ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​ទស្សន៍​ទាយសង្គ្រាម​កូរ៉េ​ លទ្ធភាព​កើត​មាន​ត្រឹម​កម្រិត 0,01 ចំណែក 99,99 អត់​មាន​ទេ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​នា​ព្រឹក​ថ្ងៃ​ទី​២០ ខែមេសា

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មាន​ប្រសាសន៍​នា​ព្រឹក​ថ្ងៃ​ទី​២០ ខែមេសា នៅ​វិទ្យាស្ថាន​ជាតិ
អប់រំ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​ដល់​និស្សិត​ជ័យ​លា​ភី​ចំនួន​១.៨៨៥​នាក់ នៃ​សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប​ទៅ​កាន់​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ ក៏​ដូច​ជា​ក្រុម​គ្រួសារ​នៃ​ពលករ​ខ្មែរ​ទាំងអស់ សូមកុំ​បារម្ភ​… រឿងរ៉ាវ​គឺ​ច្រំ​ដែល​ទេ ។

ជុំវិញ​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ ត្រូវ​បាន​សម្តេច​តេ​ជោ​កត់​សម្គាល់ថា កាលពី​ឆ្នាំ​២០១៤ មានការ​ទិតៀន​សម្តេច​ថា មិន​បាន​គិតគូរ​ជម្លៀស​ពលករ ខណៈ​មានការ​តានតឹង​រវាង​កូរ៉េ​ទាំង​២​។ សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា សង្គ្រាម​នៅ​កូរ៉េ​មិនកើត​ឡើង​ទេ ជឿ​ខ្ញុំ​ទៅ គំរាម​គ្នា​ប៉ុន្មាន​ថ្ងៃនេះ មួយ​ចេញ​ម៉ែ​គ្រាប់បែក មួយទៀត​ចេញ​ឪ​គ្រាប់បែក​…​។
ពាក់ព័ន្ធ​នឹង​បញ្ហា​ជម្លៀស​ពលករ តើ​គួរ​ជម្លៀស​ឬ​មិន​ជម្លៀស? នេះ​ជា​សញ្ញា​សួរ? វា​គ្មាន​ហេតុផល​ណាមួយ ដែល​យើង​ត្រូវ​ធ្វើការ​ជម្លៀស​ទេ ៖

ទី​១-​សង្គ្រាម​វា​អត់​កើត​ឯណា បែរជា​នាំ​គ្នា​ជម្លៀស​មនុស្ស ហើយ​មធ្យោបាយ​ជម្លៀស​មិនមែន​ជា​រឿង​តូចតាច​ទេ តើ​ជម្លៀស​តាម​ផ្លូវទឹក ឬ​ជម្លៀស​តាម​ផ្លូវ​អ​កាស? ព្រោះ​អត់​មានការ​ត​ភ្ជាប់​តាម​ផ្លូវគោក​បាន​ទេ ។ សង្គ្រាម​មិន​ទាន់​កើត​ផង តើ​ជម្លៀស​យ៉ាងម៉េច?
ទី​២-​ក្នុង​ដំណើរការ​ជម្លៀស​ប្រៀបធៀប​នឹង​ការ​ស្នាក់​នៅ នៅ​ទីនោះ​សុវត្ថិភាព​ជាង ។ ប្រជាជន​កូរ៉េ​គេ​រស់​របៀប​យ៉ាងម៉េច យើង​រស់នៅ​ជាមួយនឹង​គេ​ទៅ ។ យើង​ទៅ​នៅ​ទីនោះ​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋបាល​កូរ៉េ ដូច្នេះ​ការ​រស់នៅ​ទីនោះ​គឺជា​រឿង​សុវត្ថិភាព​បំផុត​ប្រៀបធៀប​ទៅ​នឹង​ការ​ជម្លៀស ។

សម្តេច​តេ​ជោ​បាន​ចោទ​ជា​សំណួរ​ថា ប្រសិនបើ​អស់លោក​អ្នកជា​ខ្ញុំ ការ​គិតគូរ​ទោះបីជា​ប្រជាជន​ធម្មតា​ក៏​អាច​យល់​អំពី​ប​ព្ហា​នេះ​ដែរ មិនមែន​ជា​រឿង​ងាយ​ទេ លើ​បញ្ហា​ជម្លៀស​មនុស្ស​ជាង​៤​ម៉ឺន​នាក់ ។ ប្រទេស​អ្នកមាន​គេ​មាន​យន្តហោះ​គរគោក គេ​មិន​ធ្វើ​ដឹង​ធ្វើ​ឮ​ផង រាប់​ទាំង​អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​មក​កូរ៉េ ឯ​ឯង​អី​ក៏​ខា្ល​ច​ម្លេះ ?

ប៉ុន្តែ​សូម​ផ្តាំ​ឲ្យ​ហើយ បើសិនជា​ជម្លៀស​ហើយ​កុំ​ចាំបាច់​ទៅ​រក​ទីផ្សារពលកម្ម​នៅ​កូរ៉េ​ទៀត មិន​អាច​ទៅ​រក​ការងារ​ធ្វើ​នៅ​កូរ៉េ​បាន​ទៀត​ទេ ។ ក្នុង​ពេល​ដែល​រាជរដ្ឋាភិបាល​ជួប​ប្រធានាធិបតី​កូរ៉េ​លើក​ណា ក៏​តែងតែមាន​សំណូមពរ​ឲ្យ​មិត្ត​កូរ៉េ​បង្កើន​ចំនួន​នៃ​ការ​យក​ពលករ​ខ្មែរ​ទៅ​ធ្វើការ​នៅ​កូរ៉េ ។ ករណី​ការងារ​នៅ​កូរ៉េ ពលករ​គឺ​មិនមែន​មាន​តែ​ខ្មែរ​ទេ មាន ថៃ ហ្វ៊ី​លី​ពី​ន វៀតណាម ចិន ក៏​មាន​ដែរ ។ យើង​បង្កើន​ចំនួន​រាប់រយ​ឡើង​ដល់​រាប់​ម៉ឹ​ន បែរ​ទៅ​ជា​ការ​ខាតបង់​ដោយសារ​ការ​ភ័យ​ខ្លាច​គ្មាន​ហេតុផល ។

សម្តេច​តេ​ជោ​សង្ឃឹមថា បងប្អូន​ពលករ ពល​ការិនី​ដែល​កំពុងធ្វើការ​នៅ​កូរ៉េ​ស្ងប់ចិត្ត​ហើយ​រស់នៅ​ជាមួយ​ប្រជាជន​កូរ៉េ សាមគ្គី​ជាមួយ​ប្រជាជន​កូរ៉េ ដើម្បី​បញ្ចៀស​នូវ​គ្រោះថ្នាក់
ជាយថាហេតុ ប្រសិនបើ​វា​អាច​កើតឡើង ។ ប៉ុន្តែ​ខ្ញុំ​អាច​និយាយ​បាន​ថា សង្គ្រាម​កូរ៉េ លទ្ធភាព​កើត​មាន​ត្រឹម​កម្រិត​០,០១ ចំណែក​៩៩,៩៩ វា​អត់​មាន​ទេ ជឿ​ខ្ញុំ​ទៅ ។ វា​មិនមែន​ជា​រឿង​បញ្ហា​បាញ់​គ្រាប់​មី​ស៊ី​ល​៥៩​គ្រាប់​ចូល​ទៅ​ស៊ី​រី រួច​ហើយ​ចប់​ទេ ។ ម្សិលមិញ ប្រធានាធិបតី​អា​មេ​រិ​ក​ក៏​ចេះ​និយាយ​ដែរ​ថា លោក គឹ​ម ជុង​អ៊ុ​ន របស់​កូរ៉េ​ខាងជើង ក៏​ចេះ​ស្រឡាញ់​សន្តិភាព​ដែរ បន្ទាប់​ពី​ការ​គំរាម​គ្នា​វ៉ៃ​គ្នា បែរជា​មាន​ពាក្យ​ដូច្នេះ​ទៅ​វិញ ។ មាន​ន័យ​យ៉ាងម៉េច ? បើ​ទោះបី​គំរាម​យ៉ាងម៉េច​ក៏​ដោយ !!!

សម្តេច​តេ​ជោ​បន្ត​ថា ស្តាប់​សម្តី​នាយក​រដ្ឋមន្ត្រី​ជប៉ុន និង​ស្តាប់​សម្តី​មេដឹកនាំ​កូរ៉េ​ខាងត្បូង គេ​ថា ឲ្យ​តែ​កូរ៉េ​ខាងជើង​សាក គេ​ដាក់ ។ ប៉ុន្តែ​កូរ៉េ​សាក ទោះបី​សាក​ចេញ​ឬ​មិន​ចេញ តែ​អត់​ឃើញ​វ៉ៃ​ផង ។

សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ថា រឿង​វា​មិន​ចប់​ត្រឹម​វ៉ៃ​គេ​ទេ ភាព​ខ្ទេចខ្ទាំ​វា​នឹង​កើត​នៅ​ឯ​កូរ៉េ​ខាងត្បូង និង​ជប៉ុន​ឯណោះ​ទៅ​វិញ​ទេ ។ ដូច្នេះ សហរដ្ឋអាមេរិក​ក៏​ត្រូវ​មានការ​ពិចារណា​ហ្មត់ចត់​ទៅ​លើ​ជម្រើស​នេះ ។ អា​មេ​រិ​ក​នៅ​ឆ្ងាយ ការ​ខូចខាត​សម្រាប់​អា​មេ​រិ​ក​ប្រហែលជា​មាន​តិចតួច​ណាស់ ។ ប៉ុន្តែ​កងទ័ព​អា​មេ​រិ​ក​នៅ​កូរ៉េ​ខាងត្បូង នៅ​ជប៉ុន ផល​ប៉ះពាល់​ធំ ។ ភាព​ខ្ទេចខ្ទាំ​នៅ​កូរ៉េ​ខាងត្បូង​និង​ជប៉ុន​ក៏​ធំ ។ ដូច្នេះ​មិនមែន​រឿង​ដាច់​ដោយឡែក​របស់​អា​មេ​រិ​ក​ទេ គឺ​វា​ជា​រឿង​អ្នក​នៅ​ជុំវិញ​ខ្លួន​ផង​ដែរ ។

ខ្ញុំ​និយាយ​នេះ មិនមែន​ជា​ការ​កម្លា​ឬ​ធ្វើ​ឲ្យ​ស្ងប់ចិត្ត​ទេ ប៉ុន្តែ​រឿង​គឺ​វា​អ៊ី​ចឹ​ង​!!!  ឮ​ថា​ឲ្យ​កូរ៉េ​ខាងជើង​បាញ់​គេ​តាម​ចាប់ អត់​ដឹង​ថា​កូរ៉េ​បាញ់​ទៅ​ខាង​ណា​ផង វា​មិនមែន​ស្រួល​ឯណ​!!! អ្នកនយោបាយ​ចេះ​តែ​ស្រែក ក៏​ប៉ុន្តែ​សមត្ថភាព​នៃ​បច្ចេកវិទ្យា ។

ដូច្នេះ​ការ​បង្អួត​គ្នា​លើ​បញ្ហា​អាវុធ គឺ​វា​មិន​នាំ​ទៅ​ដល់​សង្គ្រាម​នោះ​ទេ ទាំង​អា​មេ​រិ​កថា​នឹង​ចាត់ការ​ទៅ​លើ​កូរ៉េ​ខាងជើង គឺ​ច្បាស់​ជា​មិន​ធ្វើ​ទេ ។ អា​មេ​រិ​ក​ក៏​ត្រូវ​សិក្សា​និង​ពិគ្រោះ​យោបល់​ជាមួយ​ជប៉ុន និង​កូរ៉េ​ខាងត្បូង ។ កម្ពុជា​គាំទ្រ​ឲ្យ​មានការ​ស្រាវជ្រាវ​ជាក់លាក់​មុន​នឹង​ធ្វើ​សកម្មភាព ឬ​ធ្វើការ​សម្រេចចិត្ត​ណាមួយ បើ​ទោះបី​កម្ពុជា​មិនមែន​ជា​សមាជិក​អចិន្ត្រៃយ៍ ក្រុមប្រឹក្សាសន្តិសុខ​ក៏​ដោយ​ចុះ ក៏​ប៉ុន្តែ​កម្ពុជា​ជា​សមាជិក​អង្គការសហប្រជាជាតិ​ដែល​មានការ​ទទួលខុសត្រូវ ។

សម្តេច​តេ​ជោ​មាន​ប្រសាសន៍​ទៀត​ថា បញ្ហា​ឧបទ្វីប​កូរ៉េ យើង​នៅ​តែ​បន្ត​អំពាវនាវ​ឲ្យ​មានការ​អត់ធ្មត់ កុំ​ប្រើប្រាស់​កំហឹង គ្មាន​អ្នក​ឈ្នះ​នោះ​ទេ គឹ​មាន​តែ​អ្នក​ចាញ់​តែ​ប៉ុណ្ណោះ បើសិនជា​សង្គ្រាម​កូរ៉េ​ផ្ទុះ​ឡើង ។ អ្នក​ចាញ់​ពិតប្រាកដ​គឺ​អ្នក​ជិតខាង ។ សង្ឃឹមថា នឹង​ស្វះ​ស្វែងរក​វិធីសាស្ត្រ​ដើម្បី​សុវត្ថិភាព​នៅ​ឧបទ្វីប​កូរ៉េ គឺ​មាន​តែ​មធ្យោបាយ​សន្តិវិធី​ទេ ។

ជា​ថ្មី​ម្តងទៀត សូម​អំពាវនាវ​ចំពោះ​ពលករ ពល​ការិនី ដែល​កំពុងធ្វើការ​នៅ​កូរ៉េ និង​មាតាបិតា អាណាព្យាបាល​របស់​ពលករ​ពល​ការិនី​ដែល​រស់នៅ​កូរ៉េ សូមកុំ​ព្រួយបារម្ភ រាជរដ្ឋាភិបាល​បាន​តាមដាន​ជាប់​តាម​រយៈ​ស្ថានទូត​របស់​ខ្លួន និង​តំណាង​របស់​ខ្លួន​នៅ​ទីនោះ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​បរទេស​ស្តី​ពី​បញ្ហា​នៅ​ឧបទ្វីប​កូរ៉េ​បានឱ្យ​ដឹង​ថា ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ អនុ​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក​Mike Pence  បាន​ព្រមាន​កូរ៉េ​ខាងជើង​កាលពី​ថ្ងៃ​ចន្ទ ទី​១៧ ខែមេសា​ថា កុំ​ចង់​សាក​ឱ្យ​សោះនឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​លោក​ប្រ​ធានាធិ​បតី ដូ​ណា​ល់ ត្រាំ ពីព្រោះ​នយោបាយ​សហរដ្ឋអាមេរិក​សព្វថ្ងៃ​ខ្លាំង​ជាង​មុន ។ លោក​អនុ​ប្រធានាធិបតី​អា​មេ​រិ​ក បាន​គូសបញ្ជាក់​ទៀត​ថា កាលពី​អំឡុង​២​ស​ប្តា​ហ៍​កន្លង​ទៅ​នេះ ពិភពលោក​ក៏​បានឃើញ​ផ្ទាល់​នឹង​ភ្នែក​ស្រាប់​នូវ​ឥទ្ធិពល និង​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ថ្មី​ជា​អាទិ៍​នៅ​ក្នុង​ប្រតិបត្តិការ​នានា​ដែល​បាន​ធ្វើ​ឡើង​នៅ​ស៊ី​រី និង​អា​ហ្វ​ហ្គា​នី​ស្ថាន ។

ការ​ថ្លែង​របស់​លោក Mike Pence គឺ​ចង់​សំដៅ​ទៅ​លើ​ការ​វាយប្រហារ​ដ៏​ខ្លាំងក្លា​របស់​អា​មេ​រិ​ក​ប្រឆាំង​នឹង​មូលដ្ឋាន​អាកាសចរណ៍​នានា​របស់​របប​ស៊ី​រី និង​ការ​ទម្លាក់​មេ​គ្រាប់បែក​ប្រឆាំង​នឹង​ពួក​ជី​ហា​ដ​អ៊ិ​ស្លា​ម​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន​។ លោក ដូ​ណា​ល់ ត្រាំ ធ្លាប់​បាន​សន្យា​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣ ខែមេសា​ថា លោក​នឹង​ដោះស្រាយ​បញ្ហា​កូរ៉េ​ខាងជើង ហើយ​លោក​ក៏​ធ្លាប់​បាន​ជូនដំណឹង​អំពី​ការ​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ Carl Vison ដែល​អម​ដោយ​នាវា​បាញ់​មី​ស៊ី​ល​៣​គ្រឿង ។ បន្ទាប់​មក​ទៀត លោក​ក៏​បាន​រំឭក​ដែរ​ពី​នាវា Armada មួយ​គ្រឿង​ដែល​មាន​ទាំង​នាវាមុជទឹក​ផង ។

ជា​បន្ទាន់​ភ្លាម​នោះ ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​លេខ​២​របស់​កូរ៉េ​ខាងជើង បាន​ប្រតិកម្ម​តប​សហរដ្ឋអាមេរិក​វិញ កាលពី​ថ្ងៃ​សៅរ៍​ទី​១៦ ខែមេសា​ដោយ​អះអាង​ថា កូរ៉េ​ខាងជើង​បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដែរ ដើម្បី​វាយប្រហារ​តបត​នឹង​សង្គ្រាម​គ្រប់​ប្រភេទ ។

លោក​អនុ​ប្រធានាធិបតី Mike Pence បាន​ថ្លែង​បញ្ជាក់​ថា សហរដ្ឋអាមេរិក​លែង​មាន​នយោបាយ​អត់ធ្មត់​ទៀត​ហើយ​នៅ​ចំពោះ​មុខ​របប​ក្រុង​ព្យុ​ង​យ៉ាង ហើយ​អា​មេ​រិ​ក​ក៏​នឹង​ប្រឆាំង​រាល់​ការ​វាយប្រហារ​នានា និង​តបត​វិញ​ប្រកបដោយ​ប្រសិទ្ធភាព​រាល់​ការ​ប្រើប្រាស់​អាវុធ​ធម្មតា ឬ​ក៏​អាវុធ​នុយក្លេអ៊ែរ ។ លើស​ពី​នេះ​ទៀត លោក Mike Pence ថែម​ទាំង​បាន​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ ឲ្យ​បង្កើន​ការ​គាបសង្កត់​ទៅ​លើ​កូរ៉េ​ខាងជើង​ផង​ដែរ ។

នៅ​ប្រទេស​ជប៉ុន​វិញ នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ស៊ី​ន​ហ្សូ អា​បេ បាន​អំពាវ​កាលពី​ថ្ងៃ​ចន្ទ ទី​១៧ ខែមេសា សុំ​ឲ្យ​កូរ៉េ​ខាងជើង​ធ្វើការ អត់ធ្មត់ និង​ចៀសវាង​ការ​បង្កហេតុ​នានា​ថ្មី​ទៀត ដោយ​គោរព​ទៅ​តាម​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ ព្រមទាំង​បោះបង់​ចោល​ផង​ដែរ​នូវ​កម្មវិធី​មី​ស៊ី​ល​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង ។ លោក ស៊ី​ន​ហ្សូ អា​បេ ថ្លែង​បែប​នេះ គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​របប​ក្រុង​ព្យុ​ង​យ៉ាង បាន​បាញ់​សាកល្បង​មី​ស៊ី​ល​តែ​មិន​បាន​ជោគជ័យ​កាលពី​ថ្ងៃអាទិត្យ​ទី​១៦ ខែមេសា ៕