ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​ទាន់​សម្ពោធ​ផង សំណង់​សួនច្បារ​អម​សងខាង​ស្ទឹង​ព្រែក​ត្នោត​បាក់​ស្រុត​ជា​បន្តបន្ទាប់

6 ឆ្នាំ មុន

ខេត្ដកណ្ដាល ៖ សំណង់​ជើងទេរ និង​ការ៉ូឡា​លម្អ​អម​សងខាង​ស្ទឹង​ព្រែក​ត្នោត ក្រុង​តា​ខ្មៅ ដែល​អាជ្ញាធរ​បាន​ចំណាយ​ថវិកា​ស្ថាបនា​អស់​ជាង​២០​ម៉ឺន​ដុល្លារ

ខេត្ដកណ្ដាល ៖ សំណង់​ជើងទេរ និង​ការ៉ូឡា​លម្អ​អម​សងខាង​ស្ទឹង​ព្រែក​ត្នោត ក្រុង​តា​ខ្មៅ ដែល​អាជ្ញាធរ​បាន​ចំណាយ​ថវិកា​ស្ថាបនា​អស់​ជាង​២០​ម៉ឺន​ដុល្លារ បាន​តែ​ជាង​១​ឆ្នាំ​ប៉ុណ្ណោះ ក៏​ប្រេះស្រាំ​បាក់​ស្រុត​ចូល​ទៅ​ក្នុង​ស្ទឹង​ជា​បន្ត​បន្តបន្ទាប់ ។ ការ​បាក់​ស្រុត​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១១ ខែមេសា នៅ​ត្រើយ​ខាងជើង​ស្ទឹង  ស្ថិត​ក្នុងភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ។

ការ​បាក់​ស្រុត​សំណង់ និង​សួនច្បារ​លម្អ​អម​សងខាង​ស្ទឹង​ព្រែក​ត្នោត​នេះ ត្រូវ​បាន​មហាជន​រិះគន់​ថា ដោយសារ​តែ​ការ​ស្ថាបនា​គ្មាន​បច្ចេកទេស និង​គ្មាន​គុណភាព គ្មាន​ការ​ត្រួតពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ ទើប​ធ្វើ​ឱ្យ​ខាតបង់​ថវិការដ្ឋ​ទទេ​ៗ ។

សំណង់​ដែល​បាក់​ស្រុត​កាលពី​ថ្ងៃ​ទី​១១ ខែមេ​សា គឺ​មាន​បេតុង​ជើងទេរ​ចុះ​ទៅ​បាត​ស្ទឹង​និង ការ៉ូឡា​ក្រាល​តាម​មាត់​ស្ទឹង មាន​ប្រវែង​ជាង​៣០​ម៉ែត្រ និង​ដងទង់​ជាតិ ព្រមទាំង​សួនច្បារ​ផង​ដែរ ។ នៅ​ក្បែរ​កន្លែង​ដែល​បាក់​ស្រុតរអិល​ចូល​ក្នុង​ស្ទឹង​នោះ ក៏​នៅ​មាន​ស្នាម​ប្រេះស្រាំ​វែង​ៗ​ជា​ច្រើន​កន្លែង​ទៀត ដែល​អាច​នឹង​បន្ត​បាក់​ស្រុត​ថែម​ទៀត ។

គេ​នៅ​ចាំ​បាន​ថា កាលពី​អំឡុង​ចុងឆ្នាំ​២០១៦ សំណង់​ជើងទេរ​ស្ទឹង​ព្រែក​ត្នោត និង​ការ៉ូឡាអម​សងខាង​ស្ទឹង នៅ​ខាងកើត​ស្ពាន​ប្រវែង​ប្រមាណ​១០០​ម៉ែត្រ បាន​បាក់​ស្រុត​ជា​បន្តបន្ទាប់ ខូចខាត​ស្ទើរ​ទាំងស្រុង​ហើយ​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មានការ ជួសជុល​ឡើង​វិញ​នៅឡើយ​ទេ ។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សាលាខេត្ត បានឱ្យ​ដឹង​ថា សំណង់​និង​សួនច្បារ​លម្អ​អម​សងខាង​ស្ទឹង​ព្រែក​ត្នោត ស្ថាបនា​អស់​ថវិកា​ប្រមាណ​២៥​ម៉ឺន​ដុល្លារ ដែល​មាន​លោក លឹ​ម ចាន់​សុ​ភី ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត ជា​អ្នកត្រួតពិនិត្យ​បច្ចេកទេស និង​គុណភាព​សំណង់​នេះ ។ ទោះបីជា​បែប​ណា​អ្នក​យក​ព័ត៌មាន​មិន​អាច​សុំ​ការ​ពន្យល់​ពី​លោក​ប្រធាន​មន្ទីរ​រូប​នេះ​បាន​ទេ ។

ចំណែក​លោក ហេង ធៀ​ម អភិបាលក្រុង​តា​ខ្មៅ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​តាម​ទូរស័ព្ទយ៉ាង​ខ្លី​ថា លោក​ជាប់រវល់​ប្រជុំ ។ លោក​បាន​បន្លុយ​បន្ថែម​ថា ការ​បាក់​ស្រុត​ច្រាំង​និង​សួនច្បារ​នេះ គឺ​បណ្ដាល​មក​ពី​ចរន្តទឹក​ស្ទឹង​ហូរ​បុក​ចំ​បណ្ដាល​ឱ្យ​ច្រោះ​បាក់​ដី ក៏​បាក់​ទាំង​សំណង់​នេះ​ទៅ ។

ប្រជាពលរដ្ឋ​និយាយ​ថា បើ​តាម​ការ​ពិនិត្យ​មើល​ជាក់ស្ដែង​លើ​សំណង់ គឺ​មិន​បាន​បុក​គ្រឹះ​ឱ្យ​រឹង​មាំ​ទេ ទើប​បាក់​ស្រុត​យ៉ាង​ងាយ​បែប​នេះ ។
គេ​ដឹង​ថា សំណង់​និង​សួន​អម​ស្ទឹង​ព្រែក​ត្នោត​នេះ​ស្ថាបនា​ហើយ​មិន​ទាន់​បាន​ធ្វើ​ពិធី​សម្ពោធ​នៅឡើយ​ផង ក៏​បាក់​ស្រុត​ជា​បន្តបន្ទាប់​អស់​ទៅ​វិញ ៕