ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​សមាជ​វិសាមញ្ញ​ជា​ថ្មី រើស​អនុប្រធាន​គណបក្ស​ឡើង​វិញ​នៅ​ថ្ងៃនេះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គណបក្ស​សង្គ្រោះ​ជាតិ បាន​កំណត់​យក​ថ្ងៃ​ទី​២៥ ខែមេសា ដើម្បី​ធ្វើ​សមាជ​វិសាមញ្ញ​ជ្រើសរើស​អនុប្រធាន​ថ្មី បន្ទាប់​ពី​ក្រសួងមហាផ្ទៃ​មិន​ទទួលស្គាល់​

រាជធានី​ភ្នំពេញ ៖ គណបក្ស​សង្គ្រោះ​ជាតិ បាន​កំណត់​យក​ថ្ងៃ​ទី​២៥ ខែមេសា ដើម្បី​ធ្វើ​សមាជ​វិសាមញ្ញ​ជ្រើសរើស​អនុប្រធាន​ថ្មី បន្ទាប់​ពី​ក្រសួងមហាផ្ទៃ​មិន​ទទួលស្គាល់​សមាជ​លើក​មុនដែល​បាន​ជ្រើសរើស​ប្រធាន​១​រូប និង​អនុប្រធាន​៣​រូប ក្រោយ​ពី​លោក សម រ​ង្ស៊ី ប្រកាស​លាលែងពី​ប្រធាន​គណបក្ស ។

យោង​តាម​លិខិត​មួយ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​ទៅ​សាលា​រាជធានី​ភ្នំពេញ​បានបញ្ជាក់​ថា «​គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​សមាជ​វិសាមញ្ញ​បក្ស​នៅ​ថ្ងៃ​ទី​២៥​ខែមេសា ឆ្នាំ​២០១៧ នៅ​ស្នាក់​ការ​គណបក្ស ស្ថិត​ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ដោយ​មាន​សមាជិក​សមាជិកា​ចូលរួម​ប្រមាណ​១.០០០​នាក់​»​។

ថ្លែង​កាលពី​២​ថ្ងៃមុន​ថ្ងៃ​ធ្វើ​សមាជ លោក កឹ​ម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត អញ្ជើញ​ទៅ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់​ៗ​គ្នា​។

នៅ​ក្នុង​វេទិកា​សំណេះសំណាល​ជាមួយ​សកម្មជន និង​អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ស្រុក​ជុំ​គិរី ខេត្តកំពត កាលពី​ថ្ងៃ​ទី​២៣ ខែមេសា លោក កឹ​ម សុខា ថ្លែង​ថា «​ការ​បោះ​ឆ្នោតនាំ​មក​នូវ​សេចក្ដី​សង្ឃឹម​»​។ លោក​បញ្ជក់​ថា​«​ការបោះ​ឆ្នោត​»​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ព្រោះ​ការ​បោះ​ឆ្នោត​គឺជា​ការ​ផ្តល់​ឱកាស​ឲ្យ​ប្រជា​ពលរដ្ឋ អាច​ធ្វើ​សេចក្តី​សម្រេចចិត្ត​ក្នុង​ការ​ជ្រើសរើស ឬ​ផ្លាស់​ប្តូរ​អ្នកដឹកនាំ​បាន​ដោយ​សន្តិវិធី និង​បញ្ចៀសសង្គ្រាម ។ ជំរុញ​ឲ្យ​អ្នកនយោបាយ ខិតខំ​ប្រកួតប្រជែង​គ្នា​ធ្វើអំពើ​ល្អ​ដែល​ជា​ប្រយោជន៍​ជាតិប្រយោជន៍​ប្រជាពលរដ្ឋ​ខ្លួន​»​។

លោក កឹ​ម សុខា បាន​លើក​ឡើង​ថា ការ​បោះ​ឆ្នោត​ក៏​ជា​ការ​ពង្រឹង​នូវ​ប្រព័ន្ធ​ដឹកនាំ​បែប​ប្រជាធិបតេយ្យ ដើម្បី​ទប់ស្កាត់​នូវ​អំណាច​ផ្ដាច់​ការ ។ ប៉ុន្ដែ យើង​ត្រូវ​រៀបចំ​ការ​បោះ​ឆ្នោត​នោះ​ឲ្យ​មាន​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្ដិធម៌​។​ដូច្នេះ ខ្ញុំ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់ មេត្ដា​ចូលរួម​«​ការ​បោះ​ឆ្នោត​» នា​ពេល​ខាង​មុខ​នេះ​តាម​ឆន្ទៈ​រៀង​ៗ​ខ្លួន ដើម្បី​សម្រេច​នូវ​ជោគវាសនា​អនាគត​របស់​ខ្លួន​យើង និង​ភូមិ​-​ឃុំ​របស់​យើង​។

ជាមួយ​គ្នា​នេះ លោក កឹ​ម សុខា ក៏​បាន​លើក​ឡើង​ថា គណបក្ស​សង្គ្រោះ​ជាតិ ប្រកាន់ខ្ជាប់​នូវ​គោលការណ៍ ដោះស្រាយ​បញ្ហា​ដោយ​អហិង្សា តាម​យន្តការ​ប្រជាធិបតេយ្យ អាស្រ័យ​ឆន្ទៈ​របស់​ពលរដ្ឋ​ខ្មែរ​(​គ្មាន​សង្គ្រាម​) ។ ប្រកួតប្រជែង​គ្នា នូវ​គោលនយោបាយ ដើម្បី​ដឹកនាំ​ប្រទេស​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​(​គ្មាន​សង្គ្រាម​)​។

គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ ខ្មែរ​ទាំងអស់​គ្នា​ជា​អ្នក​ឈ្នះ ខ្មែរ​តែ​មួយ មិន​គុំកួន​សងសឹក​គ្នា មិន​យក​ខ្មែរ​ណា​ធ្វើ​ជាស​ត្រូវ​(​គ្មាន​សង្គ្រាម​)​។
សូម​ជម្រាប​ថា ក្រសួងមហាផ្ទៃ​កាលពី​ពេល​កន្លង​មក បាន​ប្រកាស​ទទួលស្គាល់​លោក កឹ​ម សុខា ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ  ។ រីឯ​អនុប្រធាន​ទាំង​៣​រូប ដែល​គណបក្ស​ជ្រើសរើស​ក្នុង​សមាជ​វិសាមញ្ញ​កាលពី​ថ្ងៃ​ទី​២ ខែមីនា  ឆ្នាំ​២០១៧ មាន​លោក ប៉ុ​ល ហំ​ម  លោក អេ​ង ឆៃ​អ៊ា​ង  និង​លោកស្រី មូរ សុខ​ហួរ មិន​ត្រូវ​បាន​ក្រសួងមហាផ្ទៃ​ទទួលស្គាល់​ទេ ដោយ​អះអាង​ការ​ជ្រើសរើស​ខុស​លក្ខន្តិកៈ​គណបក្ស​ត្រង់​ប្រការ​៤៧​ថ្មី ។

ទាក់ទង​នឹង​ការ​ធ្វើ​សមាជ​ដើម្បី​ជ្រើសរើស​អនុប្រធាន​ថ្មី​នេះ កោះសន្តិភាព​មិន​ទាន់​ទង​អ្នក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ​លោក យ៉ែ​ម បុញ្ញឫទ្ធិ ដើម្បី​សាកសួរ​បន្ថែម​បាន​ទេ ដោយសារ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល ៕