លោក សុខ ឥ​សាន ៖ អ្នក​ជាប់​ឃុំ​ចេះ​ច្បាប់​ជាង​អ្នក​នៅ​ខាងក្រៅ


រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​គណ​ប្ស​ប្រជាជន​កម្ពុជា បាន​អះអាង​ថា មិន​ឲ្យ​មានការ​ចរចា​ផ្នែក​នយោបាយ​រវាង​គណបក្សកាន់អំណាច និង​គណបក្សប្រឆាំង​នោះ​ទេ​។ ការ​លើក​ឡើងជា​ថ្មី​របស់​មន្ត្រី​គណបក្សកាន់អំណាច​នេះ ខណៈ​ពេល​មន្ត្រីជាន់ខ្ពស់​គណបក្សប្រឆាំង​បាន​អះអាង​ថា​នឹង​មាន​វប្បធម៌​សន្ទនា​រវាង​គណបក្ស​ដែល​មាន​អាសនៈ​ទាំង​ពីរ ក្នុង​រដ្ឋសភា​នៅ​ថ្ងៃ​ណាមួយ​។ លោក ស្រី មួរ សុខ​ហួរ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សម្តែង​សុទិដ្ឋិនិយម​ថា គណបក្ស​របស់​លោក​នឹង​រក​ដំណោះស្រាយ​ជាមួយ​គណបក្សកាន់អំណាច​នៅ​ថ្ងៃ​ណាមួយ​ដើម្បី​ឲ្យ​សកម្មជន​ដែល​ជាប់​ពន្ធនាគារ​មាន​សេរីភាព​។

ប្រាប់​អ្នក​សារព័ត៌មាន​កាលពី​ពេល​ថ្មី​ៗ​បន្ទាប់​ពី​ចូល​ជួប​សកម្មជន​នៅ​ពន្ធនាគារ លោកស្រី មួរ សុខ​ហួរ  បាន​សម្តែង​សុទិដ្ឋិនិយម​ថា គណបក្ស​សង្គ្រោះ​ជាតិ​នៅ​តែ​មាន​ផ្លូវ​ចរចា​ជាមួយ​បក្ស​កាន់​អំ ណា​ច ដើម្បី​រក​ផ្លូវ​ឲ្យ​ពួក​គាត់​ចេញពី​ពន្ធនាគារ​។ លោកស្រី​បញ្ជាក់​ថា​« យើង​នៅ​តែ​សង្ឃឹម​នឹង​មានការ​ចរចារ តាម​វប្បធម៌​សន្ទនា ដើម្បី​ដោះស្រាយ ។ ចរចារ​នៅ​ពេល​មាន​បញ្ហា​យើង​មិន​អាច​មិន​យក​វប្បធម៌​សន្ទនា​ធ្វើ​ជា​ធ​ម្យោ​បាយ​ដើម្បី​ដោះស្រាយ​នោះ​ទេ​»​។

លោកស្រី​បន្ថែម​ថា សកម្មជន​ដែល​កំពុង​ជាប់​ពន្ធនាគារ​បាន​ស្នើ​ដល់​ថ្នាក់ដឹកនាំ​ថា កុំ​យក​ពួក​គាត់​ជា​ដោះ​ដូរ​ជាមួយ​នយោបាយ​។ តែ​ស្នើ​ឲ្យ​មានការ​ជជែក​គ្នា តាម​រយៈ​វប្បធម៌​សន្ទនា​។ លោកស្រី​គូសបញ្ជាក់​ថា «​យើង​ជៀស​មិន​ផុត​ពី​ការ​ជជែក​គ្នា​នោះ​ទេ ពេល​នេះ​គណបក្ស​បាន​ត្រៀមខ្លួន ទោះបី​មិន​ឆ្លើយ​មិន​ឆ្លង តែ​បាន​ត្រៀមខ្លួន​សម្រាប់​ការ​បោះ​ឆ្នោត​ខាង​មុខ​នេះ​»​។ យ៉ាងណា​ក្តី​លោកស្រី​អនុប្រធាន​អះអាង​ថា​រាល់​បញ្ហា​ទាំងអស់​ដែល​កំពុង​កើត​មាន​ចំពោះ​គណបក្សប្រឆាំង​នោះ និង​មាន​ដំណោះស្រាយ​នៅ​ថ្ងៃ​ណាមួយ​ជា​មិន​ខាន​។

ចំពោះ​ការ​លើក​ឡើង​របស់​មន្ត្រីជាន់ខ្ពស់​គណបក្សប្រឆាំង​នេះ​ត្រូវ​បាន​លោក សុខ ឥ​សាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​លើក​ឡើង​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម កាលពី​ថ្ងៃ​ទី​២០ ខែមេសា ថា មន្ត្រី​គណបក្សប្រឆាំង ដែល​មាន​ពិរុទ្ធភាព  ហើយ​កំពុង​ស្ថិត​នៅ​ក្រោម​នីតិវិធី​របស់​តុលាការ បាន​និយាយ​ប្រាប់​តំណាងរាស្ត្រ​គណ​ប្ស​ប្រឆាំង​ដែល​បាន​ទៅ​សួរសុខទុក្ខ​ខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស​ថា មិនបាច់​ឲ្យ​ព្យាយាម​ជួប​ចរចា​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ មិន​អាច​ដោះស្រាយ​ចេញ​ទេ​។ លោក​បញ្ជាក់​ថា បើ​និយាយ​មែនទែន​ទៅ អ្នក​ជាប់​ពិរុទ្ធភាព​ទាំងនោះ​មានការ​យល់​ដឹង​អំពី​ច្បាប់​ច្រើន​ជាង​តំណាងរាស្ត្រ​ទៅ​ទៀត ដោយ​ចេះ​វិភាគ​ថា​រឿង​ណា​ជា​រឿង​ផ្លូវច្បាប់ រឿង​ណា​ជា​រឿង​នយោបាយ​ច្បាស់លាស់  មិន​យល់​ច្របូកច្របល់​ដូច​តំណាងរាស្ត្រ​ឡើយ​។

លោក​បញ្ជាក់​បន្ថែម​ថា​«​បើ​សា​ម៉ី​ជន​យល់​ថា​ដូច្នេះ​ទៅ​ហើយ មានអី​ត្រូវ​ស្រពិចស្រពិល​ទៀត គឺ​ពិតជា​រឿង​ផ្លូវច្បាប់​ហើយ ហើយ​កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ មិន​អាច​យក​ការ​ចរចា​មក​ដោះស្រាយ​បាន​ទេ ទុក​ឲ្យ​ដំណើរការ​តាម​នីតិវិធីតុលាការ តាម​ផ្លូវច្បាប់​ចុះ ។ ជា​រឿង​ផ្លូវច្បាប់ មិន​អាច​ក្រ​ឡៃ​ទៅ​ជា​រឿង​នយោបាយ​បាន​ទេ កុំ​សង្ឃឹម »​។ ការ​លើក​ឡើង​របស់​មន្ត្រីជាន់ខ្ពស់​គណបក្សប្រឆាំង និង​គណបក្សកាន់អំណាច​នេះ ខណៈ​ពេល​ស្ថានការណ៍​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​តែ​មាន​ភាព​ស្ងប់ស្ងាត់ ពោល​គឺ បក្ស​កាន់​អំណាច និង​គណបក្សប្រឆាំង​ឈប់​វាយប្រហារ​គ្នា​តាម​ពាក្យ​សម្ដី​៕​   

​នយោបាយ

អត្រាប្តូរប្រាក់

  • ប្រាក់រៀល (1USD)
  • KHR 4,048.00
អត្រាប្តូរប្រាក់ផ្សេងទៀត

Live

To Top

ការស្ទង់មតិគេហទំព័រថ្មី




Please leave this field empty.

សូម​អរគុណ