ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែង​សុទ្ធតែ​រថយន្ត​ធុន​យក្ស​50​តោន​ដឹកឈើ​ឆ្លងកាត់​ស្ពាន​បើ​មិន​បាក់​ទើប​ចម្លែក

6 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ដឹកឈើ​ឆ្លងស្ពាន​ទឹក​វឹល​បណ្តាល​ឲ្យ​បាក់​ស្ពាន​សមត្ថកិច្ច​យាម​គល់​ស្ពាន​ព្យាយាម​បិត​បាំង និង​រាយការណ៍​ថា រថយន្ត​ដឹក​ដី​ក្រុមហ៊ុន​ធ្វើ​ថ្នល់​ធ្វើ​ឲ្យ​បាក់​ស្ពាន រីឯ​ក្រុមហ៊ុន​ធ្វើ​ថ្នល់​ប្រតិកម្ម​បង្វែ​ថា រថយន្ត​ដឹកស្រូវ​ធ្វើ​ឲ្យ​បាក់​ស្ពាន ។

ខេត្តស្វាយរៀង ៖ រថយន្ត​ធុន​ធំ​មួយ​គ្រឿង​ដឹកឈើ​ឆ្លងស្ពាន​ទឹក​វឹល​បណ្តាល​ឲ្យ​បាក់​ស្ពាន​សមត្ថកិច្ច​យាម​គល់​ស្ពាន​ព្យាយាម​បិត​បាំង និង​រាយការណ៍​ថា រថយន្ត​ដឹក​ដី​ក្រុមហ៊ុន​ធ្វើ​ថ្នល់​ធ្វើ​ឲ្យ​បាក់​ស្ពាន រីឯ​ក្រុមហ៊ុន​ធ្វើ​ថ្នល់​ប្រតិកម្ម​បង្វែ​ថា រថយន្ត​ដឹកស្រូវ​ធ្វើ​ឲ្យ​បាក់​ស្ពាន ។ បើ​តាម​សមត្ថកិច្ច​នគ​បាល​ស្រុក​រមាស​ហែក​បាន​បង្ហើប​ឲ្យ​ដឹង​ថា រថយន្ត​ធុន​ធំ​ដឹកឈើ​បណ្តាល​ឲ្យ​បាក់​ស្ពាន​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​១​និង​១៥​នាទី​យប់​រលង​អធ្រាត្រ ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​ស្ពាន​ទឹក​វឹល ស្ថិត​នៅ​ភូមិ​កំពង់ត្រាច ឃុំ​កំពង់ត្រាច ស្រុក​រមាស​ហែក ។

បើ​តាម​ក្រុម​ជាង​សាងសង់​ស្ពាន​ទឹក​វឹល​បាន​បង្ហើប​ឲ្យ​ដឹង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមេសា ឆ្នាំ​២០១៧ ថា នៅ​វេលា​ម៉ោង​ប្រមាណ​ជា​១​យប់​រំលង​អធ្រាត្រ​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៧ ឈាន​ចូល​ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០១៧ មាន​រថយន្ត​ភ្លៅ​ប្រាំ​ចំនួន​៣​គ្រឿង​សង្ស័យ​ដឹកឈើ​បាន​បើក​ឆ្លងស្ពាន​ទឹក​វឹល​ពី​ទិស​ខាងជើង​ទៅ​ត្បូង ឆ្លង​ផុត​អស់​២​គ្រឿង​ហើយ​រថយន្ត​មួយ​គ្រឿង​ចុង​ក្រោយ​(​រថយន្ត​ទី​៣)​បាន​បើក​ឆ្លងស្ពាន​ជិត​ផុត​ដល់​ចុងស្ពាន​ខាងត្បូង​ក៏​បាន​បាក់​ស្ពាន រថយន្ត​នោះ​រោ​ម៉ាស៊ីន​ឡើង​រួច​ផុត​ស្ពាន​ទៅ​លើ​ថ្នល់​ហើយ​ក៏​បន្ថែម​ល្បឿន បើក​ទៅ​ទិស​ខាងត្បូង​យ៉ាង​រំភើយ​ពុំ​មាន​រំខាន​ដល់​សមត្ថកិច្ច​ឡើយ ។ 

បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងផ្លូវ​ជិត​ស្ពាន​ទឹក​វឹល​បាន​បង្ហើប​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​មុន​ចូល​ឆ្នាំ​និង​ក្រោយ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ក្រុម​ឈ្មួញ​ឈើ​បាន​ដឹកឈើ​ឆ្លងស្ពាន​ទឹក​វឹល​នៅ​ពេល​យប់​ពាក់កណ្តាល​អធ្រាត្រ ហើយ​យប់​ខ្លះ​៣​គ្រឿង​យប់​ខ្លះ​មាន​រហូត​៧​គ្រឿងក្នុង​មួ​យស​ប្តា​ហ៍​៣​ជើង ដោយ​មាន​រថយន្ត​តូច​មួយ​គ្រឿង​ជា​អ្នក​រត់ការ​បង់ថ្លៃ​ផ្លូវ​ឲ្យ​សមត្ថកិច្ច​ដែល​យាមកាម​នៅ​ចំណុច​ស្ពាន​ទឹក​វឹល​នេះ ។ ហើយ​នៅ​យប់​កើតហេតុ​បាក់​ស្ពាន​ទឹក​វឹល​នេះ​គឺ​មាន​រថយន្ត​ភ្លៅ​ប្រាំ​ដឹកឈើ​បើក​ឆ្លងស្ពាន​ទឹក​វឹល​នេះ ។ 

ទាក់ទិន​ករណី​បាក់​ស្ពាន​នេះ​ដែរ​មន្ត្រី​នគ​បាល​ស្រុក​រមាស​ហែក​ដែល​យាម​គោលដៅ​ស្ពាន​ទឹក​វឹល​នេះ​បាន​និយាយ​ថា គ្មាន​រថយន្ត​ដឹកឈើ​បើក​ឆ្លងស្ពាន​បណ្តាល​ឲ្យ​បាក់​ស្ពាន​ទេ​គឺ​រថយន្ត​ដឹក​ដី​របស់​ក្រុមហ៊ុន​ធ្វើ​ថ្នល់ ក្រោយមក​មាន​ប្រតិកម្ម​ពី​ក្រុមហ៊ុន​ធ្វើ​ថ្នល់​តប​ថា ក្រុមហ៊ុន​ធ្វើ​ថ្នល់​មិន​ធ្វើការ​ឬ​ដឹក​ដី​ដាក់​ថ្នល់​ពេល​យប់​រហូត​កណ្តាលអធ្រាត្រ ឬ​រំលង​អធ្រាត្រ​នោះ​ទេ ព្រឹក​ចូល​ធ្វើការ​នៅ​ម៉ោង​៦​និង​៣០​នាទី​ឬ​ម៉ោង​៧​ព្រឹក ល្ងាច​សម្រាក​យ៉ាង​យូ​ម៉ោង​៦​ល្ងាច ។ ហើយ​រថយន្ត​ដឹក​ដី​ចំណុះ​១៥​តោន​ទៅ​២៥​តោន​ប៉ុណ្ណោះ​មិន​អាច​ធ្វើ​ឲ្យ​បាក់​ស្ពាន​ទេ ។ ចំណែក​រថយន្ត​ដឹកឈើ​គឺ​រថយន្ត​ភ្លៅ​ប្រាំ​ទម្ងន់​ចាប់ពី​៣០​តោន​ទៅ​៥០​តោន​ទើប​បណ្តាល​ឲ្យ​បាក់​ស្ពាន ។ 

ក្រោយមក​មន្ត្រី​នគ​បាល​រូប​នោះ​ឆ្លើយ​ប្រាប់​ភ្នាក់ងារ​សារព័ត៌មាន​ថា រថយន្ត​ដឹកស្រូវ​ធ្វើ​ឲ្យ​បាក់​ស្ពាន​នេះ​ក៏​ប៉ុន្តែ​មាន​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា គឺ​ពិតជា​មាន​រថយន្ត​ដឹកឈើ​ប្រាកដ​មែន​គឺ​គេ​ដឹក​ដាក់​តាម​ដេប៉ូ​ឈើ​ក្នុងស្រុក​រមាស​ហែក និង​ស្រុក​រំដួល ។ ចំណែក​ប្រជាពលរដ្ឋ​វិញ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ពុំ​មែន​ដាក់​តាម​ដេប៉ូ​ទេ​គឺ​រថយន្ត​ឈើ​ទាំងនោះ​ដឹក​ទៅ​ប្រទេស​វៀតណាម​ហើយ​បើ​ការ​ដឹកឈើ​នេះ​មិន​ធ្វើ​ឲ្យ​បាក់​ស្ពាន​ទេ​ក៏​មិន​បែកធ្លាយ​ដែរ​លាក់​ជិតឈឹង ៕