រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានឲ្យដឹងថា ករណីរបស់លោក ជុន ច័ន្ទបុត្រ ប្រធានវវិទ្យុអាស៊ីសេរី ដែលបន្លំខ្លួនចូលក្នុងពន្ធនាគារនោះ នឹងឈានដល់នីតិវិធីច្បាប់ ប្រសិនអាជ្ញាធររកឃើញបទល្មើស។
លោក គឹម សន្តិភាព បានឲ្យដឹងនៅថ្ងៃទី២០ ខែមេសា តាមប្រព័ន្ធតេឡេក្រាមបញ្ជាក់ថា « ជាធម្មតាទេ ប្រសិនបើអាជ្ញាធរមានសមត្ថកិច្ចរកឃើញថា ការប្រើប្រាស់មធ្យោបាយ ដើម្បីបានចូលក្នុងពន្ធនាគាររបស់លោក ជុន ច័ន្ទបុត្រ កាលពីថ្ងៃទី១៩ ខែមេសា ជាអំពើល្មើសច្បាប់ព្រហ្មទណ្ឌ នោះដំណើរការនៃនីតិវិធីព្រហ្មទណ្ឌនឹងត្រូវប្រកាន់យក! ហេតុនេះសាមីខ្លួនគួរសហការជាមួយសមត្ថកិច្ចអោយបានល្អ!» ។
ទាក់ទិននឹងករណីរបស់លោកជុន ច័ន្ទបុត្រដែលបន្លំខ្លួនចូលក្នុងពន្ធនាគារជាមួយអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិត្រូវបានអ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ និងឈប់ឲ្យអ្នកតំណាងរាស្ត្របក្សប្រឆាំងចួលជួបអ្នកជាប់ពន្ធនាគារបន្តទៀតឡើយ។
យោងតាមលោកខៀវ សុភ័គ ត្រូវបានគេហទំព័រក្នុងស្រុកស្រង់សម្ដីផ្សាយ ថា ចាប់ពីពេលនេះតទៅ ក្រសួងមហាផ្ទៃ នឹងមិនអនុញ្ញាតឱ្យ តំណាងរាស្ត្ររបស់គណបក្សប្រឆាំងចូលសួរសុខទុក្ខសកម្មជន ឬមន្ត្រីគណបក្សសង្គ្រោះជាតិដែលជាប់ឃុំទៀតនោះទេ បន្ទាប់ពីមានករណីតំណាងរាស្ត្របក្សនេះ បាននាំមេវិទ្យុអាស៊ីសេរី លោក ជុន ច័ន្ទបុត្រ បន្លំខ្លួនចូលទៅក្នុងពន្ធនាគារព្រៃស។
ការអះអាងរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានធ្វើឡើងបន្ទាប់ពីមានសេចក្តីរាយការណ៍ថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ និងលោក ឡុង រី បាននាំលោក ជុន ច័ន្ទបុត្រ ឬ ហួត វុទ្ធី មេវិទ្យុអាស៊ីសេរី ដោយបន្លំខ្លួនជាជំនួយការរបស់ពួកគាត់ ចូលទៅពន្ធនាគារព្រៃស នាព្រឹកថ្ងៃទី១៩ មេសា កន្លងមក ដើម្បីចុះសួរសុខទុក្ខសកម្មជនរបស់គណបក្សសង្គ្រោះជាតិចំនួន១៦នាក់ ដែលកំពុងជាប់ឃុំ នៅក្នុងពន្ធនាគារព្រៃស។
ចំពោះទង្វើនោះត្រូវបានលោក ខៀវ សុភ័គ បានចាត់ទុកថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោកស្រី មូរ សុខហួរ និងលោក ឡុង រី មានចេតនាអសីលធម៌ ដោយបន្លំសមត្ថកិច្ច ដើម្បីនាំលោក ជុន ច័ន្ទបុត្រ ចូលទៅពន្ធនាគារព្រៃ.ស ដែលនេះគឺជាកំហុសសីលធម៌មួយ។
លោកបានសង្គត់ធ្ងន់ថា «លើកក្រោយយើងនឹងលែងឱ្យមានការជួបសួរសុខទុក្ខបែបនេះទៀតហើយទៅថ្ងៃអនាគត។ យើងអនុញ្ញាតឱ្យតែមេធាវីរបស់ជនជាប់ចោទ ឬគ្រួសាររបស់ជនជាប់ចោទតែប៉ុណ្ណោះ ព្រោះថា គាត់ (តំណាងរាស្ត្របក្សប្រឆាំង) ធ្វើបែបនេះហើយ យើងលែងឱ្យចូលទៀតហើយ»។
លោកបន្តថា លោក ជុន ច័ន្ទបុត្រ ប្រាកដជាសមាជិករបស់គណបក្សប្រឆាំង ទើបអាចធ្វើជាជំនួយការរបស់គណបក្សប្រឆាំងចូលទៅក្នុងពន្ធនាគារ។ ដូច្នេះព័ត៌មានរបស់ ជុន ច័ន្ទបុត្រ ពីថ្ងៃនេះទៅថ្ងៃមុខ គឺជាព័ត៌មានអុចអាល។ មួយទៀត គឺតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោកស្រី មូរ សុខហួរ និងលោក ឡុង រី គាត់មិនស្មោះត្រង់ជាមួយអាជ្ញាធរ មិនស្មោះត្រង់ជាមួយរាជរដ្ឋាភិបាលដែលមិនបានប្រាប់ការពិតអំពីរឿងនេះ ដល់សមត្ថកិច្ចបានដឹង»៕
ចែករំលែកព័តមាននេះ