អាជីវករ​មួយ​ចំនួន​បាត់​ទំហំ និង​បាត់​តូប​ក៏​ផ្តើម​តវ៉ា គ្រា​ដែល​គណៈកម្មការ​ដោះស្រាយ​របៀប​លេងបិទពួន​។ ក្រុម​អា​ជីករ​មួយ​ចំនួន​បាន​សម្រេចចិត្ត​សុំ​ឲ្យ​សារព័ត៌មាន​គាស់កកាយ​រឿង​ពិត​ក្រោយ​ការ​ដោះស្រាយ​របស់​គណៈកម្មការ​ខេត្ត​ដោយ​គ្រា​ដំបូង​ឯកភាព​តាម​ការ​ស្នើ​របស់​អាជីវករ បើ​ទោះបី​អាជីវករ​យល់​ស្រប​សម្បទាន​ទំហំ​ខ្លះទៅ​ឲ្យ​គណៈកម្មការ​ក្តី តែ​អាជ្ញាធរ​មិន​បាន​គោរព​ទៅ​តាម​សន្យា​របស់​ខ្លួន​ឡើយ ដែល​ជា​ហេតុ​អាជីវករ​ចោទ​ថា គណៈកម្មការ​លេងបិទពួន​លេប​សន្យា​។

អាជីវករ​ឈ្មោះ អែ​ល ទី​រៀម និង​ប្តី​ឈ្មោះ ចាន់ ពិសិដ្ឋ បាន​និយាយ​ទាំង​សោកស្តាយ​ថា ទំហំ​តូប​របស់​គាត់​មាន​ទំហំ​៣១,៣៥​ម៉ែត្រការ៉េ ស្មើរ​៧​តូប បច្ចុប្បន្ន​ត្រូវ​បាន​លោក ម៉ុម សា​រឿ​ន អភិបាលខេត្ត​សម្រេច​ប្រគល់​ជូន​៦​តូប​ស្មើរ​២៤​កា​រ៉េ ក្រោយមក​លោក ម៉ែ​ន គង់ នាយករង​រដ្ឋបាល​សាលាខេត្ត និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​បាន​ខ្សឹប​ដាក់​ត្រចៀក​លោក​អភិបាលខេត្ត​ក៏​សម្រេច​ដក​២​តូប​ចេញ​ទៀត ដោយ​ប្រគល់​ឲ្យ​ត្រឹម​៤​តូប ស្មើ​១៦​កា​រ៉េ​នៃ​ទំហំ​តូប​បច្ចុប្បន្ន​។ អាជីវករ​រូប​នេះ​ប្រាប់​ថា គាត់​បាន​ធ្លាក់​ទឹកចិត្ត​ភ្លាម​ៗ​ក្រោយ​ការ​សម្រេចចិត្ត​ខ្សឹប​ដាក់​ត្រចៀក​ស្រប​បញ្ហា​កំពុង​ដោះស្រាយ​។

លោក​បន្ត​ថា តើ​ឲ្យ​គាត់​ទទួលយក​យ៉ាងម៉េច​បាន បើ​ទំហំ​ផ្ទៃ​តូប​របស់​គាត់​ជិត​ស្មើ​៨​តូប សម្រេច​ប្រគល់​ឲ្យ​គាត់​៦​តូប គាត់​មិន​ជំទាស់​ទៅ​ហើយ ក្រោយមក​ដក​ទំហំ​ដក​តូប​ថែម​២​ទៅ​វិញទៀត តើ​ការ​ដោះស្រាយ​នេះ​ជា​វិធី​ល្អ​សម្រាប់​គណៈកម្មការ​ខេត្ត​លើ​អាជីវករ​ដែរ​ទេ ពេល​គេ​មិន​ជំទាស់​ឳ​ន​ក្បាល​ហើយ​យក​ជើង​ជាន់​ក្បាល​ពន្លិច​ថែម​ទៀត​។ លោក ចាន់ ពិសិដ្ឋ និង​ប្រពន្ធ អែ​ល ទី​រៀម បាន​សម្រេច​ចិត្តជា​ចុង​ក្រោយ​ដោយ​បាន​ស្នើ​ឲ្យ​គណៈកម្មការ​ធ្វើការ​ដោះស្រាយ​បន្ត​ជូន​ពួក​គាត់​ដែល​អាច​ធ្វើ​ទៅ​បាន ព្រោះ​តូប​នៅ​មាន​ចន្លោះ​សេសសល់  ដោយ​គ្រាន់​ចង់បាន​តែ​មួយ​តូប​ទៀត​ប៉ុណ្ណោះ នៅ​ជាប់​តូប​ហ៊ា​យូ ជិត​តូប​តា​ធៀ​ម​លក់​មង​ហើយ​ការ​ស្នើ​នេះ​លោក​សុខចិត្ត​បាត់បង់​តូប​មួយ​ចោល ដើម្បី​កាត់​បន្ថយ​បញ្ហា​ស្មុគស្មាញ​របស់​គណៈកម្មការ​ខេត្ត​។

លោក​បាន​ទទូច​ថា ការ​លះបង់​របស់​លោក​ច្រើន​ពេក​ហើយ ដូច្នេះ​គណៈកម្មការ​គួរ​យោគយល់​។ មានការ​សង្កេត​ឃើញ​ថា កន្លង​មក​ក្រុម​អាជីវករ​ផ្ទុះ​ការ​តវ៉ា ហើយ​តវ៉ា​ទៀត បញ្ហា​រឿង​ដំណោះស្រាយ​តូប​ផ្សារ​ជូន​ពួក​គាត់​លុះ​ដំណើរ​ដោះស្រាយ​នោះ​ធ្វើ​ឡើងជា​លក្ខណៈ​បិទ​បាំង​ដោយ​គៀង​ចូល​បន្ទប់​ដោះស្រាយ​ម្តងម្នាក់​ៗ បណ្តាក់​ដូច​ខ្យង​អ្នក​បាន​គឺ​បាន​អ្នក​ទន់ជ្រាយ​ស្មើ​សូន្យ ហើយ​អាជីវករ​ដែល​គេ​ស្គាល់​ច្បាស់​មាន​តែ​រាន​ដាក់​លក់​ផ្ទាល់​ដី​គ្មាន​តូប​សោះ​នោះ គណៈកម្មការ​ជួយ​ដោះស្រាយ​ឲ្យ​បាន​តូប​លក់ ចំណែក​អ្នកមាន​តូច​រង​គ្រោះ​ខាតបង់​ព្រ​ទ្យ​សម្បត្តិ​ត្រូវ​កាត់​បន្ថយ​ទំហំ​ផ្ទៃ​តូប និង​បាត់​តូប​ថែម​ទៀត​។

ក្រោយ​ផ្សារ​សាងសង់​រួច​រាប់​សិប​តូប​មិន​បាន​បើក​ដំណើ​ការ​លក់ដូ​នោះ​ទេ ហើយ​ក៏​មិន​ទាន់​ដឹង​ថា តូប​ទាំងនោះ​សុទ្ធ​សឹង​មាន​ម្ចាស់​ពី​ដើម​នោះ​ដែរ​។ ទោះបី​យ៉ាងណាភ្នាក់ងារ​សារព័ត៌មាន​កោះសន្តិភាព ព្យាយាម​ទាក់ទង​រក​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​តែ​មិន​អាច​ធ្វើ​ទំនាក់​បាន​ទេ​រយៈពេល​ពីរ​ថ្ងៃ​កន្លង​មកនេះ ដោយសារ​មន្ត្រី​ទទួល​បន្ទុក​នាំពាក្យ​សាលាខេត្ត​លោក ម៉ែ​ន គង់ ជាប់រវល់​ប្រជុំ​ផ្ទួន​ៗ​ក្នុង​កំឡុង​ពីរ​ថ្ងៃនេះ ស្រប​ពេល​ដែល​លោក​អភិបាល​ខេត្តស្ទឹងត្រែង​ជាប់​ភារកិច្ច​ទៅ​ប្រទេស​វៀតណាម​៕