ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចុះបញ្ជី​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​តែ​មាន​ភាព​យឺតយ៉ាវ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ថ្លែង​ថា ការ​ចុះបញ្ជី​របស់​សហគ្រាស​ធុន​តូច​និង​មធ្យម តាម​ច្រក​ចេញចូល​តែ​មួយ​របស់​ក្រសួង​មាន​កំណើន ប៉ុន្តែ​មិន​ទាន់​គ្រប់​សេចក្តី​ត្រូវការ និង​

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ថ្លែង​ថា ការ​ចុះបញ្ជី​របស់​សហគ្រាស​ធុន​តូច​និង​មធ្យម តាម​ច្រក​ចេញចូល​តែ​មួយ​របស់​ក្រសួង​មាន​កំណើន ប៉ុន្តែ​មិន​ទាន់​គ្រប់​សេចក្តី​ត្រូវការ និង​ការ​ចង់បាន​របស់​រាជរដ្ឋាភិបាល​ទេ ព្រោះ​នៅ​សល់​ប្រមាណ​៤​ទៅ​៥​សែន​សហគ្រាស​ទៀត​នៅ​ក្រៅ​ក្របខ័ណ្ឌ​ច្បាប់ ។

ថ្លែងប្រាប់​អ្នក​សារព័ត៌​មាននៅ​ក្រោយ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៦ និង​ទិស​ដៅ​អនុវត្ត​ការងារ​ឆ្នាំ​២០១៧ កាលពី​ថ្ងៃ​ទី​១៨ មេ​សា កន្លង​មកនេះ លោក​ទេស​រដ្ឋមន្ត្រី  ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បញ្ជាក់​ថា អ្វី​ដែល​ក្រសួង​ធ្វើ​នៅ​ពេល​ចាប់ផ្តើម​មាន​ច្រក​ចេញចូល​តែ​មួយ​តាម​ស្រុក​-​ខណ្ឌ ក៏​នៅ​តែ​មិន​គ្រប់ ព្រោះ​ម្ចាស់​សហគ្រាស​នៅ​តាម​ឃុំ គាត់​មិន​មក​ដល់​ស្រុក ។ ដូច្នេះ សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​តែ​អត់​មានការ​ចុះបញ្ជី ។ លោក​បន្ត​ថា អ្វី​ដែល​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​គិតគូរ គឺ​ការ​ចាប់ផ្តើម​ផ្ទេរ​ភារកិច្ច​ទៅ​មន្ត្រី​តាម​ថ្នាក់​ខេត្ត ចុះ​ទៅ​ដល់ទី​តាំងរបស់​សហគ្រាស​ទាំងនោះ​ផ្ទាល់​ដើម្បី​ចុះបញ្ជី​ដល់​កន្លែង​តែ​ម្តង ធ្វើ​ម៉េច​ឲ្យ​គាត់​បាន​ចូល​ទៅ​ក្នុង​ក្របខ័ណ្ឌ និង​ត្រឹមត្រូវ​តាម​ច្បាប់ ។

លោក​ទេស​រដ្ឋមន្ត្រី ចម ប្រសិទ្ធ បន្ត​ថា សម្រាប់​រយៈពេល​មួយ​ឆ្នាំ​នេះ ក្រសួង​បាន​ធ្វើ​កំណែទម្រង់​ជា​ច្រើន​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​វិស័យ​ឯកជន​ជួប​ប្រទះ ជា​ពិសេស ឲ្យ​មូលដ្ឋាន​ផលិតកម្ម អាជីវកម្ម​នៅ​ទូ​ទាំង​ប្រទេស​ដំណើរការ​ដោយ​ស្របច្បាប់ ហើយ​ក្រសួង​ក៏​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង និង​ជួយ​ជំរុញ​អភិវឌ្ឍន៍​វិស័យ​សហគ្រាស​ធុន​តូច មធ្យម និង​សិប្បកម្ម តាម​រយៈ​ការ​ផ្តល់​បច្ចេកវិទ្យា​ថ្មី ការ​បណ្តុះបណ្តាល ការ​កែ​លម្អ​គុណភាព និង​ការ​គ្រប់គ្រង ។

លោក​ឧកញ៉ា តែ តាំង​ប៉ ប្រធាន​សម្ព័ន្ធ​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា លើក​ឡើង​ថា តាម​ជំរឿន​ផែនការ​សហគ្រាស​ធុន​តូច និង​មធ្យម​ឆ្នាំ​២០១៥-២០១៦ ដោយ​មាន​រាប់​បញ្ចូល​ទាំង​ធុន​តូច មធ្យម និង​ធំ សរុប​ទាំងអស់​មាន​ចំនួន​៥៣​ម៉ឺន​សហគ្រាស ប៉ុន្តែ​ការ​ចុះបញ្ជី​នៅ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម មាន​ប្រមាណ​តែ​៣​ម៉ឺន​៨​ពាន់​សហ​គ្រាស​ប៉ុណ្ណោះ ។ នៅ​ឆ្នាំ​២០១៦​កន្លង​ទៅ ការ​ចុះបញ្ជី​ទើបតែ​កើន​ជាង​១​ពាន់​សហគ្រាស ។

លោក​បន្ត​ថា ទោះជា​យ៉ាងណា សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​កម្ពុជា​បាន​ពង្រឹងសមត្ថភាព និង​គុណភាព​ផលិតផល​របស់​ពួក​គេ ដែល​ធ្វើ​ឲ្យ​ការ​នាំ​ចូល​ផលិតផល​ប្រើប្រាស់ និង​គ្រឿង​ឧបភោគបរិភោគ​ពី​ប្រទេស​ថៃ​ធ្លាក់​ចុះ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។

យោង​តាម​របាយការណ៍​បូក​សរុប​លទ្ធផល​ការងារ​របស់​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ប្រចាំឆ្នាំ​២០១៦ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៧ ឲ្យ​ដឹង​ថា បន្ទាប់​ពី​ក្រសួង​បាន​ធ្វើ​ទំនើប​កម្ម​នៃ​ប្រព័ន្ធ​គ្រប់គ្រង​ការ​ចុះបញ្ជី​តាម​ប្រព័ន្ធ​អន​ឡាញ គិត​ត្រឹម​ឆ្នាំ​២០១៦ ការ​ផ្តល់​ប្រកាស​អនុញ្ញាត​បង្កើត និង​ចុះបញ្ជី​សហគ្រាស​សិប្បកម្ម​សរុប​បាន​ចំនួន​៨៩.០៧៣​​មូលដ្ឋាន ក្នុង​នោះ​ផ្តល់​ប្រកាស​អនុញ្ញាត​បង្កើត​សហគ្រាស​សិប្បកម្ម​ចំនួន​៣៩.១៤១​មូលដ្ឋាន ចុះបញ្ជី​សិប្បកម្ម​ចំនួន​៤៩.៩៣២​មូលដ្ឋាន និង​គ្រប់គ្រង​ស្ថិតិ​សិប្បកម្ម​ចំនួន​៦៣.២៥៩​មូលដ្ឋាន ដោយ​បាន​ផ្តល់​ការងារ​ចំនួន​៦០៩.៣២៨​កន្លែង ៕