ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ផ្ទៃពោះ​ប្តី​រត់​ចោល​សម្រាលកូន​គ្មាន​លុយ​មួយ​រៀល

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​ជាង​៤០​ឆ្នាំ​ម្នាក់ ក្រោយ​ពេល​ប្ដី​មុន​ស្លា.ប់​ចោល​ទៅ គាត់​បាន​រស់នៅ​ជាមួយនឹង​កូន​២​នាក់​មួយ​រយៈពេល

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យ​ជាង​៤០​ឆ្នាំ​ម្នាក់ ក្រោយ​ពេល​ប្ដី​មុន​ស្លាប់​ចោល​ទៅ គាត់​បាន​រស់នៅ​ជាមួយនឹង​កូន​២​នាក់​មួយ​រយៈពេល ។ ក្រោយមក​បាន​ជួបនឹង​បុរស​ម្នាក់​ទៀត ហើយ​គាត់​បាន​យក​បុរស​នោះ​ធ្វើ​ប្ដី​ទៀត​និង​បាន​រស់នៅជាមួយ​គ្នា​រហូត​ពេល​ដឹង​ថា នាង​ជា​ប្រពន្ធ​មាន​ផ្ទៃពោះ ស្រាប់តែ​ប្ដី​ក្រោយ​នោះ​ចុះ​ចោល​ទៅ​មាន​ស្រី​ថ្មី​ម្នាក់​ទៀត​ដោយ​គ្មាន​អាសូរ​ឡើយ ។

ចំណែកឯ​កូនស្រី​២​នាក់​ជា​កូន​ប្តី​ដើម​ក៏​បាន​ចាកចោល​គាត់​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​បាត់​អស់​ទៀត តែ​មិនដឹង​ថា​ទៅ​ប្រទេស​ណា​ទេ ដោយសារ​តែ​ខឹងសម្បា​នឹង​រូប​គាត់​យកប្ដី​ក្រោយ ។ ប្រការ​នេះ​ហើយ​ធ្វើ​ឲ្យ​គាត់​រស់នៅ​ឯកោ​គ្មាន​អ្នក​ទីពឹង តែ​គាត់​បាន​ស៊ូទ្រាំ​ពពោះ​ម្នាក់ឯង​រហូត​ដល់​គ្រប់​ខែ និង​សម្រាល​បានកូន​ប្រុស​ម្នាក់​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខណ្ឌដង្កោ កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ មេ​សា ព្រមទាំង​គ្មាន​ប្រាក់​ឲ្យ​ថ្លៃ​ពេទ្យ​ឡើយ ។

ស្ត្រី​ខាងលើ​បាន​ឲ្យ​ដឹង​ថា គាត់​មានឈ្មោះ ធឿ​ន ហ៊ាន អាយុ​៤៣​ឆ្នាំ ជា​កម្មការិនី​កាត់​ព្រុយ​ខោ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​អូរ​តា​ប៉ោង ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។ ដំបូង​ឡើយ​គាត់​មាន​ប្ដី​ដ៏​ល្អ​ម្នាក់​ដែល​បាន​រៀប​ការ​ត្រឹមត្រូវ​តាម​ប្រពៃណី​និង​បានកូន​ស្រី​២​នាក់​ជា​ចំណងដៃ ប៉ុន្តែ​ជា​អកុសល​ប្ដី​បាន​ស្លាប់​ចោល​គាត់​និង​កូន​ទាំង​ពីរ​នាក់​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន ទុក​ឲ្យ​គាត់​និង​កូន​រស់នៅ​កំព្រា​រងា​គ្មាន​ទីពឹង​ឡើយ ។

ស្ត្រី​ខាងលើ​បាន​បន្ត​ថា ក្រោយ​ពេល​ប្ដី​ស្លាប់​ចោល​គាត់​និង​កូន​ៗ​បាន​នាំ​គ្នា​ចាក​ចេញពី​ស្រុក​កំណើត​មក​ភ្នំពេញ​ដើម្បី​រក​ការងារ​ធ្វើ ហើយ​គាត់​បាន​ជួបនឹង​បុរស​ម្នាក់ ដែល​គាត់​មិន​បញ្ចេញ​ឈ្មោះ ហើយ​ក៏​មានចិត្ត​ស្រលាញ់​គ្នា​និង​បាន​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ក្រោម​ការ​ជំទាស់​ពី​កូនស្រី​ទាំង​ពីរ​នាក់ ។ ប៉ុន្តែ​ដោយសារ​តែ​មើលទៅ​បុរស​នោះ​អាច​ពឹងពាក់​ជា​គូ​អនាគត​បាន ទើប​គាត់​ជម្នះ​យក​បុរស​នោះ និង​បាន​រស់នៅ​ជា​ប្ដី​ប្រពន្ធ​ក្រោម​ដំបូលផ្ទះ​តែ​មួយ ។ ចំណែក​កូន​ៗ​របស់​គាត់​បាន​សម្ដែង​ការ​ខឹងសម្បា​យ៉ាង​ខ្លាំង រហូត​នាំ​គ្នា​ចាក​ចេញពី​គាត់​ទៅ​ធ្វើ​ជា​ពលករ​នៅ​ក្រៅប្រទេស​បាត់ ដោយ​មិនដឹង​ថា​ទៅ​ប្រទេស​ណា​នោះ​ឡើយ និង​មិន​ដែល​គិតគូរ​ពី​គាត់​ទេ ។

ប្រភព​បាន​បន្ត​ថា ក្រោយ​ពី​រស់នៅ​ជាមួយ​ប្ដី​ក្រោយ​មួយ​រយៈពេល​គាត់​មាន​ផ្ទៃពោះ ប្ដី​ក្រោយ​នេះ​មានចិត្ត​មិន​ស្មោះត្រង់​បាន​ផិតក្បត់​លួច​ចុះ​ចោល​គាត់​ទៅ​មាន​ស្រី​ថ្មី​ម្នាក់​ទៀត​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គាត់​ក្លាយជា​ស្រី្ត​មេម៉ាយ​ជា​លើក​ទី​២ និង​ខិតខំ​តស៊ូ​ពពោះ​ក្នុង​ស្ថានភាព​លំបាកលំបិន​ម្នាក់ឯង​រហូត​ដល់​គ្រប់​ខែ ។ គាត់​ត្រូវ​បាន​អ្នក​ជិតខាង​នាំ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ខណ្ឌដង្កោ និង​សម្រាល​បានកូន​ប្រុស​ម្នាក់​កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែមេសា ។

ស្ត្រី​ខាងលើ​បាន​បន្ត​ថា ខណៈនោះ​គាត់​គ្មាន​ប្រាក់​សូ​ម្បី​តែ​មួយ​រៀល ចំណែក​គ្រូពេទ្យ​បាន​យក​ថ្លៃ​សេវា​បង្កើតកូន​ចំនួន​៩​ម៉ឺន​រៀល ប៉ុន្តែ​គាត់​គ្មាន​ប្រាក់​ឲ្យ​ពេទ្យ​នោះ​ទេ ហើយដោយ​សារ​ការ​អាណិតអាសូរ​ដល់​គាត់​ទើប​អ្នក​ជិតខាង​យក​ប្រាក់​ចំនួន​៥​ម៉ឺន​រៀល​ទៅ​ជួយ និង​នៅ​សល់​៤​ម៉ឺន​រៀល​ទៀត​គ្រូពេទ្យ​អនុគ្រោះ​មិន​យក​ឡើយ និង​បាន​ឲ្យ​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ចុះ ។

បច្ចុប្បន្ន​ស្ដ្រី​អភ័ព្វ​រូប​នេះ​ពិតជា​ទីទ័ល​ខ្លាំង​ណាស់​គ្មាន​លទ្ធភាព​អាច​ចិញ្ចឹម​កូន​តូច​នេះ​បាន​ទេ ។ គាត់​និយាយ​ថា ប្រសិនបើ​មាន​សប្បុរសជន​ណា​ចង់បាន​ទារក​យក​ទៅ​ចិញ្ចឹម គាត់​នឹង​ប្រគល់​ឲ្យ​យក​ទៅ​ចិញ្ចឹម​ចុះ ដើម្បី​អនាគត​កូន​ម្នាក់​ឱ្យ​បាន​ត្រ​ចេះ​ត្រចង់​នឹង​គេ ៕