ខេត្តតាកែវ ៖ កាលពីថ្ងៃទី១ មីនា នៅបញ្ជាការដ្ឋានវរសេនាតូចលេខ៦០៣ ការពារព្រំ ដែនគោកខេត្តតាកែវបានរៀបចំបើកវគ្គបណ្តុះបណ្តាលហ្វឹកហ្វឺននឹងកន្លែងរយៈពេលខ្លីដល់នាយ នាយរង និងពលនគរបាល ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រីអ៊ុក សំណាង ស្នងការនគរបាលខេត្ត ។ ពិធីនោះមានការចូលរួមពីលោកស្នងការរងនគរបាលខេត្ត អាជ្ញាធរស្រុក គិរីវង់ អធិការស្រុក មេបញ្ជាការ មេបញ្ជាការរង នាយ នាយរង និងពលនគរបាលយ៉ាងច្រើនកុះករ ។
លោកវរសេនីយ៍ទោសែម ណូរិន្ទ មេបញ្ជាការវរសេនាតូច៦០៣ ការពារព្រំដែនដែនគោកឱ្យដឹងថា ខេត្តតាកែវមានព្រំប្រទល់ជាប់ខេត្តកំពង់ស្ពឺ កណ្តាល ខេត្តកំពត និងជាប់ប្រទេសវៀតណាម មានខេត្តអាងយ៉ាង និងខេត្តគៀងយ៉ាង ។ ដោយមានកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលទាំង២កម្ពុជា-វៀតណាម អង្គភាពយើងបានចូលរួមសហការជាមួយគណៈកម្មការបោះបង្គោលព្រំដែនថ្នាក់ជាតិរវាងប្រទេសទាំង២ពីថ្ងៃទី១៧ កក្កដា ២០០៨ រហូតដល់ឆ្នាំ២០១១ នេះ ជាលទ្ធផលបានបោះតម្រុយព្រំដែនលើដីបានចំនួន១៦ បង្គោលលើទិសដៅ៣៧បង្គោល ។ លោកមេបញ្ជាការវរសេនាតូច៦០៣ បានបន្តទៀតថា យើងបានបើកការដ្ឋានសាងសង់បោះបង្គោលជាផ្លូវការ និងសាងសង់រួចជាស្ថាពរ បានប្រគល់ការពារចំនួន១២បង្គោល គឺលេខ២៥៤, ២៥៩,២៦០, ២៦៤,២៦៧,២៦៨,២៦៩,២៧០,២៨១, ២៨៣, ២៨៤, ២៨៦ រីឯ៤បង្គោលទៀតកំពុងសិក្សាបន្ត ដើម្បីបោះយកជាផ្លូវការស្ថិតនៅភូមិសាស្ត្រប៉ុសិ៍្តកំណប់កែវ និងប៉ុសិ៍្តថ្មបីដុំ ។
លោកមេបញ្ជាការវរៈបញ្ជាក់ថាចំពោះការបើកវគ្គបណ្តុះបណ្តាលហ្វឹកហ្វឺននាពេលនេះមានរយៈពេល១ខែ ហើយមេរៀនសរុប១៧វិញ្ញាសា មានវិន័យរបស់កងកម្លាំងនគរបាលជាតិ ហាត់របៀប ឋានលេខា ការប្រើប្រាស់ម៉ាស៊ីន GPS យុទ្ធដំណើរ យុទ្ធវិធីប្រយុទ្ធការពារទីតាំង វាយបកសត្រូវ ផែនការការពារព្រំដែន ការដើរល្បាតការពារព្រំដែន ការងារចលនាមហាជន ការពារព្រំដែន ការកសាងលេណដ្ឋាន ផែនការប្រៀបសន្តិសុខព្រំដែន ប្រឆាំងភេរវកម្ម ច្បាប់ប្រឆាំងគ្រឿងញៀន ច្បាប់ព្រហ្មទណ្ឌ នីតិវិធីនគរបាលយុត្តិធម៌ ច្បាប់ស្តីពីការគ្រប់គ្រង អាវុធជាតិផ្ទុះ គ្រាប់រំសេវ ច្បាប់នីតិវិធីគ្រប់គ្រង អន្តោប្រវេសន៍ ច្បាប់នីតិវិធីប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន ។
លោកឧត្តមសេនីយ៍ត្រីអ៊ុក សំណាង ស្នងការនគរបាលខេត្តមានប្រសាសន៍ថា ការបើកវគ្គបណ្តុះបណ្តាលហ្វឹកហ្វឺននៅនឹងកន្លែងរយៈពេលខ្លីនេះ ដើម្បីឱ្យនាយ នាយរង ពលនគរបាលការពារព្រំដែនទាំងអស់យល់ដឹងកាន់តែច្បាប់អំពីភារកិច្ច និងតួនាទីរបស់នគរបាលជាតិ។ការហ្វឹកហាត់នេះ ត្រូវគោរពគ្រូបង្គោលឱ្យបានម៉ឺងម៉ាត់ កុំមានតែបរិមាណគឺត្រូវការគុណភាពច្បាស់លាស់ ។ លោកឧត្តមសេនីយ៍ត្រីស្នងការនគរបាលខេត្តមានប្រសាសន៍ទៀតថា ភារកិច្ចយើងទាំងអស់គ្នា គឺការពារព្រំដែន និងសន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋរស់នៅព្រំដែនឱ្យបានល្អ ។ យើងមិនរំលោភយកដីគេ ហើយយើងមិនត្រូវឱ្យគេរំលោភយកដីយើងដែរ ។ រស់នៅជិតគ្នាត្រូវមានកិច្ចសហប្រតិបត្តិការគ្នាឱ្យបានល្អទៅវិញទៅមក ទើបប្រទេសយើងមានសុខសន្តិភាព និងត្រូវក្តាប់មុខសញ្ញាពួកភេរវកម្មឆ្លងដែនឱ្យច្បាស់ និងបន្តសហការគ្នាជាមួយកម្លាំងការពារប្រទេសទាំង២ ទប់ស្កាត់ឱ្យទាន់ពេលវេលា ។
លោកឧត្តមសេនីយ៍ត្រីស្នងការនគរបាលខេត្តបញ្ជាក់ថា «លោកនាយឧត្តមសេនីយ៍ផ្កាយមាស៤ នេត សាវឿន ស្រឡាញ់កូនចៅរបស់ខ្លួនណាស់ តែលោកមិនស្រឡាញ់នគរបាលណា មានអាវុធបាញ់បោះសេរីទេ បើមានបញ្ហានេះ នឹងលុបឈ្មោះចេញពីអង្គភាពនគរបាលជាតិ ដូច្នេះអស់លោកចាំឱ្យច្បាស់» ។ នាឱកាសនោះលោកស្នងការបានឧបត្ថម្ភដល់ទីបញ្ជាការវរសេនាតូចលេខ៦០៣ មានមី៣០កេស ពិល៣០ មួកការពារ៣០ និងទុស្សៀ៣០៕
ចែករំលែកព័តមាននេះ