ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​លំនៅ​ឋាន​សម្រាប់​អ្នក​ចំណូល​មធ្យម​ថ្មី​មួយទៀត​នឹង​ចាប់ផ្តើម

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អគ្គនាយក​បុរី​ពិភព​ថ្មី លោក​ឧកញ៉ា ហុង ពី​វ នឹង​វិនិយោគ​លើ​លំនៅ​ឋាន​សម្រាប់​ប្រជាពលរដ្ឋ​មាន​ជីវភាព​មធ្យម និង​ក្រោម​មធ្យម​ថ្មី​មួយទៀត​នៅ​ចម្ងាយ​ប្រមាណ​១៥​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គនាយក​បុរី​ពិភព​ថ្មី លោក​ឧកញ៉ា ហុង ពី​វ នឹង​វិនិយោគ​លើ​លំនៅ​ឋាន​សម្រាប់​ប្រជាពលរដ្ឋ​មាន​ជីវភាព​មធ្យម និង​ក្រោម​មធ្យម​ថ្មី​មួយទៀត​នៅ​ចម្ងាយ​ប្រមាណ​១៥​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ដែល​គ្រោង​នឹង​អនុវត្ត​នៅ​ចុងខែ​នេះ ។

លោក ង៉ែត ពិសិដ្ឋ ជំនួយការ​ផ្ទាល់​លោក​ឧកញ៉ា ហុង ពី​វ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​២១ មេ​សា ម្សិលមិញ​ថា គម្រោង​លំនៅ​ឋាន​ថ្មី​នេះ ស្ថិត​នៅ​ម្តុំ​វត្ត​ឈូក​វ៉ា មាន​ទីតាំង​ក្នុង​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ គម្រោង​នេះ​ស្ថិត​នៅ​លើ​ផ្ទៃដី​១៦​ហិ​កតា​កន្លះ និង​គ្រោង​សាងសង់​ផ្ទះ​លក់​ក្នុង​តម្លៃ​៣៨.៨០០​ដុល្លារ​អា​មេ​រិ​ក ដែល​ផ្ទះ​នីមួយ​ៗ​មាន​ទំហំ​៤​ម៉ែត្រ គុណ​នឹង​១២​ម៉ែត្រ ដោយ​មាន​បន្ទប់​គេង​២ និង​បន្ទប់ទឹក​៣ ។

លោក​បន្ត​ថា គម្រោង​នេះ​ចំណាយ​ទឹកប្រាក់​ប្រមាណ​១៣​លាន​ដុល្លារ​អា​មេ​រិ​កលើ​ថ្លៃ​ដី ដោយ​មិន​ទាន់​គិត​បញ្ចូល​ពី​តម្លៃ​សំណង់​នៅឡើយ​ទេ ហើយ​លោក​រំពឹង​ថា គម្រោង​នេះ​នឹង​ទទួល​បាន​ជោគជ័យ ប៉ុន្តែ​អតិថិជន​មាន​លក្ខខណ្ឌ​ច្រើន​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា អ្នកទិញ​ផ្ទះ​ក្នុង​គម្រោង​នេះ​យក​មក​ស្នាក់​នៅ​ផ្ទាល់ខ្លួន មិនមែន​ជា​ការ​ទិញ​យក​ទុក​ចំណេញ ។

នេះ​ជា​គម្រោង​លំនៅ​ឋាន​ទី​៣​ហើយ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ឯកជន និង​ត្រូវ​បាន​ទទួល​ការ​យល់ព្រម​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ដើម្បី​ឆ្លើយ​តប​តាម​គោលនយោបាយ​អភិវឌ្ឍន៍​លំនៅ​ឋាន​សម្រាប់​ប្រជាជន​មាន​ប្រាក់​ចំណូល​ទាប និង​ក្រោម​មធ្យម ។

លោក សន សៀ​ប ស្ថាបនិក និង​ជា​អគ្គនាយក​ក្រុមហ៊ុន Key Realestate ថ្លែង​ថា ការ​វិនិយោគ​បែប​នេះ​នឹង​ទទួល​បាន​ជោគជ័យ ព្រោះ​តម្លៃ​ដែល​បាន​ដាក់​ចេញ​សមរម្យ គួប​ផ្សំ​នឹង​តំបន់​នោះ​មាន​មនុស្ស​រស់នៅ​ច្រើន​នា​ពេល​បច្ចុប្បន្ន ជា​ពិសេស ប្រជាជន​មាន​ប្រាក់​ចំណូល​មធ្យម​មាន​ចំនួន​ច្រើន និង​ជាទី​ផ្សារ​ធំ ហេតុនេះ វា​នឹង​ទទួល​បាន​ជោគជ័យ ។ លោក​បន្ត​ថា ៖ «​ក្នុង​ប្រទេស​យើង អ្នកមាន តិច​ជាង​អ្នក​មធ្យម ហើយ​អ្នក​មធ្យម តិច​ជាង​អ្នក​ក្រីក្រ ។ ហេតុនេះ ការ​ផ្តោត​លើ​ប្រជាជន​មាន​ប្រាក់​ចំណូល​មធ្យម នឹង​មាន​តម្រូវការ​ច្រើន » ។

លោក សេង ឡូត អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ថ្លែង​ថា ជា​គោលការណ៍ ក្រសួង​គាំទ្រ និង​លើកទឹកចិត្ត​ចំពោះ​ក្រុមហ៊ុន​ឯកជន​នានា ដើម្បី​វិនិយោគ​លើ​លំនៅ​ឋាន​សម្រាប់​ប្រជាពលរដ្ឋ​មាន​ប្រាក់​ចំណូល​ក្រោម​មធ្យម ឬ​ថ្នាក់​មធ្យម​អាច​មាន​លទ្ធភាព​ទិញ​បាន ។ លោក​បន្ត​ថា ក្រសួង​កំពុង​សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បី​ព្រាង​គោលនយោបាយ​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន តាម​រយៈ​ផ្តល់​ជូន​នូវ​កា​រត​ភ្ជាប់​ផ្លូវ ភ្លើង និង​បន្ធូរ​បន្ថយពន្ធ​ប្រថាប់ត្រា​ដល់​ក្រុមហ៊ុន​ឯកជន​ដែល​បាន​វិនិយោគ​គម្រោង​បែប​នេះ ។

លោក​បន្ថែម​ថា ក្រុមហ៊ុន​ឯកជន​បាន​ស្នើ​សុំ​មក​ក្រសួង​ជួយ​បន្ធូរ​បន្ថយពន្ធ​ប្រថាប់ត្រា ដើម្បី​ធ្វើ​យ៉ាងណា ឲ្យ​តម្លៃ​លំនៅ​ឋាន​មាន​ភាព​សម​ស្រប​សម្រាប់​ប្រជាជន​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម ។ សេចក្តី​ព្រាង​គោលនយោបាយ​នេះ កំពុង​រៀបចំ​ដោយ​មន្ត្រី​ជំនាញ និង​គ្រោង​បញ្ចប់​នៅ​ពេល​ឆាប់​ៗ​នេះ ដើម្បី​ដាក់​ស្នើ​សុំ​ការ​អនុម័ត និង​សម្រេច​ពី​ប្រមុខ​រាជរដ្ឋាភិបាល ៕