ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​ប្រណាំង​កង់​អន្តរជាតិ​លើក​ទី​1 ​ចាប់ផ្តើម​នៅ​ដើមខែ​ក្រោយ​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រណាំង​កង់​អន្តរជាតិ​រមណីយដ្ឋាន​ភ្នំ​បូកគោ​លើក​ទី​១​នឹង​ចាប់ផ្តើម​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៦ និង​ទី​៧ ខែឧសភា ខាង​មុខ​នេះ ដែល​មាន​កីឡាករ​មក​ពី​បណ្ដា​ប្រទេស​នានា​នៅ​លើ​ពិភពលោក

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​ប្រណាំង​កង់​អន្តរជាតិ​រមណីយដ្ឋាន​ភ្នំ​បូកគោ​លើក​ទី​១​នឹង​ចាប់ផ្តើម​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៦ និង​ទី​៧ ខែឧសភា ខាង​មុខ​នេះ ដែល​មាន​កីឡាករ​មក​ពី​បណ្ដា​ប្រទេស​នានា​នៅ​លើ​ពិភពលោក​បាន​មក​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​យ៉ាងច្រើន​កុះករ ។

លោក​ឧកញ៉ា វង្ស ខាន់​ពៅ អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថា នេះ​គឺជា​លើក​ទី​១​ហើយ​ដែល​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា​រៀបចំ​ឱ្យ​មាន​ព្រឹត្តិការណ៍នេះ​ឡើង និង​បាន​បើក​ទូលាយ​អ្នក​ណា​ក៏​មាន​សិទ្ធិ​មក​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​បាន​ដែរ ។ រហូត​មក​ទល់​ពេល​នេះ មាន​អ្នក​មក​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ចំនួន​៣២០​នាក់​ហើយ​ក្នុង​នោះ​ភ្ញៀវ​បរទេស​២០០​នាក់ និង​កម្ពុជា​១២០​នាក់ ។ អ្នក​ដែល​ចុះ​ឈ្មោះ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍នេះ​មក​ពី​បណ្ដា​ប្រទេស​ចំនួន​៩ មាន​កម្ពុជា (​ម្ចាស់ផ្ទះ​) អូស្ត្រាលី បារាំង ឡាវ ម៉ា​ឡេ​ស៊ី នូ​វែ​ល​សេ​ឡង់ សិង្ហ​បុរី ថៃ និង​វៀតណាម ។

ការ​ប្រកួត​ចែក​ចេញ​ជា​៣​ប្រភេទ​គឺ ប្រភេទទី​១​ចម្ងាយ​៨៥​គីឡូម៉ែត្រ​សម្រាប់​កីឡាករ​ជំនាញ​អាយុ​ក្រោម​៣៥​ឆ្នាំ ។ ប្រភេទ​ទី​២​ចម្ងាយ​៦៦​គីឡូម៉ែត្រ សម្រាប់​កីឡាករ​អាយុ​ចាប់ពី​៣៥​ឆ្នាំ​ដល់​៤៥​ឆ្នាំ និង​ប្រភេទ​ទី​៣​ចម្ងាយ​៥១​គីឡូម៉ែត្រ សម្រាប់​កីឡាករ​-​កីឡាការិនី​អាជីព​មិន​គិត​ពី​អាយុ ។ សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា​បាន​ដាក់​បញ្ចូល​ក្រុម​ជម្រើសជាតិ​ចំនួន​៥​រូប​(​កីឡាករ​៣​រូប​និង​កីឡាការិនី​២​រូប​)​និង​កីឡាករ​ថ្នាល​ចំនួន​៤​រូប​ទៀត ឱ្យ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ​ដែរ ។

លោក​ឧកញ៉ា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទោចក្រយាន​កម្ពុជា បាន​បញ្ជាក់​ថា គោលបំណង​សំខាន់​ដែល​សហព័ន្ធ​រៀបចំ​ឱ្យ​មានការ​ប្រកួត​នេះ​ឡើង គឺ​ដើម្បី​វាស់​ស្ទង់​សមត្ថភាព និង​កម្រិត​បច្ចេកទេស​កីឡាករ កីឡាការិនី​កម្ពុជា​សម្រាប់​ត្រៀម​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ។

ចំណែក​កីឡាករ​ថ្នាល​កម្ពុជា​វិញ​នឹង​មានឱកាស​ទទួល​បាន​នូវ​បទ​ពិសោធន៍​បន្ថែម​សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ជា​លើក​ដំបូង ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ឆ្នាំ​នេះ​គឺជា​ឆ្នាំ​សាកល្បង ប៉ុន្តែ​ទោះជា​យ៉ាងណា​យើង​នឹង​ខិតខំ​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​នេះ​ទទួល​បាន​ជោគជ័យ ដើម្បី​ឱ្យ​ក្លាយជា​ព្រឹត្តិការណ៍​ប្រកួត​ប្រចាំឆ្នាំ ។ លោក​ថា វិស័យ​កីឡា​ប្រណាំង​កង់​កម្ពុជា​ធ្លាប់​មានឈ្មោះ​បោះ​សំឡេង​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទស​វត្ស​ទី​៦០​និង​៧០ ។

ដូច្នេះ​ព្រឹត្តិការណ៍​មួយ​នេះ​គឺជា​ឱកាស​យ៉ាង​ល្អ​សម្រាប់​កម្ពុជា​យើង​ស្វែងរក​បទ​ពិសោធន៍​បន្ថែម​ឱ្យ​បាន​ច្រើន​ពី​កីឡាករ​មក​ពី​បណ្ដា​ប្រទេស​នានា​លើ​ពិភពលោក ៕