ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ប្រើ​ហិ.ង្សា​ក៏​ប្តឹង​ចាប់ បែរជា​បែកធ្លាយ​រឿង​ផ្សេង

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ក្រោយ​ពី​ប្រពន្ធ​ប្ដឹង​ពី​បទ​ប្រើ​ហិ.ង្សា ប៉ុន្តែ​បែរជា​បែកធ្លាយ​រឿង​លាក់​ទុក​អាវុធ​ខុសច្បាប់​ទៅ​វិញ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​បក្សពួក​ប្ដី​ម្នាក់​ទៀត ពាក់ព័ន្ធ​នឹង

ខេត្តបាត់ដំបង ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ក្រោយ​ពី​ប្រពន្ធ​ប្ដឹង​ពី​បទ​ប្រើ​ហិង្សា ប៉ុន្តែ​បែរជា​បែកធ្លាយ​រឿង​លាក់​ទុក​អាវុធ​ខុសច្បាប់​ទៅ​វិញ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​បក្សពួក​ប្ដី​ម្នាក់​ទៀត ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​អាវុធ​នេះ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​អូរ​ដា ឃុំ​បួរ ស្រុក​ភ្នំព្រឹក​។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន ១-​ឈ្មោះ ទៀន សាន អាយុ​៥៣​ឆ្នាំ ត្រូវជា​ប្តី​ដែល​ប្រពន្ធ​ប្តឹង​ពី​បទ​ប្រើ​ហិង្សា និង​២-​ឈ្មោះ ពេជ្រ ប៉ាក់ អាយុ​៥៧​ឆ្នាំ បក្សពួក​របស់​ប្តី ។

បើ​តាម​សមត្ថកិច្ច​បាន​និយាយ​ថា ដំបូង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឃាត់ខ្លួន​ឈ្មោះ ទៀន សាន ក្រោយ​ពី​ប្រពន្ធ​ប្ដឹង​ពី​បទ​ប្រើ​ហិង្សា​ទៅ​លើ​ប្រពន្ធ​ខ្លួន​។ ប៉ុន្តែ​ក្រោយ​ពី​សួរនាំ​ចុះឡើង បែរជា​បែកធ្លាយ​រឿង​ជន​នេះ លួចលាក់​ទុក​កាំភ្លើង​ដោយ​ខុសច្បាប់ និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ឈ្មោះ ពេជ្រ ប៉ាក់ ម្នាក់​ទៀត ដែល​បាន​សមគំនិត​ក្នុង​ការ​លាក់​ទុក​កាំភ្លើង​នេះ​។

សេចក្ដីរាយការណ៍​ពី​មន្ត្រី​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ទៀន សាន តែង​តេ​ប្រើ​ហិង្សា​ទៅ​ប្រពន្ធ​ជា​ញឹក​ញ៉ាប់ ហើយ​ពេល​ខ្លះ​ថែម​ទាំង​យក​កាំភ្លើង​អាការ​មក​គំរាម​ប្រពន្ធ​ទៀត​ផង រហូត​ដល់​ប្រពន្ធ​ទ្រាំ​មិន​បាន ក៏​សម្រេច​ប្ដឹង​សមត្ថកិច្ច​តែ​ម្ដង​។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ឃាត់ខ្លួន ទៀន សាន ក៏​បាន​សារភាព​អំពី​ទ​ង្វើ​របស់​ខ្លួន ហើយ​ថែម​ទាំង​បាន​បង្ហាញ​ពី​កន្លែង​ដែល​ខ្លួន​លាក់​ទុក​កាំភ្លើង​ទៀត​ផង​។ រីឯ​ជនសង្ស័យ​ឈ្មោះ ពេជ្រ ប៉ាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​កាំភ្លើង​នេះ ក៏​ត្រូវ​សមត្ថកិច្ច​ខ្លួន​ភ្លាម​ៗ​ផង​ដែរ  បន្ទាប់​ទទួល​បាន​ចម្លើយ​ពី​ឈ្មោះ​ទៀន សាន​។ កាំភ្លើង​អាការ​នោះ​ត្រូវ​ជនសង្ស័យ​ទាំង​២​នាក់ រុំ​ថង់​ប្លា​ស្ទិ​ក​កប់​ក្នុង​ដី​លាក់​ទុក​ក្បែរ​របង​ផ្ទះ តែ​គ្មាន​គ្រាប់​ទេ ហើយ​មានគុណ​ភាព​ប្រហែល​៤០%​។

មន្ត្រី​នគរបាល​ស្រុក​ភ្នំព្រឹក​បាន​ប្រាប់​ថា មន្ត្រី​ជំនាញ​កំពុង​សួរនាំ​ជនសង្ស័យ​ទាំង​២​នាក់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​ស្នងការ​ខេត្ត និង​ចាត់ការ​បន្ត​តាម​នីតិវិធី​៕