ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេក គឹ​ម​រួន និង​ឆៃ សា​រ៉ា ជួប​ថៃ​ថ្ងៃ​សៅរ៍​មានសំណាង​ដូច​មុន​ឬ​អត់ ?

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សេក គឹ​ម​រួន មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប និង​ឆៃ សា​រ៉ា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ នៅ​ថ្ងៃ​ទី​២២ មេ​សា ខានស្អែក​នេះ​ដល់​ថ្ងៃ​ត្រូវ​ជួប​កីឡាករ​ថៃ​នៅ​លើ​សង្វៀន

រាជធានី​ភ្នំពេញ ៖ សេក គឹ​ម​រួន មក​ពី​ក្លិប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប និង​ឆៃ សា​រ៉ា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ នៅ​ថ្ងៃ​ទី​២២ មេ​សា ខានស្អែក​នេះ​ដល់​ថ្ងៃ​ត្រូវ​ជួប​កីឡាករ​ថៃ​នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់ ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ភាគច្រើន​កំពុង​តែ​ទន្ទឹងរង់ចាំ​មើល​ថា​តើ​កីឡាករកម្ពុជា​ទាំង​ពីរ​រូប​នេះ​ក្រោយ​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​ហើយមានសំណាង​ដូច​មុន​ឬ​អត់ ខណៈ​កីឡាករ​ថៃ​ដែលពួក​គេ​ត្រូវ​ជួប​នា​ពេល​នេះ​មាន​សមត្ថភាព​មិនសូវ​ខ្លាំង​ប៉ុន្មាន​បែប​ហ្នឹង​នោះ ។

សេក គឹ​ម​រួន ត្រូវ​ជួប​កីឡាករ​ថៃ​ឈ្មោះ ហ្វា​និមិត្ត វិ​រិ​យៈ​ហ្វា​ម​ដែល​ប្រកួត​បាន​២​លើក​ឈ្នះ​១ ចាញ់​១ មាន​៤​ពិន្ទុ ខណៈ សេក គឹ​ម​រួន ប្រកួត​បាន​២​លើក​ដូច​គ្នា​ឈ្នះ​ទាំង​២​លើក​មាន​៦​ពិន្ទុ ។ ទោ​បី​យ៉ាងណា សេក គឹ​ម​រួន នៅ​តែ​ត្រូវការ​ឈ្នះ​ដើម្បី​ពង្រីក​ឱកាស​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ប៉ុន្តែ​កីឡាករ​ថៃ​ដែល​គេ​ត្រូវ​ជួប​ក៏​ជា​ជើង​ខ្លាំង​ម្នាក់​ដែល​កំពុង​ស្រេកឃ្លាន​ជ័យជម្នះ​ខ្លាំង​ដែរ​ទើប​អ្នកគាំទ្រ​ជាង​ពាក់កណ្ដាល​ហាក់អល់អែក​មិនដឹង​ថា​កីឡាករ​កម្ពុជា​រូប​នេះ​មានសំណាង​ដូច​មុន​ឬ​អត់ ។

ចំណែក ឆៃ សា​រ៉ា ហាក់​មាន​សង្ឃឹម​ច្រើន​ដោយសារ​កីឡាករ​ថៃ​ឈ្មោះ ម៉ុង​ឃុន​ភេ​ត ណា​យ៉ា​ប៉ៈ​វិ​រៈ ដែល​គេ​ត្រូវ​ជួប​លើក​នេះ​ខ្សោយ​ទាំង​កម្លាំង​និង​ក្បាច់គុន ជាក់ស្ដែង​២​ប្រកួត​កន្លង​មក​កីឡាករ​ថៃ​រូប​នេះ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ឈ្នះ​ម្ដងណា​ឡើយ​ក្នុង​ពេល​ឆៃ សា​រ៉ា ប្រកួត​បាន​២​លើក​ឈ្នះ​ទាំង​២​លើក​មាន​៦​ពិន្ទុ​។

ចាំ​មើល​ទាំងអស់​គ្នា​ថា​តើ ឆៃ សា​រ៉ា ពិតជា​អាច​យកឈ្នះ​កីឡាករ​ថៃ​ដូច​ការ​ព្យាករ​ទុក​មុន​ឬ​អត់?

ក្រៅពី​គូ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​នៅ​មាន​គូប្រកួត​មិត្តភាព​ចំនួន​២​គូ​ទៀត​ដែល​តម្រូវ​ទៅ​លើ​កីឡាករ អ៊ុំ ចំរើន មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​ឫទ្ធិ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ដេ​ន​ឡៈ​អូ លុក​ឡៈ​អូ និង​កីឡាករ ងឿ​ន វិចិត្រ មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ ជ័យ វណ្ណៈ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ។

ដោយឡែក​នៅ​ថ្ងៃអាទិត្យ​ទី​២៣ មេ​សា សង្វៀន​ទូរទស្សន៍​ដដែល​នេះ​ក៏​មាន​រៀបចំ​កម្មវិធី​ប្រកួត​ប្រដាល់​អន្តរជាតិ​រវាង​កីឡាករកម្ពុជា​-​ថៃ​ផង​ដែរ ។ សម្រាប់​គូ​អន្តរជាតិ កីឡាករ​ម៉ា ឆៃ​ម៉ូ​វ មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ឆ្លាម​ដាំ ពៀក​ខា​ឃែ ក្នុង​ប្រភេទ​ទម្ងន់​៨៥​គីឡូក្រាម និង​កីឡាករ ឡុ​ង ជិន មក​ពី​ក្លិប​ខ្លារខិន​មាន​ឫទ្ធិ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ វី​ភេ​ង​ប៉ ឆ័​យ​សុង​ក្រាម ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ។

រីឯ​គូ​មិត្តភាព​ធម្មតា​ដែល​មាន​ចំនួន​៤​គូ​ទៀត​នោះ​តម្រូវ​ទៅ​លើ​កីឡាករ ទី​ន ណា​ថៃមក​ពី​ក្លិប​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក ប្រកួត​ជាមួយ​កីឡាករ ឡាញ់ វិចិត្រ មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ ។ កីឡាករ ឡុ​ង វ៉ៃ មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ នួន រ៉ា​ថេ​ត មក​ពី​ក្លិប​តា​ឯក​ដំបង​ដែក​មាន​ឫទ្ធិ ។ កីឡាករ ប៊ុ​ន គ​ន្ធា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​កីឡាករ រិ​ទ្ធ ប្រាក់​ប៊ិ​ន មក​ពី​ក្លិប​កងពលតូច​លេខ​៧០ និង​គូ​ចុង​ក្រោយ​កីឡាករ យឿ​ន ពន្លក មក​ពី​ក្លិប​បញ្ជាការដ្ឋាន​កងទ័ពជើងទឹក ប្រកួត​ជាមួយ​កីឡាករ ម៉ៅ យូ​សែ​ប មក​ពី​ក្លិប​សម្បត្តិ​គុន​ខ្មែរ ៕