ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូម​កុំ​យល់​ច្រឡំ…

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​មតិ​មួយ​ចំនួន ក៏​ដូច​ជា​អង្គការ​សង្គម​ស៊ី​វិល​បាន​លើក​ឡើងថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ភាគច្រើន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្សកាន់អំណាច​នោះ​ត្រូវបាន​មន្ត្រីជាន់ខ្ពស់​របស់​គណបក្ស​

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​មាន​មតិ​មួយ​ចំនួន ក៏​ដូច​ជា​អង្គការ​សង្គម​ស៊ី​វិល​បាន​លើក​ឡើងថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ភាគច្រើន​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​គណបក្សកាន់អំណាច​នោះ​ត្រូវបាន​មន្ត្រីជាន់ខ្ពស់​របស់​គណបក្ស​នេះ​បំភ្លឺ​ថា​មិន​ពិត​នោះ​ទេ ។

លោក សុខ ឥ​សាន មន្ត្រីជាន់ខ្ពស់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី​២៣ ខែមេសា បាន​ធ្វើការ​បំភ្លឺ​ទៅ​កាន់​អង្គការ​សង្គម​ស៊ី​វិល​មួយ​ចំនួន​ដែល​យល់​ច្រឡំ​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ច្រើនលើសលប់​លើ​គណបក្ស​ដទៃ ដែល​ជា​ការ​ព្រួយបារម្ភ​ពី​ការ​មិន​ស្មើភាព​គ្នា​ក្នុង​ការ​ឃោសនា​ន​យោបាយ ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក សុខ ឥ​សាន បញ្ជាក់​ថា  «​មិន​គួរ​អង្គការ​សង្គម​ស៊ី​វិល​ព្រួយ​បារ​ម្ភទេ ពីព្រោះ​មិនមែន​ជា​ដៃគូ​ប្រកួតប្រជែង​នយោបាយ​ឯណា ។ គណបក្ស​ប្រជាជន​កម្ពុជា​គ្មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទេ ។ ការ​និយាយ​ថា គណបក្ស​ប្រជាជន​កម្ពុជា មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ច្រើន​នោះ​គឺជា​ការ​យល់​ច្រឡំ​ទាំងស្រុង ឬ​ក៏​អាច​ថា​ជា​ការ​បំផ្លើស​ផង​» ។

លោក សុខ ឥ​សាន សង្កត់ធ្ងន់​ថា «​បណ្តា​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​ដែល​មាន​សព្វថ្ងៃ គឺជា​របស់​ក្រុមហ៊ុន​ឯកជន រកស៊ី​ជា​ឯកជន ។ ការ​ផ្សាយ​ប្រចាំ​ថ្ងៃ គឺជា​ព័ត៌មាន​ដែល​ទាក់ទង​នឹង​សមិទ្ធផល​សង្គម​ជាតិ​ជា​រឿង​ធម្មតា ។ ការ​ផ្សាយ​ពាក់ព័ន្ធ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ជា​សន្តាន​ចិត្ត​របស់​ម្ចាស់​ស្ថានីយ​ដែល​ជា​សមាជិក​គណបក្ស ឬ​គាំទ្រ​គណបក្ស តែ​ត្រូវ​គោរព​ច្បាប់ និង​គោលការណ៍​របស់ គ​.​ជ​.​ប​» ។

លោក សុខ ឥ​សាន ថ្លែង​ថា គណបក្ស​ប្រជាជន​កម្ពុជា​និង​រាជរដ្ឋាភិបាល គ្មាន​គោលការណ៍​ណែនាំ ឬ​ចាប់បង្ខំ​ឱ្យ​ផ្សាយ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ។ ចាប់ពី​ពេល​នេះ​តទៅ​សូមកុំ​យល់​ច្រឡំ​ទៀត ។

ទាក់ទង​នឹង​ការ​ឃោសនាបោះឆ្នោត​វិញ​លោក សុខ ឥ​សាន ថ្លែង​ថា ថវិកា​សម្រាប់​ឃោសនាបោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា ផ្អែក​តាម​សភាពការណ៍​និង​សំណូមពរ​ជាក់ស្តែង​។  គណបក្ស​ប្រជាជន​កម្ពុជា មិន​មាន​គោលការណ៍​បែក​ចែក​ថវិកា​ឱ្យ​ឃុំ សង្កាត់​ទេ ។

ប្រគល់​ភារកិច្ច​ទទួលខុសត្រូវ​ឱ្យ​ក្រុមការងារ​របស់​គណបក្ស​តាម​ឃុំ សង្កាត់ រ៉ាប់រង​ម្ចាស់​ការ​រៀងខ្លួន ។ ក្នុង​ករណី​ឃុំ សង្កាត់​ណា​មាន​បញ្ហា​ខ្វះខាត អាច​ស្នើ​អន្តរាគមន៍​ពី​ថ្នាក់​កណ្តាល​បាន​តាម​ការ​ជាក់ស្តែង ។

ចំពោះ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ដែល​នឹង​មក​ដល់​នៅ​រយៈពេល​ជាង​មួយ​ខែ​ខាង​មុខ​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹ​ម សុខា បាន​បង្ហាញ​ពី​ភាព​វិជ្ជមាន​ផង​ដែរ។

លោក កឹ​ម សុខា ថា ចំណុច​វិជ្ជមាន​នៃ​ការ​បោះ​ឆ្នោត​លើក​នេះ​គឺ ៖
ទី​១-​គ​.​ជ​.​ប ប្រសើរ​ជាង​មុន​ដោយ​មាន​សមាសភាព​ចម្រុះ 
ទី​២-​យើង​មាន​បញ្ជី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ប្រជាពលរដ្ឋ​ថ្មី ធ្វើ​តាម​បច្ចេកទេស​ល្អ​ជាង​មុន
ទី​៣-​ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​លើសលប់បាន​សម្រេចចិត្ត​រួច​ហើយ​លើ​ការ​បោះ​ឆ្នោត​នេះ
ទី​៤-​សហគមន៍​អន្ដរជាតិ​មានការ​ចាប់​អារម្ម​ណ៍​យ៉ាង​ខ្លាំង​មក​លើ​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ​នេះ
ទី​៥-​គណបក្ស​សង្គ្រោះ​ជាតិ​មាន​បញ្ជី​បេក្ខជន​១០០%​ទូ​ទាំង​ប្រទេស
ទី​៦-​គណបក្ស​សង្គ្រោះ​ជាតិ​មាន​គោ​លន​យោបាយ​ច្បាស់លាស់ ដែល​ជា​ដំណោះស្រាយ​បញ្ហាចាំបាច់​របស់​ប្រជាពលរដ្ឋ និង
ទី​៧-​គណបក្ស​សង្គ្រោះ​ជាតិ មាន​ភ្នាក់ងារ​សង្កេតការណ៍​បោះ​ឆ្នោត​គ្រប់​ការិយាល័យ​ទូ​ទាំង​ប្រទេស ដើម្បី​ការពារ​សន្លឹក​ឆ្នោត​ប្រជាពលរដ្ឋ​រួច​ហើយ ។

សូម​ជម្រាប​ថា ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤ ត្រូវ​បាន​រាជរដ្ឋាភិបាល​កំណត់​យក​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០១៧ ខាង​មុខ​នេះ ដោយ​មាន​គណបក្ស​នយោបាយ​ចំនួន​១២ បាន​ដាក់​បេក្ខភាព​ប្រកួតប្រជែង ៕