ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​បន្លំ​ចូល​ព្រៃ​ស សាលាដំបូង​កោះហៅ​តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ជា​សាក្សី​2​នាក់ និង​ជនសង្ស័យ​ម្នាក់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ឡុ​ង រី លោកស្រី មូរ សុខ​ហួរ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក ហួត ឃិ​ន​វុ​ទ្ធី ហៅ​ជុន ច័ន្ទ​បុត្រ

រាជធានី​ភ្នំពេញ ៖ លោក ឡុ​ង រី លោកស្រី មូរ សុខ​ហួរ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​លោក ហួត ឃិ​ន​វុ​ទ្ធី ហៅ​ជុន ច័ន្ទ​បុត្រ នាយករង​វិទ្យុ​អាស៊ី​សេរី​ផ្នែក​ខេមរភាសា​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកាកោះ​ឱ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៧-២៨ មេ​សា និង​ថ្ងៃ​ទី​២ ខែឧសភា ខាង​មុខ ក្នុង​បទ​ចោទ​ភូត​កុហកបន្លំ​ខ្លួន​ចូល​ក្នុង​ពន្ធនាគារ ។

យោង​តាម​ដីកាកោះ​ចេញ​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃ​ទី​២១ មេ​សា បាន​កោះហៅ​មនុស្ស​៣​នាក់​ខាងលើ​ដើម្បី​សាកសួរ​ពី​ដំណើររឿង​ផ្តល់​សេចក្តី​ប្រកាស​ភូត​កុហក​បន្លំ​ចូល​ក្នុង​ពន្ធនាគារ ។ តុលាការ​បាន​បញ្ជា​ឱ្យ​អ្នក​ទាំង​បី​នាក់​នោះ​ត្រូវ​ចូលខ្លួន​មក​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​តាម​ពេល​កំណត់ និង​យក​លិខិត​ស្នាម​មក​ជាមួយ​បើ​មាន ។

ដីកាកោះ​របស់​តុលាការ​បាន​អញ្ជើញលោក ស្រី​មូរ សុខ​ហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៨ ខែមេសា និង​លោក ឡុ​ង រី តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ថ្ងៃ​ទី​២៧ មេ​សា ក្នុង​នាម​ជា​សាក្សី ។ ចំណែក​លោក ហួត ឃិ​ន​វុ​ទ្ធី ហៅ​ជុន ច័ន្ទ​បុត្រ ត្រូវ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​២ ខែឧសភា ក្នុង​នាម​ជា​ជនសង្ស័យ ។

លោក គឹ​ម សន្តិភាព អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ប្រាប់​អ្នក​សារព័ត៌មាន​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ថា ក្រសួងយុត្តិធម៌​អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ចូលរួម​ស្វែងរក​ការ​ពិត​លើ
ករណី​នេះ ។ ចំណែក​លោកនាយ​ឧត្តមសេនីយ៍​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា មន្ត្រី​ក្រសួងមហាផ្ទៃ​និង​ក្រសួងយុត្តិធម៌​គ្រោង​ជួប​ប្រជុំ
គ្នា​នៅ​ស​ប្តា​ហ៍​ក្រោយ​ដើម្បី​ពិនិត្យ​លើ​ករណី​លោក ហួត ឃិ​ន​វុ​ទ្ធី ហៅ​ជុន ច័ន្ទ​បុត្រ លួច​ចូលក្នុង​ពន្ធនាគារ​ជួប​អ្នកទោស​ដែល​មិន​មានការ​អនុញ្ញាត ។

លោក គឹ​ម សន្តិភាព បន្ត​ថា ពន្ធនាគារ និង​មណ្ឌល​កែប្រែ គឺជា​កន្លែង​រក្សា​ទុក​ជន​ទាំងឡាយ​ណា​ដែល​ស្ថិត​នៅ​ក្រោម​យុត្តាធិការ​នៃ​អំណាចតុលាការ ។ កន្លែង​នោះ​មិនមែន​ជាទី​សាធារណៈ​សម្រាប់​អ្នក​ណា​ចង់​ចូល ឬ​ចង់​ចេញ​ស្រេច​តែ​អំពើ​ចិត្ត​នោះ​ទេ ។ ទោះ​នៅ​ប្រទេស​ណា​ក៏​ដោយ ការ​ចូល​ជួប​ជន​ទាំងឡាយ​ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ឃុំខ្លួន ឬ​អនុវត្ត​ទោស​ត្រូវ​អនុវត្ត​តាម​បទដ្ឋាន​ច្បាប់ និង​បទដ្ឋាន​សន្តិសុខ​ជា​ចាំបាច់ ។

គួរ​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ មេ​សា អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​២​រូប​គឺ​លោកស្រី មូរ សុខ​ហួរ លោក ឡុ​ងរី និង​មនុស្ស​៣​នាក់​ទៀត​ក្នុង​នោះ​មាន​ម្នាក់​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ហួត ឃិ​ន​វុ​ទ្ធី ហៅ​ជុន ច័ន្ទ​បុត្រ បាន​ដើរ​ចូល​ក្នុង​ពន្ធនាគារ​ព្រៃ​ស​ក្នុង​គោលបំណង​ជួប​អ្នកទោស​ជា​សមាជិក​ព្រឹទ្ធសភា អ្នកតំណាង​រាស្ត្រ មន្ត្រីជាន់ខ្ពស់​គណបក្ស និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៦​នាក់ ដោយ​មាន​លិខិតអនុញ្ញាត​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួងមហាផ្ទៃ​យក​ទៅ​ជាមួយ​ផង ។

ក្នុង​លិខិត​នោះ​មិន​មានឈ្មោះ​លោក ជុន ច័ន្ទ​បុត្រ លោក ឡុ​ង រី និង​មនុស្ស​២​នាក់​ទៀត​ទេ តែ​មានឈ្មោះ​លោកស្រី​មូរ សុខ​ហួរ និង​សហការី​៣​នាក់​មិន​ប្រាប់​ឈ្មោះ ។
មុន​ពេល​ចូល​នៅ​ចំពោះ​មុខ​សន្តិសុខ និង​ក្រុម​អ្នកកាសែត​គេ​បានឃើញ​មនុស្ស​៥​នាក់​ដូច​បាន​លើក​ឡើង​ខាងលើ ។ សន្តិសុខ​បាន​ផ្ទៀង​លិខិត និង​ឱ្យ​អ្នក​ចូល​ចុះ​ឈ្មោះ​លើ​បញ្ជី​មួយ​ដែល​រាប់​ទៅ​មាន​មនុស្ស​៥​នាក់ គឺ​លើស​ម្នាក់​ផ្ទុយ​ពី​ការ​ស្នើ​សុំ​ដែល​មាន​តែ​៤​នាក់ គឺ​លោកស្រី​មូរ សុខ​ហួរ និង​សហការី​៣​នាក់​ប៉ុណ្ណោះ ។ ពេល​ចូល​ទៅ​គេ​បានឃើញ​លោក ជុន ច័ន្ទ​បុត្រ មែន ព្រោះ​អ្នកកាសែត​ណា​ក៏​ស្គាល់​លោក​ដែរ បើ​ទោះបីជា​លោក​ពាក់​វ៉ែនតា និង​ពាក់មួក​ក​ន្លឹ​ប​ក៏​ដោយ ។ ប៉ុន្តែ​គេ​មិនដឹង​ថា​លោក ជុន ច័ន្ទ​បុត្រ ចូល​ទៅ​ក្នុង​នាម​អ្នក​សារព័ត៌មាន ឬ​ជា​ជំនួយការ ឬ​សហការី​របស់​អ្នកតំណាង​រាស្ត្រ​បក្ស​ប្រឆាំង​នោះ​ទេ ។ ចំណែក​លោក ឡុ​ង រី វិញ មិន​មានឈ្មោះ​ក្នុង​លិខិត​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ទេ ។

កាលពី​យប់​ថ្ងៃ​ទី​២២ មេ​សា នគរបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​នាំ​ដីកាកោះ​របស់សាលាដំបូង​រាជធានី​ភ្នំពេញ​ទៅ​ប្រគល់​ជូន​លោក ឡុ​ង រី តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដល់​ផ្ទះ ។ នៅ​ពេល​ទៅ​ដល់​លោកឡុ​ង រី មិន​បាន​ចេញ​មក​ទទួល​ដីកា​ទេ មិនដឹង​ថា​លោក​មិន​នៅ​ឬ​យ៉ាងណា​ទើប​ឃើញ​ភរិយា​លោក​ចេញ​មក​ទទួល​ជំនួស ។

លោក ប៉ែន បូ​ណា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​បាន​ថ្លែងប្រាប់​កោះសន្តិភាព​ថា ក្លិប​អ្នកកាសែត​កម្ពុជា​កំពុង​តាមដាន​ករណី​របស់​លោក​ជុន ច័ន្ទ​បុត្រ យ៉ាង​យកចិត្តទុកដាក់ ។ លោក​ពន្យល់​ថា ទាក់ទិន​នឹង​រឿង​នេះ​មាន​ចំណុច​ពីរ​ដែល​អ្នកកាសែត​ត្រូវ​គិត​គឺ​ក្រមសីលធម៌ និង​ការ​សម្រេចចិត្ត​របស់​បុគ្គល​ឬ​អង្គភាព​សារព័ត៌មាន​នោះ​ផ្ទាល់ ។ ការ​ចូល​កន្លែង​ដែលមិន​មានការ​អនុញ្ញាត​វា​អាច​មាន​ហានិភ័យ​សម្រាប់​អ្នក​សារព័ត៌មាន ។ បើ​មិន​មាន​ហានិភ័យ ឬ​គេ​មិនដឹង​គ្មាន​បញ្ហា​ទេ តែ​ពេល​នេះ​លោក ជុន ច័ន្ទ​បុត្រ បាន​ឈាន​ដល់​ចំណុច​ហានិភ័យ​ហើយ ។

លោក​ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា​បាន​លើក​ឡើង​ថា កន្លែង​ដែល​អ្នកដឹង​ថា​គេ​មិន​ឱ្យ​ចូល ឬ​មិន​បង្ហាញ​អត្តសញ្ញាណ​គេ​នៅ​ពេល​នោះ បើ​អ្នកកាសែត​នៅ​តែ​ចូល​គឺជា​ការ​បំពាន​ក្រមសីលធម៌​សារព័ត៌មាន ។ លោក​លើក​ជា​ឧទាហរណ៍​ថា មាន​ករណី​បង្ក្រាប​គ្រឿងញៀន ឬ​មានការ​ផ្ទុះអាវុធ​មាន​ហានិភ័យ​ខ្ពស់​អាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ក៏​មាន និង​កន្លែង​ខ្លះ​ទៀត​គេ​អាច​ប្តឹង​យើង ។

ចំណែក​នាយករង​វិទ្យុ​អាស៊ី​សេរី លោក ជុន ច័ន្ទ​បុត្រ បាន​ពន្យល់​ថា គោលដៅ​របស់លោក​ទៅ​កាន់​ពន្ធនាគារ គឺ​ដើម្បី​សួរសុខទុក្ខ​លក្ខណៈ​ឯកជន ប៉ុន្តែ​ចៃដន្យ​បាន​ជួប​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ទីនោះ និង​ចូល​ទៅ​ជាមួយ​គ្នា​តែ​ប៉ុណ្ណោះ ។ លោក​គ្មាន​ចេតនា​បន្លំ​ខ្លួន​ទេ ព្រោះ​លោក​បាន​ដាក់​ឈ្មោះ​ពិត​របស់​ខ្លួន​នៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​ចូល​ពន្ធនាគារ​ថែម​ទៀត​ផង ៕