ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​ធ្លាក់​ចូល​វិបត្តិ​សេដ្ឋកិច្ច ខណៈ​ចំនួន​កូដកម្ម​កើនឡើង

6 ឆ្នាំ មុន

ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា ៖ វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​កំពុង​ធ្លាក់​ចូល​កាន់តែ​ជ្រៅ​ទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច ខណៈ​ប្រជាពលរដ្ឋ​ត្រៀមខ្លួន​ធ្វើ​កូដកម្ម​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី Nicolas Maduro ។

ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា ៖ វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​កំពុង​ធ្លាក់​ចូល​កាន់តែ​ជ្រៅ​ទៅ​ក្នុង​វិបត្តិ​សេដ្ឋកិច្ច ខណៈ​ប្រជាពលរដ្ឋ​ត្រៀមខ្លួន​ធ្វើ​កូដកម្ម​ប្រឆាំង​នឹង​លោក​ប្រធានាធិបតី Nicolas Maduro ។

មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) និយាយ​ថា ៖ « ប្រទេស​នេះ​បន្ត​ជាប់ផុង​ក្នុង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​ជ្រៅ » ។

អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​នឹង​កើន​ហួស ២៥%​ក្នុងឆ្នាំនេះ និង​អាច​កើន​ដល់​២៨%​ក្នុង​ឆ្នាំ​ក្រោយ ។ អត្រា​នេះ​នៅ​ត្រឹមតែ​៧,៤%​ប៉ុណ្ណោះ​កាលពី​ឆ្នាំ​២០១៥ ។

សេដ្ឋកិច្ច​របស់​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា បាន​ធ្លាក់​ចុះ​ដល់​ទៅ​១៨%​កាលពី​ឆ្នាំ​មុន ដែល​ជា​ឆ្នាំ​ទី​៣​នៃ​ការ​ធ្លាក់​ចុះ​សេដ្ឋកិច្ច ហើយ​ប្រទេស​នេះ​ត្រូវ​បាន​គិត​ថា នឹង​ជួប​ប្រទះ​ការ​ធ្លាក់​ចុះ​ក្នុងឆ្នាំនេះ និង​ឆ្នាំ​ក្រោយ​ផង​ដែរ ។

IMF ព្យាករ​ថា អតិផរណា​ក្នុង​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា នឹង​កើនឡើង​៧២០%​ក្នុងឆ្នាំនេះ ប៉ុន្តែ​ប្រសិនបើ​ស្ថានការណ៍​បែប​នេះ​បន្ត​ទៅ​មុខ​ទៀត IMF ព្យាករ​ថា អតិផរណា​នឹង​កើន​ហួស​២០០០%​ក្នុង​ឆ្នាំ​២០១៨ ។

ប្រជាជន​បាន​ធ្វើ​កូដកម្ម​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ បន្ទាប់​ពី​រដ្ឋាភិបាល​លោក Maduro ហាមឃាត់​មិន​ឲ្យ​អ្នកដឹកនាំ​គណបក្សប្រឆាំង លោក Henrique Capriles កាន់​តំណែង​នយោបាយ​ណាមួយ​ក្នុង​រយៈពេល​១៥​ឆ្នាំ​ខាង​មុខ ។ មាន​មនុស្ស​យ៉ាងតិច​៤​នាក់​បាន​ស្លាប់​ក្នុង​ការ​ធ្វើ​កូដកម្ម​ហិង្សា តាំងពី​ថ្ងៃ​ទី​១ មេ​សា​មក ។

ប្រជាជន​ក្នុង​ប្រទេស​នេះ​បាន​ជួប​ប្រទះ​ទុក្ខ​លំបាក​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ ព្រោះតែ​កង្វះខាត​អាហារ​និង​ឱសថ និង​តម្លៃ​ផលិតផល​គ្រប់​ប្រភេទ​កើនឡើង​នា​ពេល​ថ្មី​ៗ​នេះ ដោយសារ​ការ​កើនឡើង​នៃ​អតិផរណា​បាន​ធ្វើ​ឲ្យ​ប្រាក់បៀវត្ស និង​រូបិយប័ណ្ណ​របស់​ប្រទេស​បាត់បង់​តម្លៃ ។

ពួក​គេ​បាន​ទាមទារ​ឲ្យ​លោក Maduro ចុះ​ចេញពី​តំណែង ព្រោះតែ​ប្រជាធិបតេយ្យ​ត្រូវ​បាន​លុប​បំបាត់ គ្រា​ដែល​លោក Maduro ក៏​កំពុង​តែ​ជួប​ប្រទះ​នឹង​សម្ពាធ​ពី​បរទេស​ផង​ដែរ ។

លោក​ប្រធានាធិបតី Trump បាន​សរសេរ​នៅ​លើ Twitter កាលពី​ខែកុម្ភៈ​ថា លោក Maduro គួរតែ​ដោះ​លែង​គូប្រឆាំង​ធំ​ជាងគេ គឺ​លោក Leopoldo Lopez ដែល​ត្រូវ​បាន​ចាប់​ឃុំ​តាំងពី​ឆ្នាំ​២០១៤​មក ។ សហរដ្ឋអាមេរិក​ក៏​បាន​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​លើ​លោក Tareck El Aissami អនុ​ប្រធានាធិបតី​របស់​លោក Maduro ផង​ដែរ ដោយ​បាន​ចោទប្រកាន់​ពី​បទ​រត់ពន្ធ​គ្រឿងញៀន ។

អង្គការ​រដ្ឋ​ក្នុង​ទ្វីបអាមេរិក​បាន​ទាមទារ​កាលពី​ខែមីនា ឲ្យ​ប្រទេស​វ៉េ​ណេ​ស៊ុ​យ​អេ​ឡា​រៀបចំ​ការ​បោះ​ឆ្នោត​បែប​ប្រជាធិបតេយ្យ បើ​មិន​ដូច្នេះ​ទេ ត្រូវ​ជួប​ប្រទះ​នឹង​ការ​ដក​ភាព​ជា​សមាជិក​បណ្តោះអាសន្ន​ពី​អង្គការ ។

លោក Mauricio Macri ប្រធានាធិបតី​ប្រទេស​អា​ហ្ស​ង់​ទី​ន ក៏​បាន​ប្រាប់​កាលពី​ដើមខែ​នេះ​ដែរ​ថា ៖ « ពួក​គេ​មិន​បាន​បំពេញ​អ្វី​ដែល​ពួក​យើង​ចាត់​ទុក​ថា ជា​សិទ្ធិ​មនុស្ស ។ ខ្ញុំ​ពិតជា​ព្រួយបារម្ភ​នឹង​អ្វី​កំពុង​តែ​កើតឡើង​ណាស់ » ៕