ខេត្តបាត់ដំបង ៖ យោងតាមសេចក្ដីរាយការណ៏នានាបានឲ្យដឹងថា រយៈពេលត្រឹមតែ២ថ្ងៃប៉ុណ្ណោះខ្យល់កន្ត្រាក់បានវាយប្រហារទៅលើបណ្ដាស្រុកចំនួន៤ ក្នុងខេត្តបាត់ដំបង ដែលបណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋចំនួនជាង៨០ខ្នង ប៉ុន្តែមិនទាន់មានរបាយការណ៏អំពីការខូចខាតផលដំណាំ និងអំពីការគ្រោះថ្នាក់មនុស្សនៅឡើយទេ ។
សេចក្ដីរាយការណ៏បានឲ្យដឹងថា ខ្យល់កន្ត្រាក់ដែលលាយឡំជាមួយនឹងភ្លៀងកក់ខែដើមឆ្នាំផងបានកើតនៅរសៀលថ្ងៃទី២៣ និង២៤ ខែមេសា ឆ្នាំ២០១៧ ដោយប៉ះទៅលើស្រុកចំនួន៤ ក្នុងខេត្តបាត់ដំបង ។ បើតាមរបាយការណ៏បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ខ្យល់កន្ត្រាក់បានវាយប្រហារទៅលើស្រុកភ្នំព្រឹក ប៉ះទង្កិចទៅលើឃុំពេជ្រចិន្តា បណ្ដាលឲ្យលំនៅឋានប្រជាពលរដ្ឋ៧ខ្នង បានរងការខូចខាត ។
ដោយឡែកនៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ខ្យល់កន្ត្រាក់បានវាយប្រហារដំណាលៗគ្នាទៅលើស្រុកចំនួន៣ទៀតគឺស្រុកមោងឬស្សី ប៉ះលើឃុំតាលាស់ និងឃុំកកោះ បណ្ដាលឲ្យខូចខាតលំនៅឋានចំនួន១៩ខ្នង រលំទាំងស្រុង៤ខ្នង ។ ស្រុកបាណន់ ប៉ះលើឃុំស្នឹង និងឃុំភ្នំសំពៅ ខូចខាតលំនៅឋានពលរដ្ឋចំនួន២៩ខ្នង និងស្រុកគាស់ក្រឡ ប៉ះលើឃុំដូនបារ បណ្ដាលឲ្យខូចខាតលំនៅឋានពលរដ្ឋ២៩ខ្នងទៀត ។ ប៉ុន្តែមិនទាន់មានសេចក្ដីរាយការណ៏អំពីការខូចខាតផលដំណាំ ឬគ្រោះថ្នាក់មនុស្សនៅឡើយទេ ។
អាជ្ញាធរបាននិយាយថា ប៉ុន្មានថ្ងៃកន្លងទៅនេះភ្លៀងបានបង្អោរធ្លាក់តាមបណ្ដាស្រុកមួយចំនួនដែលលាយឡំដោយខ្យល់កន្ត្រាក់យ៉ាងខ្លាំងក្លាផងដែរដែលបានវាយប្រហារយ៉ាងធ្ងន់ធ្ងរទៅលើផ្ទះប្រជាពលរដ្ឋ និងអគារសាលារៀនមួយចំនួនផង ។ ទោះជាយ៉ាងណាសាខាកាក្កបាតក្រហមខេត្ត និងអាជ្ញាធរខេត្តក៏បានចុះអន្តរាគមន៏ផ្ដល់អំណោយដើម្បីសង្គ្រោះបន្ទាន់ជាបន្តបន្ទាប់ភ្លាមៗដែរក្រោយពេលកើតហេតុ ។ បើតាមរបាយការណ៏ខាងលើ រយៈពេល២ថ្ងៃខ្យល់កន្ត្រាក់បានបំផ្លាញលំនៅឋានប្រជាពលរដ្ឋអស់៨៤ខ្នងហើយលំនៅឋានមួយចំនួនត្រូវបំផ្លាញទាំងស្រុកតែម្ដង ៕
ចែករំលែកព័តមាននេះ