កូរ៉េខាងជើង ៖ ប្រភពពី Metro បានឱ្យដឹងថា ក្រោយបានឃើញវីឌីអូដង្ហែក្បួនមីស៊ីលរបស់កូរ៉េខាងជើងរួចមក មានសំណួរមួយសួរថា «តើមីស៊ីលទាំងនោះ គឺជាមីស៊ីលមែនទែនឬ?» ។ មូលហេតុដែលធ្វើឲ្យមានសំណួរនេះលើកឡើង គឺមកពីគេឃើញមីស៊ីលមួយក្នុងវីឌីអូមានក្បាលវៀចបះឡើងលើខុសពីធម្មតា ដែលមើលទៅដូចជាក្រដាសឡាំង មកបត់ធ្វើជាមីស៊ីល ។
ការដង្ហែក្បួននេះ ធ្វើឡើងនៅពិធីបុណ្យខួបរំលឹកដល់ម្ចាស់ប្រទេសដំបូងគេ គីម អ៊ីលស៊ុង ដែលត្រូវជាជីតារបស់មេដឹកនាំផ្តាច់ការ គីមជុងអ៊ុន ។ ដោយសារតែការដង្ហែមីស៊ីលបាញ់តេស្តលេងនេះហើយ ទើបធ្វើឲ្យពិភពលោកក្បែរនឹងមានការវាយគ្នាស៊ីសាច់ហុតឈាម ។
យ៉ាងណាមិញ ការបង្ហោះមីស៊ីលនេះ មិនបានធ្វើឡើងដោយជោគជ័យទេ ព្រោះវាបានផ្ទុះភ្លាមៗក្រោយពេលបង្ហោះ ទាំងមិនទាន់ដល់គោលដៅប្រាថ្នា ។ អ្នកវិភាគជាន់ខ្ពស់ មកពីបណ្តាញឯកជនការពារជាតិកូរ៉េ លោក Lee Il-Woo មានប្រសាសន៍ប្រាប់ AFP ថា «ខ្ញុំសង្ស័យថា មីស៊ីលទាំងនោះ គ្រាន់តែជារបស់សម្រាប់បង្ហាញសាច់ដុំប្រាប់ពិភពលោកខាងក្រៅតែប៉ុណ្ណោះ» ។
ចំណុចដែលធ្វើឲ្យគេមានការសង្ស័យខ្ពស់ គឺនៅត្រង់ក្បាលគ្រាប់មីស៊ីល ដែលវៀចឡើងទៅលើ ។ វាមើលទៅហាក់បីដូចជាធ្វើឡើងអំពីក្រដាសឡាំង ឬក៏ឈើ យកទៅលាបថ្នាំពណ៌ ។ ជាមួយគ្នានេះដែរ នាយកនៃកម្មវិធីសន្តិសុខអន្តរជាតិនៅវិទ្យាស្ថាន Lowy លោក Euan Graham បានប្រាប់មកកាន់ ABC News ថា «វាអាចដែរ សម្រាប់កូរ៉េខាងជើង ក្នុងការដង្ហែសំបកគ្រាប់មី
ស៊ីលទទេព្រោះថា វាគ្មានប្រយោជន៍អ្វីទេ នៅពេលដង្ហែគ្រាប់ដែលអាចផ្ទុះនោះ» ។
វាអាចធ្វើឲ្យមានបញ្ហាកាន់តែធ្ងន់ធ្ងរ នៅពេលមានការវាយប្រហារទម្លាក់គ្រាប់ពីលើអាកាសដោយមិនដឹងខ្លួនជាមុន ។ នេះប្រហែលជាមីស៊ីលពិតប្រាកដ ត្រូវបានគេទុកនៅកន្លែងផ្សេង ដោយមិនយកមកដង្ហែ ។
ទោះបីជាមានមតិមួយចំនួនលើកឡើងស្តីពីការសង្ស័យក៏ដោយ ក៏មានមនុស្សមួយចំនួនគិតថា វាជាមីស៊ីលមួយប្រភេទ ដែលមានក្បាលវៀចទៅលើមេឃ ។
ចែករំលែកព័តមាននេះ