ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រឆាំង​ស្ថានីយ​ប្រេង​អត់​ច្បាប់​ដែល​មានះ​សាងសង់

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ​ជាង​៥០​នាក់ បាន​លើកគ្នា​តវ៉ា​ប្រឆាំង​នឹង​ការ​សាងសង់​ស្ថានីយប្រេងឥន្ធនៈ​មួយ​កន្លែង នៅ​ក្នុងភូមិ​អូ​តា​គាំ​២ សង្កាត់​ទួល​តា​ឯក

ខេត្តបាត់ដំបង ៖ ប្រជាពលរដ្ឋ​ជាង​៥០​នាក់ បាន​លើកគ្នា​តវ៉ា​ប្រឆាំង​នឹង​ការ​សាងសង់​ស្ថានីយប្រេងឥន្ធនៈ​មួយ​កន្លែង នៅ​ក្នុងភូមិ​អូ​តា​គាំ​២ សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៤ មេ​សា ដែល​ពលរដ្ឋ និង​មន្ត្រី​នានា​អះអាង​ថា គ្មាន​ច្បាប់​អនុញាតិ​សម្រាប់​ការ​សាងសង់​ឡើយ​។

អាជ្ញាធរ​មូល​ដ្ធា​ន​បាន​ឲ្យ​ដឹង​ថា ម្ចាស់​ស្ថានីយ​ប្រេង​ដែល​ពលរដ្ឋ​តវ៉ា​ប្រឆាំង​នោះ​ឈ្មោះ​ងិ​ន ឆប រស់នៅ​ក្នុងភូមិ សង្កាត់​ខាងលើ និង​ជា​អតីតមន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​សំពៅ​លូន​។  បុរស​នេះ​បាន​សាងសង់​ស្ថានីយ​ប្រេង​ជាប់​នឹង​ផ្ទះ​របស់​គាត់​ក្នុង​ទីប្រជុំជន ដោយ​គ្មាន​ច្បាប់​អនុញាតិ ដែល​អាច​ប៉ះពាល់​ដល់​អ្នក​រស់នៅ​ក្បែរ​ខាង  ទើប​ពួក​គេ​លើកគ្នា​តវ៉ា​។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា អាជ្ញាធរ​ក្រុង​បាត់ដំបង ធ្លាប់​ហៅ​ម្ចាស់ផ្ទះ​នេះ​ឲ្យ​ធ្វើ​កិច្ចសន្យា​ប​ញ្ឍ​ប់​ការ​សាងសង់​ម្ដង​ហើយ តែ​ជន​នេះ​មិន​គោរព​កិច្ចសន្យា​ទេ ហើយ​ថែម​ទាំង​ព្យាយាម​លួច​សាងសង់​បន្ត​នៅ​ពេល​យប់​ទៀត ដូច្នេះ​ហើយ​ទើប​អ្នក​ជិតខាង​លើកគ្នា​តវ៉ា​ឲ្យ​បញ្ឈប់​សកម្មភាព​ទាំងស្រុង​តែ​ម្ដង ។

ប្រជាពលរដ្ឋ​ជាង​៥០​នាក់​ដែល​លើកគ្នា​តវ៉ា​ដល់​ផ្ទះ​លោក​ងិ​ន ឆប បាន​និយាយ​ថា ស្ថានីយ​ប្រេង​របស់​លោក​ងិ​ន ឆប មិនធំ​ដុំ​ទេ តែ​អាច​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អ្នក​រស់នៅ​ក្បែរ​ខាង​រាប់រយ​គ្រួសារ ។ ពួក​គេ​បាន​បន្ត​ថា ការ​តវ៉ា​នេះ​គឺ​ស្នើ​ឲ្យ​អាជ្ញាធរ និង​ស្ថាប័ន​ជំនាញ​អន្តរាគមន៍​ឲ្យ​លោក​ងិ​ន ឆប បញ្ឈប់​ការ​សាងសង់ និង​រុះរើ​សំណង់​ចេញ​តែ​ម្ដង មិន​ឲ្យ​មានការ​សាងសង់​បន្ត​ទៀត​ទេ ។

ដោយឡែក​មន្ត្រី​នៃ​មន្ទីរ​រ៉ែ​ថាមពល​ខេត្ត ក៏​បាន​និយាយ​ដែរ​ថា សំណង់​ស្ថានីយ​ប្រេង​របស់​លោក​ងិ​ន ឆប នេះ​មិន​មានច្បាប់​អនុញាតិ​ទេ ហើយ​សាងសង់​ខុស​បច្ចេកទេស​ទាំងស្រុង ។ រីឯ​ទីតាំង​ក៏​មិន​ស័ក្តិសម​នឹង​ការ​សាងសង់​ស្ថានីយ​ប្រេង​ដែរ ។ ដូច្នេះ​ម្ចាស់​សំណង់​ត្រូវ​តែ​ធ្វើការ​រុះរើ​ចេញ ចៀសវាង​កុំ​ឲ្យ​មាន​បញ្ហា​ជាមួយ​អាជ្ញាធរ និង​អ្នកស្រុក​ដែល​រស់នៅ​តំបន់​នោះ ។

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៣ មេ​សា​២០១៧ រដ្ឋបាល​ក្រុង​បាត់ដំបង បាន​ចេញ​លិខិត​អន្តរា​គម​ន៏​មួយ​ច្បាប់ ដល់​លោក​ងិ​ន ឆប ដើម្បី​ឲ្យ​ផ្អាក​ការ​សាងសង់​សំណង់​ស្ថានីយ​ប្រេង​នេះ​ជា​បណ្ដោះអាសន្ន​។ លិខិត​នោះ​ចុះហត្ថលេខា ដោយ​លោក​ឌី ពៅ អភិបាលរង​ក្រុង​បាត់ដំបង​។ ប៉ុន្តែ​ម្ចាស់​សំណង់​ឈ្មោះ​ងិ​ន ឆប នេះ​មិន​បាន​គោរព​តាម​ការ​ណែនាំ​របស់​សាលាក្រុង​ទេ បែរជា​បន្ត​ការ​សាងសង់​ដដែល​។ បើ​តាម​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ បាន​ប្រាប់​ថា  ពេល​ខ្លះ​ម្ចាស់​សំណង់​ធ្វើ​ពេល​ថ្ងៃ តែ​ពេល​ខ្លះ​លូច​ធ្វើ​ពេល​យប់​បង្ក​ការ​រំខាន​យ៉ាង​ខ្លាំង ។

អ្នក​សារព័ត៌មាន​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​លោក​ងិ​ន ឆប បាន​ទេ នៅ​ពេល​កំពុង​មានការ​តវ៉ា​នៅ​ខាងក្រៅ​របង​ផ្ទះ​។ ព្រោះ​លោក​បាន​បិទរបង ហើយ​ចង​ឆ្កែ​កាច​មួយ​ក្បាល នៅ​ខាងក្រៅ​ដើម្បី​បន្លាច​ក្រុម​អ្នក​តវ៉ា ។ ដោយឡែក​លោក​ឌី ពៅ អភិបាលរង​ក្រុង​បាត់ដំបង ក៏​បាន​ចុះ​ទៅ​ដល់ទី​នោះ​ដែរ ខណៈ​ពលរដ្ឋ​កំពុង​តវ៉ា​។ លោក​អភិបាលរង​ក្រុង បាន​ស្នើ​ឲ្យ​ពលរដ្ឋ​ផ្អាក​ការ​តវ៉ា ហើយ​លោក​សន្យា​ថា នឹង​ហៅ​ម្ចាស់ផ្ទះ​មក​ដោះស្រាយ​ជា​ថ្មី ។

លោក​ឌី ពៅ បាន​និយាយ​ដែរ​ថា សាលាក្រុង​បាន​ចេញ​លិខិត​ឲ្យ​លោក ងិ​ន ឆប ផ្អាក​ការ​សាងសង់​ម្ដង​ហើយ លោក​ឆប នេះ​មិន​បាន​គោរព​ទេ ថែម​ទាំង​បន្ត​ការ​សាងសង់​ទៀត តែ​សាលាក្រុង​នឹង​ចាត់វិធានការ​ជា​ថ្មី​ទៀត​។ ទោះជា​យ៉ាងណា​ក្រុម​អ្នក​តវ៉ា​បាន​រំសាយ ក្រោយ​មានការ​សម្រប​ស​ម្រូ​ល​ពី​អាជ្ញាធរ​ក្រុង តែ​ពួក​គេ​អះអាង​ថា នឹង​លើកគ្នា​តវ៉ា​ទៀត បើ​ម្ចាស់ផ្ទះ​មិន​ព្រម​រុះរើ​សំណង់​ស្ថានីយប្រេងឥន្ធនៈ​ចេញ​ទេ ៕