សិល្បៈ​និងវប្ប​​​ធម៌ » សិល្បៈ​និង​តារា

នី​ឡា​និយាយ​ពី​គូ​ដណ្ដឹង​ពេលឃើញ​នាង​សម្ដែង​ជាមួយ​តួ​ប្រុស

ដោយ ៖ ខាត់ សាមឿន   

ថ្ងៃសុក្រ ទី២១ ខែមេសា ឆ្នាំ២០១៧ ម៉ោង ០៩:០២   (21-04-2017 09:02)

រាជធានី​ភ្នំពេញ ៖ កញ្ញា​នី​ឡា​ទោះបីជា​មានការ​ទាក់ទង​ឱ្យ​សម្ដែង​ច្រើន​បែប​ណា​ក្ដី ក៏​នាង​មិន​ទទួល​ទេ ដោយ​មាន​មូលហេតុ​របស់​នាង​។ តើ​មូលហេតុ​អ្វី ?

កាលពី​ពេលថ្មី​ៗ​កន្លង​មក​ក្នុង​ជំនួប​មួយ​ដោយ​ផ្ទាល់ កញ្ញា​នី​ឡា តារា​កំប្លែង​ប្រចាំ​ក្រុម​នាយ​ពែ​ក​មី​ឲ្យ​ដឹង​ថា នាង​ទទួល​ការងារ​សិល្បៈ​ល្មម សម​ទៅ​តាម​កម្លាំង​មិន​ឱ្យ​លើស​ហួសកម្លាំង​ទេ ។ នាង​ទទួល​ថត​ភាពយន្ត ខ្លះ​ៗ និង​សល់​ពេល​លេង​កំប្លែង​ប្រចាំ​ស្ថានីយទូរទស្សន៍ ។ កន្លង​មក​នី​ឡា​សម្តែង បាន​ប៉ុន្មាន​រឿង​ដែរ ហើយ​មាន​ផលិតករ​មួយ​ចំនួន​ចង់បាន​នាង​សម្តែង​រឿង ។ «​នាង​ខ្ញុំ​មិន​ដែល​បដិសេធ​ទេ តែបើ​ឲ្យ​ទទួលយក​គ្រប់​រឿង​មួយ​អាទិត្យ​ពេញ​នាង​ខ្ញុំ​មិន​អាច​ទ្រាំទ្រ​បាន​នោះ​ឡើយ ។ ឆ្នាំ​២០១៧​នេះ នាង​ខ្ញុំ​ថត​រឿង​បាន​តែ​ពីរ​រឿង​ប៉ុណ្ណោះ ដោយសារ​តែ​នាង​ខ្ញុំ​ចេះ​តែ​ហត់ ឆាប់​អស់កម្លាំង ខ្សោយ​មិន​អាច​ស៊ូ​ជាមួយ​ការងារ​បាន​ឡើយ ទើប​នាង​ខ្ញុំ​សម្រេច​ថាបើ​សម្តែង​បាន​ត្រូវ​ស៊ូ​តាម​លទ្ធភាព​» ។

កញ្ញា​នី​ឡា ក្រៅពី​ជាប់រវល់​អាជីព​សិល្បៈ​នាង​កំពុង​សិក្សា ថ្នាក់​ទី​១១​នៅ​សាលា​ឯកជន​មួយ ។ ក្នុង​ស្ថានភាព​បែប​នេះ​នី​ឡា មិន​ទទួល​ថត​ភាពយន្ត​ច្រើន​ទេ លើកលែងតែ​សុខភាព​នាង​អំណោយផល​ល្អ​ជាង​មុន និង​ស្បើយ​ពី​ការ​រៀនសូត្រ ។ «​ចំពោះ​សិល្បៈ​ដូច​ជា​សម្តែង​បាន​ច្រើន​ផ្នែក​អស់ហើយ តាំងពី​ការ​លេង​កំប្លែង ការ​ថត​ខ្សែភាពយន្ត និង​ការ​ធ្វើ​ជា​ពិធី​ការិនី​ជាដើម ។​យ៉ាងណា​ក៏​ដោយ ក៏​នាង​ខ្ញុំ​មិន​ចោល​សិល្បៈ​នោះ​ដែរ​ព្រោះ​នេះ​ជា​ដុ​ង​បាន​មក​ពី​ធម្មជាតិ នាង​ខ្ញុំ​មាន​តែ​ប្រឹងប្រែង​បន្ត​ទៀត​ដើម្បី​ឲ្យ​មើលទៅ​មានការ​ទាក់ទាញ​ដូច​ជា​ពង្រឹងសមត្ថភាព​ការ​សម្តែង​កុំ​ឲ្យ​ឆ្គង ឬ​ខុស ក្នុង​ន័យ​ក្តាប់​ការងារ ព្រមទាំង​ភាព​លេចធ្លោ​ទៅ​មុខ​ទៀត​» ។

នី​ឡា ឱ្យ​ដឹង​ដែរ​ថា រវាង​នាង និង​គូ​ដណ្តឹង​នៅ​តែ​ល្អូកល្អិន​នឹង​គ្នា ស្រឡាញ់​គ្នា​តាម​និស្ស័យ​គូព្រេង​ផ្តល់​ឲ្យ​ដោយ​មិន​ចោល​គ្នា​ទេ ។ បើ​ទោះជា​កន្លង​មក​មាន​ពាក្យ​ចចាម​អារ៉ាម​វាយប្រហារ​បែប​ណា​ក្ដី​ក៏​នី​ឡា​មិន​ចុះចាញ់​ដែរ ចាត់ទុកជា​រឿង​ធម្មតា​សម្រាប់​អ្នកសិល្បៈ​ដែល​តែងតែ​ជួប​រឿង​បែប​នោះ ។ «​ចំពោះ​គម្រោង​រៀប​ការ​របស់​ពួក​យើង​ទាំង​ពីរ​អាច​នឹង​គិតគូរ​ចូល​រោងការ​ប្រមាណ​២​ឆ្នាំ​ទៀត​ដែល​នាង​ខ្ញុំ​គិត​ថា សម​ល្មម​វ័យ​របស់​នាង​ខ្ញុំ​អាច​គ្រប់គ្រង​សង្គម​គ្រួសារ​ថ្មី​បាន ខណៈ​ពេល​នេះ​នាង​ខ្ញុំ​មាន​វ័យ​១៩​ឆ្នាំទៅ​ហើយ​នោះ ។

ក្នុង​នាម​ជា​អ្នកសិល្បៈ​ម្នាក់​នាង​ខ្ញុំ​ក៏​អរគុណ​គូ​ដណ្តឹង​ដែល​ចេះ​អធ្យាស្រ័យ យោគយល់​ពេល​នាង​ខ្ញុំ​សម្តែង​លើ​ឆាក រមែង​មានការ​ប៉ះពាល់​គ្នា​ជាមួយ​តួ ផ្សេង​ៗ​ដែល​មើលចិត្ត​គាត់​គឺ​មិន​ដែល​គិត​លើ​ផ្លូវ​មិនល្អ និង​ប្រច័ណ្ឌ​ដែល​នេះ​ហើយ​កាន់តែ​ជួយ​ជម្រុញ​ឲ្យ​ស្នេហ៍​មួយ​នេះ​បន្ត​ទៅ​មុខ​បាន​» ៕