ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករនិយោជិត​សាទរ​នឹង​ការ​បើក​ប្រាក់ខែ​2​ដង​ក្នុង​មួយ​ខែ​នៅ​ចុងឆ្នាំ​នេះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​កម្មករ និយោជិត​បាន​សម្តែង​ក្តី​ត្រេកអរ និង​សាទរ​ទៅ​លើ​គម្រោងការ​អនុវត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា អំពី​ការ​បើក​ប្រាក់ខែ​ចំនួន​២​ដង​ក្នុង​មួយ​ខែ ឬ​អាច​និយាយ​ថា កន្លះ​ខែ បើក​ប្រាក់ខែ​ម្តង ដែល គ្រោង

រាជធានី​ភ្នំពេញ ៖ ក្រុម​កម្មករ និយោជិត​បាន​សម្តែង​ក្តី​ត្រេកអរ និង​សាទរ​ទៅ​លើ​គម្រោងការ​អនុវត្ត​របស់​រាជរដ្ឋាភិបាល​កម្ពុជា អំពី​ការ​បើក​ប្រាក់ខែ​ចំនួន​២​ដង​ក្នុង​មួយ​ខែ ឬ​អាច​និយាយ​ថា កន្លះ​ខែ បើក​ប្រាក់ខែ​ម្តង ដែល គ្រោង​ចាប់​អនុវត្ត​នៅ​ចុងឆ្នាំ​នេះ ។

កម្មការិនី ញ៉ែ​ម ចាន់​ធឿ​ន បម្រើ​ការងារ​ក្នុង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​មួយ​កន្លែង​នៅ​តាម​បណ្តោយ​ផ្លូវ​វេ​ង​ស្រេង រាជធានី​ភ្នំពេញ បាន​និយាយ​កាលពី​ចុង​ស​ប្តា​ហ៍​មុន​ថា ការ​បើក​ប្រាក់ខែ​កន្លះ​ខែ​ម្តងនេះ គឺ​ពិតជា​ល្អ​ណាស់​សម្រាប់​អ្នក​នាង ក៏​ដូច​ជា​កម្មករ​ដទៃ​ទៀត ព្រោះថា ពេល​ខ្លះ​មាន​តម្រូវការ​ធ្វើបុណ្យ​ទាន ឬ​ដោះ​ទាល់​ម្តង​ៗ​នៅ​ពេល​មាន​បញ្ហា​ក្នុង​គ្រួសារ ។

ស្រ​ដៀង​គ្នា​នេះ​ដែរ កម្មការិនី ចាន់ សុខ​លា ធ្វើ​ការងារ​ខាង​ផ្នែក​ដេរ​រួម​គ្នា​ក្នុង​រោងចក្រ​នៅ​តាម​ផ្លូវ​វេ​ង​ស្រេង ជា​តំបន់​ប្រមូលផ្តុំ​រោងចក្រ​រាប់រយ​កន្លែង​លើក​ឡើង​ថា បើសិនជា​អនុវត្ត​ពិតមែន គឺ​ល្អ​សម្រាប់​អ្នក​ខ្វះខាត​ដោះ​ដូរ​គ្នា​ក្នុង​លទ្ធភាព​អាច​ផ្តល់​ទៅ​គ្រួសារ ឬ​សាច់ញាតិ​ជាដើម ។

លោក​បណ្ឌិត អុ​ិ​ត សំ​ហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឲ្យ​ដឹង​ថា ការ​គ្រោង​ដាក់​ឲ្យ​មាន​បើក​ប្រាក់ខែ​២​ដង​ក្នុង​មួយ​ខែ​នេះ នឹង​អនុវត្ត​នៅ​ចុងឆ្នាំ​២០១៧ ខណៈ​បច្ចុប្បន្ន ការងារ​នេះ​កំពុង​ស្ថិត​ក្នុង​ការ​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ ជា​ពិសេស ខាង​ផ្នែក​និយោជក សំខាន់​ពិភាក្សា​អំពី​នីតិវិធី និង​ពេល​ណា​អាច​ចាប់ផ្តើម​ទៅ​បាន ។

លោក កាំ​ង ម៉ូ​នី​កា អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ ដោយសារ​លោក​មិន​លើក​ទូរស័ព្ទ ទោះជា​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ក្តី ។

បច្ចុប្បន្ន កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ​ទទួល​បាន​ប្រាក់ខែ​អប្បបរមា​ចំនួន​១៥៣​ដុល្លារ ដោយ​មិន​ទាន់​គិត​ពី​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត​នៅឡើយ ប៉ុន្តែ​បើ​គិត​បញ្ចូល​អត្ថប្រយោជន៍​ផ្សេង​ៗ​ទៀត ពួក​គេ​ទទួល​បាន​ប្រាក់ខែ​ចន្លោះ​ពី​១៨០ ទៅ​២០០​ដុល្លារ​ក្នុង​មួយ​ខែ ។

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សមាគម​និយោជក សមាគម​រោងចក្រ​កាត់ដេរ​កម្ពុជា និង​សហជីព​នានា បាន​ជួប​ប្រជុំ​គ្នា​កាលពី​ស​ប្តា​ហ៍​មុន ដើម្បី​ពិភាក្សា​ពី​ការ​ដំឡើង​ប្រាក់ខែ​បន្ថែម​ទៀត​ដល់​កម្មករ និយោជិត​នៅ​ក្នុង​វិស័យ​នេះ ។

យោង​តាម​របាយការណ៍ ការ​នាំ​ចេញ​សម្លៀក​បំពាក់ និង​ស្បែកជើង​ក្នុង​រយៈពេល​ត្រីមាស​ទី​១​ឆ្នាំ​នេះ​បាន​កើនឡើង​១៣% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ៕