រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន ថ្លែងថា ការចូលមកដល់នៃរដូវវស្សាលឿនឆ្នាំនេះអាចបង្កក្តីបារម្ភមួយចំនួនដល់កសិករ ដែលអាចប្រឈមនឹងការខ្វះខាតទឹក ប្រសិនបើជួបភាពរាំងស្ងួតក្រោយពេលដាំដុះ ។
លោករដ្ឋមន្ត្រីបានមានប្រសាសន៍តាមទូរស័ព្ទនាព្រឹកថ្ងៃទី២០ មេសាថា ក្រសួងបារម្ភពីការធ្លាក់ភ្លៀងដើមរដូវ ហើយអាចប្រឈមនឹងភាពរាំងស្ងួតនៅពេលក្រោយ ដែលធ្វើឲ្យស្រូវនៅតាមតំបន់គ្មានប្រភពទឹកគ្រប់គ្រាន់សម្រាប់សង្គ្រោះស្រូវ ។ លោកបន្តថា ជាមួយនឹងការមកដល់នៃរដូវវស្សាឆ្នាំនេះ ក្រសួងបានត្រៀមពូជមួយចំនួនចែកជូនកសិកររួចហើយ ហើយការចែកបានចាប់ផ្តើមជាបណ្តើរៗនៅតាមបណ្តាខេត្តនានា ។
ពូជស្រូវដែលបាននិងកំពុងចែកជូនកសិករ មានដូចជា ស្រូវក្រអូប អីុអ៊ែរ៦៦ ផ្ការំដួល និងប្រភេទស្រូវប្រាំង៥០៤ ។
លោក វេង សាខុន បន្តថា ផ្ទៃដីបង្កបង្កើនផលស្រូវរដូវវស្សានៅកម្ពុជា មានទំហំ៣,១លានហិកតា ដែលកសិករបាននិងកំពុងញាប់ដៃញាប់ជើងសាបព្រោះបណ្តើរៗហើយ ។ កាលពីឆ្នាំមុន កម្ពុជាប្រមូលផលស្រូវបានចំនួនជាង៩លានតោននៅទូទាំងប្រទេស កើនឡើង៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥ ដែលមានកំណើន០,២៤%ប៉ុណ្ណោះធៀបនឹងឆ្នាំ២០១៤ ។
យោងតាមរបាយការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមឲ្យដឹងថា បច្ចុប្បន្ន ផ្ទៃដី៦០%នៅកម្ពុជា មានប្រព័ន្ធធារាសាស្ត្រគ្របដណ្តប់រួចហើយ ។
ទាក់ទងនឹងបញ្ហានេះ រដ្ឋមន្ត្រីក្រសួងកសិកម្មថ្លែងថា ផ្ទៃដីគ្របដណ្តប់ដោយប្រព័ន្ធធារាសាស្ត្រ មិនទាន់សម្រេចជាសក្តានុពល៦០%នៅឡើយទេ ព្រោះគម្រោងខ្លះមិនទាន់ធ្វើចប់ចុង ចប់ដើមនៅឡើយ ។
លោក ឆឹង វិច្ចរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ថ្លែងថា អ្វីដែលមន្ទីរបាននិងកំពុងធ្វើ គឺផ្សព្វផ្សាយជំរុញឲ្យកសិករដាំដុះពូជសុទ្ធ និងមានគុណភាពដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ ព្រមទាំងបណ្តុះបណ្តាលកសិករពីការដាំដុះ ការប្រើប្រាស់ជី ការរក្សាទឹកទុកក្នុងស្រែ និងការប្រមូលផលតាំងពីដើមរដូវ រហូតដល់ក្រោយពេលប្រមូលផល ។
ខេត្តបាត់ដំបងមានផ្ទៃដីធ្វើស្រែវស្សាចំនួន២៧ម៉ឺនហិកតា និងផ្ទៃដីស្រែប្រាំងប្រមាណ១ម៉ឺន៧ពាន់ហិកតា ។
លោក ឆឹង វិច្ចរ៉ា បន្តថា រហូតមកទល់ពេលនេះ កសិករមិនទាន់ចាប់ផ្តើមដាំដុះនៅឡើយទេ គឺពួកគេកំពុងភ្ជួររាស់ដាស់ដី ដើម្បីចាប់ផ្តើមដាំដុះពេលទឹកភ្លៀងធ្លាក់ជោកជាំមកដល់ ។
លោកឧកញ៉ា ភួ ពុយ ប្រធានសម្ព័ន្ធរោងម៉ាស៊ីនកិនស្រូវកម្ពុជា និងជាអគ្គនាយកធនាគារស្រូវ ថ្លែងថា លោកកំពុងចាប់ផ្តើមចុះតាមឃុំមួយចំនួនរៀបចំប្រជុំជាមួយកសិករ ដើម្បីធ្វើការងារលើគម្រោងចុះកិច្ចសន្យាទិញស្រូវ ហើយប្រជាពលរដ្ឋភាគច្រើនពេញចិត្តនឹងគម្រោងនេះ ដោយសារពួកគេមិនបារម្ភពីកង្វះទីផ្សារស្រូវនៅពេលប្រមូលផល ។
លោកបន្តថា ការចុះកិច្ចសន្យាប្រមូលទិញស្រូវពីកសិករ នឹងធ្វើនៅខេត្តពោធិ៍សាត់ និងបាត់ដំបង មុនធ្វើនៅតាមបណ្តាខេត្តដទៃទៀត ។ លោកថា ៖ « ការធ្វើស្រែតាមកិច្ចសន្យា នឹងធ្វើឲ្យកសិករមានទំនុកចិត្តក្នុងការលក់ផលិតផលរបស់ពួកគេ ហើយគោលការណ៍នេះ ស្របតាមគោលនយោបាយរបស់ក្រសួងកសិកម្ម » ៕
ចែករំលែកព័តមាននេះ