សិល្បៈ​-វប្ប​​​ធម៌ » ទេសចរណ៍

រមណីយដ្ឋាន​ «ភ្នំ​ក្រោល​» ​គ្របដណ្តប់​ដោយ​ព្រៃឈើ​តាំងពី​ចង្កេះ​ដល់​កំពូលភ្នំ

ដោយ ៖ សាយ ករុណា   

ថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧ ម៉ោង ០៩:១៨   (21-04-2017 09:18)

ខេត្តមណ្ឌលគិរី ៖ នៅ​ពេល​គេ​ធ្វើ​ដំណើរ​ចេញពី​ប្រជុំជន​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ឆ្ពោះទៅ​ស្រុក​លំ​ផាត់ ខេត្តរតនគិរី តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦​ប្រមាណ​២​គីឡូម៉ែត្រ ងាកឆ្វេង​បន្តិច​គេ​ប្រាកដជា​ប្រទះ​ឃើញ​កំពូលភ្នំ​ទាប​ល្មម​ដែល​ក្រាល​គ្រប និង​ហ៊ុម​ព័​ទ្ឋ​ទៅ​ដោយ​ព្រៃ​ព្រឹក្សា​ដ៏​ស្រស់​ស្អាត​នោះ​គឺ​រមណីយដ្ឋាន​ភ្នំ​ក្រោល ។

បើ​គេ​ចង់​បន្តដំណើរ​ចូល​ទៅ​លេង​កូនភ្នំ​ដ៏​ស្រស់​ស្អាត​នោះ គឺជា​ការ​ងាយស្រួល​បំផុត ដោយ​អាច​ធ្វើ​ដំណើរ​ចេញពី​ប្រជុំជន​ស្រុក​កោះ​ញែក ប្រមាណ​២​គីឡូម៉ែត្រ​រហូត​ដល់​ចំណុច​ផ្លូវបំបែក​ជិត​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កោះ​ញែក​បត់​ឆ្វេង​ប្រមាណ​១​គីឡូម៉ែត្រ​ទៀត នឹង​ប្រទះ​ឃើញ​ខ្លោងទ្វារ​សង់​ពី​ឈើ​ប្រាប់​ពី​ឈ្មោះ​ទីតាំង​បូជនីយដ្ឋាន និង​ជា​រមណីយដ្ឋាន​«​ភ្នំ​ក្រោល​» ។ ដើម្បី​អាច​ឡើង​ទៅ​ដល់​កំពូលភ្នំ​ដែល​មាន​កម្ពស់​ប្រមាណ​៧០​ម៉ែត្រ  ទៅ​៨០​ម៉ែត្រ អ្នកទេសចរ​អាច​ជ្រើសរើស​យក​ការ​ដើរ​ឡើង​ភ្នំ​ដោយ​ថ្មើរជើង ឬ​ក៏​ជិះ​រថយន្ត ឬ​ម៉ូតូ​ឡើង​ទៅ​ក៏​បាន​តាម​ផ្លូវ​សម​ល្មម​មួយ​ខ្សែ​មាន​ក្រាល​ដោយ​ដីក្រហម តែ​បច្ចុប្បន្ន​ផ្លូវ​មួយ​ខ្សែ​នោះ​រង​ការ​ខូច​ខា​ច​ស្ទើរ​ទាំងស្រុង ។
នៅ​ពេល​ឡើង​ទៅ​ដល់​លើ​ភ្នំ អ្នកទេសចរ​ពិតជា​ប្លែក​អារម្មណ៍​ជាក់​ជា​មិន​ខាន ព្រោះតែ​មាន​ខ្យល់​ដ៏​បរិសុទ្ធ និង​ម្លប់​ដើមឈើ​ដ៏​ត្រឈឹងត្រឈៃ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ អ្នកទេសចរ អាច​ដុត​ធូប​បួងសួង​សុំ​សេចក្តីសុខ​ពី​បារមី​លោកយាយ លោកតា លើ​ភ្នំ​ក្រោល​ដែល​មាន​ប្រវត្តិ​រាប់រយ​ឆ្នាំ​មក​ហើយ ។ សព្វ​ថ្ងៃនេះ​អ្នកស្រុក​កោះ​ញែក​តែងតែ​ទៅ​បួងសួង​ទៅ​តាម​ជំនឿ រៀង​ៗ​ខ្លួន ។
អ្នក​រស់នៅ​ជិត​ជើងភ្នំ​ក្រោល​និយាយ​ថា ជា​រឿយ​ៗ​គេ​តែង​ឃើញ​មាន​អ្នកធ្វើការ និង​អ្នក​រកស៊ី​ជា​ច្រើន​យក​តង្វាយ​ជ្រូក​ខ្វៃ មាន់​ស្ងោរ ចេក ផ្លែ​ឈើ​ជាដើម​ទៅ​សែន​ថ្វាយ​ដល់​បារមី​ភ្នំ​ក្រោល ព្រោះតែ​ពួក​គេ​សមប្រកប​ដូច​ចិត្ត​ដែល​ធ្លាប់​បាន​សុំ​ឱ្យ​បារមី​ជួយ ។
តំបន់​ទេសចរណ៍វប្បធម៌​«​ភ្នំ​ក្រោល​»​ស្ថិត​នៅ​ភូមិ​អូរ​រ​យ៉េះ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​មាន​ចម្ងាយ​ផ្លូវ​៣.០០០​ម៉ែត្រ ពី​ទីរួមស្រុក​កោះ​ញែក និង​មាន​ចម្ងាយ​១១១​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​មណ្ឌលគិរី ។ កាលពីដើម​តំបន់​ទេសចរណ៍វប្បធម៌​ភ្នំ​ក្រោល មានឈ្មោះ​ជា​ភាសា​ខ្មែរ​ថា​«​ភ្នំ​ក្រោល​ព័ទ្ធ​» ។
លោកតា​ធៀ​វ ហៃ ជា​ចាស់ទុំ​នៅ​ក្នុងភូមិរ​យ៉ កាលពី​ពេល ថ្មី​ៗ​កន្លង​មក​និទាន​ឱ្យ​ដឹង​ថា តំបន់​ទេសចរណ៍វប្បធម៌​ភ្នំ​ក្រោល​កាលពី​ដំបូង​មាន​ជនជាតិ​ក្រោល​មួយ​ក្រុម​រស់នៅ​ដោយ​ពួក​គ​គ្មាន​សម្លៀក​បំពាក់ គ្មាន​ផ្ទះសម្បែង ឯ​អាហារ​ហូប​ចុក​ក៏​ខ្វះខាត ។ ក្រោយមក​មាន​ព្រានព្រៃ​នាំ​គ្នា​ទៅ​បរបាញ់​សត្វ​នៅ​តំបន់​នោះ ។ ពួក​ព្រាន​បាន​យក​បាយ​កញ្ចប់​ទៅ​ព្យួរ​ទុក​លើ​មែកឈើ ហើយ​ចាកចេញ​ទៅ​បរបាញ់​សត្វ​នៅ​ក្រុង​ព្រៃ ។ លុះ​ពេល​ត្រឡប់​មក​វិញ បាត់​បាយ​កញ្ចប់​នោះ​ដោយ​មិនដឹង​មូលហេតុ ។ ក្រោយមក​ទៀត ដោយ​មានការ​សង្ស័យ​ព្រានព្រៃ​យក​បាយ​កញ្ចប់​ទៅ​ទុក​នៅ​កន្លែង​ដដែល ហើយ​នាំ​គ្នា​ឃ្លាំចាំ​មើល ក៏​ប្រទះ​ឃើញ​មនុស្ស​មួយ​ក្រុម​មាន​ស្រី មាន​ប្រុស​គ្មាន​សម្លៀក​បំពាក់​នៅ​នឹង​ខ្លួន​ចូល​យក​បាយ​នោះ​ទៅ​ហូប ។ ដឹង​បែប​នោះ​ព្រានព្រៃ​រាយការណ៍​ប្រាប់​អ្នកគ្រប់គ្រង​ភូមិ ហើយ​អាជ្ញាធរ​បាន​រាយការណ៍​បន្ត​ទៅ​ព្រះរាជា ។
ព្រះរាជា​បាន​ចាត់​ឱ្យធ្វើ​ក្រោល​ព័ទ្ធ​ជុំវិញ​លើ​ភ្នំ ហើយ​យក​ពាង​ស្ករ ទៅ​ដាក់​ចាប់ពី​មាត់​ក្រោល​រហូត​ដល់​ក្នុង​ក្រោល ដើម្បី​ព័ទ្ធ​ចាប់​មនុស្ស​ទាំងនោះ ។ នៅ​ពេល​ហ៊ុម​ព័ទ្ធ​ចាប់​នោះ​ស្ត្រី​ម្នាក់​មាន​ផ្ទៃពោះ​បាន​លោត​ចេញ ហើយ​គេចខ្លួន​បាត់​ទៅ​។ អ្នកស្រុក​ហៅ​កន្លែង​នោះ​ថា​«​យាយ​ខ្លាំង​»​តែ ក្រោយ​ៗ​មក​ហៅ​ក្លាយ ត​ៗ​គ្នា​ថា​«​យាយ​ថ្លាង​ភ្នំ​ក្រោល​»​ទៅ​វិញ ។
តាំងពី​ពេល​នោះ​មក ភ្នំ​ក្រោល​បាន​ក្លាយទៅជា​ទី​សក្ការៈ​របស់​អ្នកស្រុក​កោះ​ញែក  ។
តំបន់​ទេសចរណ៍វប្បធម៌​ភ្នំ​ក្រោល​ជា​ប្រភេទ​ភ្នំ ដែល​គ្របដណ្តប់​ទៅ​ដោយ​ព្រៃឈើ​តាំងពី​ចង្កេះភ្នំ​រហូត​ដល់​កំពូលភ្នំ ផ្តល់​នូវ​ភាព​រីករាយ​សម្រាប់​ការ​ដើរ​កម្សាន្ត​ព្រៃ និង​ជើងភ្នំ​ជាមួយនឹង​ខ្យល់អាកាស​ត្រជាក់​បរិសុទ្ធ ។ បច្ចុប្បន្ន​តំបន់​ទេសចរណ៍វប្បធម៌​ភ្នំ​ក្រោល បាន​ក្លាយទៅជា​រមណីយដ្ឋាន​មួយ​ទាក់ទាញ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ ហើយ​ចាត់ទុកជា​កន្លែង​កម្សាន្ត​ដ៏​សំខាន់​មួយ​ក្នុង​ខេត្តមណ្ឌលគិរី ៕