ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រីមាស​ទី​1​ឆ្នាំ​នេះ ពន្ធដារ​ប្រមូល​ចំណូល​បាន​ជាង​768​លាន​ដុល្លារ កើន​ជាង​92%

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៧​នេះ ចំណូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​បាន មាន​ចំនួន​៣.០៧៤​ពាន់​លាន​រៀល ស្មើ​ប្រមាណ​

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៧​នេះ ចំណូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​ដែល​អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​បាន មាន​ចំនួន​៣.០៧៤​ពាន់​លាន​រៀល ស្មើ​ប្រមាណ​៧៦៨,៦២​លាន​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង​៤៤,៨០% នៃ​ផែនការ ។ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៦ ការ​អនុវត្ត​ប្រមូល​ចំណូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​នេះ កើន​ទ្បើ​ង​ចំនួន​១.៤៧៤,៨៤​ពាន់​លាន​រៀល (​ប្រមាណ​៣៦៨,៧១​លាន​ដុល្លារ​អា​មេ​រិ​ក​) ឬ​ស្មើនឹង​អត្រាកំណើន​៩២,២០% ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​គ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែមីនា និង​ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០១៧ ដែល​រៀបចំ​នៅ​សាលា​ជាតិ​ពន្ធដារ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ មេ​សា ម្សិលមិញ​នេះ ។

ថ្លែង​នា​ឱកាស​នោះ លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ឲ្យ​ដឹង​ថា សម្រាប់​ខែមីនា ឆ្នាំ​២០១៧ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ពន្ធ​អាករ​គ្រប់​ប្រភេទ​បាន​ចំនួន ១.៦៦៨.១៧៦,៧៩​លាន​រៀល (​ប្រមាណ​៤១៧,០៤​លាន​ដុល្លារ​) ។ ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៧​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​សង្កេត​ឃើញ​ថា មានការ​កើន​ទ្បើ​ង​ផង​ដែរ​នូវ​ចំណូល​ពន្ធ​អាករ​តាម​ប្រភេទ​ពន្ធ និង​សកម្មភាព​អាជីវកម្ម​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា ៖ ពន្ធ​លើ​ប្រាក់​ចំណូល​កើន​ទ្បើ​ង​៤០,៦០%, ពន្ធលើប្រាក់បៀវត្ស​កើន​ទ្បើ​ង​៤៩,៤០%, អាករ​លើ​តម្លៃបន្ថែម​កើន​ទ្បើ​ង​៨០,៧០% និង​អាករ​ពិសេស​កើន​ទ្បើ​ង​១៧,១២% ។ ចំណែក​ចំណូល​ពន្ធ​អាករ​តាម​សកម្មភាព​អាជីវកម្ម ក៏​បាន​កើន​ទ្បើ​ង​ស្ទើរ​គ្រប់​ប្រភេទ​អាជីវកម្ម​ផង​ដែរ ពិសេស វិស័យ​ផលិត​យានយន្ត​, កសិកម្ម​, ស្រាវជ្រាវ និង​រុករក​រ៉ែ និង​វិស័យ​សិក្សាអប់រំ ។​ល​។

នៅ​ក្នុង​ឱកាស​នោះ​ដែរ លោក​ទេស​រដ្ឋមន្ត្រី អូន ព័ន្ធ​មុនី​រ័​ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​បាន​អញ្ជើញ​ជា​អធិបតី បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​ពន្ធដារ​ទាំងអស់​ត្រូវ​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​តួនាទី និង​ភារកិច្ច​របស់​ខ្លួន ស្រប​តាម​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​រយៈពេល​មធ្យម ២០១៤-២០១៨ និង​កម្មវិធី​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ព្រមទាំង​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ស្តី​ពី​ពន្ធដារ ក្នុង​នោះ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​អនុវត្ត​ការងារ​កែទម្រង់​ដូច​ជា ១-​រដ្ឋបាល​សារពើពន្ធ ជា​អាទិ ការ​ចុះបញ្ជី​អ្នក​ជាប់ពន្ធ​, ការ​ផ្តល់​សេវា​អ្នក​ជាប់ពន្ធ​, ការ​ចាត់ចែង​លិខិត​ប្រកាស​, ការ​ធ្វើ​សវន​កម្ម​, ការ​ប្រមូល​បំណុល​ពន្ធ និង​បណ្តឹងតវ៉ា​, ការ​ពង្រឹង​ការ​គ្រប់គ្រង​និង​រចនាសម្ព័ន្ធ ការ​គ្រប់គ្រង​ធន​ធានមនុស្ស និង​២-​គោលនយោបាយ​សារពើពន្ធ គ្រប់​អង្គភាព​ត្រូវ​បន្ត​ខិតខំ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ វិន័យ​ការងារ និង​មាន​ភាព​ទន់ភ្លន់​ម៉ឺងម៉ាត់​ក្នុង​ការ​ឆ្លើយ​តប​ទៅ​កាន់​អ្នក​ជាប់ពន្ធ ធ្វើ​យ៉ាងណា​ឱ្យ​អ្នក​ជាប់ពន្ធ​សប្បាយចិត្ត មិន​សម្តែង​ការ​រអ៊ូរទាំ និង​ផ្តល់​កិច្ចសហការ​ល្អ​ក្នុង​ការ​បង់ពន្ធ​ជូន​រដ្ឋ ៕