ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រែ​បង្ហាញ​នៅ​ខេត្ត​តា​កែវ​​ទទួល​ផល​​​ជិត៩​តោន​ក្នុង​មួយ​ហិកតា​ក្នុង​ការ​​ប្រើ​ជី​អ៊ុយ​រ៉េ​ហ្វូ​មី

13 ឆ្នាំ មុន

ខេត្ត​តា​កែវ ៖ មន្ទី​រ​កសិកម្ម​ខេត្ត​តា​កែវ​សហ​ការ​ជាមួយ​មន្ទីរ​កសិ​កម្ម​ អភិវឌ្ឍន៍​ជន​បទ​​ខេត្ត​អាន​យ៉ាង វៀត​ណាម​ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ​ ឆ្នាំ​២០១១ ​រៀប​ចំ​ពិធី​បូក​សរុប​លទ្ធ​ផល​ស្រែ​បង្ហាញ​ដោយ​ប្រើ​ឧប​ករណ៍​​ ព្រោះ​ជា​ជួរ​​នៅ​ភូមិ​ទទឹង​ ឃុំ​ភ្នំ​ដិន ស្រុក​គិរី​វង់​ ខេត្ត​តាកែវ។ លទ្ធ​ផល​បូក​សរុប​​បាន​បង្ហាញ​ថា ការ​ប្រើ​ប្រាស់​ជី​អ៊ុយ​រ៉េ​ហ្វូ​មី​វៀត​ណាម​ធ្វើ​ឱ្យ​ទិន្នផល​កើន​ឡើង​ខ្ពស់​គឺ​ជិត​៩​តោន

ខេត្ត​តា​កែវ ៖ មន្ទី​រ​កសិកម្ម​ខេត្ត​តា​កែវ​សហ​ការ​ជាមួយ​មន្ទីរ​កសិ​កម្ម​ អភិវឌ្ឍន៍​ជន​បទ​​ខេត្ត​អាន​យ៉ាង វៀត​ណាម​ កាល​ពី​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ​ ឆ្នាំ​២០១១ ​រៀប​ចំ​ពិធី​បូក​សរុប​លទ្ធ​ផល​ស្រែ​បង្ហាញ​ដោយ​ប្រើ​ឧប​ករណ៍​​ ព្រោះ​ជា​ជួរ​​នៅ​ភូមិ​ទទឹង​ ឃុំ​ភ្នំ​ដិន ស្រុក​គិរី​វង់​ ខេត្ត​តាកែវ។ លទ្ធ​ផល​បូក​សរុប​​បាន​បង្ហាញ​ថា ការ​ប្រើ​ប្រាស់​ជី​អ៊ុយ​រ៉េ​ហ្វូ​មី​វៀត​ណាម​ធ្វើ​ឱ្យ​ទិន្នផល​កើន​ឡើង​ខ្ពស់​គឺ​ជិត​៩​តោន​​ក្នុង​មួយ​ហិកតា​។ ពិធី​នេះ​ក៏​មាន​ការ​ចូល​រួម​ពី​លោក​អ៊ុក ​សុខុន រដ្ឋ​លេខា​ធិការ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ និង​លោក​លឿង​ ឡេ​ហ្វឿន អនុ​រដ្ឋ​មន្ត្រី​ក្រសួង​កសិ​កម្ម​ និង​អភិវឌ្ឍន៍​ជន​បទ​វៀត​ណាម​។

លោក​ត្រឹន វ៉ាន់​ថាំង អនុ​ប្រធាន​ការិយា​ល័យ​ទទួល​បន្ទុក​ផ្នែក​ជី​នៃ​សា​ជីវ​កម្ម​ជី និង​សារ​ជាតិ​គីមី​ផេ​ត្រូ​វៀត​ណាម​បាន​ឱ្យ​ដឹង​ថា ដី​ស្រែ​ប្រមាណ​ជាង​១៨​ហិកតា​ដែល​មន្ទីរ​កសិ​កម្ម​ខេត្ត​តា​កែវ​ និង​មន្ទី​រ​កសិកម្ម​ខេត្ត​អាន​យ៉ាង​ប្រទេស​វៀត​ណាម​​រៀប​ចំ​ឱ្យ​ប្រជា​កសិករ​ភូមិ​ទទឹង​ ឃុំ​ភ្នំ​ដិន ស្រុក​គិរី​វង់​ ខេត្ត​តា​កែវ​ធ្វើ​ជា​ទម្រង់​ស្រែ​បង្ហាញ​ដោយ​ប្រើ​ឧប​ករណ៍​ព្រោះ​ជា​​ជួរ និង​ប្រើ​ប្រាស់​ជី​អ៊ុយ​រ៉េ​ហ្វូ​មី​វៀត​ណាម​នោះ គឺ​ទទួល​បាន​ទិន្ន​ផល​ខ្ពស់​ប្រមាណ​ពី​៨​ទៅ​៩​តោន​ក្នុង​មួយ​ហិកតា​។ លោក​បញ្ជាក់​ថា​ នេះ​មិន​​មែន​ជា​លើក​ទី​១​នោះ​ទេ តែ​ប្រជា​កសិករ​នៅ​បណ្តា​ខេត្ត​មួយ​ចំនួន​ដូច​ជា​​ខេត្ត​បាត់​ដំបង និង​កំពង់​ឆ្នាំ​ង​ជាដើម​ ក៏​ផល​ស្រូវ​របស់​ពួក​គេ​ទទួល​បាន​ទិន្ន​ផល​ខ្ពស់​ដូច​គ្នា​ក្នុង​ពេល​ដែល​អនុវត្ត​ស្រែ​បង្ហាញ​ និង​ប្រើ​ប្រាស់​ជី​អ៊ុយ​រ៉េ​ហ្វូ​មី​នេះ​។

លោក​ត្រិន វ៉ាន់​ថាំង បាន​ឱ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​នេះ​ក្រុម​ហ៊ុន​មាន​ផលិត​ជី​អ៊ុយ​រ៉េ​គ្រាប់​ថ្លា​ ហើយ​ក្នុង​រយៈ​​ពេល​២​ឆ្នាំ​ខាង​មុខ​ក្រុម​ហ៊ុននឹង​មាន​ផលិត​ជី​គ្រាប់​ធំ​ដែល​កសិករ​​ច្រើន​ហៅ​ថា ជី​គ្រាប់​ល្អក់​ និង​ជី NPK សម្រាប់​ផ្គត់​ផ្គង់​លើ​ទី​ផ្សារ​នៃ​ប្រទេស​កម្ពុជា។ សព្វ​ថ្ងៃ​ក្រុម​ហ៊ុន​មាន​រោង​ចក្រ​ដែល​មាន​​សមត្ថ​ភាព​ក្នុង​ការ​ផលិត​​ជី​បាន​ចំនួន​៨០​ម៉ឺន​តោន​ក្នុង​១​ឆ្នាំ​ ហើយ​នៅ​ឆ្នាំ​២០១២ ក្រុម​ហ៊ុន​នឹង​សម្ពោធ​បើក​រោង​ចក្រ​ថ្មី​មួយ​ទៀត​ដែល​អាចនឹង​ផលិតជីអ៊ុយ​រ៉េ​គ្រាប់​ធំ​បាន​៨០​មឺុន​តោន​ និង​ជី NPK ៤០​មឺុន​​តោន​ក្នុង​១​ឆ្នាំ​ផង​ដែរ​។

លោក​សង្ឃឹម​ថា រាល់​ផលិត​ផល​ជី​ដែល​បាន​ផលិត​ចេញ​ពី​រោង​ចក្រ​ទាំង​នោះ​នឹង​អាច​ផ្គត់​ផ្គង់​គ្រប់​គ្រាន់​ដល់​ទី​ផ្សារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ខណៈ​ពេល​ដែល​ជី​អ៊ុយ​រ៉េ ហ្វូ​មី កំពុង​តែ​ចែក​ចាយ​ និង​ទទួល​បាន​ការ​គាំ​ទ្រ​ពី​ប្រជា​កសិករ​នៅ​តាម​បណ្តា​ខេត្ត​ដូច​ជា​ តា​កែវ​ កណ្តាល​ បាត់​ដំបង​ និង​​កំពង់​ចាម​​ជា​ដើម​។ លោក​បញ្ជាក់​ថា ជី​អ៊ុយ​រ៉េ​ហ្វូ​មី​​ជា​ប្រភេទជី​​មាន​គុណ​ភាព​ខ្ពស់​ និង​ធ្វើ​ឱ្យ​ដំណាំ​កសិ​កម្ម​គ្រប់​ប្រភេទ​ ជា​ពិសេស​​ដំណាំ​ស្រូវ​លូត​លាស់​ល្អ​ និង​ទទួលបាន​ទិន្ន​ផល​ខ្ពស់​ជាក់​ស្តែង​ដូច​ជា​ទិន្ន​ផល​ក្នុង​ស្រែ​បង្ហាញ​ក្នុង​​ឃុំ​ភ្នំ​ដិន ដែល​ប្រជា​កសិករ​បាន​ប្រើ​ប្រាស់​ជី​អ៊ុយ​រ៉េ​ហ្វូ​មី គឺ​ទទួល​ទិន្ន​ផល​ជិត​៩​តោន​ក្នុងមួយ​ហិកតា​។

លោក​ត្រិន វ៉ាន់​ថាំង បញ្ជាក់​ថា ជា​ធម្មតា​ការ​ផលិត​ស្រូវ​ប្រជា​កសិករ​មិន​អាច​ប្រើ​ជី​ធម្ម​ជាតិ​ឱ្យ​បាន​គ្រប់​គ្រាន់​នោះ​ទេ នៅ​ពេល​ដែល​យើង​ផលិត​លើ​ផ្ទៃ​ដី​ដ៏​ធំ​ទូលាយ​។ ដូច្នេះ​មិន​តែ​នៅ​ប្រទេស​កម្ពុជា ឬ​វៀត​ណាម​នោះ​ទេ គឺ​ទូទាំង​ពិភព​លោក​នៅ​តែ​ចាំ​បាច់​ប្រើ​ប្រាស់​គីមី​ ដើម្បី​ទទួល​បាន​ទិន្ន​ផល​ច្រើន​​បំពេញ​តម្រូវ​ការ​ប្រើ​ប្រាស់​។ លោក​អំពាវ​នាវ​ដល់​ប្រជា​កសិករ​នៅ​កម្ពុជា​ទទួល​យក​បទ​ពិសោធន៍​​នៃ​ការ​ធ្វើ​ស្រែ​បង្ហាញ​ដោយ​ប្រើ​ឧបករណ៍​ ព្រោះ​ជា​ជួរ​នៅ​ភូមិ​​ទទឹង​ ឃុំ​ភ្នំដិន ស្រុក​គីរី​វង់​ ខេត្ត​តា​កែវ​ ដែល​ទទួល​បាន​ទិន្ន​ផល​ខ្ពស់​ រួម​ជាមួយ​នឹង​ការ​ប្រើ​ប្រាស់​ជី​អ៊ុយ​រ៉េ​​ហ្វូ​មី​។ ជី​អ៊ុយ​រ៉េ​ហ្វូ​មី​មិន​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​គុណ​ភាព​ដី​ប្រជា​កសិករនោះ​ទេ​។

លោក​បន្ត​ថា មុន​នឹង​រៀប​ចំ​ធ្វើ​ស្រែ​បង្ហាញ​នៅ​ខេត្ត​តា​កែវ​ និង​ខេត្ត​មួយចំនួន​ទៀត​ ក្រុម​ហ៊ុន​បាន​រៀប​ចំ​បើក​វគ្គ​បំពាក់​បំប៉ន​សមត្ថ​ភាព​វិជ្ជា​ជីវៈ​ដល់​អាជីវ​ករ​ធ្វើ​អាជីវ​កម្ម​សំភារ​កសិ​កម្ម​ និង​អប់រំ​ណែ​នាំ​ផ្តល់​បទ​ពិសោធន៍​ក្នុង​ការ​ប្រើ​ប្រាស់​ និង​គុណ​ភាព​ជី​អ៊ុយ​រ៉េ​ហ្វី​មី​ដល់​ប្រជា​កសិករ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត​បាន​យល់​ដឹង​ផង​ដែរ​។ លោក​មាន​ជំនឿ​ថា តាម​រយៈ​បទ​ពិសោធន៍​នៃ​ស្រែ​បង្ហាញ​នៅ​ខេត្ត​​តា​កែវ​ កំពង់​ឆ្នាំង​ បាត់​ដំបង​ និង​ខេត្ត​មួយចំនួន​ទៀត​ដែល​ប្រើ​ប្រាស់​ជី​អ៊ុយ​រ៉េ​ហ្វូ​មី នឹង​ទទួល​បាន​ទិន្ន​ផល​ពី​៨​ទៅ​៩​តោន​នោះ​ ប្រជា​កសិករ​កម្ពុជា​នឹង​បាន​យល់​ដឹង​កាន់​តែ​ច្បាស់​អំពី​គុណ​ភាព​ជី​អ៊ុយ​រ៉េ​ហ្វូ​មី និង​ចូល​រួម​គាំ​ទ្រ​ប្រើ​ប្រាស់​ជី​អ៊ុយ​រ៉េ​ហ្វូ​មី​នេះ​ជា​មិន​ខាន​។

លោក​អ៊ិត​ សុខ អភិ​បាល​រង​ខេត្ត​តា​កែវ​មាន​ប្រសាសន៍​ថា ដោយ​មាន​កិច្ច​សហ​ការ​រវាង​មន្ទីរ​កសិកម្ម​​ខេត្ត​តា​កែវ​ និង​មន្ទីរ​កសិកម្ម​ និង​អភិវឌ្ឍ​ន៍​ជន​បទ​វៀត​ណាម​យើង​បាន​អនុវត្ត​នូវ​កម្ម​វិធី​ដ៏​សំខាន់​មួយ​គឺ​រៀប​ចំ​ធ្វើ​ទម្រង់​​ស្រែ​បង្ហាញ​​ដោយ​ប្រើ​ប្រាស់​ឧបករណ៍​ ព្រោះ​ជា​ជួរ​តាម​បែប​ប្រពល​វប្ប​កម្ម​ជា​លើក​ដំបូង​លើ​ផ្ទៃ​ដី​ប្រមាណ​១៨​ហិកតា​នៅ​ភូមិ​ទទឹង​ ឃុំ​ភ្នំ​ដិន​ ស្រុក​គិរី​វង់​ ខេត្ត​តា​កែវ​។ ទម្រង់​ស្រែ​បង្ហាញ​នេះ គឺ​ក្រុម​អ្នក​បច្ចេក​ទេស​នៃ​ប្រទេស​វៀត​ណាម​រួម​ជាមួយ​ប្រជា​ពល​រដ្ឋ​​ម្ចាស់​ដី​អនុវត្ត​ដោយ​ផ្ទាល់​ និង​ទទួល​បាន​ការ​សហ​ការ​គាំ​ទ្រ​ពី​ក្រុម​ហ៊ុន​​ការ​ពារ​រុក្ខ​ជាតិ​ខេត្ត​អាន​យ៉ាង និង​ក្រុម​ហ៊ុន​ដាម​ហ្វូ​មី​វៀត​ណាម​។ លោក​បញ្ជាក់​ថា ទាំង​វិស្វ​ករ​កសិ​កម្ម​ ទាំង​កសិករ​ គឺ​រួម​ធ្វើ​ដោយ​ផ្ទាល់​លើ​ដី​ស្រែ​។​ទម្រង់​​ស្រែ​បង្ហាញ​នេះ​ភាគី​វៀត​ណាម​បាន​ផ្គត់​ផ្គង់​​ជា​មុន​​នូវ​ពូជ​ស្រូវ​ ថ្នាំ​កសិកម្ម​ និង​ជី​ឱ្យ​បង​ប្អូន​កសិករ​ ក្នុង​នោះគឺ​​ក្រុម​ហ៊ុន​ជី​អ៊ុយ​រ៉េ​ហ្វូ​មី​ដែល​បាន​ផ្តល់​គោល​នយោ​បាយ​បន្ថយ​តម្លៃ​ប្រមាណ​២០​ភាគ​រយ​នៃ​តម្លៃ​ទី​ផ្សារ​សេរី​ ហើយ​ក្រុម​ហ៊ុន​នឹង​ប្រមូល​មក​វិញ​ពេល​ប្រម​ូល​ផល​ចុង​រដូវ​។ នេះ​ជា​ទម្រង់​ស្រែ​បង្ហាញ​ដំបូង​បំផុត​នៅ​កម្ពុជា​ ក្រោម​កិច្ច​​សហ​ការ​រវាង​កម្ពុជា​ និង​វៀត​ណាម​។

​លោក​លឿង​ ឡេ​ហ្វឿង អនុ​រដ្ឋ​មន្ត្រី​​ក្រសួង​កសិកម្ម​ និង​អភិវឌ្ឍន៍​ជន​បទ​វៀត​ណាម​មាន​ប្រសាសន៍​ថា វិស័យ​កសិកម្ម​នៅ​តែ​ជា​បញ្ហា​សំខាន់​សម្រាប់​​ប្រទេស​ទាំង​ពីរ​កម្ពុជា-វៀត
​ណាម​។ ដូច្នេះ​យើង​គប្បី​ត្រូវ​សហ​ការ​ និង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​កិច្ច​ការ​រួម​គ្នា​នៃ​គម្រោង​ធ្វើ​ទម្រង់​ស្រែ​បង្ហាញ​នៅ​ពេល​នេះ​គឺ​ជា​មោទន​ភាព​សម្រាប់​ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ​ ខណៈ​ពេល​ដែល​ទិន្ន​ផល​ដែល​ទទួល​បាន​គឺ​ច្រើន​លើស​អ្វី​ដែល​យើង​បាន​គិត​។ ប៉ុន្តែ​ទម្រង់​​ស្រែ​បង្ហាញ​នេះ​នៅ​​មាន​ចំនួន​​តិច​តួច​នៅ​ឡើយ​ដែល​ភាគី​ទាំង​ពីរ​ត្រូវ​បន្ត​អនុវត្ត​ឱ្យ​បាន​ទូលំ​ទូលាយ។
លោក​អ៊ុក​ សុខុន រដ្ឋ​លេខា​ធិការ​ក្រសួង​កសិ​កម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​បាន​ថ្លែង​អំណរ​គុណ​​ដល់​ភាគី​វៀតណាម​ សំខាន់​អ្នក​បច្ចេក​ទេស​វៀត​ណាម​ដែលបាន​ចូលមក​សហការ​ និង​ជួយ​ផ្ទាល់​ដល់​កសិករ​កម្ពុជា​រហូត​ទទួល​បាន​លទ្ធ​ផល​ជា​ទី​មោទន​ភាព​។ លោក​​គិត​ថា ទិន្ន​ផល​ដែល​ទទួល​បាន​នោះ​គឺ​ច្រើន​ណាស់​បើ​ប្រៀប​ធៀប​នឹង​ដី​ស្រែ​កសិករ​ធម្មតា​​ដែល​ទទួល​បាន​តែ​៣​ទៅ​៤​តោន​ក្នុង​១​ហិកតា​។ លោក​សន្យា​ថា នឹង​រក​គ្រប់​វិធី​​ដើម្បី​ផ្សព្វ​ផ្សាយ​នូវ​ជំនាញ​ និង​បទ​ពិសោធន៍​ផ្តើម​ពី​ទម្រង់​ស្រែ​បង្ហាញ​ដោយ​ប្រើ​ឧប​ករណ៍​ ព្រោះ​ជា​ជួរ​ និង​ការ​ប្រើ​ប្រាស់​ជី​អ៊ុយ​រ៉េ​ហ្វូ​មី​វៀត​ណាម​ដែល​មាន​គុណ​ភាព ខ្ពស់​នេះ​ជាបន្ត​បន្ទាប់​ និង​ទូលាយ​ក្នុង​ទូទាំង​ប្រទេស​។ លោក​បញ្ជាក់​ថា ទម្រង់​ស្រែ​បង្ហាញ​ដែល​ទទួល​ផល​រហូត​ដល់​៨​ទៅ​៩​តោន​នេះ គឺ​ស្រប​ពេល​ដែល​គោល​ការណ៍​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​អនុវត្ត​ផែន​ការ​នាំ​ចេញ​អង្ករ​ឱ្យ​បាន​១​លាន​តោន​ក្នុង​ឆ្នាំ​២០១៥​ខាង​មុខ។ ដូច្នេះ​លោក​គិត​ថា ការ​អនុវត្ត​ស្រែ​បង្ហាញ​នេះ​នឹង​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អនុវត្ត​​ផែន​ការ​នាំ​ចេញ​របស់​រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​។

តំណាង​ប្រជា​កសិករ​បាន​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាល​ជ្រៅ​​ចំពោះ​ភាគី​វៀត​ណាម​ដែល​បាន​សហ​ការ​ និង​ជួយ​ដោយ​ផ្ទាល់​លើ​ផ្ទៃ​ដី​ស្រូវ​របស់​ពួក​គាត់​។ ដំបូង​ពួក​គាត់​មិន​ទាន់​ជឿ​លើ​ការ​រៀប​ចំ​អនុវត្ត​ទម្រង់​ស្រែ​បង្ហាញ​ដោយ​ប្រើ​ឧប​ករណ៍​ព្រោះ​ជា​ជួរ​នោះ​ទេ ។ ប៉ុន្តែ​ក្រោយ​ទទួល​ផល​ពួក​គាត់​មិន​គ្រាន់​តែ​ជឿ​ជាក់​ប៉ុណ្ណោះ​ទេ តែ​​​ថែម​ទាំង​សន្យា​បន្ត​ធ្វើ​របៀប​នេះ​ជា​រៀង​រហូត​ និង​ជួយ​ផ្សព្វ​ផ្សាយ​ដល់​ប្រជា​កសិករ​ឯ​ទៀត ៕