ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូរ៉េ​ខាងជើង​គំរាម​បា.ញ់​ពន្លិច​នាវាអា​មេ​រិ​ក

6 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​២៣ មេ​សា បាន​គំរាម​បា.ញ់​ពន្លិច​នាវា​ផ្ទុក​យន្តហោះ​នុយក្លេអ៊ែរ​អា​មេ​រិ​ក USS CARL VINSON ខណៈ​នាវា​ប្រឆាំង​គ្រាប់បែក​បុក​ជប៉ុន​២​គ្រឿង ចាប់ផ្តើម​ធ្វើ​សម​យុទ្ធ​យោធា​រួម​ជាមួយ

ប្រទេស​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ទី​២៣ មេ​សា បាន​គំរាម​បាញ់​ពន្លិច​នាវា​ផ្ទុក​យន្តហោះ​នុយក្លេអ៊ែរ​អា​មេ​រិ​ក USS CARL VINSON ខណៈ​នាវា​ប្រឆាំង​គ្រាប់បែក​បុក​ជប៉ុន​២​គ្រឿង ចាប់ផ្តើម​ធ្វើ​សម​យុទ្ធ​យោធា​រួម​ជាមួយ​កង​នាវា​នាំមុខ​ដោយ​នាវា​ផ្ទុក​យន្តហោះ​នេះ​នៅ​ភាគ​ខាងលិច​នៃ​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក ។

ក្នុង​ស្ថានភាព​តានតឹង​យ៉ាង​ខ្លាំង​ដែល​ញ៉ាំង​ឱ្យ​ពួក​មហាអំណាច​ក្នុង​តំបន់​មានការ​ព្រួយបារម្ភ​ដែល​ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ត្រូវ​ជួប​ពិភាក្សា​តាម​ទូរស័ព្ទ​នា​យប់​ថ្ងៃ​នោះ​ជាមួយ​សម​ភាគី​ចិន លោក​ស៊ី ជី​ន​ពីង និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក​ស៊ី​ន​ហ្សូ​អា​បេ ។ នេះ​ជា​សេចក្តីរាយការណ៍​របស់​អ្នក​ទទួលខុសត្រូវ​ជាន់ខ្ពស់​ម្នាក់​នៃ​រដ្ឋការ​អា​មេ​រិ​ក ។

ស្តី​ពី​បញ្ហា​កូរ៉េ​ខាងជើង បណ្តា​ព្រឹទ្ធ​សមាជិក​អា​មេ​រិ​ក​ស្នើ​ដល់​សេត​វិមាន​ឱ្យ​មាន​កិច្ចប្រជុំ​កម្រិត​ខ្ពស់​មួយ​ស្តី​ពី​វិបត្តិ​នេះ ។ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក លោក REX TILLERSON និង​រដ្ឋមន្ត្រី​ការ​ពារ​ប្រទេស លោក JIM MATTIS ក៏​នឹង​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​ដែរ ក៏​ដូច​ជានា​យក​ស៊ើបការណ៍​ជាតិ លោក DAN COATS និង​នាយសេនាធិការ​កងទ័ព ឧត្តមសេនីយ៍ JOSEPH DUNFORD ។

ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ក្រិ​ក រដ្ឋមន្ត្រី​ការ​បរទេស​ចិន លោក​វ៉ាង យី វាយតម្លៃ​ថា ពេល​នេះ​ក្នុង​តំបន់​មានការ​បង្ហាញ​កម្លាំង​ដាក់​គ្នា​យ៉ាង​ច្បាស់​រួច​ហើយ ។ យើង​ត្រូវ​ស្វែងរក​ច្រកចេញ​ដោយ​សន្តិវិធី និង​សម​ហេតុផល​មួយ ។

កាលពី​២​ស​ប្តា​ហ៍​មុន លោក​ប្រធានាធិបតី​ត្រាំ បាន​ចេញ​បញ្ជា​ឱ្យ​នាវា CARL VINSON បើក​ឆ្ពោះទៅ​កាន់​ឧបទ្វីប​កូរ៉េ ពេល​កំពុង​មាន​ភាព​តានតឹង​ខ្លាំង​ជាមួយ​ក្រុង​ព្យុ​ង​យ៉ាង ។ ការ​មក​ដល់​ដែន​ទឹក​ឧបទ្វីប​កូរ៉េ​របស់​នាវា CARL VINSON អាច​ជួន​ពេល​គ្នា​ជាមួយ​ខួប​លើក​ទី​៨៥ នៃ​ថ្ងៃ​បង្កើត​កងទ័ព​ប្រជាជន​កូរ៉េ ហើយ​នា​ថ្ងៃ​ទី​២៥ មេ​សា នោះ​ជា​ឱកាស​នៃ​ការ​បង្ហាញ​កម្លាំង​ថ្មី​ពី​សំណាក់​កងទ័ព​របស់​ក្រុង​ព្យុ​ង​យ៉ាង ហើយ​អាច​មានការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​៦​ផង ។

កាសែត​បក្ស​ពលករ​កូរ៉េ RODONG SINMUN អះអាង​នា​ថ្ងៃ​ទី​២៣ មេ​សា ថា កងកម្លាំង​បដិវត្តន៍​របស់​យើង​ស្ថិត​ក្នុង​បទបញ្ជា​ប្រយុទ្ធ​ដើម្បី​បាញ់​ពន្លិច​នាវា​ផ្ទុក​យន្តហោះ​នុយក្លេអ៊ែរ​អា​េ​ម​រិ​កតាម​រយៈ​ការ​វាយប្រហារ​តែ​មួយ​គត់ ។ ដោយ​ប្រៀបធៀប​នាវា​ផ្ទុក​យន្តហោះ​នេះ​ទៅ​នឹង «​សត្វ​ធំ​» មួយ កាសែត​នេះ​បន្ត​ថា ការ​កម្ទេច​នាវា​នោះ​នឹង​ជា​គំរូ​មួយ​សម្រាប់​បង្ហាញ​ពី​កម្លាំងយោធា​របស់​យើង។ ការ​គំរាមកំហែង​នេះ​ចុះ​នៅ​ទំព័រ​ទី​៣ ហើយ​ទំព័រ​ទី​១ និង​ទី​២ សរសេរ​ពី​ទស្សនកិច្ច​របស់​លោក​គី​ម ជុង​អ៊ុ​ន នៅ​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក​មួយ ។

បន្ថែម​លើ​ភាព​តានតឹង​ដែល​មាន​ស្រាប់ កូរ៉េ​ខាងជើង​បាន​ចាប់ខ្លួន​បុរស​ម្នាក់​មាន​សញ្ជាតិ​អា​មេ​រិ​ក និង​កូរ៉េ ។ លោក​តូ​នី​គី​ម ស្ថិត​នៅ​កូរ៉េ​ខាងជើង​ចាប់តាំងពី​១​ខែ​មក​ហើយ ដើម្បី​បង្រៀន​ផ្នែក​គណនេយ្យ​នៅ​សាកលវិទ្យាល័យ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ក្រុង​ព្យុ​ង​យ៉ាង ។ លោក​ត្រូវ​ចាប់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ មេ​សា នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ក្រុង​ព្យុ​ង​យ៉ាង ខណៈ​លោក​ប៉ុនប៉ង​ចាកចេញ​ទៅ​ប្រទេស​លោក​វិញ ។

នៅ​ក្រុង​វ៉ា​ស៊ី​ន​តោន ក្រសួងការបរទេស​អា​មេ​រិ​ក​និយាយ​ថា បាន​ទទួល​ព័ត៌មាន​ពី​ការ​ចាប់ខ្លួន​ជនជាតិ​អា​មេ​រិ​ក​នេះ​នៅ​កូរ៉េ​ខាងជើង តែ​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ឡើយ ។

យោង​តាម​កង​ម៉ា​រី​ន​អា​មេ​រិ​កថា នាវា​ផ្ទុក​យន្តហោះ CARL VINSON និង​បណ្តា​នាវា​អម​ចាប់ផ្តើម​នា​ថ្ងៃ​ទី​២៣ មេ​សា នូវ​សមយុទ្ធ​រួម​ជាមួយ​កង​ម៉ា​រី​ន​ជប៉ុន ។ សមយុទ្ធ​នេះ​ប្រព្រឹត្ត​ទៅ​នៅ​ដែន​សមុទ្រ​​ហ្វ៊ី​លី​ពី​ន ។ នាវា​នេះ ព្រមទាំង​នាវា​ពិឃាត​បាញ់​មី​ស៊ី​ល​២​គ្រឿង និង​នាវា​បាញ់​មី​ស៊ី​ល​មួយ​គ្រឿង​ទៀត បន្តដំណើរ​ឆ្ពោះ​មក​ទិស​ខាងជើង​ក្នុង​តំបន់​មហាសមុទ្រប៉ា​ស៊ី​ហ្វិ​ក​​ខាងលិច ។

រយៈពេល​ចុង​ក្រោយ​នេះ មាន​ភាព​មិន​ច្បាស់លាស់​នៃ​ទីតាំង​ពិតប្រាកដ​របស់​កង​នាវា​នាំមុខ​ដោយ​នាវា CARL VINSON ។ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ត្រាំ បញ្ជា​ឱ្យ​នាវា​នេះ​បើក​ឆ្ពោះ​មក​កាន់​ឧបទ្វីប​កូរ៉េ តែ​តាម​ពិត​បែរជា​ទៅ​កាន់​អូស្ត្រាលី ។ រួច​កាលពី​ថ្ងៃ​ទី​២២ មេ​សា អនុ​ប្រធានាធិបតី​អា​មេ​រិ​ក លោក MIKE PENCE ថ្លែង​នៅ​ទីក្រុង​ស៊ី​ដ​នី​ថា ក្រុម​នាវា​នេះ​នឹង​ទៅ​ដល់​សមុទ្រ​ជប៉ុន​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ទៀត ៕