ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ពោធ​គម្រោង​ប្រព័ន្ធ​ខ្សែ​ជាតិ​បញ្ជូន​ថាមពល​អគ្គិសនី​តង់ស្យុង​ខ្ពស់​ភ្នំពេញ​-​បា​វិត

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អគ្គិសនី​កម្ពុជា និង​ក្រុមហ៊ុន​ម៉ៅ​ការ​សាងសង់ China National Heavy Machinery Corporation បាន​សហការ​រៀបចំ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​

រាជធានី​ភ្នំពេញ ៖ អគ្គិសនី​កម្ពុជា និង​ក្រុមហ៊ុន​ម៉ៅ​ការ​សាងសង់ China National Heavy Machinery Corporation បាន​សហការ​រៀបចំ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​គម្រោង​ប្រព័ន្ធ​ខ្សែ​ជាតិ​បញ្ជូន​ថាមពល​អគ្គិសនី​តង់ស្យុង​ខ្ពស់​១១៥​គីឡូវ៉ុល ភ្នំពេញ​-​បា​វិត ក្នុង​ក្របខ័ណ្ឌ​គម្រោង​ឥណទាន​សម្បទាន​របស់​សាធារណរដ្ឋ​ប្រជា​មានិតចិន ក្រោម​អធិបតីភាព​លោក ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល និង​លោក Xiong Bo ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រចាំ​ព្រះរាជាណា​ចក្រ​​កម្ពុជា កាលពី​ថ្ងៃ​ទី​១៩ មេ​សា នៅ​ភូមិ​សឹ​ង្ហ ឃុំ​កំពង់​សឹ​ង្ហ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។

គោលបំណង​នៃ​ការ​សាងសង់​គម្រោង​នេះ ដើម្បី​បង្កើន​លទ្ធភាព គុណភាព ស្ថិរភាព និរន្តរភាព​ផ្គត់ផ្គង់ និង​ចែកចាយ​ថាមពល​អគ្គិសនី​ជូន​ប្រជាពលរដ្ឋ ព្រមទាំង​ហេដ្ឋា​រចនាសម្ព័ន្ធ​គ្រប់​ផ្នែក​នៅ​ខេត្តព្រៃវែង ស្វាយ​រៀង និង​មួយ​ផ្នែក​នៃ​ខេត្តកណ្តាល ។ ខ្សែ​បញ្ជូន​នេះ ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​នាំ​ចូល​ថាមពល​អគ្គិសនី​ពី​ប្រភព​ផលិត​ថាម​ពល​នៃ​ប្រព័ន្ធ​បណ្តាញ​ជាតិ ដែល​មាន​វា​រី​អគ្គិសនី និង​រោងចក្រ​ដើរ​ដោយ​ធ្យូងថ្ម​ជា​មូលដ្ឋាន មក​ផ្គត់ផ្គង់​ជូន​ខេត្ត​ទាំង​បី ក្នុង​ជំហាន​ទី​១ ចំនួន​១៥០​មេ​ហ្គា​វ៉ា​ត់ និង​បន្ទាប់​មក​អាច​ឈាន​ដល់​៣០០​មេ​ហ្គា​វ៉ា​ត់ ។

ទំហំ​ការងារ​គម្រោង​សាងសង់​ខាងលើ​រួម​មាន សាងសង់​ខ្សែ​បញ្ជូន​អគ្គិសនី​តង់ស្យុង​ខ្ពស់​១១៥​គីឡូវ៉ុល​សរុប​ប្រមាណ​១៦០​គីឡូម៉ែត្រ ដោយ​ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្ត​ចំនួន​៣ គឺ​ខេត្តកណ្តាល ព្រៃវែង និង​ស្វាយ​រៀង ។ សាងសង់​អនុ​ស្ថានីយ​អគ្គិសនី​តង់ស្យុង​ខ្ពស់​ចំនួន​២​កន្លែង​គឺ ៖ ១-​អនុ​ស្ថានីយ​អគ្គិសនី​១១៥​គីឡូវ៉ុល​កំពង់​សឹ​ង្ហ ស្ថិត​ក្នុងភូមិ​សឹ​ង្ហ ឃុំ​កំពង់​សឹ​ង្ហ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។ ២-​អនុ​ស្ថានីយ​អគ្គិសនី​១១៥​គីឡូវ៉ុល​ច្រក​ម្ទេស ស្ថិត​ក្នុងភូមិ​ព្រៃ​ទប់ សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត ខេត្ត​ស្វាយ​វៀង ។

គម្រោង​នេះ​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​ចាប់ពី​ឆ្នាំ​២០១៤ និង​បញ្ចប់​ការ​សាងសង់​នៅ​ដើមឆ្នាំ​២០១៧ ។ ដោយ​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​បាន​​ផ្តល់​ឥណ​ទាន​ប្រមាណ​ជាង​៧៥​លាន​ដុល្លារ​អា​មេ​រិ​ក និង​ថវិកាបដិភាគ​របស់​អគ្គិសនី​កម្ពុជា​ប្រមាណ​៣​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​ការ​អភិវឌ្ឍ​គម្រោង​នេះ ដែល​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ជាតិ​បញ្ជូន​ថាមពល​អគ្គិសនី​តង់ស្យុង​ខ្ពស់​នៅ​កម្ពុជា ។

សមិទ្ធផល​នៃ​គម្រោង​នេះ​អាច​ដោះស្រាយ​នូវ​ការ​ផ្គត់ផ្គង់​អគ្គិសនី​ក្នុង​ខេត្ត​ទាំង​ពីរ ។ កាលពីមុន​តំបន់​ខាងលើ​បាន​ប្រើប្រាស់​ថាមពល​នាំ​ចូល​ពី​ប្រទេស​វៀតណាម​ជា​បណ្តោះ​អាសន្ន ដែល​មាន​ត្រឹមតែ​៣០​មេ​ហ្គា​វ៉ា​ត់ ហើយ​ជួបនឹង​ការ​លំបាក​រអាក់រអួល​ជា​ច្រើន ដោយសារ​ការ​ប្រើប្រាស់​ថាមពល​ខ្ពស់​ជាង​ថាមពល​ដែល​ផ្តល់​ដោយ​វៀតណាម ។

សមិទ្ធផល​នេះ​ក៏​បាន​រួមចំណែក​កសាង​អភិវឌ្ឍន៍​វិស័យសេដ្ឋកិច្ច​សំខាន់​ៗ​រួម​មាន កសិកម្ម ឧស្សាហកម្ម និង​ទេសចរណ៍​ជាដើម ដែល​កំពុង​ត្រូវការ​ថាមពល​ចាំបាច់ ៕