សិល្បៈ​-វប្ប​​​ធម៌ » សិល្បៈ​និង​តារា

លោ​ករិន សា​វ៉េ​ត ថា​ ភរិយា​មិន​អាច​នាំ​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស​ទេ

ដោយ ៖ ខាត់ សាមឿន   

ថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០១៧ ម៉ោង ១៦:៣១   (20-04-2017 16:31)

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រលប់​ថ្ងៃ​ទី​១៩ មេ​សា ឆ្នាំ​២០១៧ អភិបាល​ខណ្ឌមានជ័យ លោក​ពេជ្រ កែវ​មុនី​, នាយ​ឃ្លោក​, លោក​អុ​ឹ​ម ជីវ៉ា​, លោក​លី​ហួរ និង​អ្នកស្រី​សុខា តារា​សម្តែង​ជើង​ចាស់​បាន​ទៅ​សួរសុខទុក្ខ​លោ​ករិន សា​វ៉េ​ត ខណៈ​ភរិយា​កំពុង​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី ។ សប្បុរសជន​បាន​ឧបត្ថម្ភ​ប្រាក់​មួយ​ចំនួន​ជូន​លោ​ករិន សា​វ៉េ​ត ។

លោ​ករិន សា​វ៉េ​ត បញ្ជាក់​ថា លោក​សម្រេច មិន​យក​ភរិយា​ទៅ​ព្យាបាល​នៅ​ក្រៅប្រទេស​ទេ ដោយ​ទុក​ជូន​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​រុ​ស្សុ​ី​ជួយ​ព្យាបាល ។ កន្លង​មក​មន្ទីរពេទ្យ​រុ​ស្ស៊ី​បាន​ជួយ​ព្យាបាល​ប្រពន្ធ​របស់​លោក​យ៉ាង​យកចិត្តទុកដាក់​បំផុត​ដែល​នេះ​ជា​កាយវិការ​ល្អ និង​ជា​គុណធម៌​ប្រពៃ​មួយ ។ «​ប្រពន្ធ​ខ្ញុំ​កម្លាំង​ខ្សោយ​ណាស់​ទៅ​ព្យាបាល​ស្រុក​គេ​មិន​បាន​នោះ​ទេ ផ្លូវ​វែង​ឆ្ងាយ​ខ្ញុំ​មាន​តែ​ទុក​ឱ្យ​ពេទ្យ​ខ្មែរ​យើង​ប៉ុណ្ណោះ ។ ការ​ព្យាបាល​មួយ​រយៈ​នេះ​ខាង​មន្ទីរពេទ្យ​គេ​ជួយ​ខាង​កន្លែង​ស្នាក់​នៅ មិន​បង់ប្រាក់ បូក​រួម​ថ្នាំ​ខ្លះ​គេ​ជួយ ហើយ​ថ្នាំ​ខ្លះ​យើង​ក៏​ត្រូវ​ទិញ​ដោយ​ខ្លួនឯង​ដែល​នេះ​ចាត់​ទុក​ថា​ជួយ​យើង​ច្រើន​ដែរ ។ ដំបូង​ឡើយ​អាការ មិនសូវ​ជា​ធ្ងន់​ឡើយ ប៉ុន្តែ​ក្រោយ​បាន​ចាក់​ថ្នាំ​គីមី បន្ថែម​ដើម្បី​សម្លាប់​មេរោគ​មហារីក​ដែល​មាន​ពី​មុន​មក​ជំងឺ​កាន់តែ ធ្វើទុក្ខ ឡើង​ៗ ។ មិន​ត្រឹមតែ​មាន​ជំងឺមហារីក​ត្រង់​សុដន់​១​មុខ​ឡើយ ភរិយា​របស់ខ្ញុំ​ត្រូវ​មេរោគ​នោះ​រីក​រាលដាល​ស្ទើរ​ពេញ​ខ្លួន​ទាំង​អស់ហើយ ពោល​គឺ​នៅ​ត្រង់​ខួរក្បាល និង​សួត​ជាដើម​ក៏​មាន​ដែរ ។ ភរិយា​របស់ខ្ញុំ​បន្ទាប់​ពី​ចាក់​ថ្នាំ​គីមី​លើក​ទី​៤​មក បាន​ធ្វើទុក្ខ​ដល់​ខួរក្បាល ហើយ​ក្បាល​ចាប់ផ្ដើម​ឈឺ​កាន់តែ​ខ្លាំង​ស្ទើរ​ផ្ទុះ​សន្លប់ ដោយ​ទ្រាំ​មិន​បាន​ក៏​នាំ​មក​សម្រាក​នៅ​មន្ទីរពេទ្យ ។ បន្ទាប់​មក​គ្រូពេទ្យ បាន​យក​ទៅ​ស្គែ​ន​មើល​ក្បាល ក៏​ឃើញ​មេរោគ​មហារីក​នោះ​នៅ​ក្នុង​ខួរក្បាល​ទៀត ។ បន្ទាប់​មក​ចាក់​ថ្នាំ​គីមី​ព្យាបាល​នៅ​ត្រង់​ខួរក្បាល​ក៏​នាំ​ឲ្យ​ហត់ គ្រូពេទ្យ​ពិនិត្យ​សួត​មើល ឃើញ​មាន​មហារីក​នៅ​ត្រង់​សួត​ទៀត ។ ពេល​នេះ​មាន​តែ​ពឹង​លើ​ពេទ្យ​ទេ ខ្ញុំ​គ្មាន​អ្វី​ជួយ​បាន​ក្រៅ​តែ​ពី​កម្លាំងកាយ​ចិត្ត​នៅ​ក្បែរ​គាត់ ទោះ​ហត់នឿយ​យូរ​បែប​ណា​ក៏​ខ្ញុំ​នៅ​តែ​ក្រាញននៀល​ស៊ូ​ជាមួយ​ភរិយា​ជា​និច្ច​» ។

អតីត​តារា​កំប្លែង​នាយ​ឃ្លោក ឆ្លៀតពេល​ទៅ​សួរសុខទុក្ខ​លោ​ករិន សា​វ៉េ​ត ជាមួយ​លោក​អភិ​បាន​ខណ្ឌមានជ័យ​ដែល​តែងតែ​ជួយ​ការងារ​សង្គម​ច្រើន​ក្នុង​នោះ​មាន​ទាំង​ជួយ​អ្នកសិល្បៈ​ដែល​ជួប​ការ​លំបាក​ផង​ដែរ ។ នាយ​ឃ្លោក​សម្តែង​ការ​បារម្ភ​ចំពោះ​ស្ថានភាព​ជំងឺ​របស់​ប្រពន្ធ​លោករិ​ន សា​វ៉េ​ត ដែល​ស្ថិត​ក្នុង​ដំណាក់កាល​ធ្ងន់ ៕