ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ព្រមាន ៖ បើកឡាន​ដើរ​ចាប់​ឆ្កែ​តាម​សួន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​អះអាង​ថា ឆ្កែ​រាប់​សិប​ក្បាល​ត្រូវ​បាន​ម្ចាស់​របស់​វា​ដឹក ឬ​បណ្តើរ​យក​ទៅ​ជាមួយ​ក្នុង​ពេល​ពួក​គាត់​ទៅ​កំសាន្ត ឬ​ហាត់ប្រាណ​នៅ​តាម

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​អះអាង​ថា ឆ្កែ​រាប់​សិប​ក្បាល​ត្រូវ​បាន​ម្ចាស់​របស់​វា​ដឹក ឬ​បណ្តើរ​យក​ទៅ​ជាមួយ​ក្នុង​ពេល​ពួក​គាត់​ទៅ​កំសាន្ត ឬ​ហាត់ប្រាណ​នៅ​តាម​សួនច្បារ​នានា​ក្នុង​រាជធានី​ភ្នំពេញ ដែល​បង្ក​ឲ្យ​មានការ​ជុះនោម និង​បណ្តាល​ឲ្យ​មាន​ភាព​អាប់​អ៊ួ​រ ឬ​បរិស្ថាន​មិនល្អ ដោយសារ​ហេតុផល​បែប​នេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ចាប់ផ្តើម​មាន​វិធាន​ការ​ក្តៅ គឺ​តម្រូវ​ឲ្យ​រៀបចំ​ឡាន ដើម្បី​ដើរ​ប្រមូល ឬ​ចាប់​សត្វ​ឆ្កែ​ដែល​ទៅ​ជុះនោម​ដាក់​សួនច្បារ​ចាប់ពី​ពេល​នេះ​តទៅ  ។

ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៧​នេះ លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ មាន​ប្រសាសន៍​ថា កន្លង​មកនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ដាក់​ស្លាក​សញ្ញា​ហាម​មិន​ឲ្យ​សត្វ​ឆ្កែ​ចូល​ជុះនោម ឬ​រត់​លេង​លើ​សួនច្បារ ដែល​បង្ក​ឲ្យ​មាន​ភាព​អាប់​អ៊ួ​រ ឬ​បរិស្ថាន​មិនល្អ​សម្រាប់​ភ្ញៀវ​ទេសចរណ៍ និង​ប្រជាពលរដ្ឋ​ដែល​បាន​ទៅ​ហាត់ប្រាណ​ជាដើម ប៉ុន្តែ​បំរាម​ទាំងនោះ ហាក់​មិន​មាន​ប្រសិទ្ធភាព​សោះ គឺ​ប្រជាពលរដ្ឋ​នៅ​តែ​បន្ត​នាំ​សត្វ​ឆ្កែ​មក​ជុះនោម​ដាក់​លើ​សួនច្បារ​ដដែល ។ លោក​បន្ត​ថា អាជ្ញាធរ​បាន​អប់រំ​ណែនាំ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ដូចនេះ​ចាប់ពី​ពេល​នេះ​តទៅ​អាជ្ញាធរ​ត្រូវ​តែ​មាន​វិធាន ការ​ហើយ គឺ​ត្រូវ​រៀបចំ​ឡាន​ដើម្បី​ដើរ​ប្រមូល ឬ​ចាប់​សត្វ​ឆ្កែ​ដែល​ទៅ​ជុះនោម​ដាក់​សួនច្បារ​ដោយ​មិន​មានការ​លើកលែង​ទៀត​ទេ ។

លោក ប៉ា សុ​ជាតិ​វង្ស មាន​ប្រសាសន៍​ទៀត​ថា សម្រាប់​សួនច្បារ​វិមាន​ឯករាជ្យ​អាជ្ញាធរ​ខណ្ឌចំការមន ត្រូវធ្វើ​ឲ្យ​បាន មិន​ឲ្យ​មានការ​ដឹក​ឆ្កែ​ឡើង​សួនច្បារ​ទៀត​ទេ ដោយ​សួនច្បារ​ធ្វើ​អស់​លុយ​ច្រើន​ណាស់ គឺ​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ភ្ញៀវ​ជាតិ-​អន្តរជាតិ​បាន​លំហែកាយ និង​ហាត់ប្រាណ មិនមែន​ធ្វើ​ឲ្យ​សត្វ​ឆ្កែ​ហាត់ប្រាណ និង​ជុះនោម​ដាក់​នោះ​ទេ ។ លោក​បន្ត​ថា ចំពោះ​ការ​លក់ដូរ​នៅ​តំបន់​សួនច្បារ​នាគ​បាញ់​ទឹក​ដែល​បង្ក​ឲ្យ​បាត់បង់​សណ្តាប់ធ្នាប់ និង​បញ្ហា​កកស្ទះ​ចរាចរណ៍ ដោយសារ​អ្នកទិញ​ចត​យាន​យន្ត​ពេញ​ផ្លូវ​នោះ អាជ្ញាធរ​ខណ្ឌចំការមន​ត្រូវ​តែ​មាន​វិធាន​ការ និង​រៀបរយ​ឲ្យ​បាន​ល្អ​ចាប់ពី​ពេល​នេះ​តទៅ​ផង​ដែរ ។

លោក មាន ចាន់​យ៉ា​ដា អភិបាលរង និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ធ្លាប់​មាន​ប្រសាសន៍​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​សង្កេត​ឃើញ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​បាន​បណ្តើរ​សត្វ​ឆ្កែ​ដែល​ខ្លួន​ចិញ្ចឹម​ឲ្យ​ទៅ​ជុះនោម​លើ​សួនច្បារ​ដ៏​ស្រស់​ស្អាត ដែល​ទទួល​បានការ​ថែទាំ​យ៉ាង​យកចិត្តទុកដាក់​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ បង្ក​ឲ្យ​មាន​ក្លិនស្អុយ ឆ្អេះឆ្អាប​ប៉ះពាល់​ដល់​បរិស្ថាន សណ្តាប់ធ្នាប់ សោ​ភណ្ឌ​ភាព​ទីក្រុង និង​បង្ហាញ​ពី​កង្វះខាត​ការ​យល់​ដឹង​ក្នុង​ការ​ចូលរួម​សំអាត​ទីក្រុង ។ លោក​បន្ត​ថា សម្រាប់​វិធាន​ការ​ជំ​ហ៊ាន​ដំបូង រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​តម្រូវ​ឲ្យ​សន្តិសុខ​ដែល​ប្រចាំការ​គោលដៅ​តាម​សួនច្បារ​ត្រូវ​មានការ​អប់រំ​ណែនាំ​ឲ្យ​បញ្ឈប់​ដឹក​ឆ្កែ​ឲ្យ​ទៅ​ជុះនោម​លើ​សួន​បន្ត​ទៀត និង​មានការ​ដាក់​ស្លាក​បំរាម​ដឹក​ឆ្កែ​នៅ​លើ​សួន ហើយ​សម្រាប់​ជំ​ហ៊ាន​បន្ទាប់​នឹង​មានការ​ផាកពិន័យ​តែ​ម្តង ប្រសិនបើ​មានការ​អប់រំ​ហើយ តែ​មិន​ស្តាប់​នោះ ។

សន្តិសុខ​ប្រចាំ​សួនច្បារ​វិមាន​ឯករាជ្យ​បាន​ឲ្យ​ដឹង​ថា កន្លង​មក រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ដាក់​ស្លាក​ហាម​មិន​ឲ្យ​យក​សត្វ​ទៅ​ជុះនោម ឬ​រត់​លើ​សួន និង​មានការ​អប់រំ​ណែនាំ​ក្តី តែ​នៅ​មាន​មនុស្ស​មួយ​ចំនួន​តូច​ហាក់​មិន​បាន​អើពើ​ចំពោះ​ការ​ណែនាំ​នេះ​ទេ ដោយនៅ​តែ​ដឹក​ឆ្កែ​ឲ្យ​ទៅ​ជុះនោម​លើ​សួនច្បារ ឲ្យ​រត់ ឬ​កាយ​បាក់​ដើម​ផ្កា និង​ខូច​ស្មៅ​លើ​សួន​ដដែល ជា​ពិសេស​នៅ​ពេល​ព្រឹក និង​ពេល​ល្ងាច ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​ចេញ​ហាត់ប្រាណ ។ សន្តិសុខ​ដដែល​បាន​បញ្ជាក់​ថា មិនមែន​មាន​តែ​ពលរដ្ឋ​ខ្មែរ​ទេ សូ​ម្បី​តែ​ជនបរទេស​ក៏​បាន​ដឹក​ឆ្កែ​ទៅ​ឲ្យ​ជុះនោម​លើ​សួនច្បារ​ដែរ ដែល​បញ្ហា​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​មុខមាត់​រាជធានី​ភ្នំពេញ ។

ទាក់ទិន​ទៅ​នឹង​បញ្ហា​នេះ ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ហាត់ប្រាណ​ភាគច្រើន​បាន​សំណូមពរ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ ចាត់វិធានការ​​ក្តៅ​ចំពោះ​អ្នក​ដឹក​ឆ្កែ​ឲ្យ​ទៅ​ជុះ​លើ​សួនច្បារ​ឲ្យ​បាន​ធ្ងន់ធ្ងរ និង​ឲ្យ​រាងចាល ព្រោះ​សួនច្បារ គឺ​សម្រាប់​មនុស្ស​ទៅ​លំហែ​ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ និង​ហាត់ប្រាណ​ដើម្បី​សុខភាព មិនមែន​សម្រាប់​ស្រូប​យក​ក្លិន​ទឹកនោម​ឆ្កែ​នោះ​ទេ  ។

គួរ​រំលឹក​ថា រាជធានី​ភ្នំពេញ​មាន​សួនច្បារ​ចំនួន​៦៨​កន្លែង ដែល​មាន​ផ្ទៃដី​៦៩​ហិ​កតា ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្វើការ​ជួសជុល និង​កែ​លំអរ​ឡើង​វិញ​ជា​បន្តបន្ទាប់ ដើម្បី​ជួយ​លើក​កំ​ម្ព​ស់​សោ​ភណ្ឌ​ភាព​រាជធានី និង​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​ផង​ដែរ  ៕