ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​បារម្ភ​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​អា​មេ​រិ​ក

6 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ លោក Taro Aso នៅ​ថ្ងៃ​សុក្រ បាន​លើក​ឡើង​ពី​ការ​ប្រុង​ប្រយ័ត្ន​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​សហរដ្ឋអាមេរិក ដោយ​និយាយ​ថា ទីក្រុង​វ៉ា​ស៊ី​ន​តោន​នឹង​គ្មាន​លក្ខខណ្ឌ​ល្អ​ប្រសើរ​ជាង​

ប្រទេស​ជប៉ុន ៖ រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ លោក Taro Aso នៅ​ថ្ងៃ​សុក្រ បាន​លើក​ឡើង​ពី​ការ​ប្រុង​ប្រយ័ត្ន​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​សហរដ្ឋអាមេរិក ដោយ​និយាយ​ថា ទីក្រុង​វ៉ា​ស៊ី​ន​តោន​នឹង​គ្មាន​លក្ខខណ្ឌ​ល្អ​ប្រសើរ​ជាង​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​អន្តរ​ប៉ា​ស៊ី​ហ្វិ​ក​ពហុភាគី ឬ​ហៅ​កាត់​ថា TPP ដែល​សហរដ្ឋអាមេរិក​ទើបតែ​ដកខ្លួន​ចេញ​ទេ ។

លោក Aso បាន​ប្រាប់​សន្និសីទកាសែត​បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃ​ប្រទេស​ទាំង​២០ នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ថា ៖ « គ្មាន​ការ​ធានា​ថា សហរដ្ឋអាមេរិក​អាច​ទទួល​បាន​លក្ខខណ្ឌ​ល្អ​ប្រសើរ​ជាង​មុន​នៅ​លើ​មូលដ្ឋាន​ទ្វេភាគី ជា​ជាង​ការ​នៅ​ក្រោម​កិច្ចព្រមព្រៀង TPP ទេ » ។

លោក Aso បន្ត​ថា ៖ « យើង​ជឿជាក់​ថា កិច្ចព្រមព្រៀង TPP គឺជា​ប្រព័ន្ធ​ដ៏​ល្អ​សម្រាប់​សហរដ្ឋអាមេរិក និង​ជប៉ុន » ។ លោក​បាន​បង្ហាញ​ទស្សនៈ​ថា ប្រទេស​ទាំង​ពីរ​ត្រូវការ​ពិភាក្សា​ពី​អ្វី​ដែល​ល្អ​បំផុត​សម្រាប់​ភាគី​ទាំង​សងខាង ។

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Donald Trump កំពុង​ស្វែងរក​កិច្ចព្រមព្រៀង​លើកកម្ពស់​ពាណិជ្ជកម្ម​ទ្វេភាគី ជំនួស​ឱ្យ​ពហុភាគី​។ លោក Trump បាន​ដក​សហរដ្ឋអាមេរិក​ចេញពី​កិច្ចព្រមព្រៀង TPP ដែល​មាន​ប្រទេស​ចំនួន​១២ ។

បន្ទាប់​ពី​កិច្ច​សន្ទនា​សេដ្ឋកិច្ច​រវាង​ជប៉ុន និង​សហរដ្ឋអាមេរិក​កាលពីដើម​ស​ប្តា​ហ៍​នេះ លោក Mike Pence អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​បង្ហាញ​ក្តី​សង្ឃឹមថា អា​មេ​រិ​ក​នឹង​អាច​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី ។

មន្ត្រី​ជប៉ុន​ជា​ច្រើន​រូប​បាន​ប្រុង​ប្រយ័ត្ន​ចំពោះ​សន្ធិសញ្ញា​នេះ ខណៈ​បារម្ភ​ពី​សហរដ្ឋអាមេរិក​អាច​នឹង​ជំរុញ​ឱ្យ​ជប៉ុន​បង្កើន​ការ​នាំ​ចូល​រថយន្ត និង​ផលិតផល​កសិកម្ម​បន្ថែម​ទៀត ។

កាលពី​ថ្ងៃ​ពុធ នៅ​ទីក្រុង​ញូ​វ​យ៉​ក លោក Aso និយាយ​ថា ជប៉ុន និង​ប្រទេស​នៅ​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​ផ្សេង​ទៀត​កំពុង​រៀបចំ​ពិភាក្សា​នៅ​ប្រទេស​វៀតណាម​នា​ខែ​ក្រោយ អំពី​លទ្ធភាព​ឆ្ពោះទៅ​មុខ​ជាមួយ​សមាជិក​នៃ​កិច្ចព្រមព្រៀង TPP ទាំង​១១​ប្រទេស ។

កិច្ចព្រមព្រៀង TPP អាច​មាន​ប្រសិទ្ធភាព​ក្នុង​ទម្រង់​បច្ចុប្បន្ន លុះត្រាតែ​វា​ត្រូវ​បាន​ផ្ដល់​សច្ចាប័ន​ដោយ​សមាជិក​យ៉ាង​ហោច​ណាស់​ចំនួន​៦ តំណាង​ឱ្យ​៨៥%​នៃ​ផលិតផល​ក្នុងស្រុក​សរុប​រួម​បញ្ចូល​គ្នា​នៃ​ប្រទេស​ហត្ថលេខី​ដើម​ទាំង​១២​។ សហរដ្ឋអាមេរិក​តែ​មួយ ស្មើនឹង​៦០%​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ក្រុម​នេះ ។

ប្រទេស​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង TPP ទាំង​១១ រួម​មាន អូស្ត្រាលី ព្រុយ​ណេ កា​ណា​ដា ស៊ី​លី ជប៉ុន ម៉ា​ឡេ​ស៊ី ម៉ិ​ក​ស៊ិ​ក នូ​វែ​ល​សេ​ឡង់ ប៉េ​រូ សិង្ហ​បុរី និង​វៀតណាម ៕