ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាការិនី​10​រូប​សម្រេចចិត្ត​ដើរ​ចេញពី​ពិភព​ប្រដាល់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ មិន​មាន​គម្រោង​ណាមួយ​រៀបចំ​ឱ្យ​មានការ​ប្រកួត​ប្រដាល់​នារី​ជា​ថ្មី​នោះ​ទេ បើ​ទោះជា​មន្ត្រី​សហព័ន្ធ​នៅ​តែ​អះអាង​ថា​មាន​បំណង​លើក​ស្ទួយ​វិស័យ​នេះ​ឱ្យ​រស់​ទៅ​វិញ​ក្ដី​បន្ទាប់​ពី​

រាជធានី​ភ្នំពេញ ៖ មក​ទល់​ពេល​នេះ មិន​មាន​គម្រោង​ណាមួយ​រៀបចំ​ឱ្យ​មានការ​ប្រកួត​ប្រដាល់​នារី​ជា​ថ្មី​នោះ​ទេ បើ​ទោះជា​មន្ត្រី​សហព័ន្ធ​នៅ​តែ​អះអាង​ថា​មាន​បំណង​លើក​ស្ទួយ​វិស័យ​នេះ​ឱ្យ​រស់​ទៅ​វិញ​ក្ដី​បន្ទាប់​ពី​បាត់​មុខ​ទាំងស្រុង​នា​ពេល​ចុង​ក្រោយ ។ អ៊ីចឹង​ហើយ​ទើប​កីឡាការិនី​ដែល​ធ្លាប់​មានឈ្មោះ​បោះ​សំឡេង​ចំនួន​១០​រូប សម្រេចចិត្ត​បោះបង់​អាជីព​មួយ​នេះ​ក្នុង​ពេល​ដែល​កីឡាការិនី​ខ្លះ​ក៏​រត់​ទៅ​ជ្រក​ក្នុង​វិស័យ​កីឡា​ផ្សេង ហើយ​អ្នក​ខ្លះទៅ​ធ្វើ​ជា​កម្មការិនី​នៅ​បរទេស​ដោយ​លែង​នឹកនា​តែ​ម្ដង ។

វី ស្រី​ខួច គឺជា​កីឡាការិនី​ដែល​មានឈ្មោះ​បោះ​សំឡេង​ជាងគេ​នៅ​ក្នុង​ចំណោម​អ្នក​ប្រដាល់​នារី​។ ក្រៅពី​ទទួល​បាន​ជើងឯក​ប្រាក់​លាន​ក្នុង​ពេល​ទូរទស្សន៍​បាយ័ន​នៅ​បើក​ការ​ប្រកួត នាង​ក៏​ទទួល​បាន​ខ្សែក្រវាត់​ជា​ជើង​ខ្លាំង​នៅ​ក្នុង​ប្រទេស​បារាំង​ផង​ដែរ ។ កញ្ញា​ត្រូវ​បាន​គេ​ហៅ​ថា ជា​ខ្លា​ញី​កំណាច​ក្នុង​ចំណោម​អ្នក​ប្រដាល់​នារី បើ​ទោះជា​នាង​ធ្លាប់​ចាញ់ តែ​ឱកាស​ឈ្នះ​គឺ​ច្រើន​រាប់​មិន​អស់ ជា​ពិសេស​សម្រាប់​ការ​ប្រកួត​ដែល​មាន​លក្ខណៈ​ដណ្ដើម​ប្រាក់​លាន ។ នាង​ក៏​ជា​អ្នក​ប្រដាល់​ដែល​មានមុខមាត់ និង​រូបរាង​ស្រស់​ស្អាត​ជាងគេ​ផង​ដែរ បើ​ទោះជា​នាង​ធំធាត់​ក្នុង​ត្រកូល​អ្នក​សំណង់ និង​ធ្លាប់​ប្រឡូក​ការងារ​ជា​កម្មករ​សំណង់​ដូច​ឪពុក ការងារ​រោងចក្រ និង​ការងារ​ជួយ​បណ្ដុះ​កូន​ផ្កា​អ្នក​នៅ​តា​ខ្មៅ ។ នាង​នៅ​តែ​បន្ត​អាជីព​កីឡា​ក្នុង​ពេល​មិត្ត​រួម​អាជីព​របស់​នាង​សម្រេចចិត្ត​បោះបង់​អស់ ដោយ​គ្រាន់តែ​ប្ដូរ​ពី​អ្នក​ប្រដាល់ ទៅ​ជា​កីឡាការិនី​ជម្រើសជាតិ​ផ្នែក​វ៉ូ​វី​ណា​ម ។ 

អេ យ៉ា​នុ​ត គឺជា​កូនស្រី​លោក​អេ ភូ​ថង ដែល​បាន​ល្បីឈ្មោះ​ក្នុង​អាជីព​នេះ​តាំងពី​អាយុ​មិន​ដល់​១០​ឆ្នាំ​ម្ល៉េះ ។ នាង​ក៏​ជា​កីឡាការិនី​ដែល​មានឱកាស​ឈ្នះ​ច្រើន​ផង​ដែរ បើ​ទោះជា​មិនមែន​ជា​ដៃគូ​របស់ វី ស្រី​ខួច ក្នុង​ពេល​ប្រឡូក​ខ្លាំង​នៅ​ក្នុង​អាជីព​ប្រដាល់ ។ នាង​បាន​ផ្លាស់​ប្ដូរ​អាជីព​ពី​ការ​ប្រដាល់សេរី​ទៅ​ប្រដាល់​សាកល និង​បាន​ផ្លាស់​ទៅ​ប្រកួត​ផ្នែក​វ៉ូ​វី​ណា​ម​ផង​ដែរ បន្ទាប់​ពី​ការ​ប្រដាល់​លើ​រេញ​លែង​មាន​ដូច​មុន ។ ទោះបី​យ៉ាងណា អេ យ៉ា​នុ​ត នៅ​តែ​ចង់​បន្ត​ប្រឡូក​ការ​ប្រដាល់​ដូច​មុន​ដដែល បើ​ទោះជា​នាង​កាន់តែ​ពេញរូបពេញរាង ប៉ុន្តែ​មក​ពី​ការ​ប្រដាល់​បែប​នេះ​លែង​មាន​ដូច​មុន ទើប​នាង​សម្រេចចិត្ត​បោះបង់ ។

ឡឺម ចំ​រ៉ុ​ង គឺជា​នារី​ចរិត​ប្រុស​ដែល​មាន​កណ្ដាប់ដៃ​ខ្លាំង​មិន​អន់​ជាង​កីឡាករ​ក្នុង​អាជីព​ប្រដាល់​នោះ​ទេ ប៉ុន្តែ​នាង​បាន​សម្រេចចិត្ត​បោះបង់​បើ​តាមតែ​ការ​អះអាង​ដោយសារ​ការ​ប្រដាល់​ទទួល​បាន​លុយ​តិច​ពក មិន​អាច​ឱ្យ​នាងរស់​បាន ។ នាង​បាន​សម្រេចចិត្ត​បោះបង់​ទៅ​ធ្វើការ​ជា​កម្មការិនី​នៅ​ប្រទេស​ថៃ​កាលពី​មួយ​រយៈ​មុន ដោយ​ក្នុង​ពេល​នេះ មិនដឹង​ថា​ទៅ​ដល់​ទីណា​នោះ​ទេ ។ គ្រូបង្វឹក​របស់​នាង​បាន​អះអាង​ថា មិន​មាន​ដំណឹង​ពី​នាង​នោះ​ទេ បន្ទាប់​ពី​នាង​ឈប់​ប្រដាល់​ហើយ​លេខ​ចាស់​ក៏​ខ​ល​លែង​ចូល ។

កូយ ស្រី​ចាន់ គឺជា​កីឡាការិនី​ដែល​ឈប់​ប្រដាល់​តែ​ម្ដង ដោយសារ​តែ​នាង​ប្រកាស​ថា​ឪពុក​ម្ដាយ​មិន​គាំទ្រ​អាជីព​នេះ និង​បន្ទាប់​ពី​នាង​សាកល្បង​មក​ប្រកួត​ដណ្ដើម​ពាន​ជើងឯក​ម្ដង​ជា​ពីរ​ដង ហើយ​មិន​ទទួល​ជោគជ័យ ។ នាង​មិន​មាន​ដំណឹង​ថា​រស់នៅ​ទីណា​ទេ ខណៈ​ដែល​នាង​ធ្លាប់​អះអាង​ថា បើ​នាង​ឈប់​ប្រដាល់​នឹង​ត្រឡប់​ទៅ​ធ្វើការ​តាម​សម្មា​អា​ជី​វ៉ូ​របស់​នាង​ដើម្បី​ផ្លាស់​ប្ដូរ ។ 

អ៊ុ​ក សារី ជា​កីឡាការិនី​វ័យក្មេង​ជើង​ខ្លាំង​ម្នាក់ ប៉ុន្តែ​នាង​ថា​អាជីព​ប្រដាល់​មិនមែន​ជា​ចំណូលចិត្ត​របស់​នាង​នោះ​ទេ គឺ​នាង​សម្រេចចិត្ត​មក​ប្រដាល់​ដើម្បី​ឱ្យ​តែ​បាន​បទ​ពិសោធន៍ និង​បាន​លុយ​ចាយ​ប៉ុណ្ណោះ ទើប​នាង​សម្រេចចិត្ត​ឈប់​ទទួល និង​បោះបង់​តែ​ម្ដង​ក្រោយ​ប្រកួត​បាន​មួយ​ប្រាវ​ជាមួយនឹង​កីឡាការិនី​រួម​អាជីព​វិល​ចុះ​វិល​ឡើង​រហូត​អស់ដៃ​គូប្រកួត​ជាមួយ ។ នាង​ត្រូវ​គេ​អះអាង​ថា ចេញ​ទៅ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ថៃ ប៉ុន្តែ​ដំណឹង​ពិតប្រាកដ​មិន​ជាក់លាក់​ទេ ដោយសារ​តែ​គ្រូបង្វឹក​របស់​នាង​ប្រាប់​ក៏​បាត់​ទំនាក់ទំនង ។

វី ស្រី​ឆាយ គឺជា​សិស្ស​រួម​ក្លិប​របស់​វី ស្រី​ខួច ដែល​ត្រូវ​គេ​ឃើញ​បាត់​មុខ​ពី​ការ​ប្រដាល់សេរី​ដោយសារ​តែ​អស់​រេញ​ប្រកួត ប៉ុន្តែ​យូរ​ៗ​ម្ដង​ឃើញ​នាង​ទទួល​ប្រកួត​ដាក់​ទ្រុង និង​ប្រកួត​ប្រដាល់​សាកល​ថ្នាក់​ជាតិ​ផង​ដែរ ។ នាង​ត្រូវ​បាន​គេ​អះអាង​ថា នៅ​តែ​ចង់​បន្ត​អាជីព​នេះ​ដើម្បី​រក​ប្រាក់ ប៉ុន្តែ​មក​ពី​ការ​ប្រដាល់​បែប​នេះ​លែង​មាន​ដូច​មុន​ទើប​នាង​បំភ្លេច​ចោល ហើយ​ចាប់​យក​ការងារ​ដោយ​ប្រើ​កម្លាំង​ពលកម្ម​ផ្សេង​ទៀត​ជា​ជំនួស ។

សូ​យ គឹ​ម​ហៀ​ង ជា​កីឡាការិនី​ប្រឡូក​ប្រដាល់​បាន​តែ​មួយ​ខ្យល់​ប៉ុណ្ណោះ ក៏​សម្រេចចិត្ត​បោះបង់​តាំងពី​មុន​ការ​ប្រដាល់​ផ្នែក​នារី​មិន​ទាន់​បិទ​រេញ​ម្ល៉េះ ។ នាង​ត្រូវ​គេ​អះអាង​ថា មិន​ប្រកួត​បន្ត​ដោយសារ​តែ​ចង់​យក​ពេល​ទៅ​ធ្វើការ​នៅ​ថៃ និង​ការងារ​ផ្សេង​ទៀត​ដើម្បី​បាន​លុយ​ទៀងទាត់​ជាង​ការ​ប្រដាល់​ដែល​យូរ​ៗ​ម្ដង​ទើប​មាន​គូ​វាយ ។

មិន​ខុស​គ្នា​ដែរ កីឡាការិនី ស៊ឹង តូ​, សូ​យ សុធា និង​នូវ ស្រី​ពៅ ក៏​បាន​ប្រកាស​ថា នាង​ឈប់​ប្រដាល់​ហើយ បើ​ទោះជា​ការ​ប្រដាល់​មួយ​នេះ​នៅ​តែ​បន្ត​ដូច​មុន ។  ពួក​នាង​និយាយ​ស្របគ្នា​ថា​ការ​ប្រដាល់​នារី​ទទួល​បាន​កម្រៃ​មិន​ច្រើន​ដូច​ប្រដាល់​បុរស​នោះ​ឡើយ ហើយ​ទម្រាំ​ប្រកួត​ចប់​គឺ​ខាង​គ្រូបង្វឹក​កាត់​លុយ​មួយ​ចំនួន​ធ្វើ​ឱ្យ​ពួក​នាង​មិន​ទទួល​បាន​សម​នឹង​កម្លាំង​ប្រឹងប្រែង​នោះ​ផង ទើប​នាង​ឈប់​តែ​ម្ដង ។

លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​បាន​និយាយ​ថា លោក​ចង់ឱ្យ​មានការ​ប្រដាល់​នារី​ដូច​ដើម ប៉ុន្តែ​មក​ពី​ខ្វះ​ទាំង​គណៈកម្មការ​នារី និង​ខ្វះ​ទាំង​អ្នក​ប្រកួត​ទើប​ប្រដាល់​មួយ​នេះ​មិន​អាចរ​ស់បាន ។ ជាក់ស្ដែង សូ​ម្បី​តែ​ការ​ប្រដាល់​សាកល​ថ្នាក់​ជាតិ​ដែល​រៀបចំ​តែ​មួយ​ឆ្នាំ​ម្ដង​ផង ក៏​សឹងតែ​រក​អ្នក​ប្រដាល់​នារី​មក​ប្រកួត​អត់​បាន ៕