ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​ជ្រុះ​ដុំ​ថ្ម​3​ដុំ​សង្ស័យ​ថា​ជា​ករណី​វាយ​ប្លន់​យក​ម៉ូតូ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​មួយ​គ្រឿង​ជិះ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​ក្នុង​គន្លង​ផ្លូវ​អតិ​ភាព​របស់​គេ​ត្រូវ​បាន​ម៉ូតូ​មួយ​គ្រឿង​ដែល​ជិះ​មក​ពីមុខ​ក្នុង​ល្បឿន​លឿន​បុក​ពេញទំហឹង

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​មួយ​គ្រឿង​ជិះ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​ក្នុង​គន្លង​ផ្លូវ​អតិ​ភាព​របស់​គេ​ត្រូវ​បាន​ម៉ូតូ​មួយ​គ្រឿង​ដែល​ជិះ​មក​ពីមុខ​ក្នុង​ល្បឿន​លឿន​បុក​ពេញទំហឹង បណ្ដាល​ឱ្យ​រង​របួសធ្ងន់​២​នាក់ និង​ស្រាល​២​នាក់ ថែម​ទាំង​មាន​ជ្រុះ​ដុំ​ថ្ម​៣​ដុំ ដែល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ទល់មុខ​ស្ថានទូត​អា​មេ​រិច តាម​បណ្ដោយ​ផ្លូវ​១០២   ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​អាយ​ខន ពណ៌​ផ្កាឈូក​លាយ​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AH-1240  បើកបរ​ដោយ​បុរស​ពីរ​នាក់​មិន​ស្គាល់ឈ្មោះ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​ជិះ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​ក្នុង​ល្បឿន​មធ្យម​លុះ​មក​ដល់​ចំណុច​កើតហេតុ ដោយសារ​តែ​ទីតាំង​ខាងលើ​មាន​សភាព​ងងឹត​ក៏​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ម៉ូ​ល ពណ៌​សលាយ​ទឹក​ប៉ិច ពាក់​ស្លាក​លេខ ភ្នំពេញ 1CW-4138 ជិះ​ដោយ​បុរស​២​នាក់​តាម​បណ្ដោយ​ផ្លូវ​ខាងលើ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​បាន​ជ្រុល​ទៅ​បុក​ម៉ូតូ​ដែល​ជិះ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​នោះ​ចំ​ពីមុខ​ពេញទំហឹង​លាន់ឮ​សូរដូច​រន្ទះ​បណ្ដាល​ឱ្យ​អ្នក​ជិះ​ម៉ូតូ​ទាំង​សងខាង​រង​របួស​សន្លប់​២​នាក់ និង​របួសស្រាល​២​នាក់ ។

បើ​តាម​ប្រភព​ពី​អ្នក​រង​របួសស្រាល​ខាង​ម៉ូតូ​អាយ​ខន​បាន​បញ្ជាក់​ថា ខណៈ​ដែល​ពួក​គេ​ជិះ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​នេះ​ស្រាប់តែ​ឃើញ​ម៉ូតូ​មួយ​គ្រឿង​ទៀត​ខាងលើ​បាន​បើក​យ៉ាង​លឿន​ហើយដោយ​បើក​ជែង​រថយន្ត​មួយ​គ្រឿង​ទៀត​ដែល​នៅ​ខាង​មុខ​ពី​ខាងឆ្វេង​ហើយ​មិន​បាន​ប្រយ័ត្ន​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​របស់​គេ​ចំ​ពីមុខ​តែ​ម្ដង​ទៅ  ។ ចំណែក​មិត្តភក្តិ​ខាង​ម៉ូតូ​ម៉ូ​ល​វិញ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ពួក​គេ​បាន​ជិះ​រថយន្ត​ដេញ​តាម​ពីក្រោយ​ម៉ូតូ​របស់​មិត្តភក្ដិ​គេ​ហើយ​ខណៈនោះ​គាត់​ឃើញ​ម៉ូតូ​ដែល​ជិះ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍​ផ្លូវ​នោះ​បាន​ជិះ​មក​បុក​ម៉ូតូ​មិត្ត​របស់​គាត់​ចំ​ពីមុខ និង​ឃើញ​មាន​ជ្រុះ​ដុំ​ថ្ម​៣​ដុំ​ចេញ​ពី​ម៉ូតូ​អាយ​ខននោះ​ទៀត សង្ស័យ​ចង់​ប្រព្រឹត្ត​បទល្មើស​អ្វីមួយ​ទើប​ទុក​ដុំ​ថ្ម​នៅ​ក្នុង​ម៉ូតូ​បែប​នេះ ។ មិនតែប៉ុណ្ណោះ​ក្នុង​ហេតុការណ៍​នេះ​មាន​ជន​ឆ្លៀតឱកាស​បាន​លួច​យក​ទូរស័ព្ទ​ម៉ាក Iphone 5 ចំនួន​២​គ្រឿង​ពី​ជន​រង​គ្រោះ​ខាង​ម៉ូតូ​ម៉ូ​ល​ទៀត​ផង​។

ក្រោយ​ពេល​កើតហេតុ​ជន​រង​គ្រោះ​ទាំង​បី​នាក់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ដឹក​យក​ទៅ​សង្គ្រោះ រីឯ​ម្នាក់​ទៀត​ដែល​រង​របួសស្រាល​ត្រូវ​បាន​មិត្ត​ជូន​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ដែល​នៅ​ជិត​នោះ ចំណែក​ឯ​​ម៉ូតូ​ទាំង​សងខាង​ត្រូវ​បាន​សមត្ថកិច្ច​វាស់វែង និង​បញ្ជូន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌដូនពេញ​រង​ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕