ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​​​ស្រី​​-ប្រុសវា​.​យ​ប្លន់​អ្នកលក់​ប្រហិត​តាម​ចិញ្ចើម​​ថ្នល់​យក​គ្រឿង​អ​ល័​ង្កា​រ​និង​លុយ​ទាំង​ថ្ងៃ

1 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ក្រុម​ចោរ​វ័យក្មេង​ៗ​ចំនួន​៣​នាក់ ក្នុង​នោះ មាន​សមាសភាព​ស្រី​ម្នាក់​ផង​បាន​ព្រួត​គ្នា​វាយដំ​ទៅ​លើ​ស្ត្រី​ម្នាក់​ដែល​មានមុខ​របរ​លក់​ប្រហិត​តាម​ចិញ្ចើមថ្នល់ រួច​ប្លន់​យក​គ្រឿង​អ​ល័​ង្កា​រ និង​ប្រាក់​ដែល​ទុក​ក្នុង​កាបូប​អស់យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​០៣ វិច្ឆិកា ត្រង់​ចំណុច​ខាង​មុខ​វិទ្យាល័យ​សម្ដេចឪ…

ខេត្តបាត់ដំបង ៖ ក្រុម​ចោរ​វ័យក្មេង​ៗ​ចំនួន​៣​នាក់ ក្នុង​នោះ មាន​សមាសភាព​ស្រី​ម្នាក់​ផង​បាន​ព្រួត​គ្នា​វាយដំ​ទៅ​លើ​ស្ត្រី​ម្នាក់​ដែល​មានមុខ​របរ​លក់​ប្រហិត​តាម​ចិញ្ចើមថ្នល់ រួច​ប្លន់​យក​គ្រឿង​អ​ល័​ង្កា​រ និង​ប្រាក់​ដែល​ទុក​ក្នុង​កាបូប​អស់យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​០៣ វិច្ឆិកា ត្រង់​ចំណុច​ខាង​មុខ​វិទ្យាល័យ​សម្ដេចឪ ស្ថិត​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ហើយ​ពួក​គេ​ជិះ​ម៉ូតូ​គេចខ្លួន​ដោយ​សុវត្ថិភាព​។

ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សំ ជ្រាប ហៅ មុំ ស្រី​អាយុ​៣៨​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល នៅ​ភូមិ​អូរ​តា​គាំ​២ សង្កាត់​ទូល​តា​ឯក ក្រុង​បាត់ដំបង ។ ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុម​ចោរ​ចំនួន​បី​នាក់ និង​មាន​ស្រី​ម្នាក់​ផង ពាក់​ម៉ាស់​មុខ និង​មាន​វ័យក្មេង​ៗ ។ ពួក​វា​បាន​ជិះ​ម៉ូតូ​ទៅ​ឈប់​ក្បែរ​រទេះ​លក់​ប្រហិត​របស់​ជន​រង​គ្រោះ រួច​ចុះ​ទៅ​ទាញ​ដង​អំបោស​នៅ​ក្បែរ​នោះ​សំពង​ទៅ​លើ​ជន​រង​គ្រោះ​យ៉ាង​ចាស់ដៃ ។

គ្រានោះ​គ្នា​វា​ខ្លះ បាន​ស្ទុះ​ទៅ​ទាញ​យក​កាបូប​ជន​រង​គ្រោះ​ដក​យក​លុយ និង​គ្រឿង​អ​ល័​ង្កា​រ​អស់ ហើយ​ក៏​បោះ​ការ​បូ​ប​ឲ្យ​ជន​រង​គ្រោះ​វិញ រួច​នាំ​គ្នា​ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​ដោយ​សុវត្ថិភាព មិន​រំខាន​ដល់​កម្លាំង​ល្បាត​របស់​អធិការ​ក្រុង​បន្តិច​ឡើយ ។ ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ស្ត្រី​រង​គ្រោះ​បាន​និយាយ​ប្រាប់​មហាជន​ដែល​កំពុង​ចោមរោម​សួរនាំ​ថា ពេល​គាត់​កំពុង​មមាញឹក​ចម្អិន​ប្រហិត​លក់ ស្រាប់តែ​មាន​ជន​បី​នាក់​ដែល​គាត់​មិន​បាន​ចាប់​អារ​ម្ម​ណ៏ មាន​ស្រី​ម្នាក់​ផង​បាន​ជិះ​ម៉ូតូ​មក​ឈប់​ក្បែរ រួច​ចុះ​ដើរ​សំដៅ​មក​រក​គាត់ ។

គាត់​បាន​សួរ​ទៅ​កាន់​ពួក​គេ​ទាំង​បី​នាក់​នោះ ទាំង​មិន​បាន​យក​ភ្នែក​មើល​ទេ ព្រោះ​ជាប់រវល់ តើ​អូន​ទិញ​ប្រហិត​មែន ? គាត់​បាន​ប្រាប់​ដូច្នេះ​ថា «​ពេល​នោះ​ពួក​វា​មិន​តប​ទេ ។ ផ្ទុយ​ទៅ​វិញ ពួក​វា​បែរជា​ទាញ​ដង​អំបោស​ស្ទុះ​មក​វាយ​សំពង​ក្បាល​ខ្ញុំ​គ្មាន​ប្រណី​ដៃ ខណៈ​មី​ស្រី​ម្នាក់​ពាក់​ម៉ាស់ បាន​ស្ទុះ​មក​ខ្ទប់មាត់​ខ្ញុំ​ជាប់​មិន​ឲ្យ​ស្រែក​។ ពួក​វា​បាន​ស្ទុះ​ទៅ​ទាញ​យក​កាបូប​លុយ​ខ្ញុំ ដែល​ទុក​ក្នុង​រទេះ​ផ្នែក​ខាងលើ រួច​វា​ដក​យក​លុយ និង គ្រឿង​អ​ល័​ង្កា​រ​អស់​គ្មាន​សល់ វា​ក៏​បោះ​កាបូប​ឲ្យ​ខ្ញុំ​វិញ ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ភ្លាម​ៗ ខណៈ​ខ្ញុំ​រង​របួស​ជា​ច្រើន​ដង​អំបោស​ឡើង​ទន់​ខ្លួន​»​។

បើ​តាម​ចម្លើយ​បឋម​របស់​អ្នកលក់​ប្រហិត​រូប​នេះ ទ្រព្យសម្បត្តិ​ដែល​បាន​បាត់បង់​រួម​មាន «​ប្រាក់​ដុល្លារ​ចំនួន​៤០០​ដុល្លារ ប្រាក់​ខ្មែរ​ចំនួន​១,១៥​លាន​រៀល ខ្សែ​.​ក​មាស​ទម្ងន់​១​តម្លឹង ខ្សែដៃ​មាស​ទម្ងន់​១,៥​តម្លឹង និង កងដៃ​០៣​ឈុត​»​។

អ្នកស្រី សំ ជ្រាប ហៅ មុំ បាន​បញ្ជាក់​ថា ប្រាក់​និង​គ្រឿង​អ​ល័​ង្កា​រទាំង​នោះ គឺ​បាន​មក​ពី​ការ​សន្សំ​ច្រើន​ឆ្នាំ ពីមុខ​របរ​លក់​ប្រហិត​តាម​ចិញ្ចើមថ្នល់ ។ ដោយឡែក ប្រាក់​ចំនួន​៤០០​ដុល្លារ គឺ​គាត់​ទើប​លក់​មាស​ប៉ុន្មាន​ជី​ថ្មី​ៗ ដើម្បី​យក​ទៅ​សងបំណុល​គេ តែ​ពេល​នេះ​រលាយ​អស់ហើយ​អស់ទាំង​ប្រាក់​ត្រៀម​សងបំណុល​គេ អស់ទាំង​គ្រឿង​អ​ល័​ង្កា​រដែ​ល​គាត់​បាន​សន្សំ​ប្រាក់​រាប់​ឆ្នាំ​ទិញ​ទុក ។

នៅ​ក្នុង​អំពើ​«​ប្លន់​»​យ៉ាង​ព្រហើន គ្មាន​អាណិតអាសូរ​ទៅ​លើ​ស្ត្រី​លក់​ប្រហិត​តាម​ចិញ្ចើមថ្នល់​ទាំង​ថ្ងៃ ចំ​កណ្ដាល​ក្រុង​បាត់ដំបង ដែល​បង្ក​ឡើង​ដោយ​ក្រុម​ចោរ​ហារ​រយ​វ័យក្មេង​ៗ មាន​ស្រី​មាន​ប្រុស​ខាង​លើ​នេះ ត្រូវ​បាន​គេ​កត់​សម្គាល់ថា វា​ជា​រូបភាព​ថ្មី​មួយ​របស់​ក្រុម​ចោរ​ប្រុស ស្រី ដែល​ប្រព្រឹត្ត​អំពើ​«​ប្លន់​» ទាំង​ថ្ងៃ​យ៉ាង​គ​គ្លើ​ន ស្រប​ពេល​គេ​សង្កេត​ឃើញ​កម្លាំង​សមត្ថកិច្ច​ស្ទើរ​គ្រប់​ស្ថាប័ន និង​គ្រប់​អង្គភាព​ជំនាញ ហាក់​ទន់ដៃទន់ជើង​ទម្លាក់​ចោល​នូវ​វិធានការ​ទប់ស្កាត់ ឬ ផែនការ​បង្ក្រាប ។

គេ​តែង​ប្រទះ​ភ្នែក​ឃើញ​កម្លាំង​នគរបាល​មួយ​ក្រុម​ក្នុង​ឯកសណ្ឋាន​គួរ​ឲ្យ​ស្ញប់ស្ញែង​ក្រៃ​លែង ជិះ​ម៉ូតូ​ធំ​ៗ​ប្រដេញ​គ្នា​យ៉ាង​ឡូយ​តាម​ដងផ្លូវ​នានា​ស្ទើរ​រាល់ថ្ងៃ ដែល​គេ​អះអាង​ថា ជា «​ក្រុម​អន្តរា​គម​ន៏​របស់​អធិការ​ក្រុង​បាត់ដំបង ជិះ​ល្បាត ការពារ​សន្តិសុខ​»​។ ប៉ុន្តែ​បើ​តាម​ប្រភព​ពី​មន្ត្រី​ស្និត​នឹង​ក្រុម​នេះ បាន​បង្ហើប​ឲ្យ​ដឹង​នូវ​រឿងអាស្រូវ​ផ្ទៃក្នុង​យ៉ាង​ដូច្នេះ​ថា ជា​«​ក្បូន​ល្បាត គ្រាន់តែ​ល្អមើល តែ​មិន​ល្អ​ស៊ី​» ។

ប្រភព​នេះ​បាន​បើក​កកាយ​ថា «​បើ​ពិនិត្យ​មើល​សកម្មភាព​ជិះ​ប្រដេញ​គ្នា បាន​បង្ហាញ​ថា ពួក​គេ​ចេញ​ល្បាត​ការពារ​សន្តិសុខ​ម៉ាំ​ទាំ​ណាស់ តែ​ប្រហោង​ធ្លុង​ចេញ​ល្បាត​មិន​បាន​ប៉ុន្មាន​នាទី​ផង ក៏​នាំ​គ្នា​វិល​ចូល​កន្លែង​វិញ​បាត់​ទៅ​ហើយ ព្រោះ​គ្មាន​ការ​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ ហើយ​ពេល​ខ្លះ​គ្មាន​ទាំង​សាំង​ចាក់​ម៉ូតូ​ផង​។ បើ​និយាយ​ពី​បទល្មើស​វិញ កើតឡើង​ស្ទើរ​រាល់​យប់​ថ្ងៃ ហើយ​សួរ​ចុះបើ​ដឹង ?

ឧទាហរណ៍​ដូច​ជា ករណី​ក្រុម​ចោរប្លន់​អ្នកលក់​ប្រហិត​ខាងលើ​នេះ​ជាដើម បើ​កុំ​តែ​មាន​អ្នក​សារ​ព័​ត៏​មាន​ថត​បង្ហោះ​តាម​បណ្ដាញ​សង្គម កុំ​អី​សារ៉ូ​» ។ ដោយឡែក បើ​និយាយ​ពី​កម្លាំង​ជំនាញ នៅ​ការិ​យាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ នៃ​ស្នងការ​ខេត្ត​ឯណោះ​វិញ ដែល​កំពុង​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​លោក​វរៈសេនីយឯក កោ ស៊ុន​កាំ​ង ហាក់​កំពុង​ផ្ទុះ​ច​ម្លោះ​ផ្ទៃក្នុង​យ៉ាង​ច្របូកច្របល់ និង​គ្មាន​សកម្មភាព​អ្វី​ទាំងអស់​ចំពោះ​ភារកិច្ច​របស់​ខ្លួន ។

បើ​តាម​ប្រភព​ផ្ទៃក្នុង​បាន​ឲ្យ​ដឹង​នៅ​ពេល​នេះ​ថា មន្ត្រី​ជំនាញ នៃ​ការិយាល័យ​នេះ ហាក់​គ្មាន​លែងរ​វ៉​រវល់​នឹង​ការងារ​អស់ហើយ ព្រោះ​ប្រធាន​ការិយាល័យ និង កូនចៅ​ក្រោម​ឪ​វាទ​កំពុង​ផ្ទុះ​ជម្លោះផ្ទៃ​ក្នុង រីឯ​លោកស្នងការ​ខេត្ត ហាក់​សម្ងំ​ស្ងៀម​ធ្វើ​មិនដឹងមិនឮ​ឡើយ​ចំពោះ​ជម្លោះផ្ទៃក្នុង​នេះ​។

ដូច្នេះ​ហើយ​ទើប មន្ត្រី​នៅ​ក្នុង​ការិយាល័យ​នេះ ធ្វើការ​ទៅ​ឆ្វេង​ទៅ​ស្ដាំ​មិន​ចុះសម្រុង​គ្នា សូ​ម្បី​ករណី​ប្លន់​ខាងលើ​នេះ ក៏​មេ​ការិយាល័យ​នេះ​សម្ងំ​ឈឹង​គ្មាន​វិធានការ​អ្វី​ដែរ ។ ជុំវិញ​ករណី​ក្រុម​ចោរប្លន់​អ្នកលក់​ប្រហិត​តាម​ចិញ្ចើមថ្នល់​ខាងលើ​នេះ ក្រោយ​ពី​មានការ​ផ្អើល​ឆោឡោ​ខ្លាំង​នៅ​កន្លែង​កើតហេតុ ក្រោយមក​គេ​ប្រទះ​ឃើញ​វត្តមាន​សមត្ថកិច្ច​ប៉ុន្មាន​នាក់ បាន​ទៅ​ដល់ទី​នោះ ដើម្បី​សាកសួរ​ព័​ត៏​មាន​នានា នៅ​ក្នុង​កន្លែង​កើតហេតុ​។

ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​គេ​នាំ​ទៅ​កន្លែង​សមត្ថកិច្ច​ដើម្បី​សួរនាំ នឹង​ដាក់​ពាក្យបណ្ដឹង​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ថា ហាក់​គ្មាន​តម្រុយ​ពីមុខ​សញ្ញា​ក្រុម​ចោរប្លន់​ទាំង​បី​នាក់​នោះ​នៅឡើយ​ទេ តែ​មន្ត្រី​ជំនាញ បាន​និង​កំពុងធ្វើការ​ស៊ើបអង្កេត​លើ​មុខសញ្ញា​ក្រុម​ចោរ​ប្រុស ចោរ​ស្រី​ទាំង​បី​នាក់​នោះ​ហើយ​៕

អត្ថបទសរសេរ ដោយ