រាជធានីភ្នំពេញ ៖ រថយន្តមួយគ្រឿងត្រូវបានគេប្រទះឃើញទុកចតចោលនៅក្បែរបង្គោលភ្លើងមួយដើមនៅខាងត្បូងវិមានឯករាជ្យដោយទំនងជាម្ចាស់ស្រវឹងស្រាខ្លាំងហើយបើកបុកនឹងបង្គោលនោះបណ្តាលឱ្យបែកកង់មុខទៅមុខលែងរួចហើយនាំគ្នាគេចខ្លួនបាត់ស្រមោលអស់ ។ ហេតុការណ៍នេះដែរបានបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ នៅខាងត្បូងវិមានឯករាជ្យ ផ្លូវព្រះនរោត្តម ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន ។
តាមប្រភពព័ត៌មានពីបុរសម្នាក់បានប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណជាជាង៥ព្រឹក ថ្ងៃទី២៤ ខែមេសា នេះរូបគាត់បានឮសំឡេងមួយលាន់ខ្លាំងដោយស្មានតែមានការផ្ទុះនៅតាមទូរATM ដែលនៅក្បែរៗនោះក៏រត់ទៅរកមើលក៏បានឃើញបុរសម្នាក់ក្នុងចំណោមគ្នាពី៤ទៅ៥នាក់ឈរនៅក្បែររថយន្តនោះ និងបានលើកពោះវៀនកង់រថយន្តឡើងទើបបានដឹងថា ជាសំឡេងរថយន្តបែកកង់ និងមិនបានដឹងថា រថយន្តនោះបើកទៅបុកបង្គោលភ្លើងមួយដើមដែលនៅក្បែរនោះឡើយ ។
មន្ត្រីនគរបាលចរាចរណ៍ខណ្ឌចំការមនម្នាក់បានប្រាប់ឱ្យដឹងថា រថយន្តមួយគ្រឿងដែលគេប្រទះឃើញចតទុកចោលនោះគឺម៉ាក VIGO ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បាត់ដំបង2A-6191 ដោយបានបែកកង់ខាងមុខខាងស្តាំ និងកំពិតផ្នែកខាងមុខរងការខូចខាតយ៉ាងដំណំ និងមិនបង្កឱ្យបាក់បង្គោលភ្លើងឬខូចខាតធ្ងន់ធ្ងឡើយ ។ រថយន្ត មួយគ្រឿងខាងលើ មិនមានអ្នកណាម្នាក់បានដឹងថា បានបើកបុកបង្គោលភ្លើងមួយដើមនៅចំណុចខាងលើតាំងពីពេលណានោះឡើយដោយទំនងតាំងពីយប់មកម្ល៉េះ លុះព្រឹកឡើងទើបបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងតែម្តង ដោយក្នុងករណីនេះដែរទំនងជាអ្នកបើកបរស្រវឹងស្រា ឬក៏ងងុយដេកខ្លាំងទើបបើករថយន្តឡើងទៅលើចិញ្ចើមផ្លូវទៅបុកបង្គោលភ្លើងបែបនេះ ។
ក្រោយពេលមានការភ្ញាក់ផ្អើលកើតឡើងនេះរថយន្តខាងលើដែលគេចតទុកចោលនេះត្រូវបានកម្លាំងនគរបាលចរាចរណ៍ខណ្ឌចំការមនចុះមកធ្វើការត្រួតពិនិត្យ និងហៅរថយន្តមកស្ទូចយកទៅរក្សាទុកដើម្បីធ្វើការស្រាវជ្រាវរកម្ចាស់ចូលមកធ្វើការដោះស្រាយគ្នាជាបន្តទៅទៀត ៕
ចែករំលែកព័តមាននេះ