ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពី​ឆ្នាំ​1979​ប្រជាជន​កម្ពុជា​ក្រីក្រ​100%​តែ​បច្ចុប្បន្ន​នេះ​នៅ​សល់​តែ​13%

6 ឆ្នាំ មុន

ខេត្ដពោធិ៍សាត ៖ លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ខេត្តពោធិ៍សាត់ មាន​ប្រសាសន៍​ថា

ខេត្ដពោធិ៍សាត ៖ លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្ដាល​ចុះ​ជួយ​ខេត្តពោធិ៍សាត់ មាន​ប្រសាសន៍​ថា ពី​ឆ្នាំ​១៩៧៩​ប្រជាជន​កម្ពុជា​ក្រីក្រ​១០០% ប៉ុន្តែ​មក​ដល់​ឆ្នាំ​២០១៧​នេះ​បន្ទាត់​នៃ​ភាព​ក្រីក្រ​នៅ​សល់​តែ​១៣%​ប៉ុណ្ណោះ ។

លោក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បែប​នេះ ខណៈជួប​សំណេះសំណាល​ជាមួយ​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ឃុំ​មេទឹក ស្រុក​បាកាន កាលពី​ថ្ងៃ​ទី​២៣ ខែមេសា ។ លោក​មាន​ប្រសាសន៍​ទៀត​ថា ឆ្នាំ​១៩៧៩ យើង​ទើបតែ​រួច​ផុត​ពី​របប​ប៉ុ​ល ពត ដែល​អ្វី​ៗ​ត្រូវ​រលាយ​ខ្ទេចខ្ទី​គ្មាន​សល់ ហើយ​បាន​ចាប់ផ្ដើម​កសាង​ប្រទេស​ពី​ចំណុចសូន្យ​សុទ្ធសាធ រីឯ​ប្រជាជន​ក៏​បាតដៃ​ទទេ​ទាំងអស់​គ្នា​ដែរ ។ មក​ដល់​ពេល​នេះ​ប្រទេស​ជាតិ​មានការ​រីក​ចម្រើន​លើ​គ្រប់​វិស័យ​ហើយ​ប្រជាពលរដ្ឋ​៨៧% មាន​ជីវភាព​ធូរធារ​និង​ការ​ហូប​ចុក​គ្រប់គ្រាន់ ។

លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម មាន​ប្រសាសន៍​ថា ការ​ជ្រើសរើស​ថ្នាក់ដឹកនាំ​បើ​ជ្រើសរើស​ខុស​នឹង​ធ្វើ​ឲ្យ​ប្រទេស​ជាតិ​វិល​ទៅ​រក​របប​ប៉ុ​ល ពត​សា​ជា​ថ្មី​មិន​ខាន ហើយ​ប្រជាពលរដ្ឋ​ក៏​គ្មាន​សេចក្ដីសុខ​ដែរ ។ ពេល​នោះ​នឹង​បាន​ជួប​ត្បូងចប គល់​ឫស្សី ចំពុះទុង ធាងត្នោត បង្ខំ​ឲ្យ​ធ្វើការ​បាក់កម្លាំង បង្អត់អាហារ និង​ធ្វើ​ទារុណកម្ម​យ៉ាង​ព្រៃផ្សៃ​បំផុត​រាប់​ទាំង​ព្រះសង្ឃ​ផង​ដែរ ។

សព្វ​ថ្ងៃនេះ ក្រោម​ការ​ដឹកនាំ​របស់​រាជរដ្ឋាភិបាល​ដែល​មាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយក​រដ្ឋមន្ត្រី ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព​យ៉ាង​ពេញលេញ មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​គ្រប់​បែប​យ៉ាង ប៉ុន្តែ​ស្ថិត​នៅ​ក្រោម​ច្បាប់​ទាំងអស់​គ្នា ។

ជាមួយ​គ្នា​នេះ យើង​មាន​ស្ថិរភាព​នយោបាយ សន្តិសុខ​សណ្ដាប់ធ្នាប់​ល្អ​ប្រសើរ ការពារ​ទឹកដី​បាន​គង់វង្ស និង​បាន​រៀបចំ​បោះបង្គោល​ព្រំដែន​ជាមួយ​ប្រទេស​ជិតខាង​ជិត​រួចរាល់​ហើយ​ដែរ​។ ស្ពាន​ធំ​ៗ​ឆ្លងកាត់​ទន្លេ និង​ផ្លូវ​កៅស៊ូ បាន​ត​ភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​តាម​បណ្ដា​ខេត្ត​នានា ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ និង​តាម​ខ្សែក្រវាត់​ព្រំដែន​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ដោយ​ចំណាយ​ថវិកា​តិច ចំណេញ​ពេលវេលា និង​ឈាន​ទៅ​កាត់​បន្ថយ​ភាព​ក្រីក្រ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

ទាំង​អស់នេះ ដោយសារ​ប្រទេស​មាន​សន្តិភាព បើ​គ្មាន​សន្តិភាព​ទេ​មិន​អាច​ធ្វើ​អ្វី​កើត​នោះ​ទេ ។ ដូច្នេះ យើង​ត្រូវ​ថែរក្សា​សន្តិភាព​នេះ​ឲ្យ​បានជា​រៀង​រហូត តាម​រយៈ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ និង​រដ្ឋ​សភាជាតិ​នា​ពេល​ខាង​មុខ​នេះ ។

លោក​រដ្ឋមន្ត្រី សូម​ឲ្យ​ប្រជាពលរដ្ឋ​គិតពិចារណា​ឡើង​វិញ មុន​នឹង​គូស​សន្លឹក​ឆ្នោត​ថា តើ​គណបក្ស​ណា​ដែល​ផ្ដល់​ផលប្រយោជន៍​ដល់​បងប្អូនគណបក្ស​ណា​ដែល​ខិតខំ​កសាង​ប្រទេស​ពី​បាតដៃ​ទទេ​រហូត​មានការ​រីក​ចម្រើន​បែប​នេះ ចៀសវាង​ជឿ​ពាក្យ​សម្ដី​ឃោសនា​បោកប្រាស់​របស់​គណបក្ស​មួយ​ចំនួន​ដែល​មិន​ធ្វើ​អ្វី​សោះ​នោះ ។

ក្នុង​ឱកាស​នោះ លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម បាន​ផ្ដល់​ទឹកប្រាក់​ចំនួន​១០​លាន​៥០​ម៉ឺន​រៀល​សម្រាប់​ជុស​ជុល​ផ្លូវ​ក្រួស​ក្រ​ហាម និង​ធ្វើ​លូ​នៅ​ក្នុងភូមិ​តា​មុម ភូមិ​ចិនតា​យ ភូមិ​មេទឹក និង​ភូមិ​ទួល​លាប ឃុំ​មេទឹក ផង​ដែរ ៕​