ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នាំ​ចេញ​ផលិតផល​ក្នុង​វិស័យ​កាត់ដេរ​ស្មើ​ជាង​7​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​2016

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​ប្រសាសន៍​ថា កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​ក្នុង​វិស័យ​កាត់ដេរ​កើនឡើង​ខ្ពស់​ជា​រៀង​រាល់​ឆ្នាំ ហើយ​ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ មាន​ទឹកប្រាក់​សរុប​ជាង

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​ប្រសាសន៍​ថា កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​ក្នុង​វិស័យ​កាត់ដេរ​កើនឡើង​ខ្ពស់​ជា​រៀង​រាល់​ឆ្នាំ ហើយ​ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ មាន​ទឹកប្រាក់​សរុប​ជាង​៧​ពាន់​លាន​ដុល្លារ ខណៈ​លក្ខខណ្ឌ​ការងារ​នៃ​វិស័យ​នេះ​ល្អ​ប្រសើរ​ជាង​ឆ្នាំ​មុន​ៗ ។

ថ្លែង​ក្នុង​ពិធី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣១ ទិវា​ពលកម្ម​អន្តរជាតិ​១ ឧសភា កាលពី​ថ្ងៃ​ទី​២៣ មេ​សា លោក​បណ្ឌិត អិុ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មាន​ប្រសាសន៍​ថា ៖ « តម្លៃ​សរុប​នៃ​ការ​នាំ​ចេញ​ផលិតផល​ផ្នែក​កាត់ដេរ​សម្លៀក​បំពាក់ និង​ស្បែកជើង​បាន​កើន​ខ្ពស់​ជា​រៀង​រាល់​ឆ្នាំ ។ ដោយឡែក ក្នុង​ឆ្នាំ​២០១៦ មាន​ប្រមាណ​ជាង​៧,៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។ បច្ចុប្បន្ន លក្ខខណ្ឌ​ការងារ សិទ្ធិ​កម្មករនិយោជិត សេរីភាព​សហជីព និង​អង្គការ​វិជ្ជាជីវៈ​មាន​ស្ថាន​ភាពល្អ​ប្រសើរ​ជាង​ពេល​ណា​ទាំងអស់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ ដែល​ប្រការ​នេះ​បាន​ក្លាយជា​ចំណុច​មាន​ប្រៀប​ខ្លាំង​របស់​កម្ពុជា​យើង ក្នុង​ការ​ប្រកួតប្រជែង​លើ​ទីផ្សារ​នាំ​ចេញ​ផលិតផល​វិស័យ​វាយនភ័ណ្ឌ​កាត់ដេរ សម្លៀក​បំពាក់ និង​ផលិត​ស្បែកជើង » ។

ទាក់ទង​នឹង​វិស័យ​វាយនភ័ណ្ឌ និង​កាត់ដេរ​នៅ​កម្ពុជា លោក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ៖ «​ជាង​១១​ឆ្នាំ​នេះ យើង​បាន​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ជា​បន្ដបន្ទាប់​ចំនួន​១១​លើក ។ ជាក់ស្តែង នៅ​ឆ្នាំ​២០១៧ ប្រាក់​ឈ្នួល​អប្បបរមា​បាន​ដំឡើង​ពី​ចំនួន​១៤០ ទៅ​១៥៣​ដុល្លារ​អា​មេ​រិ​ក (​កើន​៩,៣%) ហើយ​បើ​គិត​ទាំង​ប្រាក់​អត្ថប្រយោជន៍​ផ្សេង​ៗ កម្មករ និយោជិត​ម្នាក់​ៗ​អាច​ទទួល​បាន​ប្រាក់​ចំណូល​ពី​១៧០ ទៅ​១៨១​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ » ។

លោក​រដ្ឋមន្ត្រី​លើក​ឡើង​ថា យោង​តាម​លទ្ធផល​នៃ​ការ​ចុះបញ្ជី​សហគ្រាស គ្រឹះស្ថាន ស្រប​តាម​បទ​ប្ប​ញ្ញ​តិ្ត​នៃ​ច្បាប់​ស្តី​ពី​ការងារ សរុប​មាន​ចំនួន​១១.១៦៨​គ្រឹះស្ថាន និង​មាន​កម្មករនិយោជិត​ជាង​១,២​លាន​នាក់ ក្នុង​នោះ​រោងចក្រ​វាយនភ័ណ្ឌ​កាត់ដេរ និង​ផលិត​ស្បែកជើង មាន​១.១០៧​គ្រឹះស្ថាន និង​កម្មករនិយោជិត​ជាង​៧៤​ម៉ឺន​នាក់ ដោយ​បាន​ទទួល​ប្រាក់​ឈ្នួល​ជា​មធ្យម​ប្រមាណ​ជាង​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​ឆ្នាំ ព្រមទាំង​បង្កើត​មុខរបរ​ប្រយោល​បន្ថែម​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​២​លាន​នាក់​ដូច​ជា ជួល​ផ្ទះ លក់ដូរ​ម្ហូបអាហារ និង​ដឹក​ជញ្ជូន ។

លោកស្រី អីុ​ហ្គូ​ណា ដូ​ប្រា​ចា ប្រធាន​គ្រប់គ្រង​ធនាគារពិភពលោក​ប្រចាំ​កម្ពុជា មាន​ប្រសាសន៍​ថា ៖ « កំណើនសេដ្ឋកិច្ច​កម្ពុជា​នៅ​តែ​បន្ត​រឹង​មាំ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត​។ វា​ពិតជា​សំខាន់​ណាស់​ក្នុង​ការ​ជំរុញ​ការ​វិនិយោគ​លើ​ផលិតភាព​ដែល​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច និង​ប្រជាជន​ក្រីក្រ ធ្វើ​យ៉ាងណា ឲ្យ​ផលប្រយោជន៍​នៃ​កំណើន​នា​ពេល​ខាង​មុខ​បាន​ដល់​ប្រជាជន​កម្ពុជា​ទាំងមូល » ៕