រាជធានីភ្នំពេញ ៖ ការសិក្សាថ្មីមួយរបស់ក្រុមហ៊ុនប៊ុណ្ណារកឃើញថា តម្រូវការអគារការិយាល័យនៅដំណាច់ត្រីមាសទី១ឆ្នាំនេះមានកំណើនតិចតួច បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
យោងតាមរបាយការណ៍នៃការសិក្សាបឋមរបស់ក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប ដែលទើបបានបញ្ចប់កាលពីពេលថ្មីៗនេះរកឃើញថា តម្រូវការអគារការិយាល័យនៅក្នុងរយៈពេលបីខែដើមឆ្នាំនេះ កើនឡើង២%ប៉ុណ្ណោះ ហើយអត្រាប្រើប្រាស់អគារការិយាល័យសរុបកើនពី១៨ ទៅ២០% ។ តម្លៃជួលស្ថិតក្នុងសភាពទ្រឹង ដោយអគារការិយាល័យកម្រិត A មានតម្លៃចាប់ពី១៨ ដល់២៨ដុល្លារ, អគារកម្រិត B ចន្លោះពី១២ ដល់១៥ដុល្លារ និងអគារការិយាល័យកម្រិត C ចាប់ពី៨ ដល់១០ដុល្លារក្នុង១ម៉ែត្រការ៉េ ។
ការសិក្សាដដែលរកឃើញថា គិតត្រឹមដំណាច់ត្រីមាសទី១ឆ្នាំនេះ នៅទីក្រុងភ្នំពេញ មានអគារការិយាល័យសរុបចំនួន៥៨អគារ ដែលបាននិងកំពុងដាក់ដំណើរការ កំពុងសាងសង់ និងគម្រោងខ្លះពន្យារពេលសាងសង់ ។ នៅឆ្នាំនេះ មានតែអគារការិយាល័យពីរប៉ុណ្ណោះបានដាក់ឲ្យដំណើរការ គឺអគារ VTRUST TOWER និង Royal One ។
លោក ប៉ែន សុខគា នាយកគ្រប់គ្រងផ្នែកវាយតម្លៃនៃក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប ថ្លែងថា ៖ « ក្នុងស្ថានភាពបែបនេះ វាជាសញ្ញាគួរឲ្យព្រួយបារម្ភផងដែរ ដោយសារតម្រូវការនៅមានកម្រិត ដែលធ្វើឲ្យគម្រោងចន្លោះពី២០ ទៅ៣០% បានពន្យារពេលសាងសង់ » ។
លោកបន្តថា ៖ « អ្នកវិនិយោគលើអគារការិយាល័យ ពួកគេកំពុងរង់ចាំមើលស្ថានភាពនៃការធ្វើសមាហរណកម្មអាស៊ានថា មានភាពរស់រវើកកម្រិតណាមុនចាប់ផ្តើមសាងសង់ និងវិនិយោគបន្ថែម » ។
នាយកផ្នែកគ្រប់គ្រងអចលនទ្រព្យនៃក្រុមហ៊ុន VTRUST Property លោក ហុន ម៉េងហៀង ថ្លែងថា ក្នុងអំឡុងត្រីមាសទី១ដើមឆ្នាំនេះ តម្រូវការអគារការិយាល័យពិតជាមិនសូវប្រែប្រួលច្រើនទេ ប៉ុន្តែលោករំពឹងថា នៅត្រីមាសទី២ឆ្នាំនេះ អត្រាជួលនឹងកើនឡើង ដោយសារពេលនេះ ក្រុមហ៊ុនកំពុងចរចាជាមួយក្រុមហ៊ុនមួយចំនួន ដែលចង់ជួលអគារនេះ១ជាន់តែម្តង ។
លោកបន្តថា បច្ចុប្បន្ន ការប្រើប្រាស់អគារVTRUST TOWER គ្របដណ្តប់ចន្លោះពី៦៥ទៅ៧០% ខណៈតម្លៃជួលបានកើនឡើងចន្លោះពី១៦ដុល្លារកាលពីឆ្នាំមុន ដល់១៨ដុល្លារក្នុង១ម៉ែត្រការ៉េ បូកទាំងតម្លៃគ្រប់គ្រង៤ដុល្លារក្នុង១ម៉ែត្រការ៉េបន្ថែមទៀត ។
លោក លឹម ភូស៊ី ថាវរិទ្ធ មន្ត្រីគ្រប់គ្រងជាន់ខ្ពស់ផ្នែកជួលនៃអគារវិមានវឌ្ឍនៈ បានថ្លែងឲ្យដឹងស្រដៀងគ្នាថា បើធៀបនឹងត្រីមាសទី១ឆ្នាំមុន តម្រូវការអគារការិយាល័យមិនកើនដូចឆ្នាំមុនទេ ដោយសារក្រុមហ៊ុនខ្លះកំពុងរៀបចំផែនការហិរញ្ញវត្ថុរបស់ខ្លួន ប៉ុន្តែលោករំពឹងថានៅត្រីមាសទី២ឆ្នាំនេះ តម្រូវការការិយាល័យនឹងកើនឡើងខ្ពស់ ព្រោះពេលនេះ ក្រុមហ៊ុនកំពុងចរចាជាមួយក្រុមហ៊ុនធំៗដែលគ្រោងចូលមកជួលអគារនេះ ។
អគារការិយាល័យ VATANAC TOWER បានចាប់ផ្តើមពីជាន់ទី១ ដល់ជាន់ទី២៣ នៃអគារកម្ពស់៣៩ជាន់ ហើយតម្លៃជួលចាប់ពី២៨ដុល្លារ បូក៥ដុល្លារឡើងទៅ ។
លោក ភូស៊ី ថាវរិទ្ធ បន្តថា ៖ « រហូតមកទល់ពេលនេះ អត្រាគ្របដណ្តប់ការប្រើប្រាស់សរុបបានកើនឡើងជាង៦០% នៃផ្ទៃក្រឡាសរុបរបស់អគារ និងរំពឹងកើនឡើងច្រើនបន្ថែមទៀតនៅចុងឆ្នាំនេះ » ៕
ចែករំលែកព័តមាននេះ